អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេសក្នុង​តំបន់​​អាស៊ី​កណ្តាល​ កំពុងតែ​​ងាកចេញពី​ រុស្ស៊ី​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ រុស្ស៊ី គឺជា«​រៀមច្បង​»សម្រាប់​ប្រទេស​ដែល​ធ្លាប់​ឋិត​ជា​អតីតសហភាព​សូវៀត។ រុស្ស៊ី​ ដើរតួ​ពើងទ្រូង​ជាអ្នក​ការពារ​​​​ក្នុង​តំបន់​អាស៊ី​កណ្តាល។ ​ប៉ុន្តែ ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​លើអ៊ុយក្រែន នាប្រមាណ​បីខែមកនេះ ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល ហាក់​មើលឃើញ​​ពី​ឥទ្ធិពល​ធ្លាក់​ចុះរបស់​​ រុស្ស៊ី ហើយ​ ផលវិបាកពី​សង្គ្រាម គឺ​កាន់តែ​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ីកណ្តាល ហាក់​ចង​បែរខ្នងដាក់​រុស្ស៊ី និងចង់​​ទៅរក​ដៃគូ​ថ្មី​​​​។

រុស្ស៊ី ក៏បានកោះប្រជុំប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសសមាជិកសម្ព័ន្ធយោធា OTSC ឲ្យទៅប្រជុំគ្នានៅវិមានក្រឹមឡាំង ក្រុងម៉ូស្កូ កាលពីពាក់កណ្តាលខែឧសភា កន្លងទៅ។
រុស្ស៊ី ក៏បានកោះប្រជុំប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសសមាជិកសម្ព័ន្ធយោធា OTSC ឲ្យទៅប្រជុំគ្នានៅវិមានក្រឹមឡាំង ក្រុងម៉ូស្កូ កាលពីពាក់កណ្តាលខែឧសភា កន្លងទៅ។ AP - Alexander Nemenov
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី ​ជា​បងធំ​នៅ​តំបន់​អាស៊ីកណ្តាល។ អាស៊ីកណ្តាល​ ដែលរួមមាន កាហ្សាក់ស្ថាន (Kazakhstan), អ៊ូសបេគីស្ថាន (Ouzbékistan), តាហ្សីគីស្ថាន (Tadjikistan), កៀហ្ស៊ីគីស្ថាន (Kirghizistan) និង តួកមេនីស្ថាន (Turkménistan) ជាដើម​។ ប្រទេស​ក្នុង​តំបន់​អាស៊ីកណ្តាល ទាំងនេះ រួម​ទាំង​ ​រុស្ស៊ី បេឡារុស (Biélorussie)  និង ប្រទេស អាមេនី (Arménie)  ​បា​នចូលរួម​គ្នា​បង្កើត​​អង្គការសម្ព័ន្ធ​សន្តិសុខរួម OTSC [l’Organisation du traité de sécurité collective,  The Collective ​Security​ Treaty​ Organization​ (CSTO)] ។ ​ក្នុង​សម្ព័ន្ធ​យោធានេះ មាន ​រុស្ស៊ី ​ជាអ្នក​ដឹកនាំ​មុខ​ដ៏សំខាន់ និង​ស្ទើរតែ​មាន​ទឹក​មាត់​ប្រៃ​ជាង​គេ ហើយ​ជាអ្នក​​ចេញមុខចេញមាត់ ដើរតួ​ការពារ​គេឯង​នៅក្នុងក្រុម​​។ សម្ព័ន្ធយោធា OTSC សម្រាប់​តំបន់​អាស៊ី​កណ្តាល​នេះ បើ​និយាយប្រៀបធៀប​​ឲ្យងាយ​យល់ គឺ​ស្មើ​ដូច​គ្នា​ទៅ​នឹង​ទម្រង់​បែប​ អង្គការ​សម្ព័ន្ធ​យោធា OTAN របស់​បច្ចិម​លោក ដែល​មាន​សហរដ្ឋអាមេរិក​ ដឹកមុខ​​ដែរ។

ចាប់តាំង​តែ​ពី​កើត​មាន​សង្គ្រាម​ឈ្លានពាន​ពីសំណាក់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន​មក, តំបន់អាស៊ីកណ្តាល ហាក់​ដូច​ជា​​កែប្រែ​គំនិត​ចំពោះឥទ្ធិពល​រុស្ស៊ី​។ ដោយ​យោង​តាម​យុទ្ធសាស្ត្រ​វាយ​លុក​និងការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន, ប្រទេស​ខ្លះ នៅក្នុង​តំបន់​អាស៊ីកណ្តាល​ ផ្តើ​ម​មាន​គំនិត​គិតថា ប្រទេស ​រុស្ស៊ី​ ទំនង​ជា​គ្មាន​សមត្ថភាព​​ការពារ​សមាជិក​ខ្លួន​នៅក្នុង​​​សម្ព័ន្ធយោធា OTSC បានទេ។ ជាក់ស្តែង នយោបាយ​វិទូ​ជាតិ​កាហ្សាស្ថាន លោក Daniyar Kussainov មាន​ប្រសាសន៍ក្នុងកាសែត  Le Monde ថា តាមរយៈ​សង្គ្រាម​នៅ​អ៊ុយក្រែន គឺ​បាន​ធ្វើ​ឲ្យ​គេ​មើលឃើញថា ឥទ្ធិពល​របស់​រុស្ស៊ី​ទៅលើ​តំបន់​អាស៊ីកណ្តាល ហាក់​ចុះ​ខ្សោយ​។ ចុះខ្សោយ ព្រោះគេឃើញ​ពី​សមត្ថភាព​យោធា​របស់​រុស្ស៊ី​នៅមាន​កម្រិត​ ហើយ​កម្រិត​សមត្ថភាពនេះ ទំនង​ជាពុំ​អាច​អះអាងធានា​​រក្សា​សុវត្ថិភាព​នៅក្នុង​តំបន់អាស៊ីកណ្តាល​​នោះទេ។ មិន​ថា​ដើម្បីការពារ​ប្រទេស​កាហ្សាស្ថាន ឬ​សមាជិកណា​ផ្សេងទៀត នៅក្នុង​​សម្ព័ន្ធយោធា OTSC នោះឡើយ។​ ​​ដើម្បីពង្រឹង​ស្មារតី​របស់​សមាជិក,​ រុស្ស៊ី ក៏​​បាន​កោះ​ប្រជុំ​ប្រធានាធិបតី​​និង​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​សមាជិក​​​សម្ព័ន្ធយោធា OTSC ឲ្យទៅប្រជុំ​គ្នា​នៅវិមានក្រឹមឡាំង ​ក្រុង​ម៉ូស្កូ កាលពី​ពាក់កណ្តាល​ខែ​ឧសភា​ កន្លងទៅ។

ទោះបី​ជា​យ៉ាង​នេះក្តី ប្រទេស​ទាំង​៥ ក្នុង​តំបន់អាស៊ីកណ្តាល ហាក់​ពុំ​បាន​បង្ហាញ​ជំហរ​ជាក់​ច្បាស់​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែនទេ។  នៅក្នុង​ឱកាស​បុណ្យ​ ដែល​រុស្ស៊ី​រៀបចំ​កាលពី​ថ្ងៃទី​៩ឧសភា ដើម្បី​អបអរ​ពីការឈ្នះ​សង្គ្រាម​​រំលាយ​ពួក​ណាស៊ី ក៏ប្រទេស​ទាំង​ប៉ុន្មាន​នៅ​អាស៊ីកណ្តាល មិន​សូវ​ជា​អើពើ​ខ្លាំង ហើយ​ចំពោះ ប្រទេស ​កាហ្សាស្ថាន ឈាន​ហ៊ាន​ដល់​លុបចោល​ការ​ចូលរួម​ដើរ​ក្បួន​ព្យុះ​ហយាត្រា​កងទ័ព​ជា​មួយ​រុស្ស៊ីទៀតផង។ ដែលនេះ ​មិនធ្លាប់​មាន​ទេ តាំងពី​ប្រទេស ​កាហ្សាស្ថាន ​ទទួល​បាន​ឯករាជ្យ​នៅឆ្នាំ១៩៩១មក។​

ជាមួយ​គ្នា​នេះដែរ​ ប្រទេស​នៅតំបន់​អាស៊ី​កណ្តាល​ទាំង​នោះ បាន​បដិសេធ​មិន​ដើរ​តាម​គោល​នយោបាយ​ក្រុង​ម៉ូស្កូ ត្រង់​ចំណុច​​ដែល ​វិមាន​ក្រឹមឡាំង​ បាន​អះអាង​ទទួល​ស្គាល់​ការ​ចង់​​ប្រកាសឯករាជ្យជា​ស្វ័យត​នៃ​តំបន់​ភាគ​ខាង​ជើង​និង​ខាង​កើត​អ៊ុយក្រែន ដូចជា តំបន់​ Donetsk និង តំបន់ Louhansk។

ជាផ្លូវ​ការ​ប្រទេស​ទាំងនោះ ជៀសវាង​ មិននិយាយ​ថា​ ប្រឆាំង​ថ្កោល​រុស្ស៊ី ឬ គាំទ្រ​រុស្ស៊ី​ឲ្យ​វាយ​លុក​អ៊ុយក្រែន ក៏​មិន​ស្តី។ ​នៅក្នុង​ប្រទេស​នីមួយ​វិញ គឺ​​ចលនា​នយោបាយ​ក្នុង​ស្រុក ក៏បែរ​មាន​សកម្មភាពផ្សេង​គ្នា​។

នៅប្រទេស កាហ្សាស្ថាន មានអ្នកនយោបាយ​មួយ​ចំនួនចង់​ឲ្យ​ប្រទេស​របស់ខ្លួន ​ដកខ្លួន​ចេញពី​​សម្ព័ន្ធយោធា OTSC ដែល​ដឹកមុខ​ដោយ​រុស្ស៊ី។

ដាច់ដោយឡែកពីនេះ​ នៅក្នុង​ស្រុក​ខ្លះ ចង់​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​តែម្តង។ តួយ៉ាងប្រទេស កៀហ្ស៊ីគីស្ថាន។ កាលពីខែ​មេសា ក្រុម​ប៉ូលីស​សម្ងាត់កៀហ្ស៊ីគីស្ថាន ​​ បាន​បើ​ក​ការ​ប្តឹង​ផ្តល់​ចោទប្រកាន់​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​ម្នាក់ ដែល​ចូលរួម​ទៅច្បាំង​ឲ្យ​ក្រុម​កម្លាំង​យោធា​​អ៊ុយក្រែន។ តែនៅ​ខែ​ឧសភា​កន្លងទៅ​នេះវិញ កៀហ្ស៊ីគីស្ថាន ក៏​​​ព្រមានហាម​​ពលរដ្ឋ​របស់ខ្លួន​មិន​ឲ្យ​បង្ហាញ​និមិត្ត​សញ្ញា​ដែល​បញ្ជាក់​ពីការ​គាំទ្រចំពោះ​ទាហាន​រុស្ស៊ី​ដែរ​។

ប៉ុន្តែប្រទេសអ៊ូសបេគីស្ថាន ពលរដ្ឋ​នៅ​គាំទ្រ​រុស្ស៊ី​ច្រើននៅឡើយ។ នយោបាយ​វិទូជាតិ​ អ៊ូសបេគីស្ថាន Bakhtyar Alimjanov  បាន​កត់​សម្គាល់​ក្នុង​កាសែត​  Le Monde ថា រុស្ស៊ី​មិន​ទាន់​សាប​ឥទ្ធិពល​នៅ​អ៊ូសបេគីស្ថានទេ។ អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាក់អន់​ថ្នាំងថ្នាក់ចិត្ត​បន្តិចនោះ គឺ​ ទំនិញស្បៀងអាហារ​ឡើងថ្លៃ​ ព្រោះតែ​សង្គ្រាមនៅអ៊ុយក្រែន។ បើ​ក្រៅពីនោះ ​​គេ​នៅ​គិត​ល្អៗ​ច្រើន​ពីរុស្ស៊ី។​ យ៉ាង​ណា​ក៏ដោយ​ចុះ ផលវិបាក​នៃសង្គ្រាម​នៅអ៊ុយក្រែន គឺ​នឹង​នៅ​ចេះតែបន្តមាន ហើយ គេក៏​​មិន​ច្បាស់​ថាប្រជាជនអ៊ូសបេគីស្ថាន នៅតែបន្ត​មាន​គំនិត​វិជ្ជមាន​យូរ​និង​ច្រើន​ចំពោះ​រុស្ស៊ី​ដល់​ពេលណាទេ។

តែ​នៅ​ខណៈ​ពេល​នេះ បញ្ហា​ទំនិញ​ឡើ​ង​ថ្លៃ និង​បញ្ហា​បារម្ភ​ពីការ​ខ្វះស្បៀង នៅ​អាស៊ី​កណ្តាល​ កំពុងតែ​ចោទ​ខ្លាំង​ នៅអ៊ូសបេគីស្ថាន និងតាហ្សីគីស្ថាន ​ហើយធ្ងន់ធ្ងរជាងគេ នៅ​ តួកមេនីស្ថាន ដែល​បានឆ្លងកាត់​​គ្រោះ​រាំង​ស្ងួត​ផង​។ មិនតែប៉ុណ្ណោះ រុស្ស៊ី និង កាហ្សាស្ថាន​ ​ជាប្រទេស២ធំជាងគេដែល​ផ្គត់ផ្គង់គ្រាប់​ធញ្ញជាតិក្នុង​តំបន់​អាស៊ី​កណ្តាល បាន​ប្រកាស​រឹត​បណ្តឹង​ការនាំចេញគ្រាប់​ធញ្ញជាតិ​ រហូត​ដល់​ខែ​សីហា​ខាងមុខ ទៅទៀត​។

ប្រឈម​នឹង​ទិដ្ឋភាព​ទាំង​អស់​នេះហើយ ទើប​អ្នក​វិភាគ​ស្ថានការណ៍អន្តរជាតិ​​មួយ​ចំនួន កំពុងតែ​គិតថា រដ្ឋា​ភិបាល​របស់​តំបន់​អាស៊ី​កណ្តាល អាច​នឹង​កាច់​ចង្កូត​ទៅរក​ដៃ​គូសហការថ្មី​ក្រៅពីរុស្ស៊ី នោះ​អាច​ថាជា​ប្រទេស តួកគី អ៊ីរ៉ង់ សហភាព​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក ផង​ក៏អាច​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ