អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ណាសាត្រៀមបញ្ចប់បេសកកម្មយាន InSight លើភពអង្គារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីភ្នាក់ងារ​ណាសា​បាន​ឲ្យដឹង កាល​ពីថ្ងៃ​អង្គារ​ថា យាន InSight ដែល​ចំណាយពេល​ប្រមាណ​ជិត ៤ឆ្នាំ លើ​ដីភពអង្គារ នឹង​បញ្ចប់​បេសកកម្ម​របស់ខ្លួន នៅ​ក្នុង​រយៈពេល​ប៉ុន្មានខែ​ខាងមុខនេះ​ហើយ ក្រោយ​ពី​អស់​ថាមពល។ តើ​បេសកកម្ម​ជិត ៤ឆ្នាំ ​របស់ InSight នៅលើ​ភពអង្គារ​នេះ បាន​បន្សល់ទុក​នូវ​របកគំហើញអ្វីខ្លះ?

យានប្រភេទរ៉ូវ័រ InSight នៅលើ​ដី​ភពអង្គារ
យានប្រភេទរ៉ូវ័រ InSight នៅលើ​ដី​ភពអង្គារ NASA/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

InSight គឺជាយានប្រភេទ​រ៉ូវ័រមួយគ្រឿង ក្នុងចំណោម​យានទាំង៤គ្រឿង ដែលកំពុង​មាន​ដំណើរការ​នៅលើ​ដីភពអង្គារ​បច្ចុប្បន្ន រួមជាមួយនឹង​យាន “ជូរ៉ុង” របស់​ចិន និង​យានពីរទៀត​របស់​ណាសា គឺ Perserverance និង Curiosity។

InSight ត្រូវ​បាន​បាញ់បង្ហោះ កាល​ពីខែ​ឧសភា​ឆ្នាំ២០១៨ ហើយ​ធ្វើ​ដំណើរ​ទៅដល់​ និង​ចុះចត​លើ​ដីភពអង្គារ ៦ខែក្រោយមកទៀត គឺ នៅ​ខែវិច្ឆិកា​ឆ្នាំដដែល ដោយ​នៅលើ​នោះ មាន​ភ្ជាប់​ទៅជាមួយ​នូវ​ឧបករណ៍វិទ្យាសាស្រ្ត​ដ៏ទំនើប ដែល​ជំនាញ​ខាង​វាស់​ចលនា​រញ្ជួយដី ដើម្បី​សិក្សាលម្អិត អំពី​សណ្ឋានដី​ខាងក្នុង​ភពអង្គារ។

គិតជាសរុប នៅ​ក្នុង​អំឡុង​បេសកកម្ម​ជិត ៤ឆ្នាំ​កន្លងទៅ​នេះ InSight បាន​វាស់​ចលនារញ្ជួយដីលើ​ភពអង្គារ​បាន​រហូតដល់​ទៅ​ជាង ១ពាន់៣រយ​លើក ដោយ​ថ្មីៗ​ចុងក្រោយ​បង្អស់ គឺ​កាល​ពី​ថ្ងៃទី៤​ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ InSight បាន​វាស់​​ចលនា​រញ្ជួយដី​រហូតដល់​កម្រិត ៥រ៉ិចទ័រ ដែលជា​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​វាស់ឃើញ នៅលើ​ដី​ភពអង្គារ។

ក៏ប៉ុន្តែ យោងតាម​ទីភ្នាក់ងារ​ណាសា ឧបករណ៍​វិទ្យាសាស្រ្ត​នៅលើ​យាន InSight នេះ នឹង​ត្រូវ​បិទលែងដំណើរការ ចាប់ពី​ក្នុងអំឡុងខែកក្កដា​ខាងមុខនេះ​។ មូលហេតុ គឺ​ដោយសារ​តែ​ផ្ទាំងសូឡា​ធំៗ​ទាំងពីរ ដែល​នៅ​ជាប់​នឹង​តួយាន ត្រូវ​គ្របដណ្តប់​កាន់តែក្រាស់ ដោយ​ធូលីដីភពអង្គារ​ លែង​អាច​ទទួល​ពន្លឺព្រះអាទិត្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផលិតថាមពល​អគ្គិសនី​មក​ប្រើប្រាស់។

កាលពីប្រមាណ​ជា​១ឆ្នាំមុន ណាសា​ក៏​បាន​ព្យាយាម​សម្អាត​ធូលី​ចេញ​ពី​ផ្ទាំងសូឡា​របស់ InSight នេះ​ដែរ ហើយ​អាច​ពន្យារ​បេសកកម្ម​បាន​រហូតមកទល់នឹងពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ប្រតិបត្តិការ​សម្អាតធូលី​ចេញ​ពី​ផ្ទាំងសូឡា​នេះ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ប្រើ​ឧបករណ៍ ដែល​នៅ​ជាប់នឹង​តួយាន InSight ដោយផ្ទាល់ ហើយ​ក៏​ត្រូវ​ការ​ប្រើ​ថាមពល​ផលិត​ចេញ​ពី​ផ្ទាំងសូឡា​នេះ​ដូចគ្នា។

ដល់ពេលមួយ នៅពេល​ដែល​ធូលី​មាន​កាន់តែ​ក្រាស់ ថាមពល​ផលិត​ពី​ផ្ទាំងសូឡា​នេះ​​ក៏​មាន​កាន់តែ​តិចទៅៗ ហើយ​ការ​បន្ត​បង្វែរ​ថាមពល​យក​ទៅ​ប្រើ ក្នុងប្រតិបត្តិការ​សម្អាតធូលី​ពី​ផ្ទាំងសូឡា វាធ្វើ​ឲ្យ​ថាមពល​ដែល​នៅ​សេស​សល់​​​សម្រាប់​ផ្គត់ផ្គង់​ដំណើរការ​ឧបករណ៍​វិទ្យាសាស្រ្ត​របស់​យាន​ត្រូវ​​មាន​កាន់តែ​តិចតួចទៅៗ ទើប​ធ្វើ​ឲ្យ​ណាសា​សម្រេច​បិទបញ្ចប់​បេសកកម្ម​​របស់​ InSight តែម្តង នៅ​ក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខនេះ។

បេសកកម្ម​របស់ InSight នឹង​ត្រូវ​បិទបញ្ចប់​ជាស្ថាពរ​ទៅមែន ក៏ប៉ុន្តែ ទិន្នន័យ ដែល InSight ប្រមូលបាន នៅ​ក្នុងរយៈពេល​ជិត ៤ឆ្នាំ​កន្លងទៅនេះ បាន​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​អាច​យល់​បាន​កាន់តែលម្អិត អំពី​សណ្ឋានដី​ផ្នែក​ខាង​ក្នុង​របស់​ភព​អង្គារ ដែល​ធ្លាប់តែ​ជា​អាថ៌កំបាំង​ដ៏ធំមួយ កាល​ពីពេល​កន្លងទៅ។

គេធ្លាប់ដឹង​ថា ភពអង្គារ ក៏ដូចជា​ភពផែនដី និង​ភព​សិលា​ដទៃទៀតដែរ សណ្ឋានដី​ផ្នែក​ខាង​ក្នុង ត្រូវ​ចែកចេញ​ជា​ ៣ផ្នែក គឺ​សម្បក​​ដែល​ស្រោប​ផ្នែក​ខាង​ក្រៅ​, បន្ទាប់​មក គឺ​ម៉ង់តូ មុននឹង​ទៅដល់​ស្នូល ដែល​នៅ​កណ្តាល។ តាមរយៈ​ទិន្នន័យ​ប្រមូលបាន​ដោយ InSight អ្នក​វិទ្យាសាស្រ្ត​អាច​កំណត់​បាន​យ៉ាង​លម្អិត ​អំពីដង់ស៊ីតេ និង​កម្រាស់​​នៃ​សម្បក​ដែល​ស្រោប​នៅ​ប៉ែក​ខាង​ក្រៅបង្អស់​​។ អំពី​ ម៉ង់តូ ដែល​ជាស្រទាប់​ទីពីរ ក៏ដូចជា អំពី​ទម្រង់ និង​ទំហំ នៃ​ស្នូល​របស់​ភពអង្គារ ដោយ​ក្នុងនោះ គេ​អាច​កត់សម្គាល់​ឃើញ​ថា ភពអង្គារ ថ្វីដ្បិត​តែ​មាន​ទំហំតូច ក៏ប៉ុន្តែ មាន​ស្នូល​ធំ និង​ដង់ស៊ីតេ​ទាប។

ការយល់ដឹង​អំពី​សណ្ឋានដី​ផ្នែក​ខាង​ក្នុង​របស់​ភពអង្គារ​នេះ បូករួម​ជាមួយ​នឹង​អ្វី ដែល​គេ​ធ្លាប់​ដឹង​ស្រាប់ អំពី​ភពផែនដី គឺ​ជា​គន្លឹះ​សំខាន់​មួយ សម្រាប់​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​យល់​កាន់តែ​ច្បាស់ អំពី​ភព​ ដែល​ជា​ប្រភេទ​ភព​សិលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ