អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ាគីស្ថាន៖តើលោកអ៊ីមរ៉ាន់ ខាន់អាចបន្តអង្គុយលើកៅអីនាយករដ្ឋមន្រ្តីរហូតដល់ពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​បាន​រួច​ផុត​ពី​ការ​ធ្លាក់​ពី​អំណាច​នា​ថ្ងៃ​អាទិត្យ ទី៣ មីនា។ ញ្ញតិ​ដក​សេចក្តីទុកចិត្ត​ដែល​រៀបចំ​ដោយ​ក្រុម​គណបក្ស​ប្រឆាំង​មិន​ត្រូវ​បាន​អនុប្រធាន​សភា​ដាក់​ឲ្យ​សភា​បោះឆ្នោត​ទេ។ បន្ទាប់​មក និង​តាម​សំណើ​របស់​លោក​អ៊ីមរ៉ាន់ ខាន់ ប្រធានាធិបតី​លោក​អាហ្វៀរ អាល់វី​បាន​រំលាយ​សភា និង​កោះ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ។ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ការ​បោះឆ្នោត​មុន​អាណត្តិ​នេះ​ត្រូវ​រៀបចំ​ក្នុង​រយៈ​ពេល ៩០ថ្ងៃ​ខាង​មុខ។ ហេតុអ្វី​បាន​ជា​លោក​អ៊ីមរ៉ាន់ ខាន់​រង​ការ​ប៉ុនប៉ង​ទម្លាក់​ពី​អំណាច និង​ថា តើ​លោក​អ៊ីមរ៉ាន់ ខាន់​អាច​បន្ត​រក្សា​កៅអី​នាយករដ្ឋមន្រ្តី​របស់​ខ្លួន​រហូត​ដល់​ពេល​ណា​ដែរ?

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់ AP - B.K. Bangash
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត លោក​អ៊ីមរ៉ាន់ ខាន់​មិន​បាន​ខ្ទាត​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​ដូច​ដែល​ក្រុម​គណបក្សប្រឆាំង​ចង់​បាន និង​រំពឹង​ទុក​ទេ។ តើ​នេះ​ជា​ជោគជ័យ​របស់​លោក​អ៊ីមរ៉ាន់ ខាន់ និង​ជា​បរាជ័យ​របស់​ក្រុម​គណបក្សប្រឆាំង​ឬ?។ ថា​ជា​ជោគជ័យ​របស់​លោក​អ៊ីមរ៉ាន់ ខាន់​ប្រហែល​ជា​អាច​ថា​បាន តែ​ថា​ជា​បរាជ័យ​របស់​ក្រុម​គណបក្ស​ប្រឆាំង​ប្រហែល​ជា​នៅ​មិន​ទាន់​អាច​ថា​បាន​ទេ ឬ​និយាយ​ឲ្យ​ស្រួល​យល់ វា​ដូច​ជា​រហ័ស​ពេក។ រហ័ស​ពេក ព្រោះ​ក្រុម​ប្រឆាំង​ដែល​មាន​គ្នា​កាន់​តែ​ច្រើន​ឡើងៗ​ប្រហែល​មិន​បញ្ឈប់​ការ​ព្យាយាម​ទម្លាក់​លោក​អ៊ីមរ៉ាន់ ខាន់​ពី​អំណាច​នៅ​ត្រឹម​នេះ​ទេ។ ដើម្បី​អាច​យល់​ពី​រឿងរ៉ាវ​មួយ​នេះ​បាន គេ​ត្រូវ​និយាយ​ពី​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ៊ីមរ៉ាន់ ខាន់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី និង​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​លោក​រង​ការ​ប៉ុនប៉ង​ទម្លាក់​ពី​អំណាច​នៅ​ពេល​នេះ។

បច្ចុប្បន្ន​មាន​អាយុ ៦៩ឆ្នាំ លោក​អ៊ីមរ៉ាន់ ខាន់​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​តាំង​ពី​ឆ្នាំ ២០០០។ តែ​មុន​នឹង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោក​អ៊ីមរ៉ាន់ ខាន់​ជា​កីឡាករ​ល្បី​ម្នាក់​ផ្នែក​កីឡា​គ្រីកេ​ពី​ឆ្នាំ ១៩៧១ ដល់​ឆ្នាំ ១៩៩២។ កាន់​តែ​ល្បីល្បាញ និង​មាន​ប្រជាប្រិយភាព​ថែម​ទៀត នៅ​ពេល​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​ក្នុង​នាម​ជា​គ្រូបង្វឹក​នៃ​ក្រុម​កីឡាករ​គ្រីកេ​បាន​នាំ​ពានរង្វាន់​ពិភពលោក​ផ្នែក​កីឡា​នេះ​ឲ្យ​ប្រទេសជាតិ​នា​ការ​ប្រកួត​ក្នុង​ឆ្នាំ ១៩៩២។ គេ​អាច​និយាយ​បាន​ថា គឺ​ភាព​ល្បីល្បាញ​ជា​កីឡាករ​ជើងឯក​ផ្នែក​កីឡា​គ្រីកេ​ដែល​ជា​កីឡាជាតិ​មួយ​នេះ​ឯង​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​បាន​យក​ធ្វើ​ជា​ដើម​ទុន​សម្រាប់​ជីវិត​នយោបាយ។

លើស​ពី​នេះ និង​ខុស​ពី​អ្នកនយោបាយ​ប្រពៃណី​ដែល​ធ្លាប់​បាន​កាន់ និង​ចែក​អំណាច​ជា​ច្រើន​ទសវត្សន៍​ជា​មួយ​កងទ័ព លោក​អ៊ីមរ៉ាន់ ខាន់​បាន​តាំង​ខ្លួន​ជា​អ្នកនយោបាយ​សម័យ​ថ្មី​ដែល​ប្តេជ្ញា​កំចាត់​អំពើ​ពុយរលួយ និង​ធ្វើ​កំណែទម្រង់​សង្គម។ រូបភាព​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​លោក​អ៊ីមរ៉ាន់ ខាន់​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ពី​ពលរដ្ឋ​ប៉ាគីស្ថាន​ទូទៅ។ ក្នុង​សម័យ​កូវីដ១៩ នាយករដ្ឋមន្រ្តី​រូប​នេះ​បាន​ជ្រើស​យក​វិធានការ​មិន​បិទខ្ទប់​ប្រទេស​ដោយ​យល់​ឃើញ​ថា វា​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់​បាយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី បរិបទ​សេដ្ឋកិច្ច និង​ជម្រើស​មិន​ត្រឹមត្រូវ​របស់​លោក​បាន​ធ្វើ​ឲ្យ​លោក​ធ្លាក់​កូត​ខ្លាំង និង​បាត់បង់​ប្រជាប្រិយភាព​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

កំណើន​អត្រា​អតិផរណា​ចំនួន ១០% ក្នុង​ឆ្នាំ ២០២១ កំណើន​សេដ្ឋកិច្ច​មាន​កម្រិត​សូន្យ​ក្នុង​រយៈពេល ៣ឆ្នាំ​ជាប់​គ្នា តម្លៃ​ប្រាក់​រូពី​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០២១ ប្រាក់បំណុល​មាន​កាន់​តែ​ច្រើន​ឡើង កំណើន​អសន្តិសុខ ពិសេស​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន ទាំង​នេះ​ជា​តុល្យការ​នៃ​ការ​ដឹក​នាំ​របស់​លោក​អ៊ីមរ៉ាន់ ខាន់ និង​ជា​ហេតុផល​ដែល​គណបក្សដៃគូ​របស់​លោក​បាន​ចូលរួម​ជា​មួយ​ក្រុម​គណបក្សប្រឆាំង​ដើម្បី​បណ្តេញ​លោក​ចេញ​ពី​អំណាច។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ភាព​ឆ្គាំឆ្គង​នៅ​ក្នុង​នយោបាយ​ការបរទេស​ដែល​ក្រុមប្រឆាំង​បាន​ចោទ​ប្រកាន់​លោក​ទេ។ បន្ទាប់​មក និង​បើ​តាម​ក្រុម​អ្នក​វិភាគ លោក​អ៊ីមរ៉ាន់ ខាន់​ក៏​ប្រហែល​បាត់បង់​ការ​គាំទ្រ​ពី​កងទ័ព​ដែរ។

តែ​បញ្ហា​នៅ​ត្រង់​ថា លោក​អ៊ីមរ៉ាន់ ខាន់​មិន​បាន​មើល​ឃើញ និង​មិន​យល់ស្រប​តាម​ការ​លើក​ឡើង​ខាង​លើ​នេះ​ទេ។ សម្រាប់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​រូប​នេះ ការ​ប៉ុនប៉ង​ទម្លាក់​លោក​ពី​អំណាច​របស់​ក្រុម​គណបក្សប្រឆាំង​ជា​រឿង​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ថា ជា​សេណារីយ៉ូ​ផ្ចុងផ្តើម​ដោយ​មហាអំណាច​បរទេស ពិសេស​អាមេរិក។ ការ​ហ៊ាន​និយាយ​ដូច​នេះ​ដោយ​លោក​អ៊ីមរ៉ាន់ ខាន់​សំអាង​ថា អាមេរិក​មិន​សប្បាយចិត្ត​ដែល​ឃើញ​លោក​គ្មាន​ជំហរ​ដូច​អាមេរិក​ទាក់ទង​នឹង​ចិន និង​រុស្ស៊ី ពិសេស​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ មែនទែន​ទៅ ប៉ាគីស្ថាន​ក្នុង​ជំនាន់​លោក​អ៊ីមរ៉ាន់ ខាន់​បាន​រំកិល​រក​ចិន​កាន់​តែ​ខ្លាំង។ ចំណែក​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​អ៊ីមរ៉ាន់ ខាន់​នៅ​រុស្ស៊ី​ក្នុង​ថ្ងៃ​ដែល​រុស្ស៊ី​ផ្តើម​សង្រ្គាម​នៅ​អ៊ុយក្រែន ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​ដែល​ប៉ាគីស្ថាន​ខិត​ចូល​រុស្ស៊ី​កាន់​តែ​ជិត។

ឥឡូវ​នេះ លោក​អ៊ីមរ៉ាន់ ខាន់​បាន​រួច​ខ្លួន​ពី​ការ​ធ្លាក់​ពី​តំណែង​ដោយ​គេ​មិន​ដឹង​ថា តើ​អាច​នឹង​រួច​ខ្លួន​ដល់​ពេល​ណា​ទេ។ មាន​ការ​លើក​ឡើង​ថា បើ​កុំ​តែ​មាន​ការ​ជួយ​គាំទ្រ​ពី​កងទ័ព ប្រហែល​លោក​អ៊ីមរ៉ាន់ ខាន់​បាន​ខ្ទាត​ពី​អំណាច​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ មេសា​បាត់​ទៅ​ហើយ។ ចូរ​កុំ​ភ្លេច​ថា​នៅ​ប៉ាគីស្ថាន កងទ័ព​ជា​តួអង្គ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ឆាកនយោបាយ។ តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧ ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា​ជោគជ័យ​ចំនួន ៤ដង និង​បាន​ស្គាល់​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ក្នុង​ចំនួន​ដូច​គ្នា​នេះ។ ប៉ាគីស្ថាន​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​របបសឹក​ជាង ៣ ទសវត្សន៍ និង​មិន​ដែល​មាន​នាយករដ្ឋមន្រ្តី​ណា​ម្នាក់​បាន​កាន់​តំណែង​រហូត​ដល់​ចប់​អាណត្តិ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ