អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីប្រទេសមួយរក្សាទុនបម្រុងអន្តរជាតិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

”ទុនបម្រុងអន្តរជាតិ” ឬ “រូបិយប័ណ្ណបរទេសបម្រុង” គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬលុយបរទេស ដូចជា លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ ទុនបម្រុងទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសម្រាប់នយោបាយហរិញ្ញវត្ថុផ្សេងៗ ជាឧទាហរណ៍ ដើម្បីប្រើប្រាស់ក្នុងការរក្សាតម្លៃលុយជាតិ ឬដើម្បីប្រើប្រាស់ក្នុងការចាយវាយផ្សេងៗរបស់រដ្ឋាភិបាលក្នុងពេលមានវិបត្តិ។

ហេតុអ្វីប្រទេសមួយរក្សាទុនបម្រុងអន្តរជាតិ?
ហេតុអ្វីប្រទេសមួយរក្សាទុនបម្រុងអន្តរជាតិ? REUTERS/Valentyn Ogirenko/Illustration
ផ្សាយពាណិជ្ជកម្ម

កង្វះទុនបម្រុងអន្ដរជាតិ នៅស្រីលង្កាបច្ចុប្បន្ន បានធ្វើឱ្យគេលើកឡើងអំពីសារៈសំខាន់នៃការក្សា ឬបង្កើនទុនបម្រុងរបស់ប្រទេសមួយ។ នាពេលបច្ចុបន្ន ស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងកំពុងខ្វះទុនបម្រុងដើម្បីសងបំណុលបរទេស។

ទុនបម្រុងបរទេសនៅក្នុងប្រទេសនេះមាននៅសល់តែប្រមាណ ១,៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ គិតត្រឹមខែមីនា ឆ្នាំ២០២២។ ដូច្នេះ ស្រីលង្កានឹងមិនមានលុយគ្រប់គ្រាន់ដើម្បីទូទាត់កាតព្វកិច្ចសងបំណុលបរទេសរបស់ខ្លួនបានទេ សម្រាប់ឆ្នាំ២០២២ នៅខែកក្កដានេះ ព្រោះថាបំណុលដែលត្រូវសងមានចំនួនរហូតដល់ ៤ពាន់លានដុល្លារអាមេរិក។

តើទុនបម្រុងអន្តរជាតិគឺជាអ្វី?

”ទុនបម្រុងអន្តរជាតិ” ឬ “រូបិយប័ណ្ណបរទេសបម្រុង” និងជាភាសាអង់គ្លេស “Foreign exchange reserves” គឺជាទ្រព្យសកម្មដែលរក្សាទុកដោយធនាគារកណ្តាលរបស់ប្រទេសមួយ ជា រូបិយប័ណ្ណបរទេស ឬលុយបរទេស និងជាមាស។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ តួយ៉ាង ក្រដាសប្រាក់ (banknotes) ប្រាក់បញ្ញើ (deposits) មូលបត្របំណុល (bonds) វិក្កយបត្ររតនាគារ (treasury bills) និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត (other government securities) ក៏ត្រូវចាត់ទុកជា ទុនបម្រុងអន្តរជាតិ ផងដែរ។

ទុនបម្រុងអន្តរជាតិទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេស ដើម្បីប្រើប្រាស់សងបំណុលបរទេស និងដើម្បីប្រើប្រាស់ក្នុងគោលនយោបាយរូបិយវត្ថុផ្សេងៗ។ ជាឧទាហរណ៍ រដ្ឋាភិបាលកណ្តាលនៃប្រទេសមួយត្រូវមានមូលនិធិបម្រុងគ្រប់គ្រាន់ ដើម្បីរក្សាតម្លៃលុយជាតិមិនឱ្យប្រែប្រួលខ្លាំង។

ជាទូទៅ គេសង្កេតឃើញថា ប្រទេសភាគច្រើនបានរក្សា លុយដុល្លារអាមេរិក ជាទុនបម្រុងរបស់ពួកគេ ព្រោះថាលុយដុល្លារអាមេរិកគឺជាលុយដែលគេទុកចិត្តបំផុត ហើយវាត្រូវបានគេប្រើប្រាស់ ឬជួញដូរច្រើនបំផុតក្នុងពិភពលោក។ ក៏មានផងដែរ រូបិយប័ណ្ណបរទេសបម្រុងជាលុយផ្សេងៗ តួយ៉ាង ប្រាក់ផោនអង់គ្លេស (GBP) ប្រាក់អឺរ៉ូ (EUR) ប្រាក់យ័នចិន (CNY) ឬប្រាក់យ៉េនជប៉ុន (JPY) ផងដែរ។

យោងតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ប្រាក់ដុល្លារអាម៉េរិកតំណាងជាង ៥៩,៥% នៃទុនបម្រុងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ ប្រាក់យ័នចិនតំណាងតែ ២,៥% និងមានចំណាត់ថ្នាក់លេខ៥ នៅពីក្រោយប្រាក់ដុល្លារអាមេរិក លុយអឺរ៉ូ លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេស។

អ្នកសេដ្ឋកិច្ចភាគច្រើនបានយល់ស្របថា វាគឺជាការប្រសើរក្នុងការរក្សាទុនបម្រុងបរទេសឱ្យបានច្រើន ជាពិសេស ការរក្សាទុនបម្រុងជាលុយដុល្លារអាមេរិក និងមាស។

ឧទាហរណ៍នៃទុនបម្រុងអន្តរជាតិ

នាពេលបច្ចុប្បន្ន ប្រទេសដែលកាន់ទុនបម្រុងអន្តរជាតិច្រើនជាងគេបំផុត ក្នុងពិភពលោក គឺ ប្រទេសចិន។ ចិនកំពុងកាន់ក្តាប់ទុនបម្រុងច្រើនជាង ៣ទ្រីលានដុល្លារអាមេរិក។ ផ្ទុយទៅវិញ ទុនបម្រុងអន្តរជាតិរបស់សហរដ្ឋអាមេរិកមានចំនួនសរុប ត្រឹមតែ ១២៩ពាន់លានដុល្លារគិតត្រឹមខែមករា ឆ្នាំ២០២០។

រុស្ស៊ីបច្ចុប្បន្នមានបន្ទុកបំណុលបរទេសតិចតួច ហើយមានទុនបម្រុងបរទេសច្រើន ប្រមាណ ៦១០ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)។ តួលេខនេះបង្ហាញថា រុស្ស៊ីគឺជាប្រទេសដែលមានទុនបម្រុងច្រើនបំផុតលំដាប់ទី៤ នៅពីក្រោយតែ ចិន ជប៉ុន និងស្វ៊ីស។ ទោះជាយ៉ាងណា បញ្ហាសម្រាប់រុស្ស៊ីនៅពេលនេះ គឺថា រុស្ស៊ីមិនអាចប្រើប្រាស់ទុនបម្រុងទាំងនេះភាគច្រើនបានទេ ព្រោះថាធនាគាររុស្ស៊ីមួយចំនួនត្រូវបានដកចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ឬគេស្គាល់ថា ប្រព័ន្ធ SWIFT ហើយធនាគារកំពូលៗរបស់រុស្ស៊ីក៏ត្រូវបានគេដាក់ទណ្ឌកម្មផងដែរ ក្រោយពីការលុកលុយឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ទុនបម្រុងអន្តរជាតិរបស់កម្ពុជា

យោងសេចក្តីបញ្ជាក់អំពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា (២៣ កក្កដា ២០២០) ធនាគារជាតិនៃកម្ពុជាមានតួនាទីបោះផ្សាយរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនេះ។ ដូច្នេះ រាល់ការបោះផ្សាយត្រូវមានបដិភាគជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងនេះរួមមាន រូបិយប័ណ្ណបរទេស និងមាស ដែលហៅថា ”ទុនបម្រុងអន្តរជាតិ” ហើយត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។ បច្ចប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន ១៩,៥ពាន់លាន គិតត្រឹមចុង ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥តោន ដែលក្នុងនោះរួមមាន៖ (១) មាសដែលជាកេរ៉ិ៍មរតក តាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស (២) មាសចំនួន ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និង (៣) មាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

ធនាគារជាតិនៃកម្ពុជាមានកាតព្វកិច្ចរាយការណ៍ជាទៀងទាត់នូវរាល់តួលេខនៃទុនបម្រុងអន្តរជាតិនេះ ដល់ស្ថាប័នមានសមត្ថកិច្ចជាតិ និងអន្ដរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ