អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុការណ៍សំខាន់ៗ​ក្នុងវិស័យអវកាស​ក្នុងឆ្នាំ២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ២០២១កន្លងទៅ អាច​រាប់ថា​​ជាឆ្នាំដ៏ពិសេសមួយ​នៃ​វិស័យអវកាស ជាមួយ​នឹង​ការបាញ់បង្ហោះ​បេសកកម្ម​សំខាន់ៗ​ជាច្រើន រាប់ចាប់តាំង​ពី​ទេសចរណ៍អវកាស​ឯកជន រហូត​ទៅដល់​ការ​បាញ់បង្ហោះ​តេឡេស្កុប​អវកាស​ជេមស៍វេប។ ឆ្នាំ២០២២​នេះ អាច​នឹង​កាន់តែ​ពិសេស​ជាងឆ្នាំមុន​ទៅទៀត ជាមួយ​នឹង​​ហេតុការណ៍​សំខាន់ៗជាច្រើនផ្សេងទៀត ដែល​គេ​គ្រោង​ធ្វើ។

Orion Spacecraft
Orion Spacecraft © NASA
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​វិស័យទេសចរណ៍អវកាស​ឯកជន ដែល​បាន​ចាប់ផ្តើម​ឡើង កាល​ពីឆ្នាំ២០២១​កន្លងទៅ ហើយ​ដែលគេរំពឹង​ថា នឹង​បន្ត​មាន​សន្ទុះខ្លាំង នៅ​ក្នុង​ឆ្នាំ​នេះ ហេតុការណ៍​ចម្បងបំផុត ដែលគេ​ទន្ទឹងរង់ចាំ​ជាងគេ នៅ​ក្នុង​ឆ្នាំ២០២២​នេះ គឺ​ដំណើរការ​របស់​តេឡេស្កុបអវកាស​ជេមស៍វេប។

ជេមស៍វេប ដែល​ត្រូវ​បាន​បាញ់បង្ហោះ កាល​ពីថ្ងៃទី២៥ធ្នូ​កន្លងទៅ ត្រូវ​ចំណាយពេល​រហូតដល់​ទៅ ២៩ថ្ងៃ ពោលគឺ រហូត​ទៅដល់​ថ្ងៃទី២៣ ខែមករា ចុងខែនេះ ទើប​អាច​ធ្វើ​ដំណើរ​ទៅដល់​គោលដៅ ហើយ​មកទល់នឹងពេលនេះ គេ​នៅមិនទាន់​អាច​ដឹង​បាននៅឡើយទេ​ថា តើ​តេឡេស្កុបអវកាស​នេះ​នឹង​អាច​មាន​ដំណើរការ​បាន​ដូច​ការរំពឹងទុក​ដែរ​ឬ​ក៏​យ៉ាងណា ដោយ​​ក្នុងអំឡុង​ពេល​ប្រមាណ​ជា ៣សប្តាហ៍​ខាងមុខនេះ ជេមស៍វេប​នឹង​ត្រូវ​​​ឆ្លងកាត់​នូវដំណាក់កាល​ដ៏​សែនស្មុគស្មាញ​ជាច្រើន ដើម្បី​ពន្លាតខ្លួន​ចេញ​ជា​រូបរាងពេញលេញ​ ដោយ​ជោគជ័យ​ក្នុង​​​​ដំណាក់កាលនីមួយៗ​សុទ្ធតែ​ជា​រឿង​​មិនអាច​ខ្វះបាន។

ប្រសិនបើ​អ្វីៗ​មាន​ដំណើរការ​ទៅតាម​ការគ្រោងទុក គេរំពឹង​ថា​នឹង​អាច​​ចាប់ផ្តើម​ទទួល​បាន​រូបភាព​ដែល​ថត​ដោយ​ជេមស៍វេប នៅ​​ពាក់កណ្តាល​ឆ្នាំ២០២២ ប្រមាណ​ជា ៦ខែ​ក្រោយ​បាញ់បង្ហោះ។

រូបភាព​ដែល​ថត​ដោយ​ជេមស៍វេប​នេះ អាច​នឹង​ជា​ចំណុចរបត់​ដ៏​ចម្បងមួយ នៅ​ក្នុង​ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្ស​យើង​ទៅលើ​ចក្រវាល ពីព្រោះថា ជេមស៍វេប​ជាតេឡេស្កុប​ដ៏ទំនើប ដែល​អាច​ឆ្លុះមើល​ទៅដល់​ចម្ងាយ​រហូតដល់​ទៅ​ជាង ១៣ពាន់លាន​ឆ្នាំ​ពន្លឺ អាច​ឲ្យ​យើង​​សង្កេតឃើញ​កាឡាក់ស៊ី​ ដែល​ចាប់កំណើតឡើង​ដំបូងៗ ​មិនយូរប៉ុន្មាន​ក្រោយ​ហេតុការណ៍​ប៊ីកប៊ែង ហើយ​​អាច​ឲ្យ​យើង​​ស្រាយនូវ​ចម្ងល់​ជាច្រើន​ទាក់ទង​នឹង​ការ​ចាប់កំណើត​នៃ​ចក្រវាល។

បន្ថែម​ពីលើ​នេះ​ទៅទៀត តេឡេស្កុប​ជេមស៍វេប​ក៏​មាន​សមត្ថភាព​អាច​ឆ្លុះមើល និង​កំណត់​​បាន​យ៉ាងលម្អិតផងដែរ អំពី​ធាតុផ្សំ​នៃ​បរិយាកាស​លើ​ភពក្រៅប្រព័ន្ធព្រះអាទិត្យ​ ដែល​ជា​គន្លឹះចម្បងមួយ នៅក្នុង​​ការ​សិក្សា ស្វែងរក​ជីវិត​ក្រៅភពផែនដី។

ក្រៅពីតេឡេស្កុប​​ជេមស៍វេប ហេតុការណ៍​ដ៏ចម្បងមួយ​ទៀត នៅ​ក្នុង​ឆ្នាំ២០២២​នេះ គឺ​ការចាប់ផ្តើម​ជំហានដំបូង​នៃ​ដំណើរ​​វិលត្រឡប់​ទៅកាន់​ព្រះចន្ទ​ តាមរយៈគម្រោងអារតេមីស (Artemis) របស់​ណាសា។

បេសកកម្ម​ទីមួយ ក្នុងគម្រោង​អារតេមីស ដែលគេ​ឲ្យឈ្មោះ​ថា “Artemis I” ​ត្រូវ​ណាសា​គ្រោង​បាញ់បង្ហោះ នៅថ្ងៃទី១២​មីនា​ខាងមុ​ខនេះ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​ដ៏ថ្មីស្រឡាងទាំងពីរ គឺ​រ៉ុកកែត​ធុន SLS និងយាន Orion ដែលគេ​​ត្រូវ​យកទៅ​ប្រើ ដើម្បី​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​នៅលើ​ដីព្រះចន្ទ​ នាពេលខាងមុខ។

នៅក្នុងបេសកកម្ម​សាកល្បង នៅខែមីនា​ខាងមុខ​នេះ ​យាន Orion ​ដែល​មិនទាន់​មាន​ដឹកអវកាសយានិក​នៅឡើយ នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​រ៉ុកកែត SLS ឲ្យ​​ហោះ​ទៅកាន់​ព្រះចន្ទ បន្ទាប់មក ​ហោះ​ចូល​ទៅ​ក្នុងគន្លងជុំវិញ​ព្រះច​ន្ទ មុននឹង​ហោះ​ត្រឡប់​មក​ផែនដីវិញ នៅក្នុងបេសកកម្ម​ដែលត្រូវ​ចំណាយពេល​គិតជា​សរុប ក្នុងចន្លោះ ពី ២៦ ទៅ ៤២ថ្ងៃ។

​បេសកកម្ម Artemis I នេះ ប្រសិនបើ​បាន​ទទួល​ជោគជ័យ​ដូចការ​គ្រោងទុក វានឹង​បើក​ផ្លូវ​ឆ្ពោះទៅកាន់​ជំហាន​​បន្ទាប់ គឺ​បេសកកម្ម​ Artemis II ដែល​នឹង​​ដឹក​អវកាសយានិក​ឲ្យ​ទៅ​ហោះ​ជុំវិញ​ព្រះចន្ទ នៅ​ក្នុង​ឆ្នាំ២០២៤ និង​បន្ទាប់មកទៀត ​បេសកកម្ម​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ ដែល​ពីដំបូង​ត្រូវ​គេគ្រោង​ធ្វើ​ នៅ​ឆ្នាំ២០២៤ ក៏ប៉ុន្តែ ក្រោយ​មក​ត្រូវលើកពេល ទៅឆ្នាំ២០២៥។

 ឆ្នាំ២០២២​នេះ ក៏​ជា​ឆ្នាំ​ដ៏ពិសេស​មួយផងដែរ សម្រាប់​បច្ចេកវិទ្យា​​​រ៉ុកកែតអវកាស​ ដោយរ៉ុកកែត​ធុនធំ និង​ទំនើបៗ រហូតដល់​ទៅ ៤ ​អាច​នឹង​ត្រូវ​​គេ​បាញ់បង្ហោះសាកល្បង និង​ដាក់​ឲ្យ​ដំណើរការ​ ​នៅ​ក្នុងឆ្នាំតែមួយ ក្នុងនោះ ក្រៅពី​រ៉ុកកែតធុន SLS របស់​ណាសា និង​រ៉ុកកែត Starship របស់​ក្រុមហ៊ុន SpaceX នៅ​មាន​រ៉ុកកែត​ទំនើប​ចំនួនពីរទៀត​ គឺ​រ៉ុកកែតធុន Vulcan របស់ក្រុមហ៊ុន United Launch Alliance (ULA) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម រវាង​ក្រុមហ៊ុន Lockheed Martin និង​ក្រុមហ៊ុន​ប៊ូអ៊ីង និងមួយទៀត ​រ៉ុកកែត​ធុន​ Ariane-6 របស់​អឺរ៉ុប ដែលនឹង​ត្រូវ​ជំនួស​រ៉ុកកែត​ធុន Ariane-5 ដែលគេ​ទើបនឹង​ប្រើ​ ដើម្បី​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប កាល​ពីថ្ងៃ​ទី២៥ធ្នូ​កន្លងទៅថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ