អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្រីលង្កា ទាមទារទម្លាក់ប្រធានាធិបតី​ ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ស្រីលង្កា ជាច្រើន​សប្តាហ៍មកហើយ ដែល ប្រជាពលរដ្ឋ​ ​រាប់​ពាន់នាក់ ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​​ និង​ទាមទារដេញ​ប្រធានាធិបតីចេញពីតំណែង​។ ដើមហេតុ​ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដែលហ្វូង​​បាតុករ បាន​​ចង្អុរ​មុខ​​ថ្នាក់ដឹកនាំប្រទេស​ ថា​ជាអ្នក​ទទួល​ខុសត្រូវ​។ ​នៅ​ក្រុងកូឡុំបូ (Colombo) ​​​ក្រុមអ្នក​តវ៉ាមួយ​ចំនួន​​ អះអាង​​ថា​មិន​បញ្ឈប់​បាតុកម្ម​ឡើយ​ បើ​គ្មាន​ការ​ផ្លាស់ប្តូរ​​រដ្ឋាភិបាល​ទេ។​ តើ​មូលហេតុអ្វី​បាន​ជា ​ស្រីលង្កា ​ធ្លាក់​ដល់​ដំណាក់​កាល​នេះ​? ​

បាតុករ​រាប់ពាន់នាក់​នៅក្រុង​Colombo។
បាតុករ​រាប់ពាន់នាក់​នៅក្រុង​Colombo។ © AFP
ផ្សាយពាណិជ្ជកម្ម

-ប្រជាជាតិ​ខ្វះសព្វ​ខ្វះគ្រប់

មាន​ប្រជាជន​២២លាន​នាក់​ ស្រីលង្កា កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ចយ៉ាង​ធំ។ មាន​អតិផរណាទំនិញ​ ទំនិញឡើងថ្លៃ លុយធ្លាក់​ថោក ហើយរដ្ឋ​ជំពាក់​បំណុល​គេ ងើប​កលែង​រួច​។ ប្រជាពលរដ្ឋ​ភាគច្រើន ខ្វះ​សព្វ​ខ្វះគ្រប់ ខ្វះ​ស្បៀង​​អាហារ​ ខ្វះ​ថ្នាំ​សង្កូវ​ ​ មិនតែប៉ុណ្ណោះ គឺ​ខ្វះ​​ប្រេងសាំង​​ និង ​​ដាច់​ភ្លើង​អគ្គិសនី​​។

​ទូរទស្សន៍បារាំងលេខ២ -France 2- បានបញ្ចូនអ្នកកាសែតទៅសម្ភាសផ្ទាល់ និង​បានជួបគ្រួសារស្រីលង្កាមួយដែលរៀបរាប់ថា ភ្លើងអគ្គិសនីដាច់ជាប្រចាំ​ ដាច់ម្តងៗ ៧-៨ម៉ោង។ ពួកគេខឹង ព្រោះកូនចៅគ្មានភ្លើងសម្រាប់រៀនសូត្រឬធ្វើលំហា​ត់កិច្ចការ​សាលា​។ ពេលខ្លះ គេ​ក៏ចាំបាច់បង្ខំចិត្តអុជភ្លើងទៀនបំភ្លឺ។ ចំណែក កាសែត​ក្នុងស្រុក​រាយការណ៍ថា ស្ថានីយ​ប្រេង​ឥន្ទនៈ គ្មានសាំងសម្រាប់​​ចាក់​យាន​យន្ត។ ម៉ូតូ​​ឡាន​ខ្លះ ត្រូវ​ចត​បន្ត​កន្ទុយ​គ្នាជាច្រើន​​ថ្ងៃ​មកហើយ។​

ការ​កត់​សម្គាល់​មួយ​ទៀត គឺ​ឧស្ម័ន​ហ្គាស​ ដែល​ប្រជាជន​ត្រូវការ​ប្រើ​រាល់​ថ្ងៃ ដូចជា​សម្រាប់​ចម្អិត​ម្ហូបអាហារ​​ ក៏​អស់ទៀត។ សល់ហ្គាសតិចតួច​បំផុត​ និង​តម្លៃ​ថ្លៃ​កប់ពពក។ ថ្នាំពេទ្យ​វិញ ក៏​ដាច់​ស្តុក​។ ចំពោះ​អ្នក​​ជំងឺដែល​​ត្រូវ​ទទួល​ទាន​ថ្នាំពេទ្យ​ជា​ប្រចាំ គឺ​រងការ​លំបាក​មែនទែន ព្រោះគ្មាន​ថ្នាំពេទ្យ​នាំចូល​។​ រីឯ​សេវាកម្ម​រដ្ឋបាល​ជាច្រើនផ្នែក​​ត្រូវ​ជាប់​គាំង។

«យើង​រស់នៅ​លំបាក​វេទនា​ណាស់។ រដ្ឋាភិបាល​ត្រូវតែ​ចុះ​ចេញពី​តំណែង​ ហើយ​ទុក​កន្លែង​ឲ្យ​មនុស្ស​មាន​សមត្ថភាព ដឹកនាំស្រុក​ទេ​ស​ម្តង។» នេះជា​សំឡេង​ទុក្ខព្រួយ​​របស់​ប្រុស​ចាស់​ម្នាក់ ដែល​ស្រែក​ចេញពី​ហ្វូង​បាតុករ និង​​ដែលត្រូវ​អ្នកកាសែត​ទីភ្នាក់ងារបារាំង AFP ​ស្រង់​សម្តីបាន​។​  ទន្ទឹម​​គ្នា​នឹង​នេះ ក្រុម​សហព័ន្ធ​សហជីពឧស្សាហកម្ម​​ធំៗ​ចំនួន​២៣​ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍មួយថា​ វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នេះ នាំឲ្យ​ផ្នែក​​ឯកជន​រងគ្រោះថ្នាក់​​ខាត​បង់​ធំ​ ហើយនិង​​នាំឲ្យមនុស្ស​រាប់​លាន​នាក់ ​បាត់បង់​ការងារ​ធ្វើ​ ។​ ប្រធាន​សមាគម​កៅស៊ូ​ Rohan Masakorala ​និយាយថា​ ភាព​អសកម្មខាង​​នយោបាយ​និងខាងសេដ្ឋកិច្ច មិន​អាច​ត្រូវ​អូស​បន្លាយ​យូរតទៅទៀត​ទេ។ យើង​ត្រូវ​ការ​រដ្ឋាភិបាល​ថ្មី ក្នុងពេលដ៏ឆាប់បំផុត​។​

-ការដឹកនាំ​ប្រទេស​គ្រួសារនិយម

បាតុកម្ម​នៅ​ក្រុង​កូឡុំបូ និង​តាម​តំបន់​នាន មាន​ការ​ចូលរួម​ពី​​មនុស្ស​រាប់ពាន់​នាក់ និង​ក្រុម​ហ៊ុន​ឯកជន​ជាច្រើន រួម​ទាំង​ខាង​វិហារ​គ្រិស្តសាសនាផង​ ក៏​បាន​ចូល​រួម​បាតុកម្ម​ដែរ។​ ក្រុម​អ្ន​កតវ៉ា​ស្រីលង្កា បាន​​ចោទប្រកាន់​ពួក​លោក រ៉ាចាប៉ាក់សេ -Rajapaksa- ទាំង​បងទាំង​ប្អូន ម្នាក់​ជា​ប្រធានាធិបតី ម្នាក់​ជា​នាយករដ្ឋមន្ត្រី ថាអសត្ថភាព មិន​ចេះ​ចាត់​ចែងដោះស្រាយ​បញ្ហា​​សេដ្ឋកិច្ចជាតិ និង​ជា​​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋី​ដ៏​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ គិត​ចាប់តាំងពី​ប្រទេស​នេះ​បាន​ឯករាជ្យពី​អង់គ្លេស​​នៅឆ្នាំ ១៩៤៨​មក​។​

-ជំពាក់បំណុលបរទេស​ធ្ងន់កទ្រាំ​ទ្រ​លែងរួច​

ចាប់តាំងពី​ឆ្នាំ​២០១៧ សុខភាពសេដ្ឋកិច្ច​ស្រីលង្កា​មិន​ល្អសោះ។ ពេលនោះ​ រដ្ឋាភិបាល​ទី​ក្រុងកូឡុំបូ (Colombo) បាន​ប្រកាស​ថា ​អស់​សមត្ថភាពសង​បំណុល​ចិន ហើយ​សម្រេច​ជាថ្នូរ​ឲ្យ​រដ្ឋបាល​ក្រុង​ប៉េកាំង​យក​កំពង់​ផែមួយ​ និង​កាន់​កាប់រយៈពេល​​៩៩ឆ្នាំ។

នៅ​ពាក់កណ្តាលខែមេសាឆ្នាំ២០២២ ​ប្រទេសស្រីលង្កាប្រកាសពីការជំពាក់បំណុលបរទេស ដ៏​ធ្ងន់កទ្រាំទ្រលែងបាន គឺដល់ចំនួន៥១ពាន់លានដុល្លារ។ ប្រឈម​មុខ​នឹង​វិបត្តិសេដ្ឋកិច្ច​ រួម​ជាមួយ​វិបត្តិ​កូវីដ១៩​ផង​​ រដ្ឋាភិបាល​ក្រុង​កូឡុំបូ បាន​ស្នើ​សុំ​ជំនួយ​ពី​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI។ ថ្នាក់ដឹកនាំអង្គការ​នេះថា​អាច​នឹង​ឲ្យ​ខ្ចី​ តែ​គេ​កំពុង​តាមដាន​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​នេះសិន​។ ទោះយ៉ាង​ម្តេច​ក្តី​ ដំណើរ​ការ​ចរចាខ្ចីលុយនេះ​ទំនង​ជា​​អាចស៊ីពេល​​យូរ រហូត​ដល់​ចុង​ឆ្នាំ​ឯណោះ​។​ ​នៅថ្ងៃពុធទី​៤ឧសភា​ អ្នក​ដឹកនាំ​ស្រីលង្ហា ​ឲ្យដឹងថា​បាន​ជជែក​គ្នា​ជាមួយ​​ ធនាគារ​ពិភព​លោក​ ដើម្បីសុំ​ជំនួយ​ពី​៣០០ទៅ​៧០០លាន​ដុល្លារ។

​តាម​កាសែត​ក្នុង​ស្រុក គឺ រដ្ឋាភិបាល​ស្រីលង្ហា​ បាន​បាត់បង់​​សំឡេងភាគច្រើន​ក្នុង​សភាជាតិ និង​ត្រូវ​គេ​ដកទំនុកចិត្ត​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។​ ទន្ទឹម​នឹងគ្នា​​នេះ រ​ដ្ឋាភិបាលស្រីលង្កា​​ ក៏បានសម្រេច​ពីពេលថ្មីៗ ​ផ្លាស់ប្តូរ​​តំណែង​អគ្គទេសាភិបាល​ធនាគារ​ជាតិ ដើម្បី​ឲ្យ​អ្នក​ថ្មី​ជួយ​ធ្វើ​យ៉ាងម៉េច ដំឡើង​​តម្លៃ​លុយ​ឡើងវិញ។ តុល្យការ​បឋម ថ្នាក់ដឹកនាំ​ស្រីលង្ហា​ ថា​ប្រទេស​ជាតិ​ខ្លួន អាច​ត្រូវការ​ជំនួយ​ទឹកប្រាក់​ប្រមាណ ​៣ពាន់​លាន​ដុល្លារ ​ដើម្បីដោះស្រាយបញ្ហា​ចំពោះមុខ​​។

-មិនអនុញ្ញាត​ការស៊ើបអង្កេតករណីបង្ក្រាបបាតុករ

​កន្លងទៅ​ អង្គការ​សហប្រជាជាតិ​ បាន​តាម​ដាន​សង្កេត​ស្ថានការណ៍​នៅស្រីលង្កា​យ៉ាងជាប់​លាប់​ និងបាន​​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អាសន្ន​ជាតិ​ ជាបន្ទាន់។​  ចំពោះបាតុកម្មនៅក្នុងស្រុក​ស្រីលង្កា ឧត្តមស្នងការ​សិទ្ធិមនុស្ស​ នៃ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិផ្សេង​ៗ​​ខាង​សិទ្ធិមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋអំណាច​ស្រីលង្កា​ចរចា​ជាមួយ​អ្នក​ទាមទារ​​ ស្តាប់​សំណូមពរ​រាស្ត្រ​ និង​រៀបចំ​ឱ្យ​ក្រុម​បាតុករធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ ក៏ប៉ុន្តែ ការ​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ ​នៅតែមាន ដែល​បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួស​រាប់​ពាន់​នាក់​។ រដ្ឋអំណាច​ស្រីលង្កា​ ថែមទាំង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បង្ក្រាប​បាតុករ​ទៀតផង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ