អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូឡុំប៊ី៖ជោគជ័យជាប្រវត្តិសាស្រ្តរបស់គណបក្សសង្គមនិយមនៅក្នុងការបោះឆ្នោតប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​មក​ពី​គណបក្សសង្គមនិយម​ដែល​ជា​គណបក្សប្រឆាំង​បាន​ឈ្នះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នា​ថ្ងៃ​អាទិត្យ ទី១៩ មិថុនា។ តាម​លទ្ធផល​ផ្លូវការ​បណ្តោះអាសន្ន លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ទទួល​បាន​សំឡេង​គាំទ្រ ៥០,៤% ទល់​នឹង​គូប្រជែង​លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​ដែល​ទទួល​បាន ៤៧,៣១%។ នេះ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កូឡុំប៊ី​ដែល​មាន​ប្រធានាធិបតី​ម្នាក់​ចេញ​ពី​គណបក្សឆ្វេងនិយម។ តើ​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ជា​នរណា និង​ថា​តើ​មាន​ការងារ​ប្រឈម​អ្វី​ខ្លះ​ដែល​កំពុង​រង់ចាំ​លោក?។

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​មក​ពី​គណបក្សសង្គមនិយម​ដែល​ជា​គណបក្សប្រឆាំង​បាន​ឈ្នះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នា​ថ្ងៃ​អាទិត្យ ទី១៩ មិថុនា។
នៅ​ក្នុង​ប្រទេស​កូឡុំប៊ី លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​មក​ពី​គណបក្សសង្គមនិយម​ដែល​ជា​គណបក្សប្រឆាំង​បាន​ឈ្នះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នា​ថ្ងៃ​អាទិត្យ ទី១៩ មិថុនា។ AP - Fernando Vergara
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ផ្តើម​និយាយ​ពី​ប្រវត្តិរូប និង​ការងារ​ប្រឈម​របស់​ប្រធានាធិបតី​ថ្មី​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​​ដែល​ទើប​ជាប់​ឆ្នោត​ក្តៅៗ គេ​គួរ​និយាយ​បន្តិច​ពី​លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​ដែល​ជា​គូប្រជែង​ចាញ់​ឆ្នោត​របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ។ មាន​អាយុ ៧៧ឆ្នាំ លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​ជា​សេដ្ឋី​រក​ស៊ី​ខាង​អចលនទ្រព្យ និង​ជា​បេក្ខជន​គ្មាន​គ្រួសារនយោបាយ ឬ​និយាយ​ឲ្យ​ស្រួល​យល់ ជា​បេក្ខជន​ឯករាជ្យ​ដែល​មិន​ចេញ​ពី​គណបក្ស​ណា​មួយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​បាន​ទទួល​ការ​គាំទ្រ​ពី​ឥស្សរជន​នយោបាយ​ជើងចាស់​មួយ​ចំនួន ពិសេស​ពី​គណបក្សស្តាំនិយម​ដែល​បាន​កាន់​អំណាច​ដុះស្លែ​នៅ​កូឡុំប៊ី។

ឥឡូវ​នេះ កូឡុំប៊ី​បាន​បើក​ទំព័រ​សករាជ​ថ្មី និង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​នឹង​ការ​ឡើង​កាន់​អំណាច​របស់​គណបក្សឆ្វេងនិយម​ជា​ប្រវត្តិសាស្រ្ត។ មាន​អាយុ ៦២ឆ្នាំ និង​ជា​សេដ្ឋវិទូ​ម្នាក់ ប្រធានាធិបតី​ថ្មី​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ជា​អតីត​ឧទ្ទាម​ក្នុង​ក្រុម​ឧទ្ទាម​តូច​មួយ​ឈ្មោះ M១៩។ គឺ​ទើប​នៅ​ក្រោយ​ទម្លាក់​អាវុធ​ក្នុង​ឆ្នាំ ១៩៩០ ដែល​លោក​ប៉េត្រូ​បាន​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដោយ​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា ជា​សមាជិក​ព្រឹទ្ធសភា ជា​ចៅហ្វាយ​ក្រុង​បូហ្កូតា និង​ជា​សមាជិក​ព្រឹទ្ធសភា​ម្តង​ទៀត។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នេះ​ជា​លើកទី៣ ហើយ​ដែល​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​បាន​ឈរ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី។

ក៏​ដូច​ជា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចំនួន ២ដង​លើក​មុន​ដែរ គណបក្ស​ស្តាំនិយម រួម​ទាំង​បេក្ខជន​ឯករាជ្យ​លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​បាន​វាយប្រហារ​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ដោយ​ឆ្កឹះ​កកាយ និង​រម្លឹក​រឿង​អតីតកាល​ជា​ឧទ្ទាម​របស់​លោក​ប៉េត្រូ។ តែ​នៅ​ទីបំផុត គឺ​អតីត​ឧទ្ទាម​ដែល​ប្រជាជន​បាន​បោះឆ្នោត​ឲ្យ​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​លើកទី៣ របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​ដែល​គេ​អាច​ទាញ​ជា​មេរៀន​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​កូឡុំប៊ី​លើក​នេះ ទី១ មាន​ភាព​តានតឹង តែ​គ្មាន​អំពើហិង្សា​ធំដុំ និង​ទី២ គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ពេញ​មាត់​ពី​ជ័យជំនះ​របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ។ មុន​គេ គឺ​លោក​រ៉ូដុលហ្វូ អ៊ែរណង់ដេ​ដែល​ជា​គូប្រជែង។

បន្ទាប់​មក ប្រធានាធិបតី​ផុតអាណត្តិ​លោក​អ៊ីវ៉ង់ ឌុធ ហើយ​បន្ទាប់​មក​ទៀត គឺ​ឥស្សរជន​នយោបាយ​ស្តាំនិយម​ជា​ច្រើន​រូប ក្នុង​នោះ​ក៏​មាន​អតីត​ប្រធានាធិបតី​លោក​អាល់វ៉ារ៉ូ អ៊ុយរីបេ​ដែល​ជា​សត្រូវស៊ីសាច់​ហុត​ឈាម​នឹង​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ម្នាក់​ដែរ។ លើស​ពី​នេះ ការ​សាទរ​ចំពោះ​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ក៏​មាន​ពី​មជ្ឈដ្ឋាន​អ្នកជំនួញ រួម​ទាំង​ប្រធានាធិបតី​ទាំង​អស់​នៅ​អាមេរិកឡាទីន។ នេះ​ដោយ​មិន​រាប់​ពី​ការ​សាទរ​របស់​ប្រជាជន​កូឡុំប៊ី​ទូទៅ ពិសេស​ក្រុម​អ្នកគាំទ្រ​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ទេ។ គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី៧ សីហា​ទើប​រដ្ឋាភិបាល​ថ្មី​របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ចូល​កាន់​អំណាច​ជា​ផ្លូវការ។ តែ​មិន​ទាន់​អី​ផង លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​បាន​បោះ​ដៃ​រក​គ្រប់​គ្នា​ទាំង​អស់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

« វា​នឹង​មាន​តែ​ការ​គោរព និង​កិច្ចសន្ទនា។ ក្រុម​ប្រឆាំង​ទាំង​អស់​មិន​ថា​ខាង​ណា ឬ​ខាង​ណា​ទេ យើង​នឹង​បើក​ទ្វារ​ទទួល​ស្វាគមន៍។ ទាំង​អស់​គ្នា យើង​នឹង​ផ្សះផ្សា​ជាតិ​របស់​យើង​នៅ​ក្នុង​សន្តិភាព និង​ភាព​រីករាយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​នៅ​ក្រោយ​ការ​ជាប់​ឆ្នោត។ ពិត​ណាស់ លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ហាក់​កំពុង​ផ្តល់​ក្តីសង្ឃឹម​ច្រើន​ដល់​ប្រទេស និង​ប្រជាជន​កូឡុំប៊ី​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ដ៏​លំបាក។ ជាមួយ​នឹង​ការ​ជាប់ឆ្នោត​របស់​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ កូឡុំប៊ី​ហាក់​ទើប​ទទួល​បាន​នូវ​បំពង់​ខ្យល់​អុកស៊ីសែន​ថ្មី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​អាច​ឆ្លើយ​តប​នឹង​ក្តីសង្ឃឹម និង​ការ​រង់ចាំ​របស់​ប្រជាជន​បាន​កម្រិត​ណា​ទេ។

អ្វី​ដែល​គេ​អាច​និយាយ​បាន មាន​កិច្ចការ​ជា​ច្រើន និង​បញ្ហា​ប្រឈម​អាទិភាព​មួយ​ចំនួន​ដែល​កំពុង​រង់ចាំ​លោក។ ដំបូង​គេ គឺ​កាត់​បន្ថយ​វិសមភាព​សង្គម​រវាង​អ្នក​មាន និង​អ្នកក្រ​ដែល​មាន​គម្លាត​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សម័យ​កូវីដ១៩ ទប់ស្កាត់​កំណើន​អតិផរណា កាត់បន្ថយ​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ទីក្រុង និង​នៅ​តាម​ជនបទ រួម​ទាំង​បើក​ការ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ។ បន្ទាប់​មក លោក​ហ្គូស្តាវ៉ូ ប៉េត្រូ​ត្រូវ​ពង្រឹង​អំណាច​របស់​រដ្ឋ ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​ចូលនិវត្តន៍ និង​ពន្ធដារ ពិសេស​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​គ្រប់​ជាន់ថ្នាក់។ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ មុន​នឹង​វាយតម្លៃ​យ៉ាង​ណា​លើ​ការងារ​របស់​ប្រធានាធិបតី​ថ្មី​លោក​ហ្គូស្តាវ៉ូ ប៉េត្រូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ