អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទេសចរណ៍បានផ្លាស់ប្តូរសម្រាប់ប្រជាជនចិនធៀប៤០ឆ្នាំមុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមកាសែតរដ្ឋចិន The China Daily ប្រជាជនចិនអាចធ្វើដំណើរដោយសេរី ទៅកាន់គ្រប់ផ្នែកនៃពិភពលោក ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ។ ប្រៀបធៀបនឹងរយៈពេល៤០ឆ្នាំមុន ការធ្វើដំណើរទេសចរណ៍ទៅបរទេស ឬក្នុងស្រុក គឺត្រឹមជាក្តីស្រមៃសម្រាប់ប្រជាជនចិនទូទៅប៉ុណ្ណោះ។

ទេសចរ​ចិន​ នៅ​ក្រុង​ប៉េកាំង
ទេសចរ​ចិន​ នៅ​ក្រុង​ប៉េកាំង GREG BAKER / AFP
ផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរទៅក្រៅប្រទេស គឺធ្លាប់ជាក្តីសុបិនមួយ សម្រាប់ប្រជាជនសាមញ្ញនានា នៅក្នុងប្រទេសចិន កាលពី៤០ឆ្នាំមុន ស្របពេលដែលពួកគេភាគច្រើនត្រូវខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបញ្ហាក្រពះ។ សូម្បីតែប្រជាជនចិនដែលអាចមានលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេសតិចតួច ក៏ស្ទើរតែមិនអាចទទួលបានទិដ្ឋាការដែរ ពីព្រោះស្ថានទូតនៃប្រទេសជាច្រើន នៅលើពិភពលោក នាពេលនោះ បារម្ភថា អ្នកកាន់ទិដ្ឋាការចិន បន្ទាប់ពីចុះចតនៅបរទេស ប្រហែលជាមិនត្រឡប់ទៅប្រទេសកំណើតចិនវិញទេ។

ទេសចរណ៍ក្នុងស្រុកក៏ស្ទើរតែមិនមានផងដែរ នៅក្នុងប្រទេសចិន ដោយសារប្រជាជនមិនមានប្រាក់ ឬពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើដំណើរទៅលេងតំបន់ផ្សេងៗក្នុងប្រទេសខ្លួន។ ពលរដ្ឋចិនធ្វើការប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនទទួលបានវិស្សមកាលណាមួយឡើយ។ សម្រាប់អ្នកដែលបានទៅលេងទីក្រុងមួយចំនួនដូចជាប៉េកាំង ឬសៀងហៃ ឬកន្លែងទេសចរណ៍ផ្សេងៗ ដូចជា Hangzhou ឬ Guilin វាបានក្លាយជាប្រធានបទដែលពួកគេសន្ទនាគ្នា និយាយអំពីរឿងនេះ នៅពេលជួបជុំគ្នាម្ដងៗ។

ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ។ ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសដែលមានអ្នកទេសចរអន្តរជាតិច្រើនជាងគេបំផុត នៅលើពិភពលោក ដោយនាំមុខប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែលស្ថិតនៅលំដាប់ទីពីរ និងទីបី។ ប៉ុន្តែ តួលេខនេះមានការថយចុះ អំឡុងវិបត្តិកូវីដ១៩។

ប្រជាជនចិនបានចំណាយប្រាក់ ១៣០ពាន់លានដុល្លារអាមេរិក នៅក្រៅប្រទេស និងជិត ១ទ្រីលានដុល្លារអាមេរិក លើការធ្វើដំណើរក្នុងស្រុក។ វិស័យទេសចរណ៍បង្ហាញពីកម្រិតជីវភាពរបស់ប្រជាជនចិនមានភាពប្រសើរឡើង ហើយគោលនយោបាយវិស្សមកាលរយៈពេល ៥ ថ្ងៃ និងពី ១ទៅ៣សប្តាហ៍របស់រដ្ឋាភិបាលបានជំរុញវិស័យទេសចរណ៍។

ដោយសារការរឹតត្បិតជំងឺរាតត្បាត ក្នុងការធ្វើដំណើរជាសកល ប្រជាជនចិនបានងាកមកចាប់អារម្មណ៍វិស័យទេសចរណ៍ក្នុងស្រុក។ ជាក់ស្តែង ស្ថិតិបង្ហាញថា បច្ចុប្បន្នតំបន់ទេសចរណ៍ជាច្រើន នៅក្នុងប្រទេសចិន កំពុងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំ២០១៩។

ទេសចរណ៍សម័យទំនើបបានចាប់ផ្តើមនៅក្នុងប្រទេសចិន ប្រហែលមួយសតវត្សរ៍មុន នៅពេលដែលទីភ្នាក់ងារទេសចរណ៍ពីរត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងសៀងហៃ ជាពិសេសដើម្បីបម្រើអ្នកផ្សព្វផ្សាយសាសនា លោកខាងលិច អ្នកជំនួញ និងអ្នករុករកស្រាវជ្រាវនានា។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ភ្នាក់ងារទាំងនេះបានបន្តដំណើរការអាជីវកម្មរបស់ពួកគេ ដោយភាគច្រើនទទួលបានជនជាតិចិននៅក្រៅប្រទេសដែលចង់ឃើញនូវអ្វីដែលមាននៅក្នុងប្រទេសចិនថ្មី។

នៅឆ្នាំ១៩៥៤ ភ្នាក់ងារទេសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋមួយចំនួន ដូចជាសេវាកម្មទេសចរណ៍អន្តរជាតិរបស់ប្រទេសចិន (China International Travel Service) ត្រូវបានបង្កើតឡើងដើម្បីបម្រើភ្ញៀវទេសចរ ដែលភាគច្រើនមកពីបណ្តាប្រទេសអឺរ៉ុបខាងកើត។ អ្នកទេសចរមកពីប្រទេសលោកខាងលិចកម្របានទៅលេងប្រទេសចិនណាស់នាពេលនោះ ដោយសារតែមានការព្រមានអំពីហានិភ័យផ្សេងៗក្នុងប្រទេសចិន។

នៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិននៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ភ្ញៀវទេសចរលោកខាងលិចបានចាប់ផ្តើមមកទស្សនាប្រទេសចិនក្នុងចំនួនកើនឡើង។ នៅឆ្នាំ១៩៨៤ អ្នកធ្វើដំណើរក្រៅប្រទេសបានធ្វើទស្សនកិច្ច ១៣លាននាក់ទៅកាន់ប្រទេសចិនដីគោក។ ក្នុងនោះ មានប្រហែល ៩០ភាគរយនៃពួកគេគឺមកពីហុងកុង និងម៉ាកាវ។

ប៉ុន្តែ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិនបានផ្លាស់ប្តូរអ្វីៗទាំងអស់ ហើយជនជាតិចិនកាន់តែច្រើនឡើងបានចាប់ផ្តើមធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។ ហើយមិនយូរប៉ុន្មាន ដោយមានការចាប់អារម្មណ៍ពីកំណើននៃការប្រើប្រាស់របស់ប្រជាជនចិន ប្រទេសជាច្រើនបានចាប់ផ្តើមអនុវត្តវិធានការពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន រួមទាំងការផ្តល់កន្លែងផ្តល់ទិដ្ឋាការពេលមកដល់ផងដែរ។

សម្រាប់រដ្ឋចិន ជាលទ្ធផល ការធ្វើដំណើរទៅកាន់ផ្នែកណាមួយនៃពិភពលោក លែងជាក្តីសុបិនរបស់ប្រជាជនចិនទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ