អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអតិផរណាល្អ ឬអាក្រក់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលបង្កឱ្យតម្លៃថាមពេលកើនឡើង និងវិបត្តិកូវិដ១៩នៅចិនដែលបង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល គឺជាមូលហេតុចម្បងនៃវិបត្តិអតិផរណា នៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។ តើអ្វីទៅជាអតិផរណា? តើគេវាស់វែងអតិផរណាដោយរបៀបណា?​ និងតើអតិផរណាល្អ ឬអាក្រក់?

សកម្មភាព​ទិញដូរ នៅ​ទីផ្សារ​មួយកន្លែង នៅ​ក្នុង​ប្រទេស​ប្រេស៊ីល
សកម្មភាព​ទិញដូរ នៅ​ទីផ្សារ​មួយកន្លែង នៅ​ក្នុង​ប្រទេស​ប្រេស៊ីល AP - Silvia Izquierdo
ផ្សាយពាណិជ្ជកម្ម

គេប្រើពាក្យ “អតិផរណា”​ ដើម្បីសំដៅដល់ ការឡើងថ្លៃទំនិញជាទូទៅ ក្នុងរយៈពេលណាមួយ។ តម្លៃទំនិញកើនឡើងនឹងធ្វើឱ្យលុយធ្លាក់តម្លៃ ហើយអាចទិញទំនិញបានចំនួនតិចទៅៗ។ ជាលទ្ធផល អំណាចទិញរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាកចុះផងដែរ។ ជាឧទាហរណ៍ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ តម្លៃមីម៉ាម៉ា បានកើនឡើងពី ២៥៥០០រៀល ដល់២៨៥០០រៀល។ ដូច្នេះ តម្លៃមីម៉ាម៉ា បាន​កើនឡើង ១២% ក្នុងរយៈពេល៨ខែនេះ។

នៅក្នុងការអនុវត្តជាក់ស្ដែង ដើម្បីវាស់វែងកម្រិតអតិផរណាប្រចាំឆ្នាំ គេមិនមែនសង្កេតមើលលើការប្រែប្រួលតម្លៃទំនិញតែមួយមុខ ឬពីរមុខនោះទេ ប៉ុន្ដែគេមើលលើកញ្ចប់ទំនិញយ៉ាងច្រើន ដែលចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងរោងចក្រសហគ្រាសនានា។

នៅក្នុងប្រទេសកម្ពុជា កញ្ចប់ទំនិញទាំងនោះអាចមានដូចជា សម្ភារការិយាល័យ គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម គ្រឿងសំណង់ ថ្លៃពលកម្ម និងការងារ បរិកា្ខអគ្គិសនី ប្រេងឥន្ទនៈ និងគ្រឿងបន្លាស់រថយន្ត សម្ភារផ្សេងៗ និងទំនិញប្រភេទអាហារ។

អាចមានកត្តាជាច្រើន បង្កឱ្យកម្រិតអតិផរណាកើនឡើង តួយ៉ាង ការកើនឡើងតម្រូវការខ្លាំងពេក កង្វះខាតការផ្គត់ផ្គង ឬក៏ការធ្លាក់ចុះតម្លៃលុយ ជាដើម។

ក្នុងសេដ្ឋកិច្ច ការកើនឡើងកម្រិតអតិផរណាខ្លាំងជ្រុលពេក វាអាចបង្កជាក្តីបារម្ភផ្សេងៗ ជាឧទាហរណ៍ ការកើនឡើងតម្លៃទំនិញ ចន្លោះពី៣% ទៅ១០% ក្នុងមួយឆ្នាំ វាអាចរុញច្រានឱ្យប្រជាជនខាតបង់ប្រាក់ដែលពួកគេរកបាន ព្រោះថា ជាមួយបរិមាណលុយដែលមានស្រាប់ អ្នកប្រើប្រាស់អាចទិញទំនិញបានតិចជាងមុន។ ក្នុងស្ថានភាពនេះ ប្រជាជនដែលងាយរងគ្រោះខ្លាំងជាងគេ គឺ ក្រុមប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម។

នាពេលថ្មីៗ អត្រាអតិផរណានៅប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៨លានភាគរយ គិតត្រឹមឆ្នាំ២០១៨។ ការកើនឡើងថ្លៃទំនិញរបៀបនេះ បាន​ធ្វើឱ្យលុយមានតម្លៃថោកជាងក្រដាស ហើយស្ថានភាពសេដ្ឋកិច្ចក៏ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។ ទោះបីជាមានលុយកាន់ក្នុងដៃ ក៏ប្រជាជនមិនអាចទិញអ្វីមកប្រើប្រាស់បាន។ ជាលទ្ធផល ប្រជាជនវ៉េណេស៊ុយអេឡាក្នុងចំនួនរាប់លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេស។

ក៏អាចមានផងដែរ អតិផរណាល្អ ប្រសិនបើការកើនឡើងថ្លៃទំនិញទាបសមរម្យល្មម។ នៅពេលថ្លៃទំនិញកើនឡើង មនុស្សមាននិន្នាការបង្កើនតម្រូវការរបស់ខ្លួនដោយមិនចាំថ្ងៃស្អែក ព្រោះតែពួកគេគិតថានឹងត្រូវចំណាយលុយច្រើនជាងមុន ប្រសិនបើពួកគេរង់ចាំ។ ជាលទ្ធផល ហាងលក់ទំនិញនឹងបើកកាន់តែច្រើន ហើយរោងចក្រនឹងផលិតកាន់តែច្រើនផងដែរ។ ហាង និងរោងចក្រទាំងនោះនឹងជួលបុគ្គលិកថ្មីៗ ដើម្បីបំពេញតម្រូវការ ហើយវាក៏ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច នៅទីបញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ