អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទណ្ឌកម្ម​​ក្នុង​វិស័យកីឡា អាច​ជា​អាវុធ​ដ៏មុតស្រួច ធ្វើឲ្យ​រុស្ស៊ី​​រងរបួស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការលើកទ័ពមកឈ្លាន​ពាន​អ៊ុយក្រែន ពីសំណាក់រុស្ស៊ី ក្រុមប្រទេសលោកខាងលិច បានសម្រុក​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ ទៅលើរុស្ស៊ី។ ទន្ទឹមគ្នានេះ នៅក្នុងវិស័យកីឡា គេក៏បានចាប់ផ្តើមធ្វើពហិការ មិនឲ្យរុស្ស៊ីចូលរួម ឬក៏មិនទៅប្រកួតនៅក្នុង​ប្រទេសរុស្ស៊ីដែរ។ អ្នកជំនាញ​ជាច្រើននាក់ បានលើកឡើងថា សូមកុំមើលស្រាល​វិស័យកីឡាឲ្យសោះ។ ការដាក់ទណ្ឌកម្ម​ ទៅលើរុស្ស៊ីក្នុងវិស័យកីឡា តាមរយៈការធ្វើពហិការ ឬលុបចោលកិច្ចសន្យា ជាមួយក្រុមហ៊ុនរុស្ស៊ី គឺវាអាចជាអាវុធដ៏មាន​ប្រសិទ្ធភាព ក្នុងការដាក់សំពាធ ទៅលើរបបដឹកនាំរបស់​លោក​ពូទីន។

ថ្ងៃទី ៨ មីនា ២០១៤ លោកពូទីន កំពុងអង្គុយទស្សនាការប្រកួតកីឡាជិះស្គីទឹកកក នៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវរងារ ដែលរុស្ស៊ីជាម្ចាស់ផ្ទះរៀបចំ នៅក្រុងសូឈីល។
ថ្ងៃទី ៨ មីនា ២០១៤ លោកពូទីន កំពុងអង្គុយទស្សនាការប្រកួតកីឡាជិះស្គីទឹកកក នៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវរងារ ដែលរុស្ស៊ីជាម្ចាស់ផ្ទះរៀបចំ នៅក្រុងសូឈីល។ AP - Alexei Nikolsky
ផ្សាយពាណិជ្ជកម្ម

ការប្រកួតកីឡាអន្តរជាតិ ជាមុខមាត់ធំនៃរបបផ្តាច់ការ​

ក្នុងសតវត្សទី​២១នេះ​ វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុង​ផ្នត់គំនិតនៃមតិសាធារណៈ ។ រដ្ឋាភិបាល​ប្រទេសខ្លះ ជាពិសេសប្រទេសដែលមានរបបដឹកនាំបែបផ្តាច់ការ ដឹងយ៉ាងច្បាស់អំពី​ផល​ប្រយោជន៍ នៃការរៀបចំកម្មវិធីប្រកួតកីឡាធំៗ លំដាប់អន្តរជាតិ ដើម្បី​យកវាធ្វើ​ជាឧបករណ៍ កសាងមុខមាត់ អួតបង្ហាញ​ពីភាពរីកចម្រើនអស្ចារ្យ ទៅកាន់ប្រជាជនខ្លួន និង​ទៅកាន់ពិភពលោកទាំងមូល។

យ៉ាងណាមិញ រដ្ឋាភិបាល​រុស្ស៊ី ដឹកនាំដោយ​លោកពូទីន បានទទួលកិត្តិយសមុខមាត់មិនតិចទេ នៅពេលបាន​សិទ្ធិរៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុងសូឈីល កាលពីឆ្នាំ​២០១៤ ហើយបន្ទាប់មកទៀត បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ​២០១៨។ មិនត្រឹមជាឱកាស យកមុខមាត់លើឆាកអន្តរជាតិប៉ុណ្ណោះទេ កម្មវិធីប្រកួតកីឡាធំៗទាំងនេះ គឺជាឱកាសឲ្យ​ក្រុមហ៊ុនធំៗរបស់រុស្ស៊ី ហក់ចូលជាអ្នកឧបត្ថម្ភកម្មវិធី ទិញសិទ្ធិផ្សាយពាណិជ្ជកម្ម ឲ្យ​គេបានស្គាល់ទូទាំងពិភពលោក​។

វិស័យកីឡា ធ្វើ​ពហិការប្រឆាំងរុស្ស៊ី

ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោក​ពូទីន បានសម្រេច​បញ្ជូន​ទ័ព ឲ្យ​វាយ​ប្រហារឈ្លានពានអ៊ុយក្រែន រុស្ស៊ីមិនត្រឹមតែបានរងទណ្ឌកម្ម​ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែរុស្ស៊ីកំពុងតែត្រូវបាន​គេ​ធ្វើពហិការ ក្នុងវិស័យកីឡាផងដែរ។ កម្ម​វិធីប្រណាំងឡាន នៅក្រុងសុតឈីល ត្រូវបាន​លុបចោល។ ប្រទេសមួយចំនួនធំ ដូចជា​អង់គ្លេស ន័រវែស ស៊ុយអែត ជាដើមបានសម្រេច ហាមកីឡាកររុស្ស៊ីមិនឲ្យជាន់ដីប្រទេសគេ។ ភ្លេងជាតិ និង ទង់ជាតិរបស់រុស្ស៊ី ត្រូវបាន​គណកម្មាធិការ​អន្តរជាតិកីឡាអូឡាំពិក ដកចេញ ឈប់ឲ្យ​ប្រើជាបណ្តោះអាសន្ន។

ប៉ូឡូញ ស៊ុយអែត សាធារណរដ្ឋឆេក បានបដិសេធ មិនប្រកួតជាមួយ​ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នៅក្នុង​ការប្រកួតជម្រុះ World Cup 2022 ជាដាច់ខាត។ នៅទីបំផុត សហព័ន្ធកីឡា​បាល់ទាត់​អន្តរជាតិ​ ហៅកាត់ថា FIFA ព្រមទាំងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចព្រមគ្នា នៅរសៀលថ្ងៃចន្ទទី​២៨កុម្ភៈ ដករុស្ស៊ីមិនឲ្យចូលរួមប្រកួតចាប់ពីពេលនេះទៅ  រហូតទាល់​តែមាន​ការសម្រេច​ថ្មីណាមួយ​ផ្សេងទៀត។

អ្នកជំនាញផ្នែកកីឡាជាច្រើននាក់ បានឲ្យដឹងថា វិស័យ​កីឡាមានឥទ្ធិពលខ្លាំងណាស់ ទៅលើ​នយោបាយ​និងសេដ្ឋកិច្ច​រុស្ស៊ី។ ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីក្នុងវិស័យនេះ អាចជាវិធានការមួយ​ដ៏ប្រសើរ ដើម្បី​​ឲ្យ​របបដឹកនាំ​ផ្តាច់ការរបស់​លោកពូទីន ទទួលទោសកំហុស ចំពោះការ​ឈ្លានពាន​អ៊ុយក្រែន។

ពញ្ញាក់ស្មារតីប្រជាជនរុស្ស៊ីឲ្យចោទសួរ អំពីទង្វើរបស់មេដឹកនាំខ្លួន

លោក Hugh Robertson ប្រធានគណកម្មាធិការអូឡាំពិក ប្រទេសអង់គ្លេស បានអះអាងថា ការ​រារាំង​មិនឲ្យរុស្ស៊ីរៀបចំការប្រកួត ឬចូលរួម​ប្រកួត​ក្នុងកម្មវិធីកីឡាអន្តរជាតិធំៗ គឺវានឹងសំពង​​រុស្ស៊ី​​យ៉ាងដំណំ។ ប្រជាជនរុស្ស៊ី ជា​ជាតិសាសន៍​មួយ ដែលស្រលាញ់កីឡាណាស់។ ប្រជាជនរុស្ស៊ីត្រេកអរ​រំភើបណាស់ ពេលប្រទេសខ្លួនបានធ្វើជ​ាម្ចាស់ផ្ទះ ទទួលរៀបចំកម្មវិធីប្រកួតកីឡា​អន្តរ​ជាតិ​ម្តងៗ​។ ដូច្នេះនៅពេលដែលគេផាត់រុស្ស៊ីចេញពីការប្រកួតនីមួយៗ គឺវានឹង​ដាស់ ពញ្ញាក់ស្មារតី របស់​ប្រជាជនរុស្ស៊ី ឲ្យចោទសួរថា មានរឿងអ្វីកើតឡើង តើស្រុកខ្លួនបានធ្វើអ្វីខុស?

លោក Michael Payne ប្រធានផ្នែកទីផ្សារ នៃគណកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងថា លោកពូទីន ប្រហែលជាមិនខ្វល់ ថាមនុស្ស​នៅតាមបណ្តាប្រទេសផ្សេងៗ ទូទាំងពិភពលោកនេះ​ មានយោបល់គិត​យ៉ាងណា​មកលើ​រូបលោក​ពិតមែន។ ក៏ប៉ុន្តែលោកពូទីន ត្រូវតែប្រយ័ត្ន ថាតើ​ប្រជាជនរុស្ស៊ី គិតដូចម្តេច​អំពីរូបលោក។ មតិសាធារណៈរុស្ស៊ី មានតម្លៃណាស់ សម្រាប់វាសនាអំណាច​របស់​​លោកពូទីន។

គ្រោះថ្នាក់មួយទៀតនោះ គឺក្នុងករណី កីឡាករល្បីៗខ្លះរបស់រុស្ស៊ី បានបង្ហាញជំហរដោយ​ក្លាហាន ហ៊ាន​ប្រឆាំងចំពោះការធ្វើសង្គ្រាមឈ្លាន​ពានអ៊ុយក្រែន។ តួយ៉ាង ដូចជា​កីឡាករតេនីស Andrey Rublev កីឡាករបាល់ទាត់ Fedor Smolov កីឡាករហុកគី Alex Ovechkin និងកីឡាករប្រណាំង​កង់ Pavel Sivakov ដែលសុទ្ធតែ​បាន​ប្រកាសជាសាធារណៈ ប្រឆាំងនឹងសង្គ្រាមដែលរុស្ស៊ី កំពុងតែ​ធ្វើ​នៅ​អ៊ុយក្រែន។ យោងតាមលោក Michael Payne ការដែល​កីឡាករល្បីៗរបស់រុស្ស៊ី ប្រកាសជំហរបែបនេះ គឺវា​អាច​នឹងជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋរុស្ស៊ី ឲ្យចោទសួរ ចំពោះទង្វើរបស់​ថ្នាក់ដឹក​នាំខ្លួន ថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ប្រការនេះ គឺវាអាចប៉ះពាល់ដល់ចរន្តគាំទ្រ ការធ្វើ​សង្គ្រាម​របស់​លោកពូទីន​ នៅក្នុង​ចំណោមមតិយល់ឃើញ​របស់​​​ប្រជាពលរដ្ឋ​រុស្ស៊ី។

ឈប់ឲ្យក្រុមហ៊ុន​​រុស្ស៊ី មានមុខផ្សាយ​ពាណិជ្ជកម្ម

ដោយឡែក លោក Terrence Burns អតីតអ្នកទទួលខុសត្រូវម្នាក់ នៅ​គណកម្មាធិការអូឡាំពិកអន្តរជាតិ​ បាន​លើកឡើងថា រដ្ឋាភិបាលរុស្ស៊ីប្រាកដជា​នឹងឃោសនា ប្រាប់ទៅ​ប្រជាពលរដ្ឋខ្លួន ថាប្រទេស​រុស្ស៊ី​គឺជា​អ្នក​រងគ្រោះ ត្រូវបាន​​ពួកបស្ចឹមប្រទេស ព្រួតគ្នាធ្វើបាបដាក់ទណ្ឌកម្មក្នុង​វិស័យកីឡា។ ក៏ប៉ុន្តែ អ្នកជំនាញ​រូបនេះ បានសង្កត់ធ្ងន់​ពីភាព​ចាំបាច់ ដែល​ត្រូវតែ​​​ផ្តន្ទាទោស​រុស្ស៊ី ដោយរាប់​បញ្ចូល​ទាំងវិស័យ​កីឡាផងដែរ ដើម្បី​ឲ្យសក្តិ៍សមទៅនឹងទង្វើរបស់រុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។

ការផ្តន្ទាទោស ដែលត្រូវតែ​ធ្វើតាមរយៈ ការ​ផ្តាច់​កិច្ចសន្យា ដក​ក្រុមហ៊ុន​រុស្ស៊ី កុំឲ្យ​មាន​មុខនៅ​ក្នុង​ការ​ឧបត្ថម្ភកម្ម​វិធីប្រកួតនានា។ យ៉ាងណាមិញ ក្លឹបកីឡាបាល់ទាត់ Manchester United បានប្រកាស ផ្តាច់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុនអាកាសចរណ៍ Aeroflot របស់រុស្ស៊ី។ យោងតាម​ប្រភពច្បាស់ការផ្សេងទៀត បានឲ្យ​ដឹងថា សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ក៏កំពុងតែពិចារណា ដក​ក្រុមហ៊ុន Gazprom របស់រុស្ស៊ី ចេញពី​ការផ្សព្វផ្សាយពាណិជ្ជកម្មដែរ។ កិច្ចសន្យា​ដែលចុះកាលពីឆ្នាំ​​២០១២ ហើយ​ដែល​មានតម្លៃប្រមាណ​៤០លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ចំណែក កម្មវិធីប្រណាំង​ឡាន​Hass Formule 1  របស់អាមេរិក ក៏បានសម្រេច​ដក​ក្រុមហ៊ុនរុស្ស៊ី Uralkali ចេញពី​ការឧបត្ថម្ភផ្សាយ​​ពាណិជ្ជកម្ម​​ដែរ។

តែសួរថា នៅពេល​ណាដកក្រុមហ៊ុនរុស្ស៊ីចេញ ផ្តាច់កិច្ចសន្យា លែងឲ្យ​ផ្សាយពាណិជ្ជកម្ម តើ​ម្ចាស់កម្មវិធីរៀបចំការប្រកួតកីឡាអន្តរជាតិទាំងនេះ អាចនឹងខាតបង់ដែរឬទេ? យោងតាមលោក Terrence Burns ក្រុមហ៊ុនធំៗរបស់រុស្ស៊ី ទើបតែបានហក់ប្រឡូកផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងការប្រកួតកីឡាអន្តរជាតិធំៗ ប្រមាណជា​១០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ កម្មវិធីប្រកួតកីឡាអន្តរជាតិ ធ្លាប់រស់បាន កាលពីមិនទាន់មាន​ក្រុមហ៊ុនរុស្ស៊ីឧបត្ថម្ភ ដូច្នេះគ្មានរឿងអ្វី ដែល​មិន​អាចដំណើរការ​បន្តទៀត នៅពេលដក​ក្រុមហ៊ុនរុស្ស៊ីចេញនោះទេ!

ដូចគ្នាដែរ លោក Lukas Aubin អ្នកវិភាគភូមិសាស្ត្រនយោបាយ​ជនជាតិបារាំងម្នាក់ បាន​អះអាង វាប្រាកដណាស់ ដែរថាសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប នឹងបាត់បង់ប្រាក់ចំណូល ក្រោយពេល​ដកក្រុមហ៊ុន​ Gazprom របស់​រុស្ស៊ី ចេញពី​ការផ្សាយ​ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ វាមិនខ្វះទេ ក្រុមហ៊ុនផ្សេងទៀត ដែលរងចាំចុះកិច្ចសន្យា ដើម្បីអាចមានសិទ្ធិផ្សាយពាណិជ្ជកម្ម ព្រោះថាអ្នកណាក៏ចង់ចុះកិច្ចសន្យាក្លាយ​ជាអ្នក​ឧបត្ថម្ភកម្មវិធីម្នាក់ របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបដែរ។ កម្មវិធីប្រកួតបាល់ទាត់ Champion League ដែលរៀបចំដោយ​សហព័ន្ធកីឡានេះ គឺជាកម្មវិធីកីឡា​មួយ ដែល​គេ​តាម​ដាន​បំផុតនៅទូទាំងពិភពលោក។

លោក Lukas Aubin បន្ថែមថា កាលៈទេសៈពេលនេះវាធ្ងន់ធ្ងរណាស់ ដែលតម្រូវឲ្យស្ថាប័នរៀបចំការ​ប្រកួតកីឡា ត្រូវតែ​​ទុករឿងខាតបង់ប្រាក់ចំណូលមួយឡែកសិន។ ដូចគ្នាដែរ លោក Hugh Robertson សង្កត់បន្ថែមថា ពិភពកីឡាត្រូវតែ​ផ្តាច់ខ្លួន ឈប់រំពឹងនឹងប្រាក់ឈ្នួល​​ផ្សាយ​​ពាណិជ្ជកម្ម​ របស់ក្រុមហ៊ុនរុស្ស៊ីតទៅទៀត។​ សង្គ្រាមនៅអ៊ុយក្រែន ប្រាកដជាជះផលអាក្រក់ខ្លះហើយ ទៅលើវិស័យកីឡា។ ក៏ប៉ុន្តែបើវិស័យកីឡាមិនធ្វើអ្វីសោះ ដើម្បី​ដាក់ទណ្ឌកម្មលើរុស្ស៊ីទេនោះ នោះគឺវិស័យកីឡា​ខ្លួនឯង ដែលអាចខូចកិត្តិយសធ្ងន់ធ្ងរ ដោយសារតែភាពកំសាក ចាញ់​ច្រាប​លុយ​រុស្ស៊ី។​

លោក Michael Payne បានលើកឡើងថា ការធ្វើពហិការ ការដាក់ទណ្ឌកម្មក្នុងវិស័យកីឡា អាចមានឥទ្ធិពលខ្លាំងណាស់ ទៅលើសង្គម។ លោកបានរំលឹក ពីករណី​ដែលវិស័យ​កីឡា​ពិភពលោក បាន​នាំគ្នា​ធ្វើពហិការ ប្រឆាំងនឹងរដ្ឋាភិបាល​ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងទសវត្សឆ្នាំ ៦០-៧០។ ភាពសាមគ្គីរបស់វិស័យកីឡាពិភពលោក បានធ្វើឲ្យ​រដ្ឋាភិបាលប្រទេសនេះ បង្ខំចិត្ត​ធ្វើកំណែទម្រង់ បោះបង់ចោលគោលនយោបាយរើស​អើងប្រកាន់ពូជសាសន៍ បែងចែកសង្គមស្បែកស-ស្បែកខ្មៅ។ ទណ្ឌកម្ម​ផ្នែក​កីឡា ពេលខ្លះអាចមានប្រសិទ្ធភាព ជាងទណ្ឌកម្មសេដ្ឋកិច្ចផងក៏ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ