អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីចិនមានជំហរប្រយ័ត្នប្រយែងខ្លាំងក្នុងសង្រ្គាមអ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យើងដឹងថា ចិន និង​រុស្ស៊ី មាន​គូប្រជែងរួមគ្នា​ដ៏ធំមួយ គឺ​សហរដ្ឋ​អាមេរិក ហើយ​នៅពេល​ដែល​រុស្ស៊ី​កំពុងតែ​ប្រមូលទ័ព​ព័ទ្ធ​ជុំវិញ​អ៊ុយក្រែន លោក​ស៊ី ជីនពីង បាន​ទទួល​ជួប​លោក​វ៉្លាឌីមៀរ ពូទីន ​​ក្នុង​អំឡុងពេល​បើក​ការ​ប្រកួតកីឡាអូឡាំពិកនៅ​​ប៉េកាំង ដោយបាន​លើកឡើង​ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី មិនមែន​ដែន​កំណត់​នោះទេ។ ក៏ប៉ុន្តែ នៅ​ក្រោយ​ពេល​ផ្ទុះសង្រ្គាម​នៅ​អ៊ុយក្រែន ហើយ​រុស្ស៊ី​ត្រូវ​ប្រឈម​នឹង​ការ​ថ្កោលទោស ក៏ដូចជា​ទទួល​ ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ចិន​បែរជាមិនគាំទ្រ​រុស្ស៊ី ដោយ​សូម្បីតែ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​ចិន​ បាន​ត្រឹមបោះឆ្នោត​អនុប្បវាទ ហើយ​ទុក​ឲ្យ​រុស្ស៊ី​ឯកោ​តែម្នាក់ឯង។ តើហេតុអ្វី​បាន​ជា​ចិន​ត្រូវ​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែងបែបនេះ ?

លោក​ស៊ី ជីនពីង និង​លោក​វ៉្លាឌីមៀរ ពូទីន នៅពេល​ជួបគ្នា កាល​ពី​ឆ្នាំ២០១៩
លោក​ស៊ី ជីនពីង និង​លោក​វ៉្លាឌីមៀរ ពូទីន នៅពេល​ជួបគ្នា កាល​ពី​ឆ្នាំ២០១៩ © ALEXEY NIKOLSKY / SPUTNIK
ផ្សាយពាណិជ្ជកម្ម

ចិន ថ្វីដ្បិត​តែ​កំពុងព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយរុស្ស៊ី ដោយ​សំឡឹងឃើញ​រុស្ស៊ី ជា​ដៃគូ​ដ៏​សំខាន់ ក្នុងការទប់ទល់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​គូប្រជែង​រួម ហើយ​ការ​ប្រឈមមុខដាក់គ្នា រវាង​រុស្ស៊ី និង​អាមេរិក អាច​ជា​រឿង​ល្អមួយ​ សម្រាប់​ចិន ក៏ប៉ុន្តែ សង្រ្គាម​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ ក៏​មាន​ហានិភ័យច្រើន​ផងដែរ ដែល​ជា​ហេតុធ្វើ​ឲ្យ​ចិន​ត្រូវ​ព្យាយាម​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែង មិនថ្កោលទោស​រុស្ស៊ី តែ​ក៏​មិនគាំទ្រ។

សម្រាប់ចិន រុស្ស៊ី​​ពិតណាស់​គឺ​ជា​ដៃគូ​សំខាន់ នៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ ក៏ប៉ុន្តែ បើ​និយាយ​ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ ផលប្រយោជន៍​ចម្បង​របស់​ចិន គឺ​នៅ​អាមេរិក និង​អឺរ៉ុប ដែល​សុទ្ធសឹង​តែ​ជា​ទីផ្សារ​ដ៏សំខាន់​មិន​អាច​ខ្វះបាន​​របស់​ចិន។ ការណ៍​ដែល​អាមេរិក និង​អឺរ៉ុប បង្ហាញ​នូវ​ការ​រួបរួមគ្នា​ ហើយ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ៗ​ដ៏​កម្រ​ទៅលើ​រុស្ស៊ី នៅក្រោយ​ពេល​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន​នោះ វារឹតតែ​ធ្វើ​ឲ្យ​ចិន​កាន់តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ថែមទៀត ពីព្រោះថា បើចិន​ឈរនៅ​ខាង​រុស្ស៊ី គឺ​មានន័យថា ត្រូវ​ប្រឈម​នឹង​អាមេរិក និង​អឺរ៉ុប ហើយ​អាច​នឹង​ត្រូវ​រងគ្រោះ ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ក្រៅពី​ផលប្រយោជន៍​សេដ្ឋកិច្ច បញ្ហាចោទ​ខាង​ផ្នែក​​ការទូត និង​គោលការណ៍​ច្បាប់​អន្តរជាតិ ក៏​ជា​កត្តាដ៏ចម្បងមួយផងដែរ ដែល​ធ្វើ​ឲ្យ​ចិន​ពិបាក​នឹង​បង្ហាញ​ជំហរជាក់លាក់​គាំទ្រ​រុស្ស៊ី នៅ​ក្នុង​ការ​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។

ទាក់ទងនឹង​រឿងនេះ ចិន​ក៏​ប្រហែល​ជា​តាមដានមើល​ផងដែរ ទៅលើ​ទំនោរ​នៃ​សាធារណមតិ​អន្តរជាតិ និង​ជំហរ​ការទូត​របស់​ប្រទេស​ផ្សេងទៀត ហើយ​តាម​ការ​សង្កេត​ ជារួម ​ទាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ក៏ដូចជា អង្គការ​តំបន់​ផ្សេងទៀត ប្រទេសភាគច្រើន​លើសលុប​​សុទ្ធតែ​នាំគ្នា​ថ្កោលទោស​រុស្ស៊ី ហើយ​គាំទ្រ​អ៊ុយក្រែន ដូច្នេះ ប្រសិនបើ​ចិន​គាំទ្រ​រុស្ស៊ី វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ទៅដល់​មុខមាត់​របស់​ចិន​ខ្លួនឯងផ្ទាល់​​នៅលើ​ឆាកអន្តរជាតិ។

ការណ៍ដែល​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅពេលនេះ ថ្វីដ្បិត​តែ​ចិន​ព្យាយាម​មិន​ហៅថា​ជា​ការឈ្លានពាន ក៏ប៉ុន្តែ ទៅតាម​​សាធារណមតិ​អន្តរជាតិ​​ជាទូទៅ វាមិនមានអ្វីដែល​គួរ​ជា​មន្ទិល​សង្ស័យ​នោះទេ​ថា នេះ​គឺ​ជា​ការ​ប្រើ​កម្លាំងទ័ព​របស់​រដ្ឋមួយ​ រំលោភបំពាន​ទៅលើ​ឯករាជ្យ និង​បូរណភាពទឹកដី​របស់​រដ្ឋមួយទៀត។ ដូច្នេះ គាំទ្រ​រុស្ស៊ី គឺមានន័យថា គាំទ្រ​ការ​រំលោភបំពាន​​លើ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ហើយ​​គោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​ប្រទេសដទៃ និង​ការ​គោរព​យ៉ាងខ្ជាប់ខ្ជួន​នូវ​បូរណភាព​ទឹកដី​របស់​រដ្ឋ វា​គឺ​ជា​គោលការណ៍​ដ៏ចម្បង​បំផុត ដែល​ចិន​តែងតែប្រកាន់​យក​តាំងពីដើម​រៀងមក។

ជាការពិតណាស់​ថា នេះ​គឺ​ជា​គោលការណ៍​ជាមូលដ្ឋាន​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​សម័យទំនើប ហើយ​ជា​គោលការណ៍ ដែល​មានចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ សម្រាប់​ចិន វារឹតតែ​មាន​សារៈសំខាន់​ ពីព្រោះ​ថា វា​គឺ​ជា​រឿង​ដ៏​រសើប​សម្រាប់​ចិន​ខ្លួនឯងផ្ទាល់។

បើសិន​ជា​ចិន​ប្រកាស​គាំទ្រ​រុស្ស៊ី ដែល​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន ហើយ​ដាក់​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អ៊ុយក្រែន​ទទួលស្គាល់​ជាផ្លូវការ​នូវ​ការ​កាត់​យក​តំបន់​គ្រីមេ​ជា​ទឹកដី​រុស្ស៊ី​ ក៏ដូចជា ទទួលស្គាល់​ការ​​កាត់​យក​តំបន់​ដុនបាស់​នៅ​ខាង​កើតអ៊ុយក្រែន​​ជា​រដ្ឋឯករាជ ដោយ​សំអាង​ថា ទឹកដី​អស់ទាំងនេះ​ជា​អតីត​ទឹកដី​របស់​រុស្ស៊ី ឬ​ជា​តំបន់​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី តើ​ចិន​នឹង​ត្រូវ​ឆ្លើយ​ការពារខ្លួន​យ៉ាងណា ចំពោះ​បញ្ហាតៃវ៉ាន់ ដែល​ចង់​បាន​ឯករាជ្យ​ ឬចំពោះ​ហុងកុង ដែល​ទាមទារ​ស្វ័យយ័តពេញលេញ ពី​ការ​គ្រប់គ្រង​របស់​ប៉េកាំង? បើ​តំបន់​ខាងកើតអ៊ុយក្រែន​អាច​ផ្តាច់ខ្លួន​ជា​រដ្ឋ​ឯករាជ​បាន ក្នុងហេតុផល​ថា ជា​តំបន់​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិរុស្ស៊ី ចុះតំបន់​ទីបេ ឬ​ក៏​តំបន់​ស៊ីងជាំង ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​អ៊ុយហ្គួ ឬ​ក៏​តំបន់​នៅ​ប៉ែក​ខាងជើង​ប្រទេស​ចិន ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​ម៉ុងហ្គោលនោះ តើ​វា​យ៉ាងណា​ទៅវិញ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ