អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដំណើរវិវឌ្ឍនៃសំណុំរឿងអាកាសធាតុក្នុងឆ្នាំ២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់តែ​ប៉ុន្មានថ្ងៃ​ទៀតប៉ុណ្ណោះ ឆ្នាំ២០២១​នឹង​ត្រូវ​បិទបញ្ចប់ ហើយ​នេះ​​ជា​​ពេល​ដែល​យើង​អាច​សំឡឹង​ត្រឡប់​ទៅក្រោយ ដើម្បី​ពិនិត្យ​មើល​ជារួមឡើងវិញ ជុំវិញ​សំណុំរឿង​ដ៏សំខាន់មួយ​សម្រាប់​ភពផែនដី និង​មនុស្សជាតិយើង គឺ​បញ្ហា​អាកាសធាតុ។ តើអ្វីខ្លះ​ជា​ដំណើរវិវឌ្ឍចម្បងៗ​នៃ​វិស័យ​អាកាសធាតុ នៅ​ក្នុង​ឆ្នាំ២០២១​កន្លងទៅនេះ?

នៅ​ក្នុង​របាយការណ៍អាកាសធាតុ​អ.ស.ប ចេញផ្សាយ កាល​ពីខែសីហា​ឆ្នាំ២០២១​នេះ ក្រុមអ្នក​ជំនាញ​​បានរកឃើញ​ថា ភពផែនដី​នឹង​ត្រូវ​ឡើងកម្តៅ ១,៥អង្សា នៅត្រឹមរយៈពេល ពី ១០ ទៅ ២០ឆ្នាំខាងមុខ
នៅ​ក្នុង​របាយការណ៍អាកាសធាតុ​អ.ស.ប ចេញផ្សាយ កាល​ពីខែសីហា​ឆ្នាំ២០២១​នេះ ក្រុមអ្នក​ជំនាញ​​បានរកឃើញ​ថា ភពផែនដី​នឹង​ត្រូវ​ឡើងកម្តៅ ១,៥អង្សា នៅត្រឹមរយៈពេល ពី ១០ ទៅ ២០ឆ្នាំខាងមុខ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២១ ថ្វីដ្បិតតែ​មិន​សូវមាន​សីតុណ្ហភាព​ក្តៅខ្លាំង ធៀបទៅនឹង​ឆ្នាំ២០២០ និង​ប៉ុន្មានឆ្នាំមុន ក៏ប៉ុន្តែ​គិតជារួម នៅតែ​ស្ថិត​នៅ​ក្នុង​ចំណោម​ឆ្នាំដែល​ក្តៅជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​​បានព្យាករ​ថា ឆ្នាំ២០២១​នេះ​​អាច​ស្ថិត​នៅ​លំដាប់ទី៦ ឬ​ទី៧ ហើយ​ក្តៅជាង​ឆ្នាំណាៗទាំងអស់ នៅមុនឆ្នាំ២០១៥។

ទៅតាមការ​សង្កេតជាក់ស្តែង គេ​ឃើញ​ថា ឆ្នាំ២០២១​នេះ​ក៏​ជា​ឆ្នាំ​ដែល​សម្បូរទៅដោយ​គ្រោះមហន្តរាយ​អាកាសធាតុ​​ច្រើន​ផងដែរ រាប់ចាប់តាំង​ពី​គ្រោះទឹកជំនន់ រលកកម្តៅ ភ្លើងឆេះព្រៃ និង​ព្យុះសង្ឃរា ដោយ​គ្រោះមហន្តរាយ​​នីមួយៗ​មាន​សភាព​កាន់តែធ្ងន់ធ្ងរ ហើយ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ខាងផ្នែក​សេដ្ឋកិច្ច​​កាន់តែ​ច្រើន​ គឺ​ខូចខាត​ច្រើន​ជាង​កាល​ពីឆ្នាំ២០២០​ ដែល​ជា​ឆ្នាំ​ក្តៅជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត​ទៅទៀត។

យោងតាមរបាយការណ៍​​​ដែល​ចេញផ្សាយ កាល​ពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ គ្រោះមហន្តរាយ​ធំៗ​ចំនួន ១០ ដែល​កើតមាន​ឡើង នៅ​ក្នុង​ឆ្នាំ២០២១​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​គិតជាទឹកប្រាក់រហូតដល់​ទៅ ប្រមាណ​ជា ១៧០ពាន់លាន​ដុល្លារ ហើយ​គិតជាសរុប ​ការ​ខូចខាត​ដោយ​គ្រោះមហន្តរាយអាកាសធាតុ​ឆ្នាំ​​នេះ​ត្រូវកើនឡើង​លើស​ពីឆ្នាំ២០២០​​កន្លងទៅ រហូតដល់​ទៅ ១៣% ឬប្រមាណ​ជា ២០ពាន់លាន​ដុល្លារ​ បើ​គិត​ជា​ទំហំទឹកប្រាក់។

និយាយ​អំពី​វិទ្យាសាស្រ្ត​អាកាសធាតុ​វិញ ឆ្នាំ២០២១​នេះក៏​ជា​ឆ្នាំ​ពិសេស​មួយដែរ តាមរយៈ​ការ​ចេញផ្សាយ​នូវ​ការសិក្សា​ជាច្រើន ជាពិសេស គឺ​ការ​ចេញផ្សាយ​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អ.ស.ប កាល​ពីខែសីហា​កន្លងទៅ។

របាយការណ៍​នេះ ដែល​ជា​ការ​វាយតម្លៃ​ទូទៅគ្រប់ជ្រុងជ្រោយ​ទៅលើ​ស្ថានភាព​អាកាសធាតុ​ភពផែនដី​ជាលើកទី១ នៅក្នុងរយៈពេល ៧ឆ្នាំកន្លងទៅនេះ បាន​បង្ហាញ​ឲ្យឃើញ​នូវ​​ដំណើរវិវឌ្ឍ​ដ៏​គួរឲ្យព្រួយបារម្ភ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​នៅ​ក្នុង​នោះ អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា ភពផែនដី​របស់​យើង​នេះ​នឹង​ត្រូវ​ឡើងកម្តៅ​លើស​ពី ១,៥អង្សា​ដោយ​ចៀសមិនរួច ហើយ​ថា ការឡើងកម្តៅ ១,៥អង្សា​នេះ​អាច​នឹង​កើតឡើង នៅ​ក្នុងរយៈពេល​ត្រឹម ពី ១០ ទៅ ២០ឆ្នាំ​ទៀតប៉ុណ្ណោះ។

ក្នុងពេល​ជាមួយគ្នា កម្រិតកម្ពស់​ទឹកសមុទ្រ​មធ្យម​លើ​ភពផែនដី​​កំពុងកើនឡើង​ក្នុងអត្រា​មួយ​ខ្ពស់​ហួស​ពី​ការ​រំពឹងទុក, សមត្ថភាព​ស្រូបយក​ឧស្ម័នកាបូនិច​ដោយ​ប្រៃឈើ​ចេះតែ​ថយចុះ ចំណែក​ដីកក “ពែរម៉ាហ្វ្រូស” ដែល​ស្តុក​ឧស្ម័ន​មេតាន​ត្រូវរលាយ​កាន់តែ​លឿន​ ហើយ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​កាន់តែច្រើន ដែល​អាច​នឹង​នាំទៅដល់​ចំណុចរបត់​​ដ៏គ្រោះថ្នាក់មួយ​លែងអាច​ស្តារមកវិញបាន។

ប្រឈម​នឹង​ស្ថានភាព និង​ចក្ខុវិស័យ​នៃ​ដំណើរវិវឌ្ឍអាកាសធាតុ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ គេនាំគ្នា​ដាក់ក្តីរំពឹង​ទៅលើ​សន្និសីទ​អាកាសធាតុ​របស់​អ.ស.ប នៅ​ទីក្រុង​ Glasgow កាល​ពីខែវិច្ឆិកា ដែល​ជាកិច្ចចរចា​អាកាសធាតុ​​ដ៏សំខាន់ជាងគេ នៅ​ក្នុង​ឆ្នាំ២០២១​នេះ។ ក៏ប៉ុន្តែ ចុងក្រោយ​ទៅ លទ្ធផល​នៃ​សន្និសីទនេះហាក់មិនបាន​ទៅតាម​អ្វីដែល​គេ​​រំពឹងចង់បាន​នោះទេ។

មែនទែនទៅ សន្និសីទអាកាសធាតុ​​ក្រុង Glasgow នេះ ថ្វីដ្បិត​តែ​មិន​បាន​ទទួល​ជោគជ័យ​ខ្លាំង​​ដូចសន្និសីទ​ក្រុងប៉ារីស កាល​ពីឆ្នាំ២០១៥ ក៏ប៉ុន្តែ វា​ក៏មិនមែន​បរាជ័យ​ទាំងស្រុង​ដូច​សន្និសីទក្រុង​កូប៉ិនហាក កាល​ពីឆ្នាំ២០០៩​នោះដែរ។

មានចំណុចវិជ្ជមាន​មួយចំនួន ដែល​គេ​អាច​កត់សម្គាល់​នៅ​ក្នុង​សន្និសីទ​អាកាសធាតុ​ក្រុង Glasgow រួមមាន​ដូចជា​ការ​​សន្យាកាត់បន្ថយ​ការ​ប្រើថាមពលធ្យូងថ្ម និងកាត់បន្ថយ​ជំនួយរដ្ឋ​នៅ​ក្នុង​វិស័យថាមពលផូស៊ីល, ការសន្យា​បញ្ឈប់ការ​កាប់ព្រៃឈើ និង​ស្តារដីព្រៃមកវិញ​នៅត្រឹមឆ្នាំ២០៣០ និង​ការសន្យា​បង្កើន​កញ្ចប់​ថវិកាជំនួយអាកាសធាតុ ជាដើម។ ទាំងនេះ​សុទ្ធសឹង​ជា​វិធានការ​ថ្មីៗ​​​លើសពី​អ្វី​ដែល​ធ្លាប់​មាន​ពី​ពេលមុនៗ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺនៅត្រង់ថា ​គោលនយោបាយអាកាសធាតុ​ថ្មី​នេះ វានៅតែខ្វះខាតច្រើន ដោយ​ដើរមិនទាន់​​ដំណើរវិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​នៃការប្រែប្រួល​អាកាសធាតុ ដែល​គេ​អាច​សង្កេតឃើញ​ជាក់ស្តែង​តាមរយៈ​គ្រោះមហន្តរាយអាកាសធាតុ ក៏​ដូចជា​តាមរយៈ​របាយការណ៍​​​ធ្វើ​ឡើង​ទៅតាម​លក្ខណៈ​វិទ្យាសាស្រ្ត​ដោយ​អ្នកជំនាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ