អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិថាមពល៖ ស្រីលង្កាទំនងអស់ប្រេងឥន្ធនៈប្រើប្រាស់នៅប៉ុន្មានថ្ងៃខាងមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្រីលង្កាកំពុងជាប់ផុងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទុនបម្រុងអន្ដរជាតិរបស់ប្រទេសមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ក្នុងពេលជាមួយគ្នា បើយោងតាមការចេញផ្សាយរបស់កាសែត CNN ការស្តុកទុកប្រេងឥន្ធនៈរបស់ប្រទេសនេះនឹងអស់ក្នុងស្ដុក នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ប្រជាជនស្រីលង្កា​ឈរតម្រង់ជួរ​ចាំ​ទិញប្រេង នៅក្នុងរដ្ឋធានីកូឡុំបូ
ប្រជាជនស្រីលង្កា​ឈរតម្រង់ជួរ​ចាំ​ទិញប្រេង នៅក្នុងរដ្ឋធានីកូឡុំបូ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

យោងតាមការចេញផ្សាយរបស់កាសែត CNN ការស្តុកទុកប្រេងឥន្ធនៈរបស់ប្រទេសស្រីលង្កានឹងអត់មានក្នុងស្ដុក នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីថាមពល លោក Kanchana Wijesekera ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍មុននេះ។

ប្រទេសនេះក៏កំពុងរង់ចាំការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌា សម្រាប់ផ្ដល់កម្ចីថ្មីចំនួន ៥០០លានដុល្លារអាមេរិកសម្រាប់នាំចូលប្រេងឥន្ធនៈ។

ស្រីលង្កាមានប្រជាជនចំនួន២២លាននាក់ និងកំពុងជាប់ផុងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទុនបម្រុងអន្ដរជាតិរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

ជាភាសាបច្ចេកទេស ”ទុនបម្រុងអន្តរជាតិ” គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬលុយបរទេស ដូចជា លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ ទុនបម្រុងទាំងនេះមានសារសំខាន់ណាស់ សម្រាប់ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសម្រាប់នយោបាយហរិញ្ញវត្ថុផ្សេងៗ ជាឧទាហរណ៍ ដើម្បីប្រើប្រាស់ក្នុងការរក្សាតម្លៃលុយជាតិ ឬដើម្បីប្រើប្រាស់ក្នុងការចាយវាយផ្សេងៗរបស់រដ្ឋាភិបាលក្នុងពេលមានវិបត្តិ។

នាពេលបច្ចុប្បន្ន ស្រីលង្កាមាននៅសល់លុយដុល្លារអាមេរិកតិចតួចណាស់ និងមិនអាចចំណាយលើការនាំចូលទំនិញសំខាន់ៗ រួមមាន ស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។

ការខ្វះខាតប្រេងឥន្ធនៈកាន់តែមានកម្រិតធ្ងន់ធ្ងរបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសនេះកាន់តែអាក្រក់ទៅៗ ក្នុងប៉ុន្មានសប្តាហ៍នេះ។ គេអាចសង្កេតឃើញរថយន្ដតម្រុងជួរជាខ្សែបន្ទាត់ក្នុងប្រវែងរាប់គីឡូម៉ែត្រនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅទូទាំងប្រទេស ដើម្បីរង់ចាំទិញសាំង និងម៉ាស៊ូត។

ប្រេងឥន្ធនៈស្ដុក រួមមានប្រេងឥន្ធនៈសម្រាប់យានយន្ត សម្រាប់ឧស្សាហកម្មមួយចំនួន និងសម្រាប់វិស័យសេវាកម្មសំខាន់ៗ បានអស់ពីក្នុងស្ដុក។ កាល​ពី​មួយ​ខែ​មុន ​នាយក​រដ្ឋមន្ត្រីស្រីលង្កាធ្លាប់​បាន​និយាយ​ថា មាន​សាំង​គ្រប់គ្រាន់​សម្រាប់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ប្រទេសស្រីលង្កាមិនអាចរកប្រាក់ចំនួន ៧២៥លានដុល្លារអាមេរិក ដើម្បីបង់ប្រាក់ដែលហួសកាលកំណត់រួចហើយទៅឱ្យអ្នកផ្គត់ផ្គង់ទេ ហើយប្រទេសនេះក៏មិនអាចខ្ចីលុយបន្ថែម សម្រាប់ការនាំចូលថាមពលនៅថ្ងៃអនាគតបានទេ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីថាមពល។

រដ្ឋមន្ត្រីថាមពលបានប្រាប់អ្នកយកព័ត៌មានថា "យើងកំពុងតស៊ូដើម្បីទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយរដ្ឋាភិបាលកំពុងព្យាយាមគ្រប់គ្រងស្តុកប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈឱ្យបានរហូតដល់ថ្ងៃទី២១ ខែមិថុនា។ យើងកំពុងជួបការលំបាកខ្លាំងណាស់ ដើម្បីបំពេញតម្រូវការ ហើយស្តុកប្រេងឥន្ធនៈអាចអស់លឿនជាងនេះ ប្រសិនបើយើងមិនកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ និងមិនបញ្ឈប់ការបញ្ចេញស្តុកទុកប្រេងនោះទេ"។

លោក​បាន​បន្ថែម​ថា​ “​យើង​រំពឹង​ថា​នឹង​មាន​ការ​នាំចូល​ប្រេងបន្ថែម ​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ និង​ការ​នាំចូលម្ដងទៀត ​ក្នុង​រយៈពេល​ប្រាំបី​ថ្ងៃ​បន្ទាប់​”។

ស្រីលង្កាកំពុងរង់ចាំសេចក្តីបញ្ជាក់ជាផ្លូវការលើការផ្ដល់កម្ចីចំនួន៥០០លានដុល្លារអាមេរិកពីធនាគារ Exim Bank របស់រដ្ឋាភិបាលឥណ្ឌា។ កម្ចីនេះនឹងត្រូវប្រើប្រាស់ដើម្បីនាំចូលប្រេងឥន្ធនៈ សម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខ។

ប្រទេសឥណ្ឌាគឺជាប្រទេសជំនួយដ៏សំខាន់ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុបច្ចុប្បន្ននេះ ដោយបានផ្ដល់ជំនួយប្រហែល ៣ពាន់លានដុល្លារអាមេរិក រួមទាំងកម្ចី ១ពាន់លានដុល្លារអាមេរិក សម្រាប់ការនាំចូលទំនិញសំខាន់ៗ និងការផ្ដល់កម្ចីផ្សេងទៀតចំនួន ៤០០លានដុល្លារអាមេរិក។

ផ្អែកតាមមន្រ្ដីរដ្ឋាភិបាល ប្រទេសស្រីលង្កាក៏បានទាក់ទងទៅកាន់ប្រទេសជាច្រើន រួមទាំង រុស្ស៊ីផងដែរ ដើម្បីពិភាក្សាអំពីជម្រើសនៃការនាំចូលប្រេងឥន្ធនៈ សម្រាប់ការផ្គត់ផ្គង់ ក្នុងរយៈពេលជាច្រើនខែ។

ប្រទេសនេះក៏កំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ការស្នើកញ្ចប់ថវិកាសង្គ្រោះ ហើយគណៈប្រតិភូរបស់ស្ថាប័ននេះរំពឹងថានឹងមកដល់ប្រទេសស្រីលង្កា នៅថ្ងៃទី២០ ខែមិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ