អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីនជាំង៖ តើលោកស្រីស្នងការសិទ្ធិមនុស្ស នឹងទៅឃើញ​ « ​ម៉ាស៊ីនកៀបសង្កត់ » ឬក៏​ឃើញ​ត្រឹមតែ​​ឆាកល្ខោន​ដែល​ចិនរៀបចំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី មីឈែល បាឆឡេ ឧត្តម​ស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ តំបន់ស៊ីនជាំងប្រទេសចិន ដើម្បី​ពិនិត្យ​ស្ថានការណ៍ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលគេបានចោទ ថារដ្ឋាភិបាលចិនបានធ្វើទៅលើ​ប្រជាជនអ៊ុយហ្កួរ។​ ទន្ទឹមគ្នានឹងការធ្វើដំណើរទៅស៊ីនជាំង របស់​លោកស្រី មីឈែល បាឆឡេ នេះ បណ្តាញ​សារព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយព្រោងព្រាត កាលពីថ្ងៃអង្គារម្សិលមិញ នូវឯកសារសំងាត់ជាច្រើន ដែលប្រភពមិនបញ្ចេញឈ្មោះ បានទំលាយ​មកឲ្យ​។ ជាឯកសារផ្ទៃក្នុងរបស់សមត្ថកិច្ចសន្តិសុខចិន ដែលបញ្ជាក់អំពីការអនុវត្ត​ប្រព័ន្ធកៀបសង្កត់ដ៏តឹងតែងបំផុត ដើម្បីលាងខួរក្បាល « កសាង » និងកំទេចរាល់ចលនាបះបោររបស់ប្រជាជន​អ៊ុយហ្កួរ។

ច្រកចូលមន្ទីរឃុំឃាំងលេខ៣ នៅតំបន់ Dabancheng ជាយក្រុងអ៊ូរំឈី ខេត្តស៊ីនជាំង។ រូបថតថ្ងៃទី ២៣ មេសា ២០២១
ច្រកចូលមន្ទីរឃុំឃាំងលេខ៣ នៅតំបន់ Dabancheng ជាយក្រុងអ៊ូរំឈី ខេត្តស៊ីនជាំង។ រូបថតថ្ងៃទី ២៣ មេសា ២០២១ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទាមទារបញ្ជូនក្រុមការងារ ចុះទៅពិនិត្យដោយ​ផ្ទាល់ នូវស្ថានការណ៍​ក្នុងខេត្តស៊ីនជាំងរបស់ចិន។ បន្ទាប់ពីប្រកែក និងរារែក ច្រើនលើកច្រើនសារ ទីបំផុតរដ្ឋាភិបាលចិន បានសុខចិត្តអនុញ្ញាតឲ្យលោកស្រីមីឈែល បាឆឡេ ឧត្តមស្នងការសិទ្ធិមនុស្ស ដឹកនាំគណប្រតិភូ ធ្វើដំណើរទៅខេត្តស៊ីនជាំង ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៥ឧសភា។

គួរបញ្ជាក់ថា ខេត្តស៊ីនជាំង ដែលមានប្រជាជនរស់នៅប្រមាណ​២៦លាននាក់ ក្នុង​នោះពាក់​កណ្តាល​គឺ​ជាជន​ជាតិ​អ៊ុយហ្កួរនោះ ជាទីដែលអង្គការសិទ្ធិមនុស្សជាច្រើន បាន​អះអាង អមជាមួយ​សក្ខីកម្ម​ភស្តុតាងដ៏សន្ធឹកសន្ធាប់​ផងនោះ ថាចិនបានប្រើគោលនយោបាយ​កៀបសង្កត់ រំលោភ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​ ទៅលើប្រជាជនអ្នកកាន់សាសនាអ៊ីស្លាម ជាពិសេសគឺជនជាតិ​អ៊ុយហ្កួរ​។

យោងតាមការអះអាងរបស់អង្គការសិទ្ធិមនុស្សជាច្រើន យ៉ាងហោច​ណាស់ មានប្រជាជនអ៊ុយហ្កួរចំនួន​​១លាន​នាក់ ដែលត្រូវបានគេចាប់បង្ឃាំងទុកនៅតាម​មន្ទីរឃុំឃាងជាច្រើនទីតាំង ក្នុងខេត្តស៊ីនជាំង។ ក្រៅពីរងទារុណកម្ម អ្នកជាប់ឃុំត្រូវគេប្រើប្រាស់វិធីសាស្ត្រលាងខួរក្បាល ឲ្យដើរតាមមាគ៌ា​ដឹកនាំ​នៃ​បក្សកុម្មុយនីស្តចិនប៉េកាំង។ ចំណែកស្ត្រីអ៊ុយហ្កួរវិញ ត្រូវគេចាប់ផ្តាច់ប្រព័ន្ធបង្កកំណើត ដើម្បី​កុំ​ឲ្យមានផ្ទៃពោះបានជារៀងរហូត។​ រដ្ឋាភិបាល​​ប្រទេស​ខ្លះ​ ដូចជាសហរដ្ឋអាមេរិក កាណាដាជាដើម បាន​លើកឡើងថា រដ្ឋចិនបាននិងកំពុងតែ​​ធ្វើអំពើប្រល័យ​ពូជសាសន៍ ទៅ​លើ​ប្រជាជន​អ៊ុយហ្កួរ។​

ស្របពេល​ដែល​លោកស្រី មីឈែល បាឆឡេ កំពុងតែធ្វើដំណើរទៅខេត្តស៊ីនជាំង ក្រោមក្រសែរភ្នែក​តាមដាន​​របស់សមត្ថកិច្ចចិន បណ្តាញសារព័ត៌មានធំៗនៅបរទេសឯនោះវិញ បានចុះផ្សាយ​ព្រោងព្រាត នូវឯកសារសម្ងាត់ ប្រមាណ១សែនឯកសារ ដែលជាឯកសារផ្ទៃក្នុងរបស់នគរបាលចិន នៅខេត្តស៊ីនជាំង។ ឯកសារសំងាត់ទាំង​នេះ ត្រូវបានសកម្មជនដោយសុំមិនបញ្ចេញឈ្មោះ ចូលទៅលួចចម្លងចេញ​ពី​ថាសស្តុកទិន្នន័យ របស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានគរបាលចិន ហើយ​បន្ទាប់មកទៀត បានបញ្ជូនទៅឲ្យ​អ្នកជំនាញនរវិទ្យាដ៏ល្បីម្នាក់នៅអាល្លឺម៉ង់ ឈ្មោះ Adrien Zenz។

យោងតាមអ្នកជំនាញនរវិទ្យារូបនេះ ឯកសារទាំងនេះ មានកាលបរិច្ឆេទចន្លោះពីឆ្នាំ​២០០០​ ដល់ឆ្នាំ​២០១៨ មានជាអាទិ៍បញ្ជីឈ្មោះចំនួន​៤៥២បញ្ជី ដែលគេកត់ត្រាឈ្មោះ​ជនជាតិអ៊ុយហ្កួរ ដែលត្រូវគេចាប់ដាក់ឃុំ ចំនួន​២ម៉ឺនឈ្មោះ។ ក្រៅពីនេះ នៅមានឯកសារបទបញ្ជា កំណត់ត្រាផ្ទៃក្នុងរបស់អាជ្ញាធរសន្តិសុខខេត្តស៊ីនជាំង ដែលទទួលបានការបញ្ជាពីថ្នាក់លើ ឲ្យត្រូវអនុវត្ត ចាត់​វិធានការ​យ៉ាងណា ដើម្បី​បង្រ្កាប កៀបសង្កត់ លាងខួរក្បាល កុំឲ្យ​ប្រជាជនអ៊ុយហ្កួរ​រើ​បម្រាស់បាន។​ ក្រៅពីឯកសារទាំងនេះ នៅមានរូបថត​មុខអ្នកជាប់ឃុំជនជាតិអ៊ុយហ្កួរ ចំនួន​ប្រមាណ​៥០០០នាក់ទៀត មានគ្រប់អាយុពី៣ឆ្នាំ ដល់ជាង៩០ឆ្នាំ​។ ជនជាតិអ៊ុយហ្កួរទាំងនោះ ត្រូវគេថតរូបទុកជាឯកសារ នៅស្នងការនគរបាល​ចិន បន្ទាប់ពីត្រូវបានគេចាប់ខ្លួនភ្លាមៗ ឬនៅពេលបញ្ជូន​ទៅដល់​តាមមន្ទីរឃុំឃាំង។​

លោក ​Adrien Zenz បានអះអាងថា ឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ ឯកសារសំងាត់ទាំងនេះ គឺជាភស្តុតាងដោយ​ឥតប្រកែកបាន បញ្ជាក់អំពី « ម៉ាស៊ីនកៀបសង្កត់ » ដ៏សាហាវព្រៃផ្សៃ ដែលអាជ្ញាធរកុម្មុយនីស្តចិន បានធ្វើទៅលើប្រជាជនអ៊ុយហ្កួរ។ វាជាគោល​នយោបាយ​​កៀបសង្កត់ ជាលក្ខណៈប្រព័ន្ធ បញ្ជាចេញពីថ្នាក់លើ ដើម្បី​កំទេចអត្តសញ្ញាណ ប្រពៃណីវប្បធម៌ របស់ប្រជាជនអ៊ុយហ្កួរ ដែលកាន់សាសនាអ៊ីស្លាម និងជាពិសេសនោះគឺកំទេចរាល់​គំនិត​រើបម្រាស់ ប្រឆាំងនឹងជនជាតិហាន ដែលបច្ចុប្បន្នកំពុងតែ​ក្លាយ​ជាជនជាតិ​ភាគច្រើន នៅក្នុង​ខេត្តស៊ីនជាំង។ « មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ » ដែលចិនបានអះអាងនោះ ធាតុពិត វាគឺជា​មន្ទីរឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និង​លាងខួរក្បាល។

សួរថា តើដំណើរទៅដល់​ស៊ីនជាំង របស់​លោកស្រីឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ អាចនឹង​មានលទ្ធផល​ ឈានទៅដល់ការបើកការស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ ដែរ​ឬទេ? លោក Jevlan Shirememet ជនជាតិអ៊ុយហ្កួរអាយុ​៣១​ឆ្នាំ បច្ចុប្បន្នភៀសខ្លួនទៅនៅ​តួកគី បានប្រាប់អ្នកយកព័ត៌មានបារាំង AFPថា លោកសង្ឃឹមថាលោកមីឈែល បាឆឡេ នឹងសួរទៅ​ភាគីចិន ថាមា​នដំណឹង​អ្វី​ពីម្តាយ​របស់​លោកទេ ព្រោះគាត់បាត់ដំណឹង​៤ឆ្នាំមកហើយ។

ស្ត្រី​អ៊ុយហ្កួរម្នាក់ឈ្មោះ Nursimangul Abdureshid ដែល​​បានភៀសខ្លួនទៅរស់​នៅ​តួកគីដែរ បាន​លើកឡើងថា គាត់​គ្មានសង្ឃឹមទេ ថាក្នុង​ដំណើរទស្សនកិច្ចរបស់​លោកស្រី មីឈែល បាឆឡេ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរចិននេះ នឹងមានលទ្ធផល​នោះ! ស្ត្រីអ៊ុយហ្កួររូបនេះ បានអំពាវនាវឲ្យ​លោកស្រីមីឈែល បាឆឡេ ត្រូវតែធ្វើដំណើរទៅជួប​ជនរងគ្រោះ ទើបអាចដឹងការពិត។ បើត្រឹម​តែ​ទៅមើល តាមការរៀបចំឆាកល្ខោន ល្អឥតខ្ចោះរបស់អាជ្ញាធរកុម្មុយនីស្តចិននោះ គឺវាគ្មានប្រយោជន៍​ទេ។ អង្គការសហប្រជាជាតិ នឹងចាញ់​បោក ការឆ្ពិនភ្នែករបស់ចិនហើយ​។​

ដោយឡែក យោងតាម​ប្រភពពីមន្ត្រី​ការទូត នៅក្នុងពេលប្រជុំជាមួយ​អង្គទូតបរទេស​កាល​ពីថ្ងៃចន្ទ លោកស្រីមីឈែល បាឆឡេ បានអះអាងថា លោកស្រីនឹងធ្វើដំណើរទៅមន្ទីរឃុំឃាំងនៅស៊ីនជាំង ព្រមទាំងជួបនិយាយជាមួយសកម្មជនសិទ្ធិមនុស្ស​ ថែមទៀតផង។

នៅក្នុងពេលជួបជាមួយ​លោកស្រី មីឈែល បាឆឡេ នៅកខេត្តគ័រតុង កាលពីថ្ងៃចន្ទទី​២៣​ឧសភា លោកវ៉ាង យី ប្រមុខការទូតចិនបានថ្លែងថា ភាគីចិនសង្ឃឹមថាដំណើរទៅកាន់ខេត្តស៊ីនជាំង របស់លោកស្រី មីឈែល បាឆឡេ ពិតជាអាចលុបសំអាតរាល់ពាក្យ​ចចាមអារ៉ាម កុហកបោកប្រាស់​កន្លងមក ដែលគេបានចោទមកលើចិនទាំងអយុត្តិធម៌។

ក៏ប៉ុន្តែសួរថា តើ​មិនឲ្យ​គេសង្ស័យម្តេចនឹងបាន បើធ្វើដំណើរទៅខេត្តស៊ីនជាំងរបស់​គណប្រតិភូស្នងការសិទ្ធិមនុស្ស​ នាពេលនេះ​ ត្រូវបាន​ធ្វើឡើងក្នុងក្របខណ្ឌបិទជិតឈឹង។ ដោយយកលេស​ថា ដើម្បី​បង្ការការឆ្លងរាលដាលកូវីដ១៩ អាជ្ញាធរចិនបានដាក់វិធានការ​​ការពារសន្តិសុខ យ៉ាងតឹងតែងបំផុត ជុំវិញគណប្រតិភូ មិន​ឲ្យ​នរណាចូលទៅក្បែរបានទេ​។ គ្មានអ្នកកាសែតបរទេសណាម្នាក់ អាចចូលទៅជិតបានទេ ហើយកម្មវិធីនៃសកម្មភាពការងាររបស់គណប្រតិភូ​ ក៏ត្រូវបាន​អាជ្ញាធរចិនលាក់យ៉ាងជិត មិន​ឲ្យ​នរណាដឹងទាំងអស់។​ ភាពលាក់លៀម បិទបាំង របស់អាជ្ញាធរចិននេះ រិតតែបង្កើតឲ្យ​មាន​មន្ទិលសង្ស័យ​ ពីមតិមហាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ