អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបារាំងបានផលចំណេញអ្វីពីការបញ្ចូលនុយក្លេអ៊ែរជាថាមពលបៃតង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំង​ពី​ថ្ងៃទី៣១ធ្នូមក ប្រទេស​សមាជិក​សហភាពអឺរ៉ុប​កំពុង​ពិចារណា​លើ​គម្រោង ដាក់បញ្ចូល​នុយក្លេអ៊ែរ​ទៅក្នុង​ចំណោម​ប្រភេទថាមពលបៃតង។ គម្រោង​ដែល​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ខ្លាំង ដោយ​ប្រទេស​សមាជិកខ្លះ​​មិនយល់ស្រប​ រីឯប្រទេស​ខ្លះទៀត នាំមុខដោយ​បារាំង ទាមទារ​យ៉ាងទទូច​ឲ្យ​ទទួលស្គាល់​នុយក្លេអ៊ែរ​ជាថាមពល​បៃតង។ តើ​បារាំង​អាច​ទទួលបាន​ផលចំណេញអ្វី​ពី​ការណ៍​ដែល​សហភាព​អឺរ៉ុប​​បញ្ចូល​នុយក្លេអ៊ែរ​ថាមពល​បៃតង?

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​បារាំង
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​បារាំង © Mourad ALLILI/SIPA
ផ្សាយពាណិជ្ជកម្ម

យើងដឹង​ថាបារាំង គឺ​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដ៏សំខាន់​មួយ ជា​មហាអំណាច​ខាង​សព្វាវុធ​នុយក្លេអ៊ែរ​ផង ហើយ​ក៏​ជា​មហាអំណាច​ដ៏​ចម្បងមួយ​ផងដែរ​ខាង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។ និយាយ​ឲ្យចំ គឺ​ការ​ផលិត​អគ្គិសនី​ដោយថាមពល​នុយក្លេអ៊ែរ។

បើ​គិត​ពី​ចំនួន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ បារាំងឈរនៅលំដាប់ទី២ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​រ៉េអាក់ទ័រសរុប​​ចំនួន ៥៦ ហើយ​បើ​គិត​ជា​ភាគរយវិញ បារាំង​គឺ​ជា​ប្រទេស​ដែលមាន​ចំណែក​​អគ្គិសនី​ផលិត​ចេញ​​ពី​ថាមពល​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​បំផុត​លំដាប់ទីមួយ ​នៅលើ​ពិភពលោក ដោយ​ក្នុង​ចំណោម​ថាមពល​អគ្គិសនី​សរុប​ដែល​ផលិតនៅបារាំង មាន​រហូតដល់​ទៅ​ ៧០% មាន​ប្រភព​ចេញ​ពី​នុយក្លេអ៊ែរ។

ដូច្នេះ សម្រាប់​បារាំង ការទទួលស្គាល់​​នុយក្លេអ៊ែរជាថាមពល​បៃតង គឺ​អាច​ផ្តល់​នូវ​ផលប្រយោជន៍​ចម្បងៗ​ចំនួនពីរ។

ទីមួយ វា​ផ្តល់​នូវ​​តម្លៃ​​នយោបាយ និង​​ជានិមិត្តរូប សម្រាប់​ឲ្យ​គេ​ទទួលស្គាល់​ពី​វិភាគទាន​ដ៏​ធំ​របស់​បារាំង នៅ​ក្នុង​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅ​ផែនដី។

ជាទូទៅ គេទទួលស្គាល់​​ថា នុយក្លេអ៊ែរ​ជា​ប្រភេទ​ថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វានៅតែ​ជា​ប្រភេទថាមពល​មួយ​ដ៏​ចម្រូងចម្រាស​នៅឡើយ ដោយសារ​តែ​នុយក្លេអ៊ែរ​អាច​បង្ក​នូវ​ផលប៉ះពាល់​ផ្សេង​ដល់​បរិស្ថាន​ និង​ដល់​សុខភាព​របស់​មនុស្ស ជាពិសេស តាមរយៈ​ការបំពុលដោយវិទ្យុសកម្ម។ ហេតុដូច្នេះហើយ​បាន​ជា​សកម្មជន​បរិស្ថាន ក៏ដូចជា រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​ទទួលស្គាល់​នុយក្លេអ៊ែរ​ជា​ថាមពល​បៃតង ហើយ​ក៏​​មិន​​គាំទ្រ​នោះដែរ​ឲ្យ​យក​នុយក្លេអ៊ែរ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ទប់ស្កាត់​ការឡើងកម្តៅផែនដី​។

សម្រាប់​បារាំង នេះ​ជា​ចំណុចអវិជ្ជមាន​ដ៏​ចម្បងមួយ ពីព្រោះ​ថា ៧០% នៃ​ថាមពលអគ្គិសនី​ដែល​មាន​ប្រភពពីនុយក្លេអ៊ែរ ហើយ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច ក៏ប៉ុន្តែ មិន​ត្រូវ​បាន​គេ​រាប់ថា​ជា​ថាមពល​បៃតង​ទៅវិញ។ ដូច្នេះ ប្រសិនបើ​គេ​ចាត់បញ្ចូល​នុយក្លេអ៊ែរ​ជា​ថាមពល​បៃតង បារាំង ដែល​ការផលិតអគ្គិសនី​ដោយ​ថាមពល​ខ្យល់ ថាមពលព្រះអាទិត្យ និង​វារីអគ្គិសនី​មាន​រហូត​ដល់​ទៅ​ជាង ២០% ស្រាប់ នឹង​អាច​និយាយ​បាន​ថា ថាមពលអគ្គិសនី​រហូតដល់​ទៅ​ជាង ៩០% ដែល​ផលិត​នៅ​បារាំង មាន​ប្រភព​ចេញ​ពី​ថាមពល​បៃតង ដែល​ជា​អត្រា​ដ៏ខ្ពស់​បំផុត​មួយ នៅលើ​ពិភពលោក។

ផលប្រយោជន៍​ទីពីរ ដែល​រឹតតែ​មាន​សារៈសំខាន់​ជាង​តម្លៃ​ជានិមិត្តរូប​នេះ​ទៅទៀត គឺ​ខាង​ផ្នែក​ហិរញ្ញវត្ថុ។

នៅក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​គោល​ដៅ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ឲ្យ​បាន ៥៥% នៅ​ត្រឹមឆ្នាំ២០៣០ ហើយ​កាត់បន្ថយ​​​ឲ្យ​ដល់​កម្រិត​ហ្សេរ៉ូកាបូន នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ សហភាព​អឺរ៉ុប​​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​លើកទឹកចិត្ត​​ឲ្យ​ប្រទេស​ជា​សមាជិក​ងាកចេញ​ពី​ថាមពល​ផូស៊ីល​ទៅ​ប្រើ​ថាមពល​បៃតង ក្នុងនោះ​ក៏មាន​ដែរ គម្រោង​កញ្ចប់​ថវិកា​រហូតដល់​ទៅ ១ទ្រីលាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ការ​វិនិយោគ​​ទៅលើ​ថាមពលបៃតង។

គោលនយោបាយ​នេះ កំពុងតែ​ធ្វើ​ឲ្យ​ការ​វិនិយោគ​ទៅលើ​ថាមពល​បៃតង​​ត្រូវក្លាយ​ជា​វិស័យ​វិនិយោគ​ដ៏ទាក់ទាញ​មួយ ដូច្នេះ ប្រសិនបើ​នុយក្លេអ៊ែរ​ត្រូវគេ​ចាត់បញ្ចូល​ជា​ថាមពល​បៃតង មានន័យ​ថា វិស័យ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​ស៊ីវិល​របស់​បារាំង​អាច​នឹង​ទាក់ទាញ​វិនិយោគ​បានច្រើន ហើយ​អាច​ទទួល​បាន​កម្ចី​ធនាគារបានច្រើន និង​​នៅ​ក្នុង​អត្រា​ការប្រាក់ទាប ដើម្បីយក​​ទៅ​​សាងសង់​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ថ្មីៗ​បន្ថែម ក៏ដូចជា កែលម្អ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ព្រមទាំង​អាច​មាន​ដំណើរការ​បាន​យូរ​ជាងមុន។

គេដឹង​ថា ការវិនិយោគ​នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ គឺ​ជា​គម្រោង​ ដែល​ទាមទារ​នូវ​ដើម​ទុនច្រើន​ ហើយ​ត្រូវការ​ពេលយូរ ទើបអាច​រំលោះវិនិយោគ​នេះ​មកវិញ​បាន។ ដូច្នេះ ការណ៍​ដែល​អាច​​ទាក់ទាញ​ទុនវិនិយោគ​ក្នុងទំហំទឹកប្រាក់ច្រើន និង​ដែល​មានអត្រា​​ការប្រាក់ទាប វា​គឺ​ជា​រឿង​ដ៏សំខាន់​មួយ​ សម្រាប់​បារាំង សំខាន់​សម្រាប់​ក្រុមហ៊ុន​នុយក្លេអ៊ែរ សំខាន់​សម្រាប់​វិស័យថាមពល​ ហើយ​សំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ នៅក្នុងបរិបទ​នៃ​យុទ្ធនាការ​ទប់ស្កាត់​ការឡើងកម្តៅផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ