អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាធិបតេយ្យបានធ្លាក់ចុះនៅអាស៊ី និងទូទាំងពិភពលោក ក្នុងឆ្នាំ២០២១

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្រិតប្រជាធិបតេយ្យសេរី កំពុងធ្លាក់ចុះយ៉ាងខ្លាំង មិនថានៅអាស៊ី និងនៅពិភពលោកទាំងមូល ក្នុងឆ្នាំ២០២១នេះ។ ដោយសារហេតុផលវិបត្តិកូវីដ១៩ រដ្ឋាភិបាលយ៉ាងច្រើនលើពិភពលោក បានបង្កើនអំណាចរបស់ខ្លួន បង្កើនការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការកែប្រែ ឬបង្កើតច្បាប់ថ្មីៗ។

បាតុកម្ម​ទាមទារ​សេរីភាព​និង​ប្រជាធិបតេយ្យ​នៅ ហុងកុង
បាតុកម្ម​ទាមទារ​សេរីភាព​និង​ប្រជាធិបតេយ្យ​នៅ ហុងកុង Anthony WALLACE / AFP
ផ្សាយពាណិជ្ជកម្ម

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist សម្រាប់ឆ្នាំនេះ មិនមែនជាឆ្នាំល្អទេ សម្រាប់បរិបទប្រជាធិបតេយ្យ និងសេរីភាព នៅក្នុងបណ្ដាប្រទេសអាស៊ី ក៏ដូចជាពិភពលោកទាំងមូល។ ជាទូទៅ អ្នកវិភាគហៅថា “វិបត្តិប្រជាធិបតេយ្យ”។

គេអាចសង្កេតឃើញអំពើយ៉ាងព្រៃផ្សៃនៅភូមា នាពេលបច្ចុប្បន្ន។ របបសឹកយោធា បានដណ្តើមអំណាច ក្នុងរដ្ឋប្រហារខែកុម្ភៈ ហើយចាប់តាំងពីនោះមក យោធាបានគ្រប់គ្រងប្រទេសដោយអំណាចផ្ដាច់ការ។ មេដឹកនាំយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing ស្ទើរតែលុបបំបាត់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ ដែលភូមាបានកសាងជាច្រើនឆ្នាំមកនេះ។ មេដឹកនាំយោធាក៏បានព្យាយាមធ្វើឱ្យប្រទេសនេះត្រឡប់ទៅជាទម្រង់ដឹកនាំបែបផ្តាច់ការ ដូចពីអតីតកាល។ ជាការពិត ទាហានរបស់យោធាបានសម្លាប់ពលរដ្ឋដែលគ្មានអាវុធ ស្របពេលដែលអ្នកវិនិយោគបរទេសបានចាកចេញ ហើយសេដ្ឋកិច្ចភូមាក៏បានធ្លាក់ចុះផងដែរ។

ភូមាបានក្លាយជាប្រទេសផ្តាច់ការទីពីរដឹកនាំដោយរដ្ឋប្រហារយោធា នៅអាស៊ីអាគ្នេយ៍ ស្របនឹងប្រទេសជិតខាង គឺ ប្រទេសថៃ។ ថៃបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់របបសឹកយោធា និងដឹកនាំដោយ លោក ប្រាយុទ្ធ ចាន់អូចា ជា នាយករដ្ឋមន្ត្រី។

ប្រទេសទាំងដប់ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ក៏រួមបញ្ចូលផងដែរនូវរបបផ្តាច់ការបែបម៉ាក់លេនីនពីរ គឺ រដ្ឋសង្គមនិយមឡាវ និងវៀតណាម ហើយបើគេមើលឱ្យស៊ីជម្រៅ គឺគេអាចបញ្ចូល ប្រទេសសិង្ហបុរីផងដែរ។ ក្នុងនោះ ក៏មានរបបរាជាធិបតេយ្យផ្តាច់ការ ប្រ៊ុយណេ។ នៅកម្ពុជាឯណោះវិញ អ្នកដឹកនាំបានកាន់កាប់ប្រទេសជិត ៤០ឆ្នាំទៅហើយ។

ចំពោះប្រទេសមានប្រជាធិបតេយ្យបន្ទាប់បន្សំ នៅក្នុងតំបន់ ដូចជានៅហ្វីលីពីន ប្រធានាធិបតី Rodrigo Duterte បានវាយប្រហារប្រព័ន្ធតុលាការ និងវិស័យសារព័ត៌មាន។ នៅប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី Joko Widodo បានប្រើប្រាស់ច្បាប់អ៊ីនធ័រនែត ដើម្បីបំបិទមាត់អ្នករិះគន់ និងបានបរិហារកេរ្តិ៍គណៈកម្មការប្រឆាំងអំពើពុករលួយ។ នៅម៉ាឡេស៊ី បញ្ហាអំពើពុករលួយក្នុងបក្សកាន់អំណាចបច្ចុប្បន្ន និងអតីតបក្សកាន់អំណាច ក៏មានច្រើនផងដែរ។

នៅប្រទេសចិនឯណោះ ការបង្កើនការអន្ដរាគមន៍កាន់តែខ្លាំង ដោយការបង្កើតច្បាប់ថ្មី លើហុងកុង និងលើកោះតៃវ៉ាន់។ ស្ថានភាពកាន់តែបង្កើតភាពផុយស្រួយក្នុងតំបន់។

ក្នុងពេលជាមួយគ្នា វិបត្តិជំងឺរាតត្បាតកូវីដ១៩ កាន់តែបានពង្រឹងនិន្នាការផ្តាច់ការនៅអាស៊ីបន្ថែមទៀត។ រដ្ឋាភិបាលនានានៅអាស៊ី បានប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីកែប្រែច្បាប់ បង្កើតច្បាប់ថ្មី និងការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពបញ្ចេញមតិ។ នេះប្រហែលមិនមែនជារឿងចៃដន្យនោះទេ ដែលលោកស្រី Maria Ressa បានឈ្នះរង្វាន់ណូបែលសន្តិភាព និងសូម្បីតែលោក Duterte ដែលបានបន្ទច់បង្អាប់អ្នកកាសែតរូបនេះជារឿយៗ ក៏ត្រូវបង្ខំចិត្តអបអរសាទរនាងផងដែរ។

ពានណូបែលនេះក៏បានផ្តល់ទៅឱ្យ អ្នកកាសែតរុស្ស៊ី Dmitry Muratov។ លោក Dmitry Muratov បានការពារសេរីភាពបញ្ចេញមតិ នៅប្រទេសរុស្ស៊ី អស់ជាច្រើនទសវត្សរ៍មកហើយ។

ជាការពិតណាស់ និន្នាការនៃការធ្លាក់ចុះប្រជាធិបតេយ្យ មិនមែនកើតឡើងតែនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើងពាសពេញពិភពលោក មិនថានៅអាម៉េរិក និងអឺរ៉ុប។

នៅអាម៉េរិក កាលពីចុងឆ្នាំ២០២០ បាតុករអាមេរិកបានសម្រុកលុកលុយចូលវិមានកាពីតូល។ នាពេលនោះ ពិភពលោកមានការងឿងឆ្ងល់ថាតើហេតុអ្វីប្រទេសដែលបានប្រកាសខ្លួនឯងជាមេដឹកនាំនៃលោកសេរី ដូច សហរដ្ឋអាមេរិក អាចដើរដល់ដំណាក់កាលនេះ។ ប្រាកដណាស់ ហេតុការណ៍នៃការលុកលុយវិមានកាពីតូល បានកើតឡើងយ៉ាងជាក់ប្រាកដក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែ ហេតុការណ៍មួយដែលបានកើតឡើង មិនអាចជាបន្ទុកទទួលខុសត្រូវទាំងស្រុងរបស់បុគ្គលណាម្នាក់បានទេ ពោលគឺវាកើតឡើងជាលក្ខណៈប្រព័ន្ធ។ ប្រជាជនខឹងសម្បារនឹងរដ្ឋាភិបាល ឬស្អប់ខ្ពើមវណ្ណៈអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានអំណាច វាអាស្រ័យទៅនឹងការខឹងសម្បារបន្តិចម្ដងៗ រហូតក្លាយជាចលនាធំបះបោរ។

ផ្អែកតាមមេរៀនប្រវត្តិសាស្ត្រពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន បញ្ហាសង្គមចម្បង តួយ៉ាង ការប្រកាន់ពូជសាសន៍ អំពើហិង្សា និងការកើនឡើងគម្លាតរវាងអ្នកឈ្នះ និងអ្នកចាញ់ ឬរវាងអ្នកមាន និងអ្នកក្រ និងការប្រឈមនឹងវិបត្តិកូវីដ១៩បច្ចុប្បន្ន អាចជាដើមហេតុចម្បងសម្រាប់ពន្យល់អំពីបញ្ហាប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិកបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ