អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីធនាគារកណ្តាលត្រូវមានឯករាជ្យពីរដ្ឋាភិបាល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តួយ៉ាង វិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យមានការពិភាក្សាគ្នាជារឿយៗអំពី ផលវិជ្ជមាន និងផលអវិជ្ជមាន នៃ ឯករាជ្យភាពរបស់ធនាគារកណ្តាល ពីការអន្ដរាគមន៍របស់រដ្ឋាភិបាល។ គោលការណ៍នៃធនាគារកណ្តាលឯករាជ្យ ត្រូវបានគេទទួលស្គាល់ជាទូទៅ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ព្រោះឯករាជ្យភាពនេះ អាចរក្សាកម្រិតអតិផរណាទាប (ឬទំនិញមិនឡើងថ្លៃខ្លាំង) និងកាត់បន្ថយហានិភ័យនៃវិបត្តិសារពើពន្ធផងដែរ (នេះសំដៅដល់ ចំណាយរដ្ឋ មិនច្រើនជាងចំណូលខ្លាំង)។

ហេតុអ្វី​ធនាគារ​កណ្តាលត្រូវ​មាន​ឯករាជ្យ ?
ហេតុអ្វី​ធនាគារ​កណ្តាលត្រូវ​មាន​ឯករាជ្យ ? DANIEL ROLAND / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ជាទូទៅ គេតម្រូវឱ្យធនាគារកណ្តាលត្រូវមានភាពឯករាជ្យ ពោលគឺមិនត្រូវរងឥទ្ធិពលណាមួយនោះទេ ពី រដ្ឋាភិបាល។ ធ្វើដូច្នេះ ធនាគារកណ្តាលមានស្វ័យភាព និងតួនាទីគ្រប់គ្រាន់ ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពលុយឱ្យនៅឋិតថេរមិនប្រែប្រួលខ្លាំង ដើម្បីរក្សាកម្រិតអតិផរណាមិនឱ្យតម្លៃទំនិញឡើងថ្លៃខ្លាំងជ្រុល និងដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល។

នៅក្នុងភាសាបច្ចេកទេស ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវផ្សំដោយនយោបាយសេដ្ឋកិច្ចពីរចម្បង រួមមាន គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ។ គោលនយោបាយរូបិយវត្ថុ គឺត្រូវធ្វើយ៉ាងណារក្សាស្ថិរភាពលុយ ប្រឈមនឹងការឡើងថ្លៃទំនិញ។ ចំណែកឯ គោលនយោបាយសារពើពន្ធ គឺត្រូវធ្វើយ៉ាងណាឱ្យការចំណាយរបស់រដ្ឋមានតុល្យភាពធៀបនឹងចំណូលរបស់រដ្ឋដែលរកបាន។

តើយើងវាយតម្លៃឯករាជ្យរបស់ធនាគារកណ្តាលយ៉ាងដូចម្តេច? គឺគេមើលទៅ ឯករាជ្យភាពផ្លូវច្បាប់របស់ធនាគារកណ្តាលពីការជ្រៀតជ្រែកផ្នែកនយោបាយ។

ហេតុអ្វីរដ្ឋមិនទុកឱ្យធនាគារកណ្តាលមានឯករាជ្យក្នុងគ្រាមានវិបត្តិ?

ជាទូទៅ គេសង្កេតឃើញថា រដ្ឋាភិបាលនានាតែងតែអន្ដរាគមន៍ក្នុងសេដ្ឋកិច្ច និងមិនទុកឱ្យធនាគារកណ្តាលមានឯករាជ្យនោះទេ នៅពេលប្រទេសកំពុងប្រឈមនឹងវិបត្តិណាមួយ។ ក្នុងគ្រានៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជារឿយៗ រដ្ឋាភិបាលតែងតែព្យាយាមធ្វើយ៉ាងណាបង្កើនចំណាយបន្ថែម ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ ជាលទ្ធផល វាអាចរុញច្រានឱ្យមានការកើនឡើងកម្រិតអតិផរណា ឬការកើនឡើងថ្លៃទំនិញជាទូទៅ។ ទង្វើនេះបានធ្វើឱ្យធនាគារកណ្តាល លែងមានភាពឯករាជ្យចេញពីរដ្ឋាភិបាល ក្រោមសម្ពាធនយោបាយផ្សេងៗ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារប្រទេសភាគច្រើនមានអត្រាអតិផរណាក្នុងកម្រិតទាប រដ្ឋាភិបាលយ៉ាងច្រើនបានអន្ដរាគមន៍ចូលទៅក្នុងធនាគារកណ្តាល ឱ្យប្រើប្រាស់នយោបាយផ្សេងៗដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ជាឧទាហរណ៍ តាមរយៈការបោះពុម្ភលុយបន្ថែមបង្ហូរចូលក្នុងទីផ្សារ។

នៅក្នុងប្រវត្តិសាស្រ្ដ នៅក្នុងប្រទេសមួយចំនួនដូចជា អាហ្សង់ទីន តួកគី វ៉េណេស៊ុយអេឡា និងស៊ីមបាវ៉េ ការលុបបំបាត់ឯករាជ្យភាព និងភាពជឿជាក់លើធនាគារកណ្តាល បាននាំឱ្យមានអតិផរណាក្នុងប្រទេសនេះកើនឡើងយ៉ាងខ្ពស់។

អតិផរណា និងឧទាហរណ៍នៃវិបត្តិអតិផរណាខ្ពស់

នៅពេលដែលថ្លៃទំនិញជាទូទៅកើនឡើងក្នុងរយៈពេលណាមួយ គេហៅជាភាសាបច្ចេកទេសថា “អតិផរណា”។ តម្លៃទំនិញកើនឡើងនឹងធ្វើឱ្យលុយធ្លាក់តម្លៃ ហើយអាចទិញទំនិញបានចំនួនតិចទៅៗ។ ជាលទ្ធផល អំណាចទិញរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះផងដែរ។

ប្រសិនបើទំនិញឡើងថ្លៃខ្ពស់ វានឹងមានគ្រោះថ្នាក់។ ជាឧទាហរណ៍ នៅពេលដែលតម្លៃទំនិញកើនឡើងចន្លោះពី៣% ទៅ១០%ក្នុងមួយឆ្នាំ វាអាចធ្វើឱ្យប្រជាជនខាតបង់ប្រាក់ដែលពួកគេរកបាន ព្រោះថា ជាមួយបរិមាណលុយដែលមានស្រាប់ អ្នកប្រើប្រាស់អាចទិញទំនិញបានតិចជាងមុន។

នៅក្នុងប្រវត្តិសាស្រ្ដ ឧទាហរណ៍នៃអតិផរណាកម្រិតខ្ពស់ហួសប្រមាណ គឺកើតឡើងនៅក្នុងប្រទេសស៊ីមបាវ៉េ។ អំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ អតិផរណាបានកើនឡើងហួសកម្រិតគ្រប់គ្រងបាន ក្នុងអត្រាមួយដែលគេមិនអាចនឹកស្មានដល់។ កម្រិតថ្លៃទំនិញបានកើនឡើងដល់ជិត ៥០០ពាន់លាន% នៅខែកញ្ញា ឆ្នាំ២០០៨។ ក្នុងស្ថានភាពបែបនេះ លុយមានតម្លៃថោកជាងក្រដាសទៅទៀត។ វិបត្តិអតិផរណានេះ គឺកើតឡើងដោយសាររដ្ឋាភិបាលស៊ីមបាវ៉េ បានបោះពុម្ពលុយលុយយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ