អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវាសនា​អនាគត​លីបង់ នឹង​ប្រសើរ​ឡើង​ឬទេ ជាមួយ​​សមាសភាព​សភា​អាណត្តិថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជនលីបង់ប្រមាណជា៤១% បានចូលរួមបោះឆ្នោត ជ្រើសរើសសភាអាណត្តិថ្មី កាលពីថ្ងៃទី​១៥ឧសភា។ យោងតាមលទ្ធផល​ផ្លូវការ ផ្សាយ​នៅអង្គារទី​១៧ឧសភាម្សិលមិញ ក្រុមហេសបូឡា និង​បក្សពួកនយោបាយ​ ដែលធ្លាប់មានសំឡេងភាគច្រើនក្នុងសភា ពេលនេះបានបាត់បង់សំឡេងភាគច្រើនហើយ។ ទន្ទឹមគ្នា​នេះ​ បេក្ខជន​ឯករាជ្យដែលកើតចេញ ពី​ចលនាបះបោររបស់ប្រជាជនលីបង់ កាលពីចុងឆ្នាំ​២០១៩ បានឈានចូលទៅកាន់កាប់អាសនៈសភាចំនួន​១៣អាសនៈ។ តើជាមួយនឹងសមាសភាព​សភាអាណត្តិថ្មីនេះ លីបង់អាចនឹងដោះស្រាយ​វិបត្តិនយោបាយ និងស្តារសេដ្ឋកិច្ច​ប្រទេសដែលធ្លាក់ដុនដាបបំផុតនេះ ឲ្យ​ល្អប្រសើរវិញដែរឬទេ?

បដាក្រដាសឃោសនាបោះឆ្នោតសភា នៅតាមផ្លូវក្នុងក្រុង​ទ្រីប៉ូលី ប្រទេសលីបង់ ថ្ងៃទី ១៥ ឧសភា ២០២២
បដាក្រដាសឃោសនាបោះឆ្នោតសភា នៅតាមផ្លូវក្នុងក្រុង​ទ្រីប៉ូលី ប្រទេសលីបង់ ថ្ងៃទី ១៥ ឧសភា ២០២២ AP - Bilal Hussein
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​បោះឆ្នោតជាផ្លូវការ ប្រកាសដោយ​រដ្ឋមន្ត្រីមហាផ្ទៃលីបង់ បានបង្ហាញថា ក្រុមហេបូឡា គាំទ្រដោយ​ថវិកានិងអាវុធរបស់អ៊ីរ៉ង់ រួម​ជាមួយ​គណបក្សសម្ព័ន្ធភាព​ បានទទួលអាសនៈ មិនគ្រប់ចំនួន​៦៥ ដែលជាសំលេងភាគច្រើនក្នុងចំណោម ១២៨អាសន្ននៅក្នុងសភាលីបង់ទេ។ កាលពីអាណត្តិមុន បក្សសម្ព័ន្ធនេះ មានអាសនៈសភាចំនួន​៧០។

រីឯគណបក្ស​ “កម្លាំងលីបង់” ដែលជាបក្សសាសនាគ្រិស្ត ហើយដែល​ប្រឆាំងខ្លាំងបំផុតនឹងក្រុមហេសបូឡានោះ បាន​កើនអាសនៈ ចំនួន៤ បើប្រៀបធៀបទៅ​អាណត្តិមុន ពោលគឺសំឡេងចំនួន​ ១៩អាសនៈ នៅក្នុងសភាថ្មី។ បក្ស កម្លាំងលីបង់ បានក្លាយជាបក្ស​សាសនាគ្រិស្តដ៏ធំជាងគេ ក្នុងសភាថ្មី។

អ្វីដែលជាការកត់សំគាល់មួយទៀតនោះ គឺ​បេក្ខជនឯករាជ្យចំនួន​១៣នាក់ បាន​ឈានជើងចូលទៅក្នុងសភា ដែលបេក្ខភាពពួកគេ សុទ្ធតែបានកើតចេញពី​ចលនាបះបោររបស់​ប្រជាជន កាលពីខែតុលា ឆ្នាំ​២០១៩ ដើម្បី​បណ្តេញ​ពួកអ្នកនយោបាយ​ចាស់ឆ្នាំ ដែលពុករលួយ​បក្សពួកនិយម ឲ្យ​ចុះពីអំណាច។​ ជាងនេះទៀត បេក្ខជនឯករាជ្យចំនួន​២នាក់ បាន​ឈ្នះអសនៈសភា នៅមណ្ឌលភាគខាងត្បូងលីបង់ តំបន់ដែលក្រុមហេសបូឡាមាន​ឥទ្ធិពល​​ ហើយតែងតែឈ្នះឆ្នោតរាប់សិបឆ្នាំ​មកហើយ។

បើតាមការវិភាគ​របស់អ្នកសង្កេតការណ៍នយោបាយលីបង់ វត្តមានរបស់​តំណាងរាស្ត្រឯករាជ្យថ្មី ទាំង​១៣នាក់ គឺអាចក្លាយជាកម្មវត្ថុ នៃការតថ្លៃនយោបាយ របស់​ក្រុមបក្សធំៗផ្សេងទៀត ដើម្បីបានសំឡេងគ្រប់ឈានទៅបង្កើតរដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ លោក Sami Nader អ្នកវិភាគនៅវិទ្យាស្ថាន Levan Institute for Strategic affairs បាន​លើកឡើងថា លោក​មិនជឿថា សមាសភាពសភាថ្មីនេះ នឹងធ្វើឲ្យ​មានការប្រែប្រួលធំដុំឡើយ ដល់ឆាកនយោបាយ​លីបង់។ ថ្វីបើ​ក្រុមហេសបូឡា បានបាត់បង់​អាសនៈខ្លះមែន តែនៅមានឧបសគ្គច្រើនទៀតណាស់ ដែល​អាចរារាំង ដល់ការធ្វើកំណែទម្រង់នយោបាយ​លីបង់។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ច្បាប់បោះឆ្នោតលីបង់ ត្រូវបានរៀបចំតាក់តែង ដើម្បីអនុញ្ញាតឲ្យ​បក្សពួកនយោបាយ​ធំៗ បន្តបែងចែងអំណាចគ្នា ចែកលាភសក្ការៈគ្នា គ្រប់គ្រងប្រទេសតទៅទៀត ដោយ​គ្មានការផ្លាស់ប្តូរធំដុំទេ។ ជាងនេះទៀត ការដែលគ្មាន​គណបក្សណាមួយ មានសំឡេងភាគច្រើនក្នុងសភានេះ គឺវាអាចនឹង​ធ្វើ​ឲ្យរាំងស្ទះយូរខែ ទំរាំអាចឈានទៅបង្កើតរដ្ឋាភិបាលថ្មីបាន។ ចំណែកការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ នៅខែ​វិច្ឆិការខាងមុខនេះ ក៏គឺជាចំណុចមួយដ៏សំខាន់ដែរ ដែលអាចធ្វើឲ្យ​ប្រែប្រួលទាំងស្រុង ដល់​បរិបទនយោបាយ។

ដូចគ្នាដែរ លោក Alex Issa បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សម្រាប់ពេលនេះ ការដែលគ្មាន​សំឡេងភាគច្រើនក្នុងសភា គឺវានឹងធ្វើកិច្ចការដឹកនាំប្រទេស ត្រូវរាំងស្ទះយូរខែទៅមុខ ខណៈលីបង់ កំពុងផុងជ្រៅទៅៗ ក្នុងវិបត្តិសេដ្ឋកិច្ច។ យ៉ាងណាមិញ ចំនួន​ប្រជាជនដែលទៅបោះឆ្នោត កាលពី​ថ្ងៃអាទិត្យទី​១៥ឧសភា ដែលមាន​តែ៤១% ពោលគឺថយចុះថែមទៀត បើប្រៀបធៀបទៅឆ្នាំ២០១៨ ដែលមាន​៤៨%នោះ គឺវាបានបង្ហាញ​ឲ្យឃើញថា ប្រជាពលរដ្ឋលីបង់ អស់សង្ឃឹម និងលែងទុកចិត្តលើ​អ្នកនយោបាយ​ហើយ។

គួរបញ្ជាក់ថា លីបង់បានឆ្លងកាត់វិបត្តិសង្គម និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ប្រមាណ​៣ឆ្នាំមកហើយ។ ប្រជាពលរដ្ឋបានបន្ទោសថាពួកអ្នកនយោបាយ​គណបក្ស តែងតែស៊ុំគ្រលំគ្នា បែងចែងអំណាច ដោយ​មិនខ្វល់ពីការកសាងរៀបចំប្រទេស។ អំពើពុករលួយបក្សពួកនិយម បាន​រុញ​គ្រប់វិស័យឲ្យធ្លាក់ចុះដុនដាប។ តម្លៃរូបិយវត្ថុលីបង់ បានបាត់បង់តម្លៃដល់ទៅ​៩០%។ ៨០%នៃប្រជាជន រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ហើយនៅឆ្នាំ​២០២០ រដ្ឋ​លីបង់បាន​ប្រកាសមិនអាចសងបំណុលគេបាន។ បន្ថែមពីនេះទៀត សោកនាដកម្មផ្ទុះឃ្លាំងស្តុកសារធាតុ នីត្រាត​អាម៉ូនីញ៉ូម នៅកំពង់ផែក្រុងបេរូត កាលពីខែសីហាឆ្នាំ​២០២០ ដែល​បណ្តាល​ឲ្យ​ស្លាប់មនុស្សជាង​២០០នាក់នោះ ហាក់បាន​មក​បញ្ជាក់ អំពីការចុះទុនខ្សោយលិចលង់ផុងជ្រៅ នៃរដ្ឋាភិបាល​ពុករលួយ​លីបង់។

យ៉ាងណាក៏ដោយ ក្រោយការបោះឆ្នោតកាលពីថ្ងៃចន្ទ ទី​១៥ឧសភា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ផ្ញើលិខិតអបអរ ចំពោះការ​រៀបចំបោះឆ្នោតដែលបាន​ប្រព្រឹត្តិទៅដោយរលូន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាក់ការសង្ឃឹមទៅលើ​រដ្ឋសភាថ្មីលីបង់ ក្នុងការចេញវិធានការបន្ទាន់ និងចាំបាច់ ដើម្បី​ស្តារស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងរៀបចំអភិបាលកិច្ចឲ្យ​បានប្រសើរឡើង។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ ក៏បានអំពាវនាវផងដែរ ឲ្យ​លីបង់រៀបចំរដ្ឋាភិបាល​ថ្មីឲ្យ​បានឆាប់រហ័ស ដើម្បីអាចទៅសម្រេចកិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយឈានទៅធ្វើកំណែទម្រង់ចាំបាច់ ដើម្បីដាក់ប្រទេសឲ្យស្ថិតលើផ្លូវ នៃការរីកចម្រើនសេដ្ឋកិច្ចឡើងវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ