អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីអឺរ៉ុបមិនមានយានដឹកអវកាសយានិកដោយខ្លួនឯង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងមួយរយៈកាលចុងក្រោយ​នេះ យើងសង្កេតឃើញ​មានការ​ទាមទារ​កាន់តែច្រើន ទាំងពី​សំណាក់ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​អវកាស និង​ពី​សំណាក់អវកាសយានិក ​ឲ្យ​អឺរ៉ុប​​អភិវឌ្ឍ​កម្មវិធី​ផលិត​យាន​អវកាស ដែល​អាច​ដឹក​អវកាសយានិក​ដោយ​ខ្លួនឯង។ ជាការពិត​ មកទល់​នឹង​សព្វថ្ងៃនេះ អឺរ៉ុប​​មិនមាន​យានអវកាសដឹកអវកាសយានិក​ដោយខ្លួនឯង​នោះទេ ហើយ​រាល់​ការ​បញ្ជូន​អវកាសយានិក​ទៅ​កាន់ទីអវកាស​​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដទៃ ជាពិសេស ពឹងលើសហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ តើហេតុអ្វីបាន​ជា​អឺរ៉ុប​ដែល​ជា​មហាអំណាច​អវកាស​មួយដែរ ក៏ប៉ុន្តែ បែរជា​មិន​មានសមត្ថភាព​ផលិតយានដឹកអវកាសយានិក​ដោយ​ខ្លួនឯងបែបនេះ​ទៅវិញ?

អវកាសយានិកបារាំង តូម៉ា ប៉េស្កេ នៅមុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ តាមយាន​របស់​ក្រុមហ៊ុន SpaceX កាលពីខែមេសា ឆ្នាំ២០២១
អវកាសយានិកបារាំង តូម៉ា ប៉េស្កេ នៅមុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ តាមយាន​របស់​ក្រុមហ៊ុន SpaceX កាលពីខែមេសា ឆ្នាំ២០២១ AP - John Raoux
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពេល​បច្ចុប្បន្ន​នេះ ប្រទេស​មហាអំណាច​អវកាស​ធំៗ រួមមាន​ដូចជា សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ចិន សុទ្ធតែ​មាន​យានដឹកអវកាសយានិក​ដោយ​ខ្លួនឯង ហើយ​សូម្បីតែ​ឥណ្ឌា​ដែល​ជា​ប្រទេស​ចំណូលថ្មី នៅក្នុង​វិស័យ​អវកាស​នេះ ក៏​កំពុង​ផលិតយានដឹកអវកាសយានិក​ផ្ទាល់​ខ្លួនឯងមួយដែរ។ យានអវកាសដែល​ឥណ្ឌា​គ្រោង​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ២០២៣​ខាងមុខ។

​អឺរ៉ុបវិញ ដែល​ជា​មហាអំណាច​អវកាស​ដ៏​ចម្បង និង​ដ៏​ចំណាស់​មួយ​នោះ បែរជា​​​មិនមាន​យានអវកាស​ផ្ទាល់ខ្លួនឯង ហើយ​ត្រូវពឹងលើ​អ្នក​ដទៃ ដើម្បី​ដឹកអវកាសយានិក​របស់​ខ្លួន។

បើយើងសង្កេតមើល​ជារួមទៅ អឺរ៉ុប​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បច្ចេកវិទ្យា​ដ៏ជឿនលឿន​បំផុត​មួយ ​ក្នុង​វិស័យ​អវកាស។

អឺរ៉ុប​មាន​មជ្ឈមណ្ឌលអវកាស​ទំនើប និង​ទីតាំង​ប្រកប​ដោយ​អំណោយផល។ មាន​​រ៉ុកកែត​អវកាសធុន​អារីយ៉ាន ដែល​ជា​រ៉ុកកែតដ៏ទំនើប អាច​ផ្ទុកទម្ងន់​បាន​ធ្ងន់ ហើយ​អាច​បាញ់បង្ហោះ​ទៅតាម​គន្លង​ដ៏​សុក្រឹត ដូចជា អ្វីដែលយើង​អាច​ឃើញ​ជាក់ស្តែងស្រាប់ នៅ​ក្នុង​បេសកកម្ម​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប កាល​ពីពេល​ថ្មីៗ​នេះ។ អឺរ៉ុបមានសមត្ថភាព​អាច​ធ្វើ​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​អវកាស​ដ៏ស្មុគស្មាញ រួមមាន​ដូចជា​ការ​បញ្ជូន​យាន រ៉ូហ្សេតា (Rosetta) ឲ្យ​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ ជាដើម។ ​អឺរ៉ុប​ក៏​មានដែរ​ ក្រុមហ៊ុន​ជំនាញ​ខាង​​អវកាសដ៏ទំនើប ដូចជា ក្រុមហ៊ុនអ៊ែរប៊ូស ដែល​ទទួល​បន្ទុក​ផលិត​ផ្នែក​មួយ នៃ​យាន “អូរ៉ាយយ៉ុន” ដែល​ត្រូវ​ដឹកអវកាសយានិក​របស់​ណាសា ទៅកាន់​ព្រះចន្ទ​ នៅ​ឆ្នាំ២០២៥​ខាងមុខ។

ដូច្នេះ បញ្ហាចោទ​សម្រាប់​អឺរ៉ុប គឺ​មិនទាក់ទង​នឹង​សមត្ថភាព​ខាង​បច្ចេកវិទ្យានោះទេ។ បញ្ហា​ចោទ គឺ​រឿងលុយ ឆន្ទៈនយោបាយ និង​ចក្ខុវិស័យជាយុទ្ធសាស្រ្ត​រយៈពេល​វែង​ នៅ​ក្នុង​វិស័យអវកាស។

និយាយពី​រឿងលុយ យើងសង្កេតឃើញ​ថា កញ្ចប់ថវិកា​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (អេសា) សម្រាប់​ចំណាយទៅលើ​បេសកកម្ម​អវកាស កាល​ពី​​ឆ្នាំ​២០២១​កន្លងទៅនេះ មាន​ចំនួន៧៣៥លាន​អឺរ៉ូ ពោលគឺ តែប្រមាណ​ជា ៧% ប៉ុណ្ណោះ នៃ​កញ្ចប់​ថវិកា​សម្រាប់​បេសកកម្ម​អវកាស​របស់​ណាសា។

សម្រាប់​អគ្គនាយក​ទីភ្នាក់ងារ​អវកាសអេសា ការណ៍​ដែល​អឺរ៉ុប​មិនបង្កើនកញ្ចប់ថវិកា វិនិយោគ​ទៅលើកម្មវិធី​ផលិត​យានដឹកអវកាសយានិក​ ក៏មិនមែន​ដោយសារ​តែ​កត្តា​សេដ្ឋកិច្ច​នោះដែរ ផ្ទុយ​ទៅវិញ គឺ​វា​ទាក់ទង​ទៅនឹង​ឆន្ទៈ​នយោបាយ​ច្រើន​ជាង។

ប្រភពចម្បង​នៃថវិកា​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប គឺ​បាន​មក​ពី​ប្រទេស​ជា​សមាជិក​ទាំង ២២ប្រទេស ហើយ​នាយកទីភ្នាក់ងារ​អវកាស​បារាំង ដែល​ជា​ប្រទេស​សមាជិក ផ្តល់​វិភាគទាន​ច្រើន​ជាងគេ​បង្អស់​ទៅ​ក្នុង​កញ្ចប់ថវិកា​របស់​អេសា បាន​លើកឡើង​ថា ប្រសិនបើ​អឺរ៉ុប​មាន​មហិច្ឆតា​ចង់ក្លាយ​ជា​មហាអំណាច​អវកាសមួយ​ ដែល​មានស្វ័យភាព​ពេញលេញ មិនពឹង​លើ​អ្នកដទៃ វាទាមទារ​ជាចាំបាច់​នូវ​ឆន្ទៈ​នយោបាយ​រួម របស់​អឺរ៉ុប​ទាំងមូល។

ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅ​រៀង​រាល់​សន្និសីទ​ប្រចាំឆ្នាំ កាលពីពេលកន្លងមក បូករួមទាំង​សន្និសីទអវកាស​អឺរ៉ុប​លើក​ចុងក្រោយ នៅ​ទីក្រុង​ព្រុចសែល កាល​ពី​សប្តាហ៍កន្លងទៅថ្មីៗ​នេះផង មិនមាន​ប្រទេស​ណាមួយ ដែល​លើកយក​គម្រោងផលិតយានដឹកអវកាសយានិក​ មកដាក់​ជា​អាទិភាព​នោះទេ ដោយ​អឺរ៉ុប​នៅតែ​បន្ត​គោលនយោបាយ​អាទិភាព​ដូចមុនដដែល គឺផ្តោត​លើ​ការ​សិក្សាស្រាវជ្រាវផ្នែកអវកាស ទោះ​ជា​នៅ​ទីជិត ឬ​នៅទីឆ្ងាយ ក៏ប៉ុន្តែ ធ្វើឡើង​ដោយ​យាន​គ្មាន​មនុស្ស​បើក។

អ្នកធ្វើការ​ក្នុងវិស័យ​​អវកាស​អឺរ៉ុប​រំពឹង​ថា ចំណាប់អារម្មណ៍​ទូទៅ​ក្នុងពេល​បច្ចុប្បន្ន​ ទៅលើ​បេសកកម្ម​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះចន្ទ ក្នុងគោលដៅ​​យក​ព្រះចន្ទ​ជា​មូលដ្ឋាន​អវកាសផង ដើម្បី​បន្ត​បេសកកម្ម​ទៅកាន់ភពអង្គារ ឬ​ទៅទីកាន់តែឆ្ងាយ ក៏ដូចជា ចក្ខុវិស័យ​ក្នុងការ​ទាញ​យក​ធនធាន​រ៉ែ​ពី​ព្រះចន្ទ អាច​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​ពិចារណា​មើលឡើងវិញ ទៅលើ​គោលនយោបាយ​អវកាស​ជាអាទិភាព​របស់​ខ្លួន។

សំណួរសួរថា តើ​អឺរ៉ុប​ចង់​ធ្វើ​ជាតួអង្គដែលចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​បេសកកម្ម​ទៅកាន់​ព្រះចន្ទ​នេះ ឬ​ក៏ចង់​​ឈរឱបដៃ​មើល​គេ​ធ្វើ? ដូចដែល​នាយកទីភ្នាក់ងារ​អេសា​បានលើកឡើង នៅ​ក្នុង​សន្និសីទ​អវកាស​អឺរុប កាល​ពី​សប្តាហ៍​មុន បើ​សិន​ជា​អឺរ៉ុប​មាន​មហិច្ឆិតា​ចង់​ធ្វើ​ជាតួអង្គសំខាន់​នៅ​ក្នុងការរុករកលើ​ព្រះចន្ទ ការផលិត​យាន​ដឹកអវកាស​យានិក​ គឺ​ជា​រឿង​ចាំបាច់ ពីព្រោះ​ថា បើ​ចង់​ទៅ​​រុករក​និង​ទាញ​យកធនធាន​​លើ​ព្រះចន្ទ តែ​​គ្មានយាន​ដឹកអវកាសយានិក គឺ​ប្រៀបបាន​ទៅនឹង ​គ្រីស្តូហ្វ កូឡុំ ដែល​គ្មាន​នាវាយ៉ាងដូច្នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ