អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​រឿងអាស្រូវ ​Suisse secrets កេរ្តិ៍ឈ្មោះ​នៃ​វិស័យ​ធនាគារ​ស្វ៊ីស កាន់តែ​ចុះអាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអាទិត្យ​កន្លងទៅ បណ្តុំសារព័ត៌មានអន្តរជាតិចំនួន៤៨ បានរួមគ្នាផ្សព្វផ្សាយ​របាយការណ៍ស៊ើបអង្កេតមួយ ឈ្មោះ Suisse secrets ដែលពាក់ព័ន្ធនឹងរឿងរ៉ាវសម្ងាត់ នៃវិស័យធនាគារស្វ៊ីស។ របាយការណ៍ស៊ើបអង្កេតនេះ បាន​បង្ហាញថា ធនាគារដ៏ធំមួយរបស់ស្វ៊ីស ឈ្មោះ Credit Suisse បាន​បើកគណនីទុកប្រាក់ឲ្យ​អតិថិជន ដែលមានប្រភព​មកពី​បណ្តាញទុច្ចរិត និង​អំពើពុករលួយ។ រឿងអាស្រូវដ៏ធំថ្មីមួយទៀតនេះ បាន​មកអន្រួន ធ្វើឲ្យ​វិស័យធនាគារស្វ៊ីស កាន់តែអាប់ឱនកិត្តិយស និង​បានបង្កឲ្យ​មានការតវ៉ាផងដែរ ទាក់ទិននឹងសេរីភាពសារព័ត៌មាននៅស្វ៊ីស ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់ធនាគារ។

ស្លាកយីហោ​ធនាគារ Credit Suisse នៅទីក្រុង​ហ្ស៊ុយរីឆ ទីក្រុងធនាគារ-ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់ស្វ៊ីស។
ស្លាកយីហោ​ធនាគារ Credit Suisse នៅទីក្រុង​ហ្ស៊ុយរីឆ ទីក្រុងធនាគារ-ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់ស្វ៊ីស។ AP - Steffen Schmidt
ផ្សាយពាណិជ្ជកម្ម

ជាយូរយាណាស់​មកហើយ ស្វ៊ីសគឺជាប្រទេសមួយ ដែលមានឈ្មោះល្បី​រន្ទឺ ជាទីដែលអ្នកមានស្តុកស្តម្ភ យក​ប្រាក់ទាំងហឹប មកទុកនៅធនាគារធំៗ ក្នុង​ប្រទេសដ៏តូចមួយនេះ។ ច្បាប់ស្វ៊ីសធ្លាប់បាន​ការពារ​​​កិច្ចការ​សម្ងាត់ធនាគារ ដោយ​គ្មាននរណាអាចដឹង ពីអត្តសញ្ញាណរបស់អតិថិជន​ម្ចាស់គណនី ឬក៏អាចដឹងពីប្រភពថាប្រាក់ទាំងនោះ បានមកពីណាទេ។

ធនាគារ Credit Suisse កន្លែងទុកប្រាក់ទុច្ចរិត ប្រាក់ពុករលួយ

រឿងអាស្រូវ ធ្លាប់បាន​បែកធ្លាយ​ជារឿុយៗ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យ​មតិមហាជន​ដឹងថា ស្វ៊ីសគឺជាទីស្ថានសួគ៌គេចពន្ធ ជាទីកន្លែងលាក់​ប្រាក់ ដែល​បានមកពី​ប្រភព​ទុច្ចរិត ឬក៏បានមកពីអំពើ​ពុករលួយ​ជាដើម។ យ៉ាងណាមិញ កាលពី​ថ្ងៃអាទិត្យ ទី​២០ កុម្ភៈ កន្លងទៅថ្មីៗនេះ បណ្តុំសារព័ត៌មាន​អន្តរជាតិ ឈ្មោះថា Organized Crime and Corruption Reporting Project (OCCRP) ដែលក្នុងនោះ មានបណ្តាញសារព័ត៌មានធំៗ ដូចជា​ Le Monde The Guardian និង​ New York Times ជាដើម​ បានចេញផ្សាយ​របាយការណ៍ ដែលស្តែងឲ្យ​ឃើញ អំពី​ស្រមោលខ្មៅ​ងងិត ស្ថិតនៅ​ពីក្រោយ​​ស្លាកយីហោ​ភ្លឺចញ្ចែងចញ្ចាច នៃធនាគារស្វ៊ីស។

ជារបាយការណ៍ ដែលត្រូវក្រុមអ្នកសារព័ត៌មាន នៅតាមបណ្តាប្រទេសចំនួន​១៥២ប្រទេស ពិនិត្យ​អង្កេតយ៉ាងល្អិតល្អន់ អស់រយៈពេលជាង១ឆ្នាំ។ ចំណុចចាប់ផ្តើម​នៃការស៊ើបអង្កេតនេះ គឺស្ថិតនៅ​លើ​ទិន្នន័យសម្ងាត់ ទម្លាយ​ដោយ​ប្រភព​មិន​បញ្ចេញឈ្មោះម្នាក់ ដែល​បានផ្តល់ទៅឲ្យ​កាសែតអាល្លឺម៉ង់ Süddeutsche Zeitung។ ក្នុងទិន្នន័យនេះ គឺមានពាក់ព័ន្ធនឹងគណនីធនាគារ ចំនួន ១៨០០០​គណនី ដែលគ្រប់គ្រងដោយធនាគារ​ធំ​ទី២របស់ស្វ៊ីស ឈ្មោះ Credit Suisse គិតចាប់ពីឆ្នាំ​១៩៤០ រហូតដល់ចុងទសវត្សឆ្នាំ២០១០ប្លាយ។ យោងតាមការសន្និដ្ឋាន គឺធនាគារ Credit Suisse បាន​ឃុបឃិត លាក់ប្រាក់របស់អតិថិជនជាច្រើននាក់ ដែល​ប្រាក់ទាំងនោះ មានប្រភព​មកពី​អំពើទុច្ចរិត អំពើពុករលួយ និង​អំពើគេចពន្ធជាដើម។​

"របាយការណ៍​បង្កាច់បង្ខូចកិត្តិយស នៃវិស័យធនាគារស្វ៊ីស"

គ្មានអ្វីចម្លែក ក្រោយ​ការចុះផ្សាយ​របាយការណ៍ស៊ើបអង្កេតនេះ ធនាគារ Credit Suisse បានឆ្លើយ​បដិសេធ និងបានចោទរបាយការណ៍នេះ ថាត្រូវបាន​ធ្វើឡើងដោយ​លំអៀង ប្រភពទិន្នន័យមិនគ្រប់គ្រាន់ និងស្ថិតនៅក្រៅ​បរិបទ។ Credit Suisse អះអាងថា ៩០% នៃគណនី​ ដែល​គេលើកយកមកនិយាយ​ក្នុងរបាយ​ការណ៍នេះ គឺបច្ចុប្បន្ន​បានបិទចោលអស់ទៅហើយ។ Credit Suisse បានចាត់ទុកថា របាយការណ៍នេះ​គឺត្រូវបានធ្វើ ដោយមានចេតនា​រំខាន​ បង្កាច់​បង្ខូចកិត្តិយស​​របស់វិស័យធនាគារ និងទិផ្សារហិរញ្ញវត្ថុស្វ៊ីសទាំងមូលតែម្តង។

ទោះជា​ធនាគារ Credit Suisse ប្រឹងប្រកែក​បដិសេធយ៉ាងនេះក្តី តែរឿងអាស្រូវថ្មីមួយទៀតនេះ បាន​អង្រួនធ្វើឲ្យ​វិស័យធនាគារស្វ៊ីស ត្រូវស្រអាប់ពន្លឺជាថ្មីទៀត បន្ទាប់ពី​ឆ្លងកាត់ រឿងអាស្រូវមុនៗ ក្នុង​សំណុំរឿង ដូចជា "Panama Papers" ឬ "Paradise Papers » ជាដើម។ តំណាងក្រុម​ហ៊ុនគ្រប់​គ្រងភាគហ៊ុនដ៏ធំមួយនៅស្វ៊ីស ឈ្មោះ Actares បានប្រាប់អ្នកយកព័ត៌មានបារាំងថា ទោះចង់មិនចង់ ក្រោយ​ការផ្ទុះរឿងអាស្រូវថ្មីនេះ ធនាគារ Credit Suisse ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបង្ហាញពីតម្លាភាព ពីការប្រឹងប្រែងរបស់ខ្លួន ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ការលាងលុយក្រខ្វក់ នារយៈពេលកន្លងមកនេះ។

វិស័យធនាគារស្វ៊ីស បានកែខ្លួន​ច្រើន?

នៅក្នុង​លិខិតផ្ញើមកកាន់​ទៅភ្នាក់ងារព័ត៌មាន​បារាំង AFP សមាគមធនាគារស្វ៊ីស បានអះអាងថា នីតិវិធីច្បាប់​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ការ​លាងលុយក្រខ្វក់ ត្រូវបាន​ពង្រឹង នឹងកែលំអច្រើនណាស់ នាប៉ុន្មាន​៤-៥ឆ្នាំ ចុងក្រោយ​នេះ។ វិស័យធនាគារ ក៏ដូចជាទីផ្សារហិរញ្ញវត្ថុស្វ៊ីស លែងចង់​យក​កិត្តិយស មុខមាត់ទៅប្រឡាក់ប្រឡូស ជាមួយ​ប្រាក់ដែលមានប្រភពគួរឲ្យសង្ស័យ តទៅទៀតហើយ។

តើធនាគារស្វ៊ីស ពិតជាបានកែប្រែខ្លួន ចូលរួមយ៉ាងស្វិតស្វាញ ក្នុងការប្រយុទ្ធប្រឆាំង​នឹងការលាងលុយ​ក្រខ្វក់មែនឬ? យោងតាម​ការវិភាគ​របស់​លោក Ronen Palan សាស្ត្រាចារ្យសេដ្ឋកិច្ចនយោបាយអន្តរជាតិ នៅ​សកលវិទ្យាល័យ​ទីក្រុងឡុងដ៍ គឺវាជារឿង​ពិបាកជឿណាស់។ សម្រាប់​លោក ធនាគារស្វ៊ីសភាគច្រើន នៅតែបន្តបដិសេធមិនទទួលការពិត ធ្វើព្រងើយ​កន្តើយ​សម្បើមណាស់ ទាក់ទិននឹង​កាតព្វកិច្ច​ត្រួតពិនិត្យ​ប្រភព​មូលធន ដែលគេយកមកដាក់​​ក្នុ​ងទូរដែកខ្លួន។​ អ្នកជំនាញ​រូបនេះ អះអាងថា ធនាគារស្វ៊ីសនៅតែប្រើប្រាស់របៀបធ្វើជំនួញ បែបចាស់គំរិល បន្តរកស៊ី​ជាមួយអតិថិជន​គ្រប់ប្រភេទ ដោយមិនខ្វល់ថាប្រាក់នោះបានមកពីប្រភព​អាក្រក់ ស្មោក​គ្រោក​យ៉ាងណា​ឡើយ។​

ច្បាប់ដេរមាត់អ្នកកាសែតស្វ៊ីស មិនឲ្យចុះផ្សាយ​រឿងអាស្រូវធនាគារ

គួរកត់សំគាល់ដែរថា រឿងអាស្រូវទាក់ទិននឹង​ធនាគារ Credit Suisse នៅពេលនេះ បានរំលេចឲ្យ​ឃើញ​ផងដែរ នៅបញ្ហាមួយទៀត ទាក់ទិននឹង​សេរីភាពសារព័ត៌មាននៅស្វ៊ីស ក្នុង​វិស័យ​កិច្ចការសម្ងាត់​ធនាគារ។ ក្នុងចំណោមបណ្តាញ​សារព័ត៌មានធំៗទាំង​៤៨ ដែលចូលរួម​ក្នុងការផ្សព្វផ្សាយ​របាយការណ៍​ស៊ើបអង្កេតនេះ គឺគ្មាន​បណ្តាញសារព័ត៌មាន​ស្វ៊ីសសូម្បីតែមួយ។

មាត្រា៤៧ នៃច្បាប់ធនាគារស្វ៊ីស បាន​ហាមឃាត់ មិនឲ្យ​បណ្តាញសារព័ត៌មាន ចុះផ្សាយ​ព័ត៌មាន​ទាំងឡាយ​ណា ដែល​បានមកពីប្រភពទិន្នន័យធនាគារ ដែលគេលួចយកទៅទម្លាយ។ មាត្រានេះ បានចង និងរារាំងមិនឲ្យ​កាសែតស្វ៊ីស ចូលរួម​ផ្សព្វផ្សាយ​រឿងអាស្រូវ ទាក់ទិននឹងធនាគារ​ស្វ៊ីស​ទេ​។ បណ្តាញសារព័ត៌មានស្វ៊ីសបានទទួលស្គាល់ថា ខ្លួន​ពិតជាមិនហ៊ានចូលរួមផ្សព្វផ្សាយជាមួយ​បណ្តាញព័ត៌មានអន្តរជាតិផ្សេងទៀតពិតមែន ព្រោះមិនចង់មានបញ្ហាផ្នែកផ្លូវច្បាប់​ ជាមួយធនាគារ ដែល​​មាន​អំណាច។

ក្រោយការចេញ​ផ្សាយ របាយការណ៍របស់ Organized Crime and Corruption Reporting Project (OCCRP) ភ្លាម មតិរិះគន់ស្វ៊ីសបាន​ផុសផុលឡើងជាបន្តបន្ទាប់ ទាក់ទិននឹងសេរីភាពសារព័ត៌មាននេះ។ អង្គការអ្នករាយការណ៍គ្មានព្រំដែន RSF បានបរិហារថា វាជារឿងដែល​មិនអាច​ទទួល​យក​បានទេ ដែល​ប្រទេសប្រជាធិបតេយ្យ​ដូចស្វ៊ីស មានច្បាប់មួយ ដែល​ដេរបំបិទមាត់អ្នក​កាសែត មិនឲ្យ​អនុវត្តសិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​បែបនេះ។ លោកស្រី Irene Khan មន្ត្រីអង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សេរីភាព​បញ្ចេញមតិ បានអះអាងថា លោកស្រីនឹងយកបញ្ហានេះ ទៅ​ជជែក ដើម្បី​ហៅឲ្យ​អាជ្ញាធរស្វ៊ីស ត្រូវតែ​ធ្វើកំណែទម្រង់ច្បាប់ជាបន្ទាន់។ នៅសភាអឺរ៉ុប សមាជិក​ខ្លះបានរួមគ្នា​អំពាវនាវ ឲ្យ​ចាត់ស្វ៊ីសបញ្ចូលទៅក្នុង​បញ្ជីខ្មៅ ទាក់ទិននឹងការលាងលុយក្រខ្វក់។

បញ្ហានេះ បាន​រីករាលដាលផងដែរ ដល់ផ្ទៃក្នុងនយោបាយ​ស្វ៊ីស ដោយ​អ្នកនយោបាយ សមាជិក​សភា​មកពីបក្សឆ្វេងនិយមជាច្រើន បានហៅឲ្យ​សភាស្វ៊ីស ត្រូវតែធ្វើកំណែទម្រង់ជាបន្ទាន់ ដើម្បី​ការពារសិទ្ធិសេរីភាព​សារព័ត៌មាន។ លោកស្រី Regula Rytz សមាជិកសភាបក្សបរិស្ថាន បានសរសេរលើទំព័រTwitter ថា បណ្តាញសារព័ត៌មានមានតួនាទី ដោយ​មិនអាចខ្វះបានចូលរួមក្នុង​យុទ្ធនាការ​ទប់ស្កាត់ ​ការលាងលុយក្រខ្វក់ លើទឹកដីស្វ៊ីស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ