អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យុទ្ធសាស្រ្តរបស់លោកបៃដិននៅតែផ្តោតលើអាស៊ី ទោះជាមានសង្រ្គាមអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​នៅអ៊ុយក្រែន គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំបំផុតមួយ នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក នៅ​ក្នុងពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ បើទោះជា​សង្រ្គាមអ៊ុយក្រែន​នេះ អាច​ជា​បញ្ហាប្រឈម​នៅ​ក្នុងរយៈពេល​ខ្លី ប៉ុន្តែ អាទិភាព​នៃ​នយោបាយ​ការបរទេស​រយៈពេលវែង​នៃ​រដ្ឋាភិបាល​របស់​លោក​បៃដិន គឺ​នៅតែ​ចង់ផ្តោត​លើ​តំបន់​អាស៊ី។

លោកចូ បៃដិន នៅរដ្ឋធានីវ៉ាស៊ីងតោន កាល​ពីថ្ងៃចន្ទ ៩ឧសភា ២០២២
លោកចូ បៃដិន នៅរដ្ឋធានីវ៉ាស៊ីងតោន កាល​ពីថ្ងៃចន្ទ ៩ឧសភា ២០២២ AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

យើងដឹងថា នៅពេលដែល​លោក​អូបាម៉ា ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​​មកផ្តោតអាទិភាព​លើ​តំបន់អាស៊ី ដែលគេ​ហៅជាភាសាអង់គ្លេស​ថា « Pivot to Asia » លោក​ចូ បៃដិន កាន់តំណែង​​ជា​អនុប្រធានាធិបតី។ នៅក្រោយ​ពេល​​​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក​បៃដិន ក៏​បាន​បញ្ជាក់​ផងដែរថា យុទ្ធសាស្រ្ត​​របស់​លោក​ គឺ​នៅតែ​បន្ត​ផ្តោត​អាទិភាព​ទៅលើ​តំបន់​អាស៊ី​នេះ​ដដែល​ ហើយថា ចិន​ គឺ​ជា​គូប្រជែង​ដ៏​ចម្បង​បំផុត​ ដែល​គួរតែ​ជា​ចំណុចផ្តោត​ដ៏ធំបំផុត​មួយ នៃ​នយោបាយ​ការបរទេស​អាមេរិក។

ក៏ប៉ុន្តែ ជាងមួយឆ្នាំក្រោយ​​ពីលោក​ចូ បៃដិន​ឡើងកាន់តំណែង ស្រាប់តែ​សង្រ្គាម​អ៊ុយក្រែន​ត្រូវផ្ទុះឡើង ហើយ​អាមេរិក​ក៏​ត្រូវងាក​មក​ប្រឈម​នឹង​​​គូប្រជែងចាស់​របស់​ខ្លួនវិញ គឺ​រុស្ស៊ី។

យើងឃើញថា ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន កាល​ពីថ្ងៃទី២៤កុម្ភៈ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ជាប់វក់វី​ជាមួយ​តែ​នឹង​វិបត្តិ​អ៊ុយក្រែន, កញ្ចប់ថវិកា​រាប់ពាន់លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ ឬ​គ្រោង​ចំណាយ ដើម្បី​បញ្ជូន​ជំនួយសព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន, ត្រូវ​ចំណាយពេល​ភាគច្រើន​ទៅលើ​ការសម្របសម្រួល​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ហើយ​​លោក​ចូបៃដិន​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​ នៅ​ក្នុង​តំបន់អឺរ៉ុប ដើម្បី​ជួបជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ទាំង​នៅ​ក្នុង​បក្សសម្ព័ន្ធអូតង់ សហភាព​អឺរ៉ុប ក្រុម​ប្រទេស G7 ក៏ដូចជា​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ប៉ូឡូញ ជាប់ព្រំដែន​ជាមួយ​អ៊ុយក្រែន ក្នុងពេល​ដែល​តំបន់​អាស៊ី​ឯណោះវិញ លោក​ចូ បៃដិន នៅមិនទាន់​បាន​ឈានជើងជាន់​បាន​ម្តងនៅឡើយ ចាប់តាំង​ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី កាល​ពី​ជាងមួយឆ្នាំមុន។

ក៏ប៉ុន្តែ ជាងពីរខែក្រោយ​ពី​ចំណាយពេល​ច្រើន​តែ​ទៅលើ​វិបត្តិ​អ៊ុយក្រែន លោកបៃដិន​កំពុងតែ​ចាប់ផ្តើម​បង្វែអាទិភាព​មក​តំបន់​អាស៊ីវិញ ដោយ​ជំនួបកំពូល​អាមេរិក-អាស៊ាន ដែល​បានលើកពេល កាលពីចុងខែមីនា​កន្លងទៅ នឹង​ត្រូវ​ចាប់បើក​ធ្វើឡើងវិញ នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីងតោន នៅថ្ងៃ១២-១៣​ឧសភា​នេះ ហើយមួយសប្តាហ៍ក្រោយ​មកទៀត លោក​បៃដិន​នឹង​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅអាស៊ីជាលើកទីមួយ ដោយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ពីថ្ងៃទី២០ ដល់​ថ្ងៃទី២៤ឧសភា​ខាងមុខ ដោយ​នៅ​ក្នុង​អំឡុង​ពេល​ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ លោក​ប្រធានាធិបតី​អាមេរិកត្រូវ​បើក​ធ្វើ​ជំនួបកំពូល​​មួយផងដែរ ​ជាមួយ​ប្រមុខដឹកនាំ​ ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា នៅក្នុង​បក្សសម្ព័ន្ធ​ចតុភាគី ដែល​គេ​តែងតែ​ហៅ​ថា « Quad » ហើយ​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​បក្សសម្ព័ន្ធ​ដ៏​សំខាន់​មួយ​ ដែល​មាន​គោលដៅ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

យោងតាមមន្ត្រីរដ្ឋាភិបាល​អាមេរិក ទាំង​នៅ​ក្នុង​អំឡុង​ជំនួបកំពូល​អាមេរិក-អាស៊ាន និង​ទាំង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ចូ បៃដិន ​ទៅអាស៊ី ថ្វីដ្បិត​តែ​សង្រ្គាម​អ៊ុយក្រែន​ជា​សំណុំរឿង​សំខាន់​មួយ ក៏ប៉ុន្តែ លោក​ចូ បៃដិន ក៏​នឹង​ផ្តោត​ផងដែរ​ទៅលើ​វិបត្តិ​កូវីដ និង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី រួមមានទាំង​វិបត្តិ​កូរ៉េ​ខាងជើង ក៏ដូចជា បញ្ហា​ជុំវិញ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង។

ការណ៍ដែល​លោក​បៃដិន​ងាកមកផ្តោត​លើ​តំបន់​អាស៊ី​វិញ នៅ​ពេលនេះ ប្រហែល​ជា​ក្នុងចេតនា​ចង់ធានា​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី​ថា វិបត្តិ​អ៊ុយក្រែន​នៅពេលនេះ គ្រាន់តែ​ជា​បញ្ហា​ប្រឈម​រយៈពេលខ្លីតែ​ប៉ុណ្ណោះ រីឯចក្ខុវិស័យយុទ្ធសាស្រ្ត​រយៈពេល​វែង​វិញ អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​គឺ​នៅដដែល គឺ​អាទិភាព​ទៅលើ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ជា​យុទ្ធសាស្រ្ត​គន្លឹះ ដើម្បី​ប្រជែង​ជាមួយ​នឹង​ចិន ដែល​អាមេរិក​នៅតែ​ចាត់ទុក​ថា​ជា​គូប្រជែង​ធំបំផុត​ទាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត។

ការមិនចង់​ឲ្យ​សង្រ្គាម​អ៊ុយក្រែន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ចក្ខុវិស័យ​យុទ្ធសាស្រ្ត​រយៈពេលវែង​នៅ​អាស៊ី​នេះ​ ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ផងដែរ តាមរយៈ​ជំហរ​ប្រយ័ត្នប្រយែង​របស់​អាមេរិក​ចំពោះ​ឥណ្ឌា។ ឥណ្ឌា ដែល​បដិសេធ​មិនព្រម​ថ្កោលទោស​រុស្ស៊ី​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ ហើយ​ថែម​ទាំង​បន្ថែម​ការ​ទិញប្រេង​ពី​រុស្ស៊ី​ថែម​ទៅទៀត ក៏ប៉ុន្តែ អាមេរិក​នៅតែ​ព្យា​យាម​ចៀសវាង​មិន​រិះគន់​ធ្ងន់ៗ​លើ​ឥណ្ឌា ដោយសារ​តែ​ឥណ្ឌា គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ នៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​អាមេរិក ដើម្បី​ប្រជែង​ជាមួយ​ចិន​នៅ​អាស៊ី។

មែនទែនទៅ ​សូម្បីតែ​ចំណាត់ការ​របស់​អាមេរិក​ចំពោះ​រុស្ស៊ី នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ ក៏​ទំនង​ជា​ធ្វើឡើង ដោយ​មានបង្កប់​សារ​សំដៅ​ទៅ​កាន់ចិន​ផងដែរ ដោយ​សម្រាប់​អាមេរិក បរាជ័យ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​ធ្លាក់លើ​រុស្ស៊ី កើតចេញ​ពី​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នៅ​ពេលនេះ អាច​ជា​មេរៀន​មួយ ដើម្បី​ឲ្យ​ចិន​យក​ទៅ​ពិចារណា ក្នុងករណី​ចិន​​ចង់​ឈ្លានពាន​តៃវ៉ាន់ ឬ​ធ្វើ​សកម្មភាព​ឈ្លានពាន​ណាមួយផ្សេងទៀត នៅ​ក្នុង​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ