អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោកឌុយទែរតេ ​អាចនឹង​ត្រូវបាន​តុលាការ​កាត់ទោស​ ស្តី​ពីការសម្លាប់​មនុស្ស​​​​ក្នុង​​ប្រតិបត្តិការ​​ប្រឆាំង​គ្រឿងញៀន​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍ទី៣០មិថុនា លោកឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន នឹងត្រូវចប់អាណត្តិហើយ។ អាណត្តិ​៦ឆ្នាំ របស់​លោកឌុយទែរតេ ត្រូវបាន​គេ​ចងចាំយ៉ាងច្បាស់ ជាមួយនឹង​ប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀន ដ៏​ខ្លាំងដៃបំផុត។ មនុស្សជាច្រើនពាន់នាក់ ត្រូវបាន​សមត្ថកិច្ចហ្វីលីពីន ​បាញ់សម្លាប់ឆៅៗ។ ​អង្គការសិទ្ធិមនុស្ស​ខ្លះ បានចាត់ទុកថា វាជាការប្រហារជីវិតមនុស្ស​ ក្រៅប្រព័ន្ធច្បាប់ ខណៈអ្នកជំនាញ​ខ្លះទៀត​ អះអាងថាសកម្មភាព​សំលាប់មនុស្ស​រាប់ពាន់នាក់ ដែល​ត្រូវបាន​បញ្ជាដោយ​លោក​ឌុយទែរតេនេះ គឺជាឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ។

ថ្ងៃទី ១៩ មេសា ២០១៨ ៖ លោក​ប្រធានាធិបតី​ ឌុយទែរតេ កាន់កាំភ្លើងយន្តអួតបង្ហាញ ប្រាប់ទៅក្រុមសមត្ថកិច្ចដែល​លោក​បញ្ជា ឲ្យចុះទៅបង្ក្រាប​គ្រឿងញៀន។
ថ្ងៃទី ១៩ មេសា ២០១៨ ៖ លោក​ប្រធានាធិបតី​ ឌុយទែរតេ កាន់កាំភ្លើងយន្តអួតបង្ហាញ ប្រាប់ទៅក្រុមសមត្ថកិច្ចដែល​លោក​បញ្ជា ឲ្យចុះទៅបង្ក្រាប​គ្រឿងញៀន។ AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

ស្លាប់ចន្លោះ ១២០០០ ទៅ ៣០០០០នាក់

មនុស្សជាច្រើន នៅចាំមិនទាន់ភ្លេចទេ នូវប្រតិបត្តិ​បង្ក្រាបគ្រឿងញៀន ដ៏ខ្លាំងក្លាបំផុត បញ្ជាដោយ​លោក​ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ។ ប្រតិបត្តិការ​ដែល​លោក​ប្រធានាធិបតីរូបនេះ បានឃោសនា និង​សន្យាថាដើម្បី​លាងសំអាត​ហ្វីលីពីន ពីជំងឺគ្រឿងញៀន។ នគរបាល កងប្រដាប់​អាវុធពិសេស បាន​ទទួល​បញ្ជាឲ្យចុះបង្ក្រាប ចាប់ឃាត់ខ្លួន ឬបាញ់សម្លាប់ បើជនណាហ៊ានតដៃ​រឹងទទឹង មិនថាជននោះមានគ្រឿងញៀនជាប់ខ្លួន ​ក្នុងកម្រិតប៉ុណ្ណាក៏ដោយ​។

ដោយ​មានការជំរុញ លើកទឹកចិត្តពីលោក​ឌុយទែរតេ សមត្ថកិច្ចហ្វីលីពីន បាន​បើក​ប្រតិបត្តិចុះបង្ក្រាប ចំនួន​២សែនករណី។ ប្រតិបត្តិការ​ដែល​បានចាប់​ផ្តើម នៅ​រវាង​ខែកក្កដា ឆ្នាំ​២០១៦នេះ បានផ្តាច់ជីវិតមនុស្ស​ចំនួន ៦១៨១នាក់។ នេះបើ​ផ្អែកតាមតួលេខផ្លូវការរបស់​រដ្ឋាភិបាលហ្វីលីពីន​។

សាកសពបុរស​ម្នាក់ ដែលត្រូវបាន​សមត្ថកិច្ចហ្វីលីពីនបាញ់សម្លាប់ ក្នុងប្រតិបត្តិការចុះបង្ក្រាប​គ្រឿងញៀន។ ក្រុងម៉ានីល ថ្ងៃទី ១៧ សីហា ២០១៧
សាកសពបុរស​ម្នាក់ ដែលត្រូវបាន​សមត្ថកិច្ចហ្វីលីពីនបាញ់សម្លាប់ ក្នុងប្រតិបត្តិការចុះបង្ក្រាប​គ្រឿងញៀន។ ក្រុងម៉ានីល ថ្ងៃទី ១៧ សីហា ២០១៧ AP - Bullit Marquez

ក៏ប៉ុន្តែ​​ យោងតាមឯកសារ​ស្រាវជ្រាវ ប្រមូលផ្តុំដោយ​ក្រុមការងារ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ទីក្រុងឡាអេ គឺយ៉ាងហោចណាស់ អាចមានមនុស្សស្លាប់ ចន្លោះពី ១២០០០ ទៅ ៣០០០០​នាក់។ អង្គការសិទ្ធិមនុស្ស​ជាច្រើន ដែល​បានតាមដាន​ស្ថានការណ៍នេះ បានចាត់ទុកថាវាជា​ការសម្លាប់​មនុស្ស​ក្រៅប្រព័ន្ធច្បាប់ ក្នុងទ្រង់ទ្រាយ​ធំ ដោយភាគច្រើនលើសលុប ជនរងគ្រោះត្រូវគេបាញ់​សម្លាប់ ដោយ​គ្រាន់តែត្រូវគេសង្ស័យថា មានថ្នាំញៀនជាប់ខ្លួន​។​

ប្រធានាធិបតី​ថ្មីកាន់ជើង

កន្លងមក​ លោកឌុយទែរតេ ត្រូវបាន​ការពារដោយ​អភ័យ​ឯកសិទ្ធិ។ តែ​លុះដល់​លោកត្រូវចប់អាណត្តិ​ ចាប់ពីថ្ងៃទី១កក្កដា​ខាងមុខនេះទៅ សេចក្តីសង្ឃឹមថានឹងមាន​ការចោទប្រកាន់ និង​ផ្តន្ទាទោស​លោក​​ឌុយទែរតេ កាន់តែគ្មានពន្លឺទៅវិញ។ សម្រាប់​ប្រជាជនហ្វីលីពីន ដែល​មិនបាន​រងគ្រោះ ដោយ​ប្រតិបត្តិការបាញ់សំលាប់ឆៅៗកន្លងមក គឺលោក​ឌុយទែរតេ នៅតែមានប្រជាប្រិយភាពខ្ពស់​។ ប្រជាជនហ្វីលីពីនមួយចំនួនធំ គាំទ្រចំពោះ​​ដំណោះស្រាយ​ធម៌ក្តៅ ដែល​លោក​ឌុយទែរតេ​ បាន​បញ្ជា​ដើម្បី​បោសសំអាត​គ្រឿងញៀន។

ជាងនេះទៀត រដ្ឋាភិបាលថ្មី ដែល​នឹង​មក​បន្តការងារ​ បាន​ប្រកាសជំហររួចហើយ ថាគេ​គាំទ្រ​លោក​ឌុយទែរតេ ព្រមទាំងគាំទ្រចំណាត់ការកន្លងមករបស់​គាត់ ក្នុងការបោសសំអាតគ្រឿងញៀន។ លោកប្រធានាធិបតីថ្មី ឈ្មោះហ្វែរឌីណង់ ម៉ារកូស ជូញ៉រ បានរួម​សហការ​ជាមួយ​​ក្រុម​របស់​លោកឌុយទែរតេ ដើម្បី​បានឈ្នះឆ្នោត។ រីឯកៅអី​អនុប្រធានាធិបតីថ្មី បានធ្លាក់ទៅ​លើ​លោកស្រី សារ៉ា ឌុយទែរតេ ដែលជាកូនស្រីរបស់​លោកឌុយទែរតេ។​ រដ្ឋាភិបាលហ្វីលីពីនថ្មី បានប្រកាសហើយ ថាខ្លួន​នឹងមិនសហការជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិទេ​ ព្រោះហ្វីលីពីន បានចាកចេញ ឈប់ធ្វើជាសមាជិក​តុលាការនេះហើយ តាំងតែពី​ឆ្នាំ​២០១៩ម្លេះ។​

បណ្តឹងមុខតុលាការហ្វីលីពីន ដែលពិបាកសង្ឃឹម​

ដោយរងសំពាធពីអង្គការសហប្រជាជាតិ និងពី​សហគមន៍​អន្តរជាតិផង កន្លងមក​ រដ្ឋាភិបាលហ្វីលីពីន បានយល់ព្រមពិនិត្យ​ឡើងវិញ នូ​វករណី​ប្រតិបត្តិការចំនួនប្រមាណ​​​៣០០​ករណី ដែលជាករណី​ចុះបង្រ្កាប ​ហើយ​ឈានទៅមាន​ការស្លាប់​មនុស្ស​។​ កាលពីខែតុលាឆ្នាំ​មុន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាគេបានរកឃើញ ៥២ករណី ដែលការប្រើកម្លាំងដើម្បីការពារខ្លួនរបស់សមត្ថកិច្ច ត្រូវគេសង្ស័យថាមិនត្រឹមត្រូវ​។​

គួរកត់សំគាល់ដែរថា គិតមកត្រឹមពេលនេះ មាន​តែ​៥ករណីប៉ុណ្ណោះ ដែលបានឈានទៅដល់​ការ​ចោទប្រកាន់ជាផ្លូវការ។ ក្រុមមេធាវីតំណាងគ្រួសារជនរងគ្រោះ បានអះអាងថា គេនឹងដាក់ពាក្យ​ប្តឹងលោកប្រធានាធិបតីឌុយទែរតេ នៅចំពោះមុខតុលាការហ្វីលីពីន​ ក្រោយ​ពេល​លោក​ចប់អាណត្តិ​នៅថ្ងៃទី​៣០មិថុនា។ លោក Edre Olalia ប្រធាន National Union of Lawyers ដែលជាសមាគមមេធាវីសិទ្ធិមនុស្ស​​មួយ​នៅហ្វីលីពីន បាន​លើកឡើងថា ទោះការ​សង្ឃឹមឈ្នះក្តី វាមាន​តិចតួចយ៉ាងណាក៏ដោយ តែវាជារឿងចាំបាច់ណាស់ ដែលត្រូវតែដាក់ពាក្យ​ប្តឹង ដើម្បីស្វែងរកយុត្តិធម៌​ជូន​ជនរងគ្រោះ។

បាតុការហ្វីលីពីន ទាមទារឲ្យ​បញ្ឈប់​សកម្មភាព​បាញ់សម្លាប់ដ៏សាហាវព្រៃផ្សៃ ក្នុងប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន។ ទីក្រុងម៉ានីល ថ្ងៃ១២ មិថុនា ២០១៧
បាតុការហ្វីលីពីន ទាមទារឲ្យ​បញ្ឈប់​សកម្មភាព​បាញ់សម្លាប់ដ៏សាហាវព្រៃផ្សៃ ក្នុងប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន។ ទីក្រុងម៉ានីល ថ្ងៃ១២ មិថុនា ២០១៧ AP - Bullit Marquez

ដោយឡែក លោកស្រី Leila de Lima សមាជិក​ព្រឹទ្ធសភាហ្វីលីពីន​ និងជា​អ្នកតែងតែចេញមុខប្រឆាំងរិះគន់​លោកឌុយទែរតេនោះ បាន​លើកឡើងថា អ្វីដែលជាឧបសគ្គធំ ក្នុងការ​ដាក់ពាក្យ​ប្តឹង គឺ​វត្តមាន​របស់​អាជ្ញាកណ្តាលម្នាក់ ដែលស្និទ្ធនឹងលោក​ឌុយទែរតេ។ រាល់ពាក្យបណ្តឹងទាំងអស់ ដែលប្តឹងចោទលោកឌុយទែរតេ ពាក់ព័ន្ធនឹងករណីសម្លាប់​មនុស្សក្រៅប្រព័ន្ធតុលាការ គឺមានតែអាជ្ញាកណ្តាល​រូបនេះម្នាក់គត់ ដែលមាន​សិទ្ធិសម្រេចអនុញ្ញាត។ អាជ្ញាកណ្តាលរូបនេះ បានទទួលតំណែងនេះ ក៏ដោយសារលោកឌុយទែរតេ​។ សម្រាប់លោកស្រី Leila de Lima បើទោះបី​លោកឌុយទែរតេ អស់បុណ្យសក្តិ៍ក៏ដោយ ក៏មនុស្ស​នេះ នឹង​នៅតែបន្តគោរពខ្លាចលោកឌុយទែរតេដែរ។

សង្ឃឹមចុងក្រោយ​ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ​

លោក Carlos Conde អ្នកស្រាវជ្រាវម្នាក់នៃអង្គការ Human Rights Watch បានលើកឡើងថា នៅសល់តែ​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេទេ ដែលជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ។

គួររំលឹកថា កាលពីខែកញ្ញាឆ្នាំទៅមិញ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចាប់ផ្តើម​បើកការ​ស៊ើប​អង្កេត ស្តីពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែល​អាចកើតឡើងក្នុងប្រតិបត្តិការបោសសំអាតគ្រឿងញៀន នៅហ្វីលីពីន។ បានតែ២ខែ ស្រាប់តែការស៊ើបអង្កេតនេះ ត្រូវបានព្យួរវិញ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន​​បានទាមទារ និងអះអាងថាភាគី​ខ្លួនកំពុងតែបើកការស៊ើបអង្កេតរួចហើយ លើសំណុំរឿងនេះ។​ សម្រាប់លោក Carlos Conde ការពិតគឺរដ្ឋាភិបាល​ហ្វីលីពីន មានបំណងបោកបញ្ឆោត បំភ័ន្តភ្នែកសហគមន៍​អន្តរជាតិ និងតុលាការក្រុងឡាអេតែប៉ុណ្ណោះ ដើម្បីចំណេញ​ពេល​វេលា បំបាត់រាល់ភស្តុតាងនានា។​

នៅទីបំផុត កាលពីថៃសុក្រទី ២៤មិថុនាថ្មីៗនេះ លោក ការីម ខាន់ អគ្គរដ្ឋអាជ្ញាថ្មីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសថាលោក​នឹង​បើកការស៊ើបអង្កេតឡើងវិញ ក្នុងពេលឆាប់ៗនេះ ព្រោះ​ការទាមទាររបស់ហ្វីលីពីន គឺមិនសមហេតុផលទេ។​ តុលាការក្រុងឡាអេ បានអះអាងថាខ្លួន​នៅតែមានអំណាចយុត្តាធិការ ទោះបី​ហ្វីលីពីនលែង​ជាសមាជិកក៏ដោយ។ តែយ៉ាងណា លោកឌុយទែរតេ បានអះអាងហើយ ថាលោក​មិនសហការក្នុងការស៊ើបអង្កេតនេះទេ។ បើទោះបីជាតុលាការក្រុងឡាអេ អាចប្រមូលភស្តុតាង​បានគ្រប់ តែតុលាការនឹងមិនអាចបើកសវនាកា ដោយ​កំបាំង​​មុខបានឡើយ​។​

ក្រុមគ្រួសារជនរងគ្រោះស្លាប់ដោយ​ការបង្ក្រាប​គ្រឿងញៀន​ ដាក់រូបថតនិងអុជទៀនរួមគ្នា និងអំពាវនាវឲ្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្សបើកការស៊ើប​អង្កេត។ ម៉ានីល ថ្ងៃទី ៩ កក្កដា ២០១៩
ក្រុមគ្រួសារជនរងគ្រោះស្លាប់ដោយ​ការបង្ក្រាប​គ្រឿងញៀន​ ដាក់រូបថតនិងអុជទៀនរួមគ្នា និងអំពាវនាវឲ្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្សបើកការស៊ើប​អង្កេត។ ម៉ានីល ថ្ងៃទី ៩ កក្កដា ២០១៩ AP - Bullit Marquez

ឱកាសនិយាយរៀបរាប់ការពិត

ដោយឡែក លោក​ Ruben Carranza អ្នកជំនាញ​ច្បាប់ម្នាក់ នៅមជ្ឈមណ្ឌលអន្តរជាតិ ដើម្បីយុត្តិធម៌អន្តរប្រទេស ដែលមានទីតាំងនៅក្រុងញូយ៉ក បាន​លើកឡើងថា វាមាន​ជម្រើសមួយទៀត គឺការ​បង្កើត​ « គណកម្មការពិសេសដើម្បីស្វែងរកការពិតក្រៅ​ផ្លូវការ »។

អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ ​ក្នុងករណី​ទាមទារត្រឡប់មកវិញ នូវទ្រព្យ​សម្បត្តិ​ជាតិ​​ ដែល​ក្រុមគ្រួសារ​អតីតប្រធានាធិបតី​ផ្តាច់ការហ្វីលីពីន ម៉ារកូស បាន​លួចទៅនោះ បាន​អះអាងថា គណកម្មការពិសេសនេះ អាចជាវេទិកាអនុញ្ញាតឲ្យ​ក្រុម​គ្រួសារជនរងគ្រោះ បរិយាយរៀបរាប់ពី​អ្វីដែលពួកគេបានឆ្លងកាត់ ជាមួយ​នឹងប្រតិបត្តិ​ការបង្ក្រាបគ្រឿងញៀន របស់​លោកឌុយទែរតេ។ សម្រាប់​លោក​Ruben Carranza នៅក្នុងប្រទេសមួយដូចជាហ្វីលីពីន ឱកាសនិយាយរៀបរាប់ការពិតមានមិនច្រើននោះទេ ដូច្នេះពេលណាអាចធ្វើបាន គឺត្រូវតែធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ