អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ​​ពិចារណា​ចង់មាន​អាវុធ​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​មុខ​នឹង​ការបាញ់​​សាកល្បង​អាវុធ​ជា​ច្រើនសន្ធឹក​​​ និង ជាញឹកញយពី​សំណាក់​កូរ៉េ​ខាងជើង  គឺនៅទីបំផុត បាន​ធ្វើ​ឲ្យ​ កូរ៉េ​ខាង​ត្បូង​ ពិចារណា​ងាកទៅរក​អាវុធ​នុយក្លេអ៊ែរ ដើម្បី​«ការពារខ្លួន»។ តើ​ហេតុអ្វី​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿនលំដាប់​លេខ​១១​ដូច​កូរ៉េខាងត្បូង និងដែល​ទទួល​ការ​ធានា​ការពារ​ពី​សំណាក់​មហាអំណាច​អាមេរិក​ទៅហើយ បែរជា​ចង់បានអាវុធ​នុយក្លេអ៊ែរ ​ទៅ​ទៀត​?  

ទាហាន​កូរ៉េខាង​ត្បូង​ដើរ​ល្បាត​តាម​ព្រំដែន​ទល់​នឹង​កូរ៉េខាងជើង។
ទាហាន​កូរ៉េខាង​ត្បូង​ដើរ​ល្បាត​តាម​ព្រំដែន​ទល់​នឹង​កូរ៉េខាងជើង។ © Kim In-chul/AP
ផ្សាយពាណិជ្ជកម្ម

ការ​ចង់​ឲ្យ​កូរ៉េខាង​ត្បូង​មាន​អាវុធ​បរមាណូ​ គឺ​មិនមែន​ឋិត​លើ​ក្រដាស ឬ​ឋិត​លើ​តុពិគ្រោះគ្នា​របស់​មន្ត្រី​ជាន់​ខ្ពស់ទៀត​​នោះទេ។ ពេលនេះ​ មាន​ការ​ជជែក​ពិភាក្សា​និង​ពិចារណា​ព្រោង​ព្រាត​ពី​សំណាក់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ខ្លួនឯង​ផង។ តាមការសិក្សាស្ទង់មតិ​​របស់​សហរដ្ឋអាមេរិក គឺ​​ពលរដ្ឋ​​​កូរ៉េ​ខាង​ត្បូង ប្រមាណ​ជា​៧១ភាគ​រយ បានសម្តែង​មតិយល់ស្របឲ្យប្រទេស​ខ្លួន​មានអាវុធបរមាណូ។ នេះបើតាមមូលនិធិស្រាវជ្រាវ Carnegie Endowment និង​ Chicago Council on Global Affairs ដែល​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង ​AFPផ្សា​យឲ្យដឹង​។​

ចំពោះ​អ្នក​វិភាគ គឺគេ​មើល​ឃើញ​ថា មាន​ហេតុផល​យ៉ាង​ហោច​បី​យ៉ាង​សំខាន់​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ គិត​ថា​ចង់​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ ក្នុង​ប្រទេស​របស់ខ្លួន​។ ទី១ ការ​គំរាម​កាន់តែ​​ខ្លាំងទៅ​ៗ​ពីសំណាក់​​កូរ៉េ​ខាង​ជើង​។  ទី២ សង្គ្រាម​ឈ្លាន​រុស្ស៊ី​ទៅលើអ៊ុយក្រែន​ថ្មីៗនេះ ហើយ​ទី៣ ការ​សង្ស័យ​ថា​ខែល​ការពារ​របស់​អាមេរិក គឺមិនអាច​ជួយ​ខ្លួន​បានសុវត្ថិភាព​ទាំងស្រុង​។ ​

-កូរ៉េខាងជើងជាគ្រោះថ្នាក់

ដើមឆ្នាំ២០២២  កូរ៉េខាងជើង បានធ្វើតេស្តបាញ់បង្ហោះអាវុធកាន់តែញឹក​ ហើយ​ពេល​ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលមានកម្លាំងខ្លាំងមិនធ្លាប់មានគិតតាំងពីឆ្នាំ ២០១៧។ ចំណែក ការសាកល្បងអាវុធនុយក្លេអ៊ែរ ​កូរ៉េខាងជើងធ្វើចំនួន ៧ដងគិតតាំងពីឆ្នាំ ២០០៦។ លើកទី៧គឺនៅ​ពេលថ្មីៗនេះ។​ ​

កូរ៉េខាងជើង បានធ្វើតេស្តបាញ់អាវុធ​ តាំងតែពីឆ្នាំ២០០៦មក រហូតដល់ឆ្នាំ២០១៧ មុននឹងផ្អាក ដើម្បីបើកផ្លូវចរចាជាមួយរដ្ឋាភិបាលអាមេរិក​លោក ដូណាល់ ត្រាំ។ ​ ​គិតចាប់ពីលោក ចូ បៃដិន បានចូលកាន់អំណាច, កូរ៉េខាងជើង បានសាកល្បងមីស៊ីល ចំនួនជាង​១០លើក (១៣-១៤) ក្នុងនោះមានគឺមានអាវុធមីស៊ីលបាលីស្ទីក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង​។ ​​ កូរ៉េខាងជើង ព្យាយាមផលិតក្បាលនុយក្លេអ៊ែរខ្នាតតូច ដើម្បីបំពាក់លើគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM។

ថ្ងៃទី២៦ មេសា កូរ៉េខាងជើង ​ប្រារព្ធខួបគម្រប់ ៩០ឆ្នាំនៃការបង្កើតកងទ័ពប្រជាមានិតកូរ៉េ ​មានការដង្ហែរក្បួនព្យុះហយាត្រាកងទ័ពយ៉ាងសម្បើម​ ក្នុងក្រុងព្យុងយ៉ាង។ នាឱកាសដ៏មហាឡារឹកនោះ  លោក គីម ជុងអ៊ុន ប្រធានាធិបតីបុរសខ្លាំង​​កូរ៉េខាង​ជើង​ បាន​បញ្ជាក់ពីការចង់ពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរដែលលោកយល់ថា ជានិមិត្តរូបនៃកម្លាំងជាតិ និងជាបេះដូងនៃកម្លាំងទ័ពដ៏ខ្លាំងរបស់កូរ៉េខាងជើង។

ទាំងបងប្រុសលោក គីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូជុង សុទ្ធតែ​បានព្រមានពីការអាចប្រើអាវុធនុយក្លេអ៊ែរនៅពេលដែលផលប្រយោជន៍របស់ប្រទេសទទួលរង​ការគំរាមកំហែង។

​-ការ​ឈ្លាន​ពាន​រុស្ស៊ីទៅលើអ៊ុយក្រែន​

អំលុងទសវត្សរ៍១៩៧០ កូរ៉េខាងត្បូង បានមានគម្រោងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងដែរ តែក៏បោះបង់គម្រោងនេះចោលទៅវិញ ជាថ្នូរនឹងការធានាអះអាងជួយរក្សាសន្តិសុខសុវត្ថិភាពពីសំណាក់សហរដ្ឋអាមេរិក។ កង​ទាហានអាមេរិក ប្រមាណជាជិត៣ម៉ឺននាក់ បានឈរជើងជាប្រចាំ​នៅកូរ៉េខាងត្បូង ដើម្បីត្រៀមប្រឆាំងទប់ទល់នឹងបងប្អូនគូសត្រូវកូរ៉េខាងជើង​។

ចំពោះសង្គ្រាមដែលផ្ទុះឡើងនៅអ៊ុយក្រែន គឺបានជំរុញសាធារណៈមតិកូរ៉េខាងត្បូងកាន់តែខ្លាំង​។ ពីព្រោះថា ពីដើមឡើយ នៅជំនាន់សហភាពសូវៀត ទីក្រុងកៀវរបស់អ៊ុយក្រែនសព្វថ្ងៃ មិនបានទទួលខ្លួនធ្វើជាកន្លែងស្តុកបញ្ជាប្រតិបត្តិការនុយក្លេអ៊ែរទេ តែ​សុទ្ធចិត្តទទួលការធានាជួយការពារពីប្រទេសដទៃ។ រហូតមកពលនេះ អ៊ុយក្រែន ត្រូវរងគ្រោះ ព្រោះតែសង្គ្រាមដែលគេស្មានមិនដល់។ លោក Park Won-gon សាស្ត្រាចារ្យជំនាញឧបទ្វីបកូរ៉េ នៅសកលវិទ្យាល័យ Ewha ក្នុងក្រុងស៊េអ៊ូល មានប្រសាសន៍ថា សង្គ្រាមមួយដែលគេស្មានមិនដល់ផង​ ក៏វាអាចកើនឡើងបានដែរ ហេតុនេះការមានពង្រឹងមធ្យោបាយការពារខ្លួន គឺកិច្ចការសំខាន់ចាំបាច់បំផុត។

-ប្រព័ន្ធ​ខែល​ការពារ​របស់​អាមេរិក​

ប្រធានាធិបតីកូរ៉េខាងត្បូងជាប់ឆ្នោតថ្មីថ្មោង លោក យូន ស៊ុកយោល ដែលត្រូវចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១០ ឧសភាខាងមុខ គឺ​មិនទាន់​សម្រេច​ពង្រឹង​វិស័យ​ការពារខ្លួន​ដោយ​អាង​លើ​បរមាណូទេ​។ លោកយូន ស៊ុកយោលធ្លាប់បានចាត់ទុកកូរ៉េខាងជើងជាសត្រូវទី១ របស់កូរ៉េខាងត្បូង ប៉ុន្តែ​ក្នុង​យុទ្ធនាការ​បោះឆ្នោត លោក​ពុំ​បាន​ជំរុញ​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុងប្រទេស​ទេ ហើយ​លោក​ឲ្យ​តម្លៃ​ខ្លាំ​ង​ទៅលើប្រព័ន្ធ​ខែល​ការពារ​របស់​អាមេរិក។​ ​អ្នក​វិភាគស្ថានការណ៍​ ក៏​មើលឃើញថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន​ ក៏ទំនង​ជា​យល់ថា មិនទាន់​មានការ​ចាំបាច់​ខ្លាំង ដែល​តម្រូវ​ឲ្យ​កូរ៉េ​ខាង​ត្បូង​បំពាក់​អាវុធ​បរមាណូនោះ​ដែរ។ ផ្ទុយ​ទៅវិញ​ ពលរដ្ឋ​កូរ៉េខាង​ត្បូង​ប្រមាណ​ជា​៥៦ភាគរយ​ ដែលត្រូវវិទ្យាស្ថាន​អាមេរិក​បាន​ស្ទង់​មតិ គឺ​បានសម្តែង​ការ​សង្ស័យថាប្រព័ន្ធ​ខែលការពាររបស់អាមេរិក គឺមិនអាចជួយខ្លួនបានសុវត្ថិភាពទាំងស្រុងឡើយ​។

ទោះ​ជា​ដូច​ម្តេចក្តី  អ្នក​ជំនាញ​សង្កេត​ការណ៍​ អះអាងថា ការ​រក្សា​ស្ថានភាពណ៍​ការពារខ្លួនរបស់​កូរ៉េខាង​ត្បូង ​ប៉ុនបច្ចុប្បន្ន​នេះ គឺ​បាន​ហើយ  ព្រោះវា​មិន​ខាត​បង់​ធ្ងន់លើ​ផ្នែក​នយោបាយ មិនចំណាយ​ច្រើន​លើផ្នែក​សេដ្ឋកិច្ច ហើយក៏​មិន​បង្ក​បញ្ហា​ស្មុគស្មាញក្នុង​តំបន់​កាន់តែធ្ងន់​ ជាង​នេះទៀត​ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ