អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍សកលក្នុងឆ្នាំ២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមរបាយការណ៍ចុងក្រោយរបស់ អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនភ្ញៀវទេសចរអន្តរជាតិត្រូវគេរំពឹងថានឹងកើនឡើងចន្លោះពី ៥៥% ទៅ ៧០% ក្នុងឆ្នាំ ២០២២ បើធៀបទៅនឹងកម្រិតភ្ញៀវទេសចរកាលពីឆ្នាំ២០១៩។ ការកើនឡើងនេះអាស្រ័យលើលក្ខខណ្ឌជាច្រើន រួមបញ្ចូល ការដកការរឹតត្បិតលើការធ្វើដំណើរនៃបណ្ដាប្រទេសនានា ការវិវត្តន៍នៃសង្រ្គាមរុស្ស៊ីអ៊ុយក្រែន ការផ្ទុះឡើងថ្មីនៃមេរោគបំប្លែងខ្លួនកូវីដ​១៩ និងស្ថានភាពសេដ្ឋកិច្ចសកលដែលកំពុងប្រឈមនឹងបញ្ហាវិបត្តិអតិផរណា និងការកើនឡើងតម្លៃថាមពល។

ទេសចរ​រង់ចាំចូលទស្សនាសារមន្ទីរ Louvre នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃទី២៩ មេសា ២០២២
ទេសចរ​រង់ចាំចូលទស្សនាសារមន្ទីរ Louvre នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃទី២៩ មេសា ២០២២ © AFP
ផ្សាយពាណិជ្ជកម្ម

វិស័យទេសចរណ៍អន្តរជាតិបានកើនឡើង១៨២% ក្នុងចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២២ ឬស្មើនឹងចំនួនប្រជាជនប្រមាណ ១១៧លាននាក់ បើធៀបនឹង ៤១លាននាក់នៅក្នុងត្រីមាសទី១​ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ អង្គការទេសចរណ៍ពិភពលោក (World Tourism Organization ឬ UNWTO)។

សហភាពអឺរ៉ុប និងអាមេរិចនាំមុខគេលើការងើបឡើងវិញនៃវិស័យទេសចរណ៍

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ អឺរ៉ុបបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិក្នុងអត្រាកំណើន២៨០ភាគរយ ឬស្មើច្រើនជាងបួនដង បើធៀបនឹងត្រីមាសដដែលនៅឆ្នាំ២០២១។ នៅសហរដ្ឋអាមេរិក ភ្ញៀវទេសចរបានកើនឡើងច្រើនជាងទ្វេដង ក្នុងអត្រាកំណើន ១១៧ ភាគរយ ក្នុងរយៈពេលបីខែដូចគ្នា។ ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរនៅមានកម្រិតទៀបជាងកាលពីឆ្នាំ២០១៩នៅឡើយ។

តំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏បានមើលឃើញពីការកើនឡើងចំនួនភ្ញៀវទេសចរផងដែរ ក្នុងអត្រា ៦៤ភាគរយ លើសពីឆ្នាំ២០២១ ប៉ុន្តែអត្រានេះគឺមានកម្រិត៩៣ភាគរយនៅក្រោមតួលេខឆ្នាំ២០១៩ ព្រោះថាតំបន់ជាច្រើននៅអាស៊ីបន្ដបិទនៅឡើយ ជាឧទាហរណ៍ នៅក្នុងប្រទេសចិន និងវៀតណាម។

បណ្ដាប្រទេសណាខ្លះចាប់ផ្ដើមទទួលភ្ញៀវទេសចរ?

ទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិនៅមានកម្រិត ៦១ភាគរយទៀបជាងកម្រិតឆ្នាំ២០១៩ក៏ដោយ ការស្ទុះងើបឡើងវិញបន្តិចម្តងៗត្រូវបានគេរំពឹងថានឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០២២នេះ ព្រោះថាបណ្ដាប្រទេសយ៉ាងច្រើនបានបន្ធូរបន្ថយ ឬដកការរឹតត្បិតនានាលើការធ្វើដំណើរ។ ក្នុងពេលជាមួយគ្នា តម្រូវការធ្វើដំណើរក៏កើនឡើងផងដែរ។ គិតត្រឹមថ្ងៃទី២ ខែមិថុនា បណ្ដាប្រទេសចំនួន៤៥ (ក្នុងនោះ ៣១គឺស្ថិតនៅអឺរ៉ុប) មិនមានការរឹតត្បិតកូវីដ១៩ទេ។ នៅអាស៊ី ប្រទេសជាច្រើនបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ។

ទោះបីជាមានការរំពឹងទុកជាវិជ្ជមានបែបនេះក៏ដោយ ស្ថានភាពវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក៏បានបង្កឱ្យបរិយាកាសសេដ្ឋកិច្ចមានការលំបាកផងដែរ។ អ្នកវិភាគខ្លះបានលើកឡើងថា វិបត្តិសង្គ្រាមនេះអាចរួមចំណែកបង្កផលអវិជ្ជមានលើការធ្វើដំណើរផងដែរ។

លើសពីនេះ ជម្លោះសង្គ្រាមនេះក៏កំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធំ នៅទូទាំងពិភពលោក ព្រោះវាធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ការកើនឡើងកម្រិតអតិផរណា និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលបណ្តាលឱ្យថ្លៃដឹកជញ្ជូន និងថ្លៃស្នាក់នៅកើនឡើង សម្រាប់វិស័យទេសចរណ៍។

ការងើបឡើងវិញនៃវិស័យទេសចរណ៍មានកម្រិតខ្ពស់ជាការរំពឹងទុក

សន្ទស្សន៍ទំនុកចិត្ត (UNWTO Confidence Index) របស់អង្គការទេសចរណ៍ពិភពលោកដដែល បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវទំនុកចិត្ដសកលលើការធ្វើដំណើរ។ ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនូវជំងឺរាតត្បាតសកលកូវីដ១៩ នៅឆ្នាំ២០១៩ សន្ទស្សន៍នេះបានបង្ហាញអំពីការកើនឡើងកម្រិតសុទិដ្ឋិនិយម ក្នុងចំណោមអ្នកជំនាញទេសចរណ៍ទូទាំងពិភពលោក។ តួលេខបង្ហាញថា តម្រូវការធ្វើដំណើរបានកើនឡើងយ៉ាងខ្លាំង ជាពិសេសការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប និងការធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប។

ការកក់សំបុត្រធ្វើដំណើរបានកើនឡើង។ ចំនួនភ្ញៀវទេសចរអន្តរជាតិត្រូវគេរំពឹងថានឹងកើនឡើងចន្លោះពី ៥៥% ទៅ ៧០% ក្នុងឆ្នាំ ២០២២នេះ បើធៀបទៅនឹងកម្រិតភ្ញៀវទេសចរកាលពីឆ្នាំ២០១៩។ ការកើនឡើងនេះអាស្រ័យលើលក្ខខណ្ឌជាច្រើន រួមបញ្ចូល ការដកការរឹតត្បិតលើការធ្វើដំណើរនៃបណ្ដាប្រទេសនានា ការវិវត្តន៍នៃសង្រ្គាមរុស្ស៊ីអ៊ុយក្រែន ការផ្ទុះឡើងថ្មីនៃមេរោគបំប្លែងខ្លួនកូវីដ​១៩ និងស្ថានភាពសេដ្ឋកិច្ចសកលដែលកំពុងប្រឈមបញ្ហាវិបត្តិអតិផរណា និងការកើនឡើងតម្លៃថាមពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ