អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាល់​ហ្សេរី ប្រារព្ធ​ខួប​៦០ឆ្នាំ នៃបុណ្យ​ឯករាជ្យ​ជាតិ​ ចេញពីក្រោមនឹម​អាណានិគម​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៥កក្កដា   ប្រទេស អាល់ហ្សេរី ប្រារព្ធពិធី​បុណ្យឯករាជ្យជាតិ គម្រប់៦០ឆ្នាំ ដែល អាល់ហ្សេរី បានប្រកាស​ឯករាជ្យ​ជាតិ ចេញ​ពីនឹម​​អាណានិគមបារាំង​ ក្នុងថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២។ ប្រទេស​អាល់ហ្សេរី បានឋិត​ក្រោម​ការ​​ត្រួតត្រា​របស់​បារាំងយូរ​ជាង​គេ គឺ​ជាង​១៣០ឆ្នាំ​ និង​ដែល​បាន​រើសបម្រះ​ងើប​ចេញ​ពី​នឹម​អាណានិគម ដោយ​ការ​​តស៊ូ​ប្រយុទ្ធ​បង្ហូរឈាម។ ស្លាកស្នាម​នៃការ​ងើប​បះបោរ​នេះ គឺនៅតែបន្ត​ជា​ដំបៅអនុស្សាវរីយចាស់ដែលនៅតែបន្តឈឺចាប់ រហូត​ដល់​សព្វថ្ងៃ និងដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​បារាំង​-អាល់ហ្សេរី ជួប​រឿង​ល្អក់​កករ​ច្រើន​។​ 

ប្រទេស អាល់ហ្សេរី ប្រារព្ធពិធី​បុណ្យឯករាជ្យជាតិ គម្រប់៦០ឆ្នាំ ដែល អាល់ហ្សេរី បានប្រកាស​ឯករាជ្យ​ជាតិ ចេញ​ពីនឹម​​អាណានិគមបារាំង​ ក្នុងថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២។
ប្រទេស អាល់ហ្សេរី ប្រារព្ធពិធី​បុណ្យឯករាជ្យជាតិ គម្រប់៦០ឆ្នាំ ដែល អាល់ហ្សេរី បានប្រកាស​ឯករាជ្យ​ជាតិ ចេញ​ពីនឹម​​អាណានិគមបារាំង​ ក្នុងថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២។ © RFI/AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ខួប​​៦០ឆ្នាំ​ចេញពី​​អាណានិគម​បារាំង គឺ​ប្រទេស​ អាល់ហ្សេរី បាន​ធ្វើ​​ក្បួនដង្ហែ​​ព្យុះហយាត្រា​យោធា យ៉ាង​ធំ​សម្បើម​ មិន​ធ្លាប់​មាន​ ហើយ​បាន​​បោះពុម្ពផ្សាយ​ក្រដាស​ប្រាក់​ថ្មី សម្រាប់​អបអរ​ឱកាស​ខួប​៦ទសវត្សរ៍​ នៃ ​ឯករាជ្យ​ជាតិ​ នេះផង​។  មិនតែប៉ុណ្ណោះ អាល់ហ្សេរី បានទទួល​ស្វាគមន៍​វត្តមាន​ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋ​និង​ប្រធានាធិបតីប្រទេស​ជាច្រើន ដូចជា ​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន, ប្រមុខរដ្ឋ​ទុយនេស៊ី, ប្រធានាធិបតី​នីហ្សេ​ ក៏​បាន​មកចូលរួម​អបអរ​សាទរដែរ​។

ប្រមុខរដ្ឋ​អាល់ហ្សរី លោក Abdelmadjid Tebboune បាន​យកឱកាស​នេះ ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​ចលនា​ប្រឆាំង បក្សជំទាស់​ សង្គម​ស៊ីល និង​សហជីព ជាពិសេស​គឺបាន​យកចិត្ត​ចលនា​គាំទ្រ​លិទ្ធប្រជាធិបេយ្យ ហ៊ីរ៉ាក់ (Hirak)។ ចលនា ធ្លាប់​​ធ្វើ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល ជា​​រៀងរាល់​សប្តាហ៍​ ចន្លោះ​ឆ្នាំ ២០១៩ និង​២០២១​ ​​ប្រឆាំង​នឹង​ប្រធានាធិបតី​ចាស់ ប្រឆាំង​នឹង​អំណាច​ពោរពាស​នៃក្រុម​យោធា ហើយ​នឹង​ទាមទារ​កំណែ​ទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច ជាដើម។​

ទំនាក់ទំនង​បារាំង-អាល់ហ្សេរី​

ក្នុង​ឱកាសនេះ ប្រធានាធិបតីបារាំង​ លោក​ អេម៉ានុយអែល ម៉ាក្រុង បាន​រំលឹក​ផ្ញើសារ​ថ្លែង​សម្រួល​ផ្លូវ​ទូត និង​បាន​បញ្ជាក់​ពីការ​រឹតចំណង​កម្តៅ​ទំនាក់ទំនាក់​ទ្វេភាគី​ឡើងវិញ ដែល​បើតាម​លោក​ ម៉ាក្រុង ចំណង​ទាក់ទង​អាល់ហ្សេរនិងបារាំង ​រឹង​មាំខ្លាំង​ស្រេច​ទៅហើយ។

លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវ​គេ​មើលឃើញថា បានដើរ​​តួសម្របសម្រួល​ច្រើន​ក្នុង​ទំនាស់​ចាស់​ជាមួយ​អាល់ហ្សេរី។ ពីព្រោះថា អាល់ហ្សេរី ទាមទារឯករាជ្យ​ដោយ​កម្លាំង​តស៊ូ ដែល​ត្រូវ​រង​ការ​បង្គ្រាប​ពី​ទាហាន​បារាំង ស្លាប់​មនុស្ស​ច្រើន​ពាន់នាក់។  ​ក្នុងឆ្នាំ ២០១៧  មុនជាប់ឆ្នោតជាប្រធានាធិបតី លោកម៉ាក្រុងប្រកាសក្នុងទីក្រុងអាល់ហ្សេ ដោយហ៊ានចាត់ទុកអាណានិគមបារាំងលើអាល់ហ្សេរី ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៀត​ផង​។

ក្នុងការ​ប្រារព្ធបុណ្យឯករាជ្យ នៅអាល់ហ្សេរី ​ខួប​៥៨ឆ្នាំ គឺកាល​ពី​២ឆ្នាំមុន បារាំងក្រោម​អាណត្តិ​របស់​លោក ម៉ាក្រុង​ បានប្រគល់​លលាដ៏ក្បាលសពជនជាតិអាល់ហ្សេរី ២៤នាក់ ដែល​សុទ្ធសឹងជាអ្នកតស៊ូនៅក្នុងសង្រ្គាមដណ្តើមឯករាជ្យពីបារាំង។ សព​ទាំង២៤នាក់ ត្រូវ​ទាហានបារាំង ចាប់ជាឈ្លើយសឹក បាញ់សម្លាប់​និងកាត់ក្បាល បញ្ជូនទៅរក្សាទុក នៅ​សារៈមន្ទីរក្រុងប៉ារីស។ លលាដ៏ក្បាលសពជនជាតិអាល់ហ្សេរី ទាំងនោះ ត្រូវទាហានបារាំងក្នុងសម័យអាណានិគម ចាត់ទុកជា«ពានរង្វាន់សង្រ្គាម»។

ទោះយ៉ាងនេះក្តី នៅមាន​សំណុំ​រឿង​ចាស់​ណាស់ជាច្រើន ដែល​ ពលរដ្ឋ​អាល់ហ្សេរី សព្វ​ថ្ងៃ​ ចង់បានការពន្យល់បកស្រាយពីបារាំង តួយ៉ាង ទី១ ការសម្លាប់​ពលរដ្ឋអាល់ហ្សេរីនៅតំបន់ Sétif និង Constantinois ក្នុងឆ្នាំ ១៩៤៥ ទី២ ការបាត់ខ្លួនជនជាតិអាល់ហ្សេរីជាង ២ ០០០នាក់ ក្នុងសង្រ្គាមដណ្តើមឯករាជ្យ ចន្លោះឆ្នាំ ១៩៥៤ និង ១៩៦២ ហើយ​និងទី៣ សំណល់ចំហាយនៃការសាកល្បងនុយក្លេអ៊ែរបារាំង នៅតំបន់សាហារ៉ា អាល់ហ្សេរី ដែល​បន្តឲ្យ​ពលរដ្ឋអាល់ហ្សេរីរងគ្រោះ។

ដូច្នេះហើយ ទើប​ក្នុង​ខួប​៦០ឆ្នាំនេះ​ លោក Salah Goudjil ប្រធានសភាជាន់ខ្ពស់​ អាល់ហ្សេរី និងជា​អតីតអ្នក​តស៊ូ​រំដោះជាតិ​ម្នាក់ដែរ​ បាន​ថ្កោលទោស ​បារាំង​​ ថា ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកិច្ច​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​វប្បធម៌​និង​អត្តសញ្ញាណជាតិ​​អាល់ហ្សេរី។ លោកបន្ថែម​ថា យើង​មិន​អាច​បំភ្លេច​ ឬ លុប​ចោល​អតីតកាល​ បាន​ទេ ទោះបី​ជា​ធ្វើ​ម្តេច​ក៏ដោយ​។​ ​​

ទិដ្ឋភាព​សេដ្ឋកិច្ច

បើ​ទោះបី​ជា ​​៦០ឆ្នាំ​ ក្រោយ​ចេញពី​​អាណានិគម​បារាំងក៏ដោយ​ ក៏​ អាល់ហ្សេរី នៅ​មាន​បញ្ហា​នយោបាយ អំពើពុករលួយ​ និង​ការ​រំលោភ​អំណាច​ពី​សំណាក់​យោធា ច្រើន​នៅឡើយ។ ចំណែក​វិស័យ​សេដ្ឋកិច្ច ក៏នៅទន់ខ្សោយ​ខ្លាំង។ ​ក្រុម​អ្នកវិភាគ​ស្ថានការណ៍​ប្រទេស​អាល់ហ្សេរី បាន​មើល​ឃើញថា ប្រទេស​នេះ​នៅ​មាន​បញ្ហាធំ​ខាង​ការិយាធិបតេយ្យ ​ ការ​ប្រមូល​ពន្ធ​ជួប​បញ្ហា​ និង​កង្វះ​យុទ្ធសាស្ត្រ​ឧស្សាហកម្ម។ សេដ្ឋកិច្ច អាល់ហ្សេរី ​​ពឹង​ផ្អែក​ច្រើន​លើ​ធនធាន​ប្រេង​និងឧស្ម័ន​ ពិសេស អ៊ីដ្រូកាបូន នាំចេញដែល​វា​ស្មើ​នឹង​៩៥%​នៃការ​នាំចេញ​របស់​អាល់ហ្សេរី ហើយ​ជាប្រភព​ចំណូល​ជាង​៥០%​ សម្រាប់​ថវិកាជាតិ ដែលត្រូវគេ​មើលឃើញថា ជា​កង្វះ​ពិពិធកម្ម​សេដ្ឋកិច្ច។ រីឯការ​វិនិយោគបរទេស គឺ​​មាន​លក្ខខណ្ឌ​តឹងតែង​ចំពោះ​ឈ្មួញ​បរទេស​។ ជាក់ស្តែង តាមច្បាប់​អាល់ហ្សេរី ​តម្រូវ​ឲ្យ​ជន​បរទេស​ មាន​ភាគហ៊ុន​តែ​៤៩%​ប៉ុណ្ណោះ​ នៅក្នុង​ក្រុម​ហ៊ុន​។

ចំពោះកម្សោយ​មួយ​ទៀត គឺការ​ប្រើប្រាស់មិន​អស់​លទ្ធភាព​ចំពោះ​វិស័យ​​ធនធានមនុស្ស។ តាម​ពិត​ទៅ យុវ​ជន​អាល់ហ្សេរី បាន​ទទួល​ការ​អប់រំ​រៀនសូត្រ​បាន​ច្រើន​សមគួរ តែ​ពួក​គេ​លំបាក​ចូល​ទីផ្សារការងារ និង​កន្លែង​ដែល​មាន​តួនាទី​សម្រេចចិត្ត​​សំខាន់ៗ​ ពោល​គឺត្រូវ​ក្រុម​អ្នក​នយោបាយចាស់វស្សា​​និងក្រុម​​យោធា ​រឹតត្បិត។ តាម​ទិន្នន័យឆ្នាំ២០២១ ​របស់​ធនាគារពិភពលោក គឺ​ យុវជន​អាល់ហ្សេរី អាយុក្រោម​២៤ឆ្នាំ​ មាន​ចំនួន​៣២%  ដែល​អត់​ការងារ​ធ្វើ​។​

ជារួម ៦ទសវត្សរ៍​កន្លងទៅហើយ ដែល​រួច​ផុត​ពីនឹម​អាណានិគម​បារាំង ​ប៉ុន្តែ ​ប្រទេស​អាល់ហ្សេរី​ នៅមាន​កិច្ចការជា​ច្រើន​ទៀត ដែល​ត្រូវ​​​​ធ្វើ ដើម្បី​ឲ្យ​ស្រប​តាម​បដា​ថ្មី ​ដែល​ជនជាតិ ​អាល់ហ្សេរី ខ្លួន​ឯង ចង់បាន​ នោះ​គឺ «ឯករាជ្យ​ជាតិ និង​ឯករាជ្យ​ប្រជាជន»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ