អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅជាគម្រោងផលិតថាមពលដោយ “ព្រះអាទិត្យសិប្បនិម្មិត”?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីចុងឆ្នាំ២០២១​កន្លងទៅ​នេះ ចិន​ធ្លាប់បានលើកឡើង អំពី​ជោគជ័យ​ក្នុងគម្រោង ដែល​គេតែងតែនាំគ្នា​ហៅថា “ព្រះអាទិត្យសិប្បនិម្មិត” ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គម្រោងផលិតថាមពល​ទៅតាម​វិធី​នេះ​ត្រូវ​បាន​គេ​សំឡឹង​មើល​ថា​ អាច​ជា​ដំណោះស្រាយ​មួយ ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ហើយ​ជួប​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ តើ​ “ព្រះអាទិត្យសិប្បនិម្មិត” នេះ គឺ​ជា​អ្វីពិតប្រាកដ?

ហ៊្វុយស្យុងនុយក្លេអ៊ែរ ត្រូវបានគេមើលឃើញថា​ជា​ដំណោះស្រាយ​មួយ ដើម្បី​ផលិតថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័ន​នាំ​ឲ្យ​ឡើងកម្តៅផែនដី ហើយ​ក៏​មិន​បង្កើត​ធាតុវិទ្យុសកម្ម​ដែល​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស
ហ៊្វុយស្យុងនុយក្លេអ៊ែរ ត្រូវបានគេមើលឃើញថា​ជា​ដំណោះស្រាយ​មួយ ដើម្បី​ផលិតថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័ន​នាំ​ឲ្យ​ឡើងកម្តៅផែនដី ហើយ​ក៏​មិន​បង្កើត​ធាតុវិទ្យុសកម្ម​ដែល​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​គេ​ហៅថា​ “ព្រះអាទិត្យសិប្បនិម្មិត” ដែល​ចិន​បាន​សាកល្បង​ដោយ​ជោគជ័យ កាល​ពី​ខែធ្នូ​​ឆ្នាំ២០២១​កន្លងទៅនេះ តាមការពិត​ទៅ មិនមែន​ជា​ការ​បង្កើត​ព្រះអាទិត្យ​នោះទេ គឺគ្រាន់តែ​បង្កើតលក្ខខណ្ឌ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ ទៅតាម​យន្តការ​ដូច​គ្នា​ទៅនឹង​ប្រតិកម្ម​នុយក្លេអ៊ែរ នៅ​ខាង​ក្នុង​ព្រះអាទិត្យ។

គួរបញ្ជាក់ថា ទៅតាម​ទ្រឹស្តី​របស់​អាល់ប៊ែរ អាញស្តាញ ម៉ាស់​ដ៏តូចមួយ​អាច​បំប្លែង​ទៅជា​ថាមពល​ដ៏​សម្បើម ហើយ​​ការបំប្លែង​​ម៉ាស់​ទៅ​ជា​ថាមពល​នេះ អាច​ធ្វើឡើង​បាន តាមរយៈ​​ប្រតិកម្ម​នុយក្លេអ៊ែរ ដែល​​ត្រូវ​បែងចែក​ចេញ​ជាពីរ​ប្រភេទ។

ទីមួយ គឺ​ប្រតិកម្ម​នុយក្លេអ៊ែរ តាម​ការ​បំបែក​អាតូម ដែលគេ​ហៅ​ជា​ភាសា​បារាំងថា “ហ៊្វីស្យុង” (Fission)។ ​​ជា​ប្រភេទ​​ប្រតិកម្ម​​ ដែល​កើតមាន​នៅ​ក្នុង​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ដែលគេ​ប្រើ​សម្រាប់​ផលិត​ថាមពល​អគ្គិសនី​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​យន្តការ​នេះ អាតូម​អ៊ុយរ៉ាញ៉ូម ឬ​ភ្លុយតូញ៉ូម ត្រូវ​បំបែក​ ហើយ​បង្កើត​ជា​ថាមពល ក៏ប៉ុន្តែ វា​បន្សល់ទុក​នូវ​សារធាតុ​វិទ្យុសកម្ម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​​សុខភាព​របស់​មនុស្ស។

ទីពីរ គឺ​ប្រតិកម្ម​នុយក្លេអ៊ែរ តាមការ​រំលាយចូលគ្នា​នៃ​អាតូម ដែលគេ​ហៅ​ជា​ភាសា​បារាំងថា “ហ៊្វុយស្យុង” (Fusion)។ ជាប្រភេទ​ប្រតិកម្ម ដែល​កើតមាន នៅ​ក្នុង​ស្នូល​ព្រះអាទិត្យ ហើយ​ដែល​អាច​ឲ្យ​ព្រះអាទិត្យ​​របស់​យើង​នេះ​ផលិតថាមពល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ជាប់​ជា​ប្រចាំ អស់រយៈពេល​រាប់ពាន់​លាន​ឆ្នាំ​មកហើយ និង​អាច​បន្ត​ផលិត​ថាមពល​បែបនេះ​នៅ​ក្នុងរយៈពេល​រាប់ពាន់​លាន​ឆ្នាំ​ទៅខាងមុខ។

ការបង្កើត​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ តាមការ​រំលាយចូលគ្នា​នៃអាតូម​នេះហើយ ដែល​​ចិន​បាន​ធ្វើ​ដោយ​ជោគជ័យ កាល​ពីចុងឆ្នាំ២០២១​កន្លងទៅ។ ក៏ប៉ុ​ន្តែ ចិនមិនមែន​ជា​ប្រទេស​ទីមួយ​នោះទេ ដែល​ទទួលជោគជ័យ​ក្នុង​ការ​សាកល្បង​រ៉េអាក់ទ័រ​ប្រតិកម្ម​នុយក្លេអ៊ែរបែបនេះ។ ប្រទេស​ផ្សេងទៀត​ រួមមាន​​ដូចជា អាមេរិក រុស្ស៊ី បារាំង និង​អង់គ្លេស ជាដើម ក៏​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត​ប្រតិកម្ម​​ហ៊្វុយស្យុងនុយក្លេអ៊ែរ នៅ​ក្នុង​រ៉េអាក់ទ័រ​នេះ​ដែរ គ្រាន់តែ​ថា អ្វីដែល​ចិន​សម្រេច​បាន កាល​ពីខែធ្នូ​កន្លងទៅនេះ គឺ​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ហ៊្វុយស្យុងនុយក្លេអ៊ែរ នៅ​ក្នុងរយៈពេល​មួយវែង ​រហូតដល់​ទៅ​ ១ ០៥៦​វិនាទី (ជាង ១៧នាទី) គឺ​បាន​យូរ​បំផុត មិន​ធ្លាប់​មាន​អ្នក​ណា​អាច​ធ្វើ​បាន​នៅឡើយ កាល​ពី​ពេល​កន្លងទៅ។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​ផលិត​អគ្គិសនី តាមរយៈយន្តការ “ហ៊្វុយស្យុងនុយក្លេអ៊ែរ” នេះ ត្រូវ​បាន​គេ​ធ្វើ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន ទាំង​គម្រោង​ដាច់ៗ​ពី​គ្នា ហើយ​ក៏​មាន​ដែរ​គម្រោង​រួមគ្នា​ជាលក្ខណៈ​អន្តរជាតិ ដែលគេ​ឲ្យឈ្មោះ​ថា “អ៊ីទែរ” (International Thermonuclear Experimental Reactor)។ គម្រោង “អ៊ីទែរ” (ITER) ដែល​​មាន​ការ​ចូល​រួម​ពី​សំណាក់​ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី ជប៉ុន ព្រមទាំង​ប្រទេស​មួយចំនួនទៀត គិត​ជា​សរុប ជាង ៣០ប្រទេស ហើយ​ដែល​រ៉េអាក់ទ័រ​សាកល្បង​មួយ​ កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង ហើយ​ដែល​គេ​គ្រោង​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ២០២៥ ឬ​២០២៦​ខាងមុខ។

លក្ខណៈពិសេស​នៃ​រ៉េអាក់ទ័រ​ហ៊្វុយស្យុង​នុយក្លេអ៊ែរ គឺ​​វា​អាច​ផលិត​ថាមពល​អគ្គិសនី​ ចេញ​ពី​អ៊ីដ្រូសែន និយាយ​ឲ្យចំ គឺ​ចេញ​ពី​អ៊ីសូតូប​អ៊ីដ្រូសែន​មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា ដឺតេរ្យូម (Deuterium) ដែល​ជា​ធនធាន​ដ៏សម្បូរបែប មាន​នៅ​ក្នុង​ទឹកសមុទ្រ ហើយ​ក្រោយ​ពី​អាតូម​អ៊ីដ្រូសែន​នេះ​ត្រូវ​រំលាយបញ្ចូល​គ្នា វា​បង្កើត​ទៅ​ជា​អេល្យូម (He) ដែល​ជា​ប្រភេទ​​ឧស្ម័ន​មិន​នាំ​ឲ្យ​ផែនដី​ឡើងកម្តៅ ហើយ​ក៏​មិនមែន​ជា​សារធាតុ​វិទ្យុសកម្ម ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស​យើង។

ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់​ថា លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​អាច​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ហ៊្វុយស្យុង​នុយក្លេអ៊ែរ​នេះ​បាន គេ​ត្រូវការ​សីតុណ្ហភាព​​យ៉ាងតិច ក្នុងរង្វង់ ១០០លាន​អង្សា ពោលគឺ ក្តៅជាង​ស្នូលព្រះអាទិត្យ​រហូតដល់​ទៅ ៦ដង ហើយ​ចាំបាច់​ត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​កម្រិត​​ខ្ពស់​បែបនេះ​ជាប់​ជា​ប្រចាំ ទើប​អាច​រក្សា​ប្រតិកម្ម​ហ៊្វុយស្យុងនុយក្លេអ៊ែរ​ជាប់ជាប្រចាំ ​អាច​ផលិត​ថាមពល​អគ្គិសនី​យក​មកប្រើ​ប្រាស់​បាន។

ចំណុចនេះហើយ ដែល​ជា​បញ្ហា​ប្រឈម​ខាង​ផ្នែក​បច្ចកវិទ្យា​ដ៏​ចម្បង ហើយ​ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេនៅមិនទាន់​អាច​រក​ដំណោះស្រាយ​ឃើញ​នៅឡើយ ឬ​ក៏​អាច​មាន​ដំណោះស្រាយ​ដែរ ក៏ប៉ុន្តែ នៅក្នុង​ដំណោះស្រាយ​នេះ ការ​បង្កើតលក្ខខណ្ឌ​ចាំបាច់​សម្រាប់​​ប្រតិកម្ម​ហ៊្វុយស្យុង​នុយក្លេអ៊ែរ ​​ត្រូវការ​ប្រើ​ថាមពល​ច្រើន​ជាង​បរិមាណ​ថាមពល​ដែល​ផលិត​បានទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ