អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីប្រឹក្សា​​លោក​​ពូទីន​​មិន​​ហ៊ាន​​ប្រាប់​​លោក​​ពី​​បរាជ័យ​​នៅ​​សមរ​ភូមិ​​ដូច​​អាមេរិក​​អះអាង​​ឬ​​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ កំពុង​ទទួល​បាន​ព័ត៌មាន​មិន​ពិត​​អំពី​ការវិវឌ្ឍន៍​ថ្មីៗ​នៅ​ក្នុង​សង្គ្រាមអ៊ុយក្រែន​។ អាមេរិកនិង​អង់គ្លេស​និយាយ​ថា​ទីប្រឹក្សា​របស់​លោកពូទីន​ ខ្លាច​ខ្លាំង​ដល់​ថ្នាក់​មិន​ហ៊ាន​ប្រាប់​លោក​ពីការ​ពិតទាក់ទិន​ការចុះខ្សោយរបស់កង​ទ័ព​រុស្ស៊ីនៅសរមភូមិឡើយ។ ចំណែក​មន្ត្រី​បស្ចិមលោក​ខ្លះ​បាន​អះអាង​ដែរ​ថា​មិន​ត្រឹម​តែ​​បដិសេធ​មិន​ធ្វើ​តាមបទ​បញ្ជា​នោះទេ​ តែ​ទាហាន​រុស្ស៊ី​មួយ​ចំនួន​ថែមទាំង​បាន​​បំផ្លាញ​គ្រឿង​បរិក្ខារ​យោធា​របស់​ខ្លួនឯង​ទៀត​ផង​។ តើ​ការ​អះអាង​របស់​បស្ចិម​លោក​នេះ​គឺជា​ការ​ពិត​មែន​ឬ​យ៉ាងណា​?

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (ស្តាំ) និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ចូលរួមកិច្ចប្រជុំតាមវីដេអូជាមួយមេបញ្ជាការយោធារុស្ស៊ីនៅខាងក្រៅទីក្រុងមូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (ស្តាំ) និងរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ចូលរួមកិច្ចប្រជុំតាមវីដេអូជាមួយមេបញ្ជាការយោធារុស្ស៊ីនៅខាងក្រៅទីក្រុងមូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ AP - Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​ដំបូងឡើយ​រុស្ស៊ី​សង្ឃឹម​ថាអាច​យក​ឈ្នះក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​ ឥឡូវនេះ​អូស​បន្លាយ​ដល់​ជាង​មួយ​ខែ​ហើយ​។ សង្គ្រាម​អ៊ុយក្រែន​បាន​ក្លាយ​ជា​សង្គ្រាម​ដ៏​ពិបាក​មួយ​សម្រាប់​លោកពូទីន​ពីព្រោះ​ថាកង​ទ័ពរុស្ស៊ី​នៅ​មិន​ទាន់​អាច​យកឈ្នះលើ​កងទ័ព​អ៊ុយក្រែន​ដែល​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន​។

តែផ្ទុយទៅវិញ​ កងទ័ព​អ៊ុយក្រែន​បាន​នឹង​កំពុង​វាយដណ្តើម​យក​ទឹកដី​ដែល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​រុស្ស៊ី​ត្រលប់​មកវិញ​ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ​នេះ​ ក្នុងនោះ​មាន​តំបន់​យុទ្ធសាស្ត្រ​ Irpin នៅជាយ​រដ្ឋធានី​កៀវផង​។

កាល​ពី​ថ្ងៃ​ពុធ​ ទី៣០មីនា​ សេតវិមាន​អាមេរិក​បាន​អះអាង​ថា​ដោយសារតែ​ខ្លាច​ពេក  ​ប្រមុខ​យោធា​រុស្ស៊ី​និង​ទីប្រឹក្សា​របស់​លោកពូទីន​ មិនហ៊ាន​ហាមាត់​ប្រាប់​លោក​ពី​ស្ថានភាព​យ៉ាប់​យ៉ឺន​របស់​កង​ទ័ព​រុស្ស៊ី​នៅឯសមរភូមិ​ និង​ពី​ផលប៉ះពាល់​ជាក់ស្តែង​នៃ​ទណ្ឌកម្ម​ទៅលើ​សេដ្ឋកិច្ច​រុស្ស៊ី​ឡើយ​។

ទីក្រុង​វ៉ាស៊ីនតោនបាន​លាតត្រដាងអំ​ពី​ព័ត៌មាន​នេះដើម្បី​បង្ហាញ​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា​កំហុស​យុទ្ធសាស្ត្រ​មួយ​របស់​លោក​ពូទីន​។ ហើយទោះបីជាក្រុមទីប្រឹក្សា​របស់​លោក​ខ្លាច​រអាខ្លាំង​មិនហ៊ាន​និយាយ​ការ​ពិត​ចេញក៏ដោយ​ ក៏ប៉ុន្តែអ្វីៗ​ដែល​កំពុងកើតឡើង​ឆ្លុះ​បញ្ចាំង​​ឲ្យឃើញ​ច្បាស់ថា​មេដឹកនាំ​រុស្ស៊ី​បាន​វាយ​តម្លៃខុស​លើ​សមត្ថភាព​យោធា​របស់ខ្លួន​ក្នុងការ​វាយ​យក​ឈ្នះអ៊ុយក្រែន​បាន​យ៉ាង​ឆាប់រហ័ស​។

ប៉ុន្មាន​ម៉ោងក្រោយ​សេតវិមានអាមេរិក​ចេញផ្សាយ​ការ​វាយ​តម្លៃ​ដែល​បាន​មក​ពី​ទីភ្នាក់​ងារ​ស៊ើបការណ៍សម្ងាត់​របស់​ខ្លួន ប្រធានទីភ្នាក់ងារចារកម្ម (GCHQ) របស់​អង់គ្លេស​លោក Jeremy Fleming បាន​ឲ្យដឹងដែរ​ពីការ​រកឃើញថា​ទាហាន​រុស្ស៊ី​ដែលបាក់ទឹកចិត្ត​ ខ្វះខ្វាត​សព្វាវុធ​បាន​បដិសេធមិនគោរពតាម​បទបញ្ជា​ និងបាន​វាយ​បំផ្លាញ​គ្រឿង​បរិក្ខារ​យោធា​របស់​ខ្លួនឯង​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ មាន​ពេល​មួយ​ពួកគេថែមទាំង​បាន​ទាំង​បាញ់​ទម្លាក់​យន្តហោះគ្នា​ឯងដោយចៃដន្យ​ទៅទៀត​។

សម្រាប់​ប្រធាន​ទីភ្នាក់ងារ​ចារកម្មអង់គ្លេស​ លោកពូទីនបាន​មើល​ស្រាល​ស្ថានការណ៍ មើលស្រាល​ភាពតស៊ូ-ភាពធន់​របស់​អ៊ុយក្រែន​ និងកម្លាំងនៃសម្ព័ន្ធអន្តរជាតិ​ប្រឆាំង​នឹងលោក ព្រមទាំង​ផលប៉ះពាល់​នៃទណ្ឌកម្ម​ទៅលើសេដ្ឋកិច្ច​របស់រុស្ស៊ី។

គួរបញ្ជាក់ជូនថា​ របាយការណ៍ទីភ្នាក់ងារចារកម្ម​អាមេរិក​និង​អង់គ្លេស​ត្រូវបានបង្ហាញ​ប្រាប់ ស្រប​ពេល​ដែល​មានសំណួរជាច្រើន​ចោទសួរអំពី​ទំនាក់ទំនង​របស់លោក ពូទីន ជាមួយរដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ីលោក Sergei Shoigu ដែលបាន​បាត់មុខ​អស់​ជាច្រើន​សប្តាហ៍​មុននឹង​លេច​វត្តមានជាថ្មីវិញកាលពីថ្ងៃទី២៦​ ខែមីនា​នៅក្នុង​ការ​ផ្សាយតាមទូរទស្សន៍​។

ទាក់ទងរឿងនេះ​ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា​លោកពូទីននិង​ប្រមុខការពារ​ជាតិ​រុស្ស៊ី​កំពុង​តែមាន​ទំនាក់ទំនង​តានតឹងនឹងគ្នា​ ដោយផ្តើមចេញ​មក​ពី​ការ​មិន​ទុក​ចិត្ត​របស់​ពូទីន​លើ​មន្ត្រីក្រោម​ឱវាទ​របស់ខ្លួន​។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ​ មានសេចក្តីរាយការណ៍ដែរថា​លោក​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី​ Shoigu​ ត្រូវបានបុរសខ្លាំង​ពូទីន​បណ្តេញចេញពីតំណែង​ និងកំពុងជាប់ឃុំនៅក្នុងផ្ទះ​ដោយ​ស្ថិតនៅក្រោម​ការ​តាមឃ្លាំមើល​យ៉ាងតឹងរ៉ឹង​។ ប៉ុន្តែ​មកទល់នឹងពេលនេះ​ មិនមាន​សារព័ត៌មាន​ឬ​ស្ថាប័ន​ឯករាជ្យណា​បញ្ជាក់​ថា​របាយការណ៍ខាងលើ​គឺជាការពិត​ឬក៏​យ៉ាង​នោះទេ​។

ដោយឡែកពីទីក្រុងមូស្គូ​វិញ​ វិមានក្រេមឡាំង​និយាយថា​អាមេរិក​យល់ប្រឡំ​ធំ​ហើយ​អំពី​ស្ថានការណ៍​និងបានទាត់ចោល​ការ​អះអាងរបស់​អាមេរិកនិងអង់គ្លេស​ដែលថា​ទីប្រឹក្សា​លោកពូទីន​ ខ្លាចពេក​មិន​ហ៊ាន​ប្រាប់​ការពិត​អំពី​ការចុះខ្សោយ​និង​បរាជ័យ​របស់​កងទ័ព​រុស្ស៊ី​នៅ​ឯសមរភូមិ​ក្នុងសង្គ្រាមអ៊ុយក្រែន​។

អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង​លោក Dmitry Peskov បានរាយរាប់ថា​អាមេរិក​គ្មាន​ដឹង​ព័ត៌មាន​ច្បាស់​ការណ៍​ដែល​កំពុង​កើតឡើង​នៅវិមាន​ក្រេមឡាំង​នោះទេ​។ ហើយថាអាមេរិក ហើយនិង​សម្ព័ន្ធមិត្ត​មិនយល់​ទាល់​តែ​សោះពី​លោកពូទីន​ មិនដឹងអី​ពី​យន្តការ​ក្នុង​ការ​សម្រេចចិត្ត​ក៏ដូចជា​របៀប​ដែលទីក្រុងមូស្គូ​ធ្វើការឡើយ​។

នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពីថ្ងៃ​ព្រហស្បតិ៍៣១​មីនា​ម្សិលមិញ​ អ្នក​នាំពាក្យ​វិមាន​ក្រេម​ឡាំង​ថែមទាំងបានព្រមានទៀតថា​ការយល់ខុសស្រឡះ​ទាំងស្រុងរបស់​អាមេរិកបែបនេះ​អាច​ទាញ​ឲ្យមាន​ការសម្រេចចិត្តខុស​ដែល​បណ្តាលឲ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ពេល​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ