អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើភាពតានតឹងជុំវិញតៃវ៉ាន់អាចនឹងរាលដាលទៅជាសង្រ្គាម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ ភាពតានតឹង​ជុំវិញ​តៃវ៉ាន់​កំពុងតែ​កើតមាន​យ៉ាងខ្លាំង​ជាមួយ​នឹង​ការ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះចម្បាំង​ឲ្យ​ទៅ​បើក​កាត់ក្បែរ​តៃវ៉ាន់ បូករួម​ទាំង​​ការ​បោះពាក្យសម្តី​ដាក់គ្នា​ទៅវិញទៅមក រវាង​ចិន និង​អាមេរិក។ តើ​ភាព​តានតឹង​នេះ​អាច​នឹង​រាលដាល​ទៅ​ជា​សង្រ្គាម​ថ្មី​មួយទៀត​ដែរ​ឬទេ នៅក្នុងពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្រ្គាម​អ៊ុយក្រែន​មួយរួចទៅហើយ?

នាវាចម្បាំង​អាមេរិក នៅ​ក្នងតំបន់សមុទ្រ​ខាងកើត​តៃវ៉ាន់
នាវាចម្បាំង​អាមេរិក នៅ​ក្នងតំបន់សមុទ្រ​ខាងកើត​តៃវ៉ាន់ AP - Jason Tarleton
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​តំបន់​អាស៊ី កាល​ពីចុងខែ​ឧសភា​កន្លងទៅ លោក​ចូ បៃដិន ហាក់បាន​បង្ហាញ​ពីការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​អាមេរិក​ចំពោះតៃវ៉ាន់ ដោយ​បាន​លើកឡើង​ច្បាស់ៗ​ថា អាមេរិក​នឹង​ចូល​អន្តរាគមន៍​​ដោយ​ប្រើ​កម្លាំងទ័ព ដើម្បី​ជួយតៃវ៉ាន់ ប្រសិន​បើ​​មាន​ការ​ឈ្លានពាន​ពីចិន។

ចិន​បាន​ឆ្លើយតបមកវិញ ដោយ​បាន​ព្រមាន​អាមេរិក​ថា​កុំ​ឲ្យ​ប្រលែងលេង​ជាមួយភ្លើង ហើយ​ប៉ុន្មាន​សប្តាហ៍ក្រោយ​មកទៀត ​នៅ​ក្នុង​អំឡុង​ជំនួប​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពីថ្ងៃអាទិត្យ​ទី១២​មិថុនា​​កន្លងទៅនេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចិន​បាន​ព្រមាន​បន្ថែម​ទៀត​ថា ចិន​មិន​ញញើត​នឹង​ធ្វើ​សង្រ្គាម​នោះទេ ប្រសិនបើ​​អ្នកណា​ហ៊ាន​មក​បំបែក​តៃវ៉ាន់ចេញ​ពី​ចិន។

ការបោះពាក្យសម្តី​ដាក់គ្នា​ទៅវិញទៅមកនេះ​កើតមាន​ឡើង នៅ​ក្នុង​បរិបទ​​ដែល​កំពុងតែ​តានតឹង​ស្រាប់ ដោយអាមេរិក​ក៏​បាន​បញ្ជូន​នាវាចម្បាំង​ឲ្យ​បើក​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ ចំណែក​ចិន​វិញ ក៏បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារដែន​អាកាសតៃវ៉ាន់​កាន់តែច្រើន។ ​បូករួម​ជាមួយ​នឹង​អ្វីដែល​កំពុង​កើតឡើង​នៅ​អ៊ុយក្រែន វាបង្កើត​ឲ្យ​មាន​ការបារម្ភ​ខ្លាច​ភាពតានតឹង​ ជុំវិញ​តៃវ៉ាន់​នេះ អាច​នឹង​ត្រូវ​រាលដាល​ទៅ​ជា​សង្រ្គាម​ថ្មី​មួយទៀត រវាង​មហាអំណាច​ទាំងពីរ គឺ​ចិន និង​សហរដ្ឋ​អាមេរិក។

ក្តីបារម្ភ​ចម្បង​នៅពេលនេះ គឺ​បារម្ភ​ខ្លាច​ចិន​ឆ្លៀត​ឱកាស​ដែល​ពិភពលោក​កំពុង​វក់វី​នឹង​​សង្គ្រាម​អ៊ុយក្រែន ក៏​​ចូល​ឈ្លានពាន​តៃវ៉ាន់ ហើយ​​ត្រូវ​នាំ​ឲ្យ​ផ្ទុះ​​​ទៅ​ជា​សង្គ្រាម។ គេឃើញ​ថា តាំងពីដើម​រៀងមក ចិន​តែងតែ​ប្រកាន់​ជំហរ​​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ចិន ហើយ​ថា ចិន​ប្តូរផ្តាច់​យក​តៃវ៉ាន់​មក​ដាក់​ក្រោម​ការ​ត្រួតត្រារបស់​ខ្លួនវិញ​ឲ្យ​បាន បើ​ទោះជា​ត្រូវ​ប្រើ​កម្លាំងទ័ព។

ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​យោធា​ជាច្រើន​បាន​លើកឡើង​ថា ប្រូបាប៊ីលីតេ​ដែល​ចិន​ចូល​ឈ្លានពាន​តៃវ៉ាន់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​តិចតួច ដោយសារ​តែ​សមត្ថភាព​​យោធា​របស់​ចិន​នៅមាន​កំណត់ នៅ​ក្នុងពេល​ដែល​វិស័យយោធា​របស់តៃវ៉ាន់​ត្រូវ​បាន​ពង្រឹង​ជា​លំដាប់ ជាពិសេស ដោយ​បាន​ជំនួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក។

ដូច្នេះ បើ​សិន​ជា​ចិន​ចូល​ឈ្លានពាន​តៃវ៉ាន់​នៅពេលនេះ ចិនមិន​ប្រាកដ​ថា​នឹង​អាច​ទទួល​ជោគជ័យ​ ឬ​បើទោះជា​​ជោគជ័យ ក៏​ត្រូវ​បង់​ថ្លៃ​យ៉ាង​ខ្ពស់​នោះដែរ ដោយ​​អាច​ត្រូវ​រង​នូវ​ការ​ខូចខាតធ្ងន់ធ្ងរ ​ទាំង​ខាង​ផ្នែក​យោធា និង​ទាំង​​ខាង​សេដ្ឋកិច្ច ជាពិសេស អាច​ប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែងទៅមុខ ដែល​ចិន​កំពុងតែ​ត្រូវការ​ចាំបាច់ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​វិបត្តិ​សង្គម។

មែនទែនទៅ ចិន​ក៏​ធ្លាប់​បាន​បញ្ជាក់​ផងដែរថា អាទិភាព​ចម្បង គឺ​យក​តៃវ៉ាន់​មក​ត្រួតត្រា​វិញ ដោយ​សន្តិវិធី ហើយប្រើ​កម្លាំងទ័ព​តែ​ក្នុង​ករណី​ចាំបាច់​តែ​ប៉ុណ្ណោះ។ ករណី​ដែល​អាច​នឹង​ជំរុញ​ឲ្យ​ចិនប្រើ​កម្លាំងទ័ព ហើយ​បង្កើត​ទៅ​ជា​សង្គ្រាម ដូចអ្វីដែល​រដ្ឋមន្រ្តី​ការពារជាតិ​ចិន ទើបនឹង​បាន​លើកឡើង​ថ្មីៗ​នេះ​ស្រាប់ គឺ​ការប្រកាស​ឯករាជ្យ​ជាផ្លូវការ​របស់​តៃវ៉ាន់។

ក៏ប៉ុន្តែ បើ​មើល​ទៅលើ​នយោបាយ​ផ្ទៃក្នុង​របស់​តៃវ៉ាន់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ករណី​ដែល​​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ក៏​មាន​ប្រូបាប៊ីលីតេ​មិនច្រើន​នោះដែរ ដោយ​គេ​សង្កេតឃើញ​ថា លោក​ស្រី សៃ អ៊ីនវេន ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ ក៏ដូចជា​គណបក្ស​របស់​លោកស្រី គឺ​គណបក្ស DPP តែងតែ​ប្រកាន់​នូវ​គោល​នយោបាយចម្បងមួយ​ថា តៃវ៉ាន់​ស្ថិត​នៅ​ដាច់​ពី​​ចិន​ប្រៀបដូច​ជា​ប្រទេស​ឯករាជ្យ​មួយរួចទៅហើយ ដូច្នេះ វា​មិនមាន​ការចាំបាច់​អ្វី ដែល​ត្រូវ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ ដែល​នាំ​ឲ្យ​ផ្ទុះ​ទៅ​ជា​សង្រ្គាម​នោះទេ។

រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត គេឃើញ​ថា នៅ​ក្នុង​ការ​ស្ទាបស្ទង់មតិជាច្រើន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាជន​តៃវ៉ាន់​ភាគតិច​ណាស់ ដែល​ចង់​ប្រកាស​ឯករាជ្យ ដោយ​សំឡេង​គាំទ្រ​ការប្រកាស​ឯករាជ្យ​មាន​កាន់តែ​តិចទៅ​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​មតិភាគច្រើន​គាំទ្រ​ឲ្យ​រក្សា​ស្ថានភាព​ដើម​ដូចពេល​បច្ចុប្បន្ន ពោលគឺ តៃវ៉ាន់នៅដាច់ពី​ការ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិនដីគោក ប្រៀប​ដូចជា​ប្រទេស​ឯករាជ្យ​មួយ ក៏ប៉ុន្តែ មិនប្រកាស​ឯករាជ្យ​ជាផ្លូវការ។

ដូច្នេះ និយាយ​ជារួមមកវិញ ជុំវិញ​សំណុំរឿង​តៃវ៉ាន់​នេះ ថ្វីដ្បិត​តែ​មាន​​​ការ​ដំឡើង​សំឡេង​ដាក់គ្នា​ខ្លាំងៗ ​និង​ការ​សម្ញែង​សាច់ដុំ​ដាក់គ្នា​ទៅវិញទៅមក ក៏ប៉ុន្តែ មានកត្តា​សត្យានុម័ត​ច្រើន ដែល​បង្ហាញ​ថា ភាគី​ទាំង​សងខាង​​សុទ្ធតែមិនចង់​ឲ្យ​មាន​សង្គ្រាម។ អ្វីដែល​ជា​ហានិភ័យ នៅ​ក្នុង​ស្ថានភាព​​ប្រឈម​មុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា​យ៉ាង​តានតឹង​ខ្លាំង​បែបនេះ គឺ​ការ​ប៉ះទង្គិចគ្នា​ដោយ​អចេតនា​ណាមួយ ដែល​អាចធ្វើ​ឲ្យ​ជម្លោះ​ត្រូវ​រាលដាល​ រហូត​ត្រូវ​ផ្ទុះ​ទៅ​ជា​សង្គ្រាម បើទោះជា​​គ្មាន​អ្នក​ណា​ចង់​ឲ្យ​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ