អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រទេសមហាយក្សចិនកំពុងប្រឈមនឹងវិបត្តិប្រជាសាស្រ្ត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន អត្រា​កំណើត​ទារក​ក្នុង​ឆ្នាំ ២០២១ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ តាម​តួលេខ​ផ្លូវការ​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ មករា អត្រា​កំណើត​ទារក​ក្នុង​ឆ្នាំ ២០២១ មាន​ចំនួន ៧,៥២ សម្រាប់​មនុស្ស ១ ០០០នាក់។ នេះ​ជា​អត្រា​មួយ​ទាប​ខ្លាំង បើ​គិត​តាំង​ពី​ឆ្នាំ ១៩៧៨ ដែល​ជា​ចិន​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​ស្ថិតិ​ប្រចាំ​ឆ្នាំ។ ទន្ទឹម​នឹង​អត្រា​កំណើត​ទារក​ធ្លាក់​ចុះ ចិន​ក៏​កំពុង​ប្រឈម​នឹង​អត្រា​កំណើន​មនុស្ស​ចាស់។ ក្នុង​ឆ្នាំ ២០១៦ ចិន​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​ចិន​អាច​យក​កូន​ទី២ និង​អាច​យក​បាន​ទី៣ ចាប់​ពី​ឆ្នាំ ២០២១។ តែ​នយោបាយ​មួយ​នេះ​ហាក់​មិន​បាន​ជំរុញ​ឲ្យ​គ្រួសារ​ចិន​យក​កូន​បន្ថែម​ទេ។ ហេតុអ្វី​បាន​ជា​ដូច្នេះ និង​ថា តើ​ប្រទេស​មួយ​ដែល​កំពុង​ស្គាល់​កំណើន​មនុស្ស​ចាស់​អាច​ជួប​ផលវិបាក​អ្វី​ខ្លះ?

En Chine, 18 millions de bébés sont nés en 2016, près de la moitié dans des familles où il y avait déjà un enfant, Photo : Place Tiananmen à Pékin.
En Chine, 18 millions de bébés sont nés en 2016, près de la moitié dans des familles où il y avait déjà un enfant, Photo : Place Tiananmen à Pékin. ©REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​បន្ត​ស្ថិត​ជា​ប្រទេស​ដែល​កំពុង​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក​ក៏​ដោយ​ក៏​រដ្ឋាភិបាល​ចិន​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​បាន​ដែរ។ មិន​អាច​ធ្វើ​ព្រងើយកន្តើយ​បាន​ព្រោះ​អត្រា​កំណើត​ទារក​កំពុង​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ៨,៥២ សម្រាប់​មនុស្ស ១ ០០០នាក់​ក្នុង​ឆ្នាំ ២០២០ អត្រា​កំណើត​ទារក​បាន​ធ្លាក់​ចុះ ៧,៥២ សម្រាប់​មនុស្ស ១ ០០០នាក់​ក្នុង​ឆ្នាំ ២០២១។ ឃើញ​ថា ២ឆ្នាំ​ជាប់​គ្នា ចិន​បាន​ស្គាល់​អត្រា​កំណើត​ទារក​ថយ​ចុះ។ តាម​ពិត​ទៅ អត្រា​កំណើត​ទារក​បាន​ធ្លាក់​ចុះ​ជា​លំដាប់​តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ។ មួយ​វិញ​ទៀត អត្រា​កំណើន​មនុស្ស​ចាស់​មិនមែន​ជា​រឿង​ថ្មី និង​ជា​រឿង​ដែល​រដ្ឋាភិបាល​បាន​រង់ចាំ។ តែ​អ្វី​ដែល​រដ្ឋាភិបាល​មិន​បាន​រង់ចាំ​នោះ គឺ​ល្បឿន​លឿន​ជ្រុល​ហួស​ពី​ការ​ស្មាន​នៃ​អត្រា​កំណើន​មនុស្សចាស់។

គួរ​បញ្ជាក់​ថា ដើម្បី​ប៉ះប៉ូវ​កន្លែង​មនុស្ស​ចាស់ ឬ​មនុស្ស​ចូល​និវត្តន៍ រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​ស្តីពី​គ្រួសារ​ជា​បន្តបន្ទាប់​ដោយ​បាន​បិទបញ្ចប់​នយោបាយ​កូនទោល។ ក្នុង​ឆ្នាំ ២០១៦ គ្រួសារ​ចិន​មួយ​អាច​យក​កូន​ទី២ បាន ហើយ​តាំង​ពី​ឆ្នាំ ២០២១ មក គឺ​អាច​យក​កូនទី៣​បាន​ម្នាក់​ទៀត។ តែ​បញ្ហា​នៅ​ត្រង់​ថា នយោបាយ​មួយ​នេះ​ហាក់​មិន​បាន​បង្ខំ​គ្រួសារ​ចិន​ឲ្យ​រូតរះ​យក​កូន​ថែម​ទេ។ ផ្ទុយ​ទៅ​វិញ អត្រា​កំណើត​ទារក​បែរ​ជា​បាន​ធ្លាក់​ចុះ​តាំង​ពី​ការ​បិទបញ្ចប់​នយោបាយ​កូនទោល​ទៀត​ផង។ ជាក់ស្តែង អត្រា​កំណើត​ទារក​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៣ឆ្នាំ​ជាប់​គ្នា។ ក្នុង​ឆ្នាំ ២០១៩ ចំនួន​កំណើត​ទារក​មាន ១៤លាន ៦សែន ៥ម៉ឺននាក់ ឆ្នាំ ២០២០ មាន​ចំនួន ១២លាននាក់ និង​មាន​តែ ១០លាន ៦សែន ២ម៉ឺននាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២១។

ជា​មួយ​នឹង​អត្រា​កំណើត​ទារក​បន្ត​ធ្លាក់​ចុះ​ពេល​នេះ ចិន​ក៏​កំពុង​ប្រឈម​នឹង​កំណើន​អត្រា​មនុស្ស​ចាស់ និង​ការ​ធ្លាក់​ចុះ​នៃ​អត្រា​មនុស្ស​សកម្ម។ កំណើន​អត្រា​មនុស្ស​ចាស់​បូក​នឹង​ការ​ធ្លាក់​ចុះ​នៃ​អត្រា​មនុស្ស​សកម្ម​នាំ​ឲ្យ​កម្លាំង​ពលកម្ម​ធ្លាក់​ចុះ។ គួរ​រម្លឹក​ថា ចិន​បាន​ធ្វើ​ជំរឿន​ប្រជាជន​នៅ​រៀងរាល់ ១០ឆ្នាំ​ម្តង។ ជំរឿន​ប្រជាជន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០២០ សម្រាប់​រយៈ​ពេល ១០ឆ្នាំ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចិន​វ័យ​ជាង ៦០ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន ១៨,៧% នៃ​ចំនួន​ពលរដ្ឋ​សរុប ពោល​មាន​ការ​កើន​ឡើង​ចំនួន ៥,៤៤% បើ​ធៀប​នឹង​ជំរឿន​ពលរដ្ឋ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១០។ ទន្ទឹម​គ្នា​នេះ ចំនួន​ពលរដ្ឋ​សកម្ម​ក្នុង​អាយុ​ចន្លោះ ១៥ឆ្នាំ និង ៥៩ឆ្នាំ​ដែល​តំណាង​ឲ្យ​តែ ៦៣,៣៥% នៃ​ចំនួន​ពលរដ្ឋ​សរុប​បាន​ធ្លាក់​ចុះ​ចំនួន ៦,៧៩%។

ហេតុអ្វី​បាន​ជា​នយោបាយ​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​យក​កូន​បាន​ដល់​ទៅ ៣នាក់​ទទួល​បាន​លទ្ធផល​ស្តួចស្តើង​ខ្លាំង​ម្ល៉េះ?។ មាន​ចម្លើយ​ច្រើន​ចំពោះ​សំណួរ​នេះ ទី១ ការ​មាន​ទម្លាប់​ជាមួយ​នឹង​នយោបាយ​កូនទោល​អស់​ជា​ច្រើន​ទសវត្ស ទី២ ការ​ចំណាយ​ចិញ្ចឹម​កូន​មួយ​មិន​ដូច​ចិញ្ចឹម​កូន ២ ឬ​៣ ពិសេស​ការ​ចំណាយ​លើ​ការ​រៀនសូត្រ និង​ផ្នែក​សុខភាព និង​ចម្លើយ​ទី៣ គឺ​ការ​វិវត្តន៍​នៅ​ក្នុង​សង្គម​ដែល​ស្រ្តី​ចិន​សម័យ​ថ្មី​ចេញ​ទៅ​ធ្វើ​ការ​ដូច​បុរស ពោល​មិនមែន​ធ្វើ​តែ​ការងារ​ផ្ទះ និង​មើល​តែ​កូន​នោះ​ទេ។ វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​នឹង​វិបត្តិ​ប្រជាសាស្រ្ត​ពេល​នេះ។

ចង់ ឬ​មិន​ចង់ ប្រទេស​មួយ​ដែល​កំពុង​ប្រឈម​នឹង​កំណើន​មនុស្ស​ចាស់ និង​ការ​ធ្លាក់​ចុះ​មនុស្ស​សកម្ម​ត្រូវ​ប្រឈម​នឹង​ផលវិបាក​សំខាន់​ចំនួន​ពីរ ទី១ ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច និង​ទី២ កំណើន​តម្រូវ​ការ​ថវិកា​ដើម្បី​បន្ត​ចិញ្ចឹម​មនុស្សចាស់​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ចុះ​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ តើ​រដ្ឋ​មាន​ប្រភព​ចំណូល​ពី​ណា?។ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ដំឡើង​រាអាយុ​ចូល​និវត្តន៍។ តែ​ដើម្បី​អាច​ទប់​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​ពលរដ្ឋ​ដែល​ជា​ដើមចម​នៃ​វិបត្តិ​ប្រជាសាស្រ្ត ការ​បន្ធូរបន្ថយ​ឲ្យ​គ្រួសារ​អាច​យក​កូន​បាន ៣នាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នោះ គឺ​ជួយ​ទំនុកបម្រុង​ដល់​គ្រួសារ​នីមួយៗ​សម្រាប់​លំនៅដ្ឋាន ការ​រៀនសូត្រ​របស់​កូនៗ រួម​ទាំង​ការ​ចំណាយ​ចាំ​បាច់​មួយ​ចំនួន​ទៀត។

បើ​ពុំ​នោះ​សោត​ទេ កន្លែង​ចិន​សព្វថ្ងៃ​ដែល​ជា​ប្រទេស​មាន​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​គេ​ក្នុង​លោក​នឹង​ត្រូវ​ឥណ្ឌា​យក​បាន​នា​ពេល​ខាង​មុខ។ តាម​តួលេខ​ចុះ​ផ្សាយ​ដោយ​ធនាគារពិភពលោក​ក្នុង​ឆ្នាំ ២០២០ ចិន​មាន​ពលរដ្ឋ​ចំនួន ១ ៤០២លាននាក់ ហើយ​ឥណ្ឌា​មាន​ចំនួន​១ ៣៨០លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ