អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កសិកម្ម​​អឺរ៉ុប​ជួប​​ការលំបាក ដោយសារ​តែ​រំពឹង​ខ្លាំងជ្រុល នឹង​ជី​កសិកម្ម រួម​ទាំង​​​ហ្កាស​របស់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​នៅអ៊ុយក្រែន មិនមែនត្រឹមតែបង្កការលំបាក មកដល់អឺរ៉ុប ក្នុង​ផ្នែក​ថាមពលប្រេងឥន្ធនៈ និង​ឧស្ម័ន​ហ្កាសប៉ុណ្ណោះទេ តែវាកំពុងតែបង្កឧបសគ្គជាខ្លាំង មកលើ​វិស័យ​កសិកម្ម​របស់អឺរ៉ុប។ នោះគឺបញ្ហា ជីកសិកម្ម ដែលរំពឹងខ្លាំងណាស់ ទៅលើការនាំចូលពីរុស្ស៊ី​។ បន្ទាប់ពីបានរងទណ្ឌកម្ម​របស់អឺរ៉ុប រដ្ឋាភិបាលរុស្ស៊ី បានចេញបញ្ជាឲ្យក្រុមហ៊ុន​ផលិត​ជីកសិកម្ម​របស់រុស្ស៊ីទាំងអស់ ត្រូវផ្អាកឈប់នាំចេញទៅកាន់អឺរ៉ុប។ ហ្កាសក៏គ្មាន ជីកសិកម្មក៏គ្មាន ដែលនេះគឺជាផលប៉ះពាល់នៃសង្គ្រាមអ៊ុយក្រែន មក​លើវិស័យកសិកម្មអឺរ៉ុប។

សកម្មភាពប្រមូលផលពោត នៅចំការមួយជិតទីក្រុង ណង់ត៍ ភាគខាងលិចប្រទេសបារាំង ។ ថ្ងៃទី ១៨ វិច្ឆិកា ២០២១
សកម្មភាពប្រមូលផលពោត នៅចំការមួយជិតទីក្រុង ណង់ត៍ ភាគខាងលិចប្រទេសបារាំង ។ ថ្ងៃទី ១៨ វិច្ឆិកា ២០២១ REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

ជីកសិកម្ម គឺជាល្បាយ​ផ្សំដោយសារធាតុបំប៉ន ដើម្បីជួយទ្រទ្រង់កម្លាំងលូតលាស់ របស់ដំណាំកសិកម្ម​ និងជួយឲ្យ​ដំណាំផ្តល់ឲ្យ​នូវទិន្នផលច្រើន។ ជីកសិកម្ម អាច​ត្រូវបាន​ផលិត​ដោយ​ផ្សំពី​ ធាតុផ្សំសរីរាង្គធម្មជាតិ ដូចជា​កំទេចរុក្ខជាតិខ្ញែរ ដែលគេយកវាទៅទុកឲ្យរលួយ ឬក៏លាមកសត្វ​មាន់​ជាដើម។ មានជីកសិកម្ម​មួយប្រភេទទៀត គឺគេផ្សំចេញ​ពីសារធាតុរ៉ែ ដូចជាផ្សំដោយ​សារធាតុ អាហ្សូត(N)នៅក្នុងខ្យល់ ឬក៏ផ្សំពីរ៉ែក្រោម​ដី ដូចជា ផូស្វ័រ (P) និង ប៉ូតាស(K) ជាដើម។

នៅអឺរ៉ុប គឺជីកសិកម្ម​ផ្សំពីសារធាតុរ៉ែទាំងនេះហើយ ដែល​វិស័យ​កសិកម្មប្រើប្រាស់ច្រើនបំផុត ជាពិសេសនោះ គឺជីកសិកម្មផ្សំដោយ​អាហ្សូត។ យោងតាមសមាគម International Fertilizer Association (IFA) ដែលជាបណ្តុំ​ឧស្សាហកម្ម​ផលិត​ជីកសិកម្ម គឺដីប្រមាណ​ជា​៨៥% នៅទូទាំងពិភពលោកយើង ខ្វះសារធាតុអាហ្សូត។ សារធាតុអាហ្សូត មានសារៈសំខាន់ណាស់ សម្រាប់​ការលូតលាស់របស់ដំណាំ។ ដំណាំដែលត្រូវការជីអាហ្សូត​ខ្លាំងបំផុតនោះ គឺមានដូចជាស្រូវសាឡី និង​ដំណាំពោត ជាដើម។

ជីអាហ្សូត គឺអាចត្រូវបាន​ផលិត​ចេញពី សារធាតុអាម៉ូនីញ៉ាក ដែលជាល្បាយផ្សំ​រវាង​ អាហ្សូតខ្យល់ និង​អ៊ីដ្រូសែន ដែលគេយកចេញពី​ឧស្ម័នហ្កាសធម្មជាតិ។ ៨០% នៃតម្លៃនៃការផលិត​អាម៉ូនីញ៉ាក គឺត្រូវចំណាយ​លើ​ឧស្ម័នហ្កាសនេះតែម្តង។ បន្ទាប់មកទៀត ជីកសិកម្ម​អាហ្សូតនេះ អាចត្រូវគេផលិត​ចេញជា ជីអាហ្សូតទឹករាវ ឬជាជីគ្រាប់ ដូចជាជី អាម៉ូនីត្រាត និងជីអ៊ុយរ៉េ ជាដើម។

រុស្ស៊ីអ្នកនាំចេញជីអាហ្សូតធំជាងគេ

យោងតាមអង្គការសហប្រជាជាតិ ដើម្បី​ស្បៀងអាហារនិងកសិកម្ម (FAO) រុស្ស៊ីគឺជាប្រទេសនាំ​ចេញ​ជីអាហ្សូត ធំជាងគេលំដាប់​ទីមួយ ក្នុងពិភពលោក ហើយ​សម្រាប់ជីផូស្វ័រ និងជីប៉ូតាស គឺស្ថិតនៅលំដាប់ទី​២។ ក្រៅពីនាំចូលហ្កាសពីរុស្ស៊ី ចំនួន​ ៤០% នៃតម្រូវការរួមរបស់ខ្លួន អឺរ៉ុប ក៏នាំចូលផងដែរ នូវសារធាតុអាហ្សូត ប៉ូតាស និងផូស្វ័រ ពីរុស្ស៊ី ក្នុងទំហំសរុបប្រមាណ​២៥%ផងដែរ។ នេះបើផ្អែកតាមការលើកឡើង កាលពីថ្ងៃទី​១មីនា របស់​លោក Svein Tore Holsether នាយកសហគ្រាស Yara ដែលជាក្រុមហ៊ុនផលិតជីអាហ្សូតធំជាងគេបង្អស់។

សហភាពអឺរ៉ុប ត្រូវការប្រើប្រាស់ សារធាតុអាហ្សូតកែច្នៃ ចំនួន​ជាង​១១លាន​តោន​ ជារៀងរាល់ឆ្នាំ។ នេះបើផ្អែកតាម​របាយការណ៍សមាជិក​សភាអឺរ៉ុបក្រុមបរិស្ថាននិយម។ ដែលនេះមានន័យថា អឺរ៉ុប រំពឹងលើរុស្ស៊ីដល់ទៅ២ផ្នែក​ស្ទួនគ្នា ពោលគឺពឹងខ្លាំងលើ​ឧស្ម័នហ្កាសរបស់រុស្ស៊ី ហើយ​ពឹងខ្លាំងលើ​ជីកសិកម្ម ដែលនាំចូលពីរុស្ស៊ីដោយ​ផ្ទាល់តែម្តង។

កសិករមិនចំណេញ ហើយទិន្នផលអាចធ្លាក់ចុះ

នៅអឺរ៉ុប ឧស្ម័ន​ហ្កាស និង​ជីកសិកម្ម​ផ្សំពីសារធាតុរ៉ែ បាន​ឡើងថ្លៃជាបន្តបន្ទាប់ តាំងពី​មុន​សង្គ្រាមនៅ​អ៊ុយក្រែនម្លេះ។ ជាក់ស្តែងជីអ៊ុយរ៉េ ដែលជាជីអាហ្សូតសំខាន់​បំផុតមួយ គឺតម្លៃបាន​កើនមួយគុណជា​៣ ក្នុងរវាង​១២ខែចុងក្រោយ​នេះ។ នេះបើផ្អែកតាម​តួលេខរបស់អង្គការ FAO។ ក៏ប៉ុន្តែ ក្រោយ​ការចូលឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ហ្កាសបានឡើងថ្លៃកាន់តែខ្លាំង។ ចំណែក​ សារធាតុអាហ្សូតរ៉ាវ ដែលធ្លាប់​មានតម្លៃ​ ៦០០អឺរ៉ូក្នុង​មួយតោន កាលពីខែ​តុលា គឺបាន​ឡើងដល់ ៨០០អឺរ៉ូ។ នេះបើផ្អែក​តាម​លោកស្រី Isaure Perrot អ្នកជំនាញនៅការិយាល័យ Agritel។

ប្រឈមនឹងតម្លៃកាន់តែឡើងថ្លៃខ្ពស់បែបនេះ សហគ្រាស Yara ទើបតែបានប្រកាសថា​នឹង​កាត់​បន្ថយ​ការ​ផលិត​ជី​កសិកម្ម​នៅ​បារាំង និង​នៅអ៊ីតាលី។ អគ្គនាយក​សហគ្រាសផលិត​ជីកសិកម្ម​ដ៏ធំនេះ បាន​អំពាវនាវឲ្យ​សហគមអន្តរជាតិ ត្រូវតែប្រឹងប្រែង ដើម្បី​រំដោះខ្លួន ឈប់រំពឹងលើវត្ថុធាតុដើម​របស់រុស្ស៊ី ដែលចាំបាច់​ក្នុង​ការផលិត​ជីកសិកម្ម។

ក្រៅពីការបារម្ភទាក់ទិននឹង​តម្លៃជីកសិកម្ម អ្នកជំនាញ​ក៏បារម្ភផងដែរ អំពី​កង្វះ​ជីកសិកម្ម គ្រប់គ្រាន់សម្រាប់រដូវសាបព្រួសនៅឆ្នាំ​២០២៣ខាងមុខ។ ជាងនេះទៀត កសិករនៅតាមបណ្តាប្រទេសអឺរ៉ុបខាងលិច មិនអាចទទួលបាន​ប្រាក់ចំណេញឡើយ ប្រសិន​បើពួកគេត្រូវចំណាយ​ដល់ទៅ​៨០០អឺរ៉ូ សម្រាប់ទិញជីមួយតោន។

រកវិធីរំដោះខ្លួន ឈប់រំពឹងរុស្ស៊ី

លោកស្រី Isaure Perrot បានលើកឡើងថា អឺរ៉ុប ត្រូវតែពិចារណា ដើម្បីងាកចេញ​ទៅរក​ប្រភព ផ្គត់ផ្គង់ផ្សេងទៀត ក្រៅពីរុស្ស៊ី។ ទាក់ទិននឹងឧស្ម័នហ្កាស មានប្រទេសផ្សេងទៀត ដែលអាចនាំចេញមកឱ្យអឺរ៉ុប មានដូចជា អាល់ហ្សេរី និង​អាមេរិកជាដើម។ តែមិនប្រាកដថោកជាងហ្កាស​របស់រុស្ស៊ីឡើយ។ ចំណែកប្រទេសខ្លះទៀត ដូចជា អ៊ីរ៉ង់ ឬកាហ្សាក់ស្ថាន ក៏មិនប្រាកដថាប្រទេសអឺរ៉ុប អាចយល់ព្រមទិញដែរ។

ដោយឡែក យោងតាម​អ្នកជំនាញ​គួកជេ គ្រាប់ធុញ្ញជាតិ និង​ជីកសិកម្ម ចំពោះសារធាតុប៉ូតាស ដែលបច្ចុប្បន្ន​អឺរ៉ុបនាំចូលពីរុស្ស៊ី និង​បេឡារុស ចំនួន​៤០%នោះ គឺអឺរ៉ុបបានចាប់ផ្តើម​ងាកទៅ​ទិញពីកាណាដា អ៊ីស្រាអែល និង​ហ្សកដានី ហើយ បើទោះបីជាម​ានតម្លៃ​ថ្លៃជាងក៏ដោយ។ លោក Edward de Saint-Denis អ្នកគួកជេ នៅ Plantureux et associés បានលើកឡើងថា អឺរ៉ុបអាច​ បន្ថែមការនាំចូល​សារធាតុផូស្វាត ពីចិន ម៉ារ៉ុក និង​អាមេរិកជាដើម ព្រោះប្រទេសទាំងនេះ មានសមត្ថភាពផលិតខ្ពស់។ តែយ៉ាងណា ជីផូស្វាតមិនអាចមកជំនួសជី​អាហ្សូតបានទេ ព្រោះថាជីអាហ្សូតចាំបាច់ណាស់ ដើម្បី​ឲ្យ​បានទិន្នផលខ្ពស់។

សម្រាប់លោកស្រី  Isaure Perrot គឺគេត្រូវតែពិចារណារកជម្រើសផ្សេងទៀត ប្រសិន​បើវិបត្តិ​នេះ បន្តរ៉ាំរ៉ៃយូរ។ តួយ៉ាង គឺត្រូវពិចារណា ប្តូរ​ទម្លាប់ដាំដុះ ដោយ​ផ្តោត​អាទិភាពទៅ​លើ​ដំណាំជាបន្លែ សណ្តែកសៀង ឬ ដើមឈូករ័ត្នជាដើម ព្រោះដំណាំប្រភេទនេះ មិនសូវត្រូវការជីអាហ្សូត ដូច​ស្រូវសាឡី និង​ពោតទេ។ ដោយឡែក សហគ្រាស Yara បានអះអាងថា​ ចាប់ពីឆ្នាំ​២០២៣ទៅ គេនឹង​ប្រឹងប្រែងផលិត​សារធាតុអាម៉ូនីត្រាត ចំនួន​៣០% ដោយ​ប្រើទឹក ជំនួស​ហ្កាស ដើម្បី​បំលែងផ្តាច់អ៊ីដ្រូសែន។ ប្រតិបត្តិការនេះ ថ្វីបើមានតម្លៃថ្លៃបន្តិចមែន តែវាជាជំរើសដោយ​មិនអាច​បោះបង់បានទេ ប្រសិនបើគេចង់​រំដោះខ្លួន ឈប់រំពឹង​លើប្រេង ហ្កាស និងជី​កសិកម្មរបស់រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ