អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​ស្រូវសាលី​កំពុង​គំរាមកំហែង​សន្តិសុខស្បៀង​ពិភព​លោក​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្រូវសាលី​ គឺមាន​ប្រទេស​ជាច្រើន​លើសពិភពលោក​​ ដែល​ប្រើប្រាស់​ និង ​កែឆ្នៃ​សម្រាប់​ទទួល​ទាន ប៉ុន្តែ មាន​ប្រទេស​ ប្រមាណ​តែ​ជាង​១០ប៉ុណ្ណោះ ដែល ​ដាំ ​និង ​ផលិត​សម្រាប់​នាំ​ចេញ។ វិបត្តិ​កូវិដ​១៩ ដែល​អូស​បន្លាយ​ជាច្រើន​សិប​ខែ បូក​រួមទាំង​​គ្រោះ​រាំង​ស្ងួត​នៅ​ប្រទេសដាំស្រូវសាលី ហើយ​ជាពិសេស​ វិបត្តិ​សង្គ្រាម​ឈ្លាន​រុស្ស៊ី​នៅ​អ៊ុយក្រែន គឺបង្ក​ឲ្យ​មាន​វិបត្តិ​ស្រូវសាលី និង​​ដែល​កំពុង​គំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខស្បៀង​ពិភព​លោក​។ ​ថ្មីៗនេះទៀត អង្គការសហប្រជាជាតិ បានប្រកាសថា ​មនុស្សច្រើនជាង ២០០ លាននាក់ នៅលើពិភពលោក អាចនឹងរងគ្រោះ​ទុរ្ភិក្ស អត់បាយ-ដាច់ស្បៀង​។ 

វិបត្តិ​ស្រូវសាលី​កំពុង​គំរាមកំហែង​សន្តិសុខស្បៀង​ពិភព​លោក​?
វិបត្តិ​ស្រូវសាលី​កំពុង​គំរាមកំហែង​សន្តិសុខស្បៀង​ពិភព​លោក​? © AFP/Ashraf Shazly
ផ្សាយពាណិជ្ជកម្ម

​ប្រទេស​ជាច្រើនលើពិភពលោក ដែល​​ប្រើប្រាស់ ស្រូវសាលី សម្រាប់ធ្វើ​ម្ស៉ៅ ឬ​ធ្វើ​នំប៉័ង ជាដើម​។ នៅ​អឺរ៉ុប​ អ៊ីតាលី នាំចូល​ស្រូវសាលី​ច្រើ​នជាង​គេ ព្រោះ​ដើម្បីធ្វើ​ Pizza  ឬ Spaghetti ។ល។  បន្ទាប់​មក ប្រទេស​ប្រើ​ប្រាស់​ធំ​បន្ទាប់​ពី​អ៊ីតាលី​ គឺ ទុយនីស៊ី នៅទ្វីបអាហ្វ្រិក។

ផ្ទុយទៅវិញ​ ប្រទេស​​​មិនច្រើន​ទេ ​ដែល​ដាំនិង​ផលិត​ស្រូវ​សាលី។ ហើយ​ប្រទេសដែល​ដាំ​និង​ផលិត​ស្រូវសាឡីទៀតសោត​ ក៏​ធ្វើ​ដើម្បីតែ​តម្រូវ​ការ​ក្នុងស្រុក និង​​​​នាំ​ចេញ​ដោយ​ត្បិតត្បៀត​បំផុត ព្រោះ​ដើម្បី​ទុក​បំពេញ​តម្រូវការ​ស្បៀង​ក្នុង​ស្រុក​ខ្លួន​ដែរ។ ជាក់​ស្តែង​ ប្រទេស​ចិន គឺជា​ប្រទេស​ផលិត​ស្រូវសាលី​ធំជាង​គេ​លើលោក តែ ​ចិន ​ក៏​នាំ​ចូល​ស្រូវសាលី​ថែមដែរ ដើម្បីចិញ្ចឹម​ប្រជា​ពលរដ្ឋ​ខ្លួន ប្រមាណ​១,៤ពាន់​លាន​នាក់។

ឥណ្ឌា ​ផលិត​ស្រូវសាលីដែរ ប៉ុន្តែ ឥណ្ឌា ទើប​តែ​ប្រកាស​ផ្អាក់​នាំចេញ​ស្រូវសាលី ព្រោះ​ត្រូវ​រក្សា​ទុក​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​។ ​ការ​ប្រកាស​របស់​ ឥណ្ឌា​ ថ្មីៗនេះ បាន​​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​សាលី​​​ហក់​ឡើង​បន្ថែម​ទៀត ​​ គឺមួយតោន ឡើង​ដល់​ ៤៣៤ អឺរ៉ូ​ ឡើង​ខ្ពស់​គុណ​នឹង​ពីរ បើធៀប​នឹង​រដូវ​​ក្តៅ​ឆ្នាំមុន​។ សូម​ជ្រាបថា ​កាលពីខែមេសាកន្លងទៅ​ ស្រូវសាលី​ ​ឡើង​ខ្ពស់​ណាស់​ ដល់ជាង ​៤០០អឺរ៉ូ​ក្នុង​មួយ​តោន ហើយ​ពេល​នេះ វា​លោតហក់​ឡើង​រឹត​តែ​ខ្ពស់​ថែម​ទៀត​​។​

​គេ​ឃើញថា ប្រទេសធំៗ​​ដែល​ផលិត​ស្រូវសាលី​សម្រាប់​ចេញ គឺ​មាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី រុស្ស៊ី​​ និង​អ៊ុយក្រែន។ សង្រ្គាមនៅ​អ៊ុយក្រែន ជាចំណែកមួយ ធ្វើឲ្យទំនិញ និង តម្លៃស្បៀងអាហារពិភពលោក  កើនឡើងខ្លាំង​។ នៅមុន​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី អំលុង​ចុង​ខែ​កុម្ភៈ​, អ៊ុយក្រែន​ ជា​ប្រទេសដ៏ធំ​ទី៣ នៅក្នុង​ពិភពលោក ខាងនាំចេញ​ស្រូវសាលី។ នៅមុន​សង្រ្គាម អ៊ុយក្រែន​តែ​ម្នាក់ឯង ​អាច​ផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ និង​ប្រេងផ្កាឈូករ័ត្ន សម្រាប់​តម្រូវការស្ទើរតែ​​ពាក់កណ្តាល​របស់ពិភពលោក​។ ប៉ុន្តែ ការនាំចេញ​ស្រូវសាលី និង​គ្រាប់ធញ្ញជាតិរបស់​ អ៊ុយក្រែន​ ត្រូវ​ជាប់គាំង ព្រោះតែ​​សង្គ្រាម ​ដោយសារ​កំពង់ផែ និង​ផ្លូវទឹក​របស់​ អ៊ុយក្រែន នៅសមុទ្រខ្មៅ ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងទាំងស្រុង​របស់​កងទ័ព រុស្ស៊ី។ ​រុស្ស៊ី​ ខ្លួន​ឯង ដែលជា​ប្រទេស​នាំចេញ​ស្រូវសាលី​សំខាន់​មួយ​នៅក្នុងពិភពលោក ក៏មិនអាច​នាំចេញបាន​ច្រើនដែរ​ ព្រោះតែ​ទណ្ឌកម្ម​របស់​ក្រុមប្រទេសបច្ចិម​លោក​។

ចាប់តាំង​ពី​មាន​សង្រ្គាមនៅ​អ៊ុយក្រែន តម្លៃចំណីអាហារនៅក្នុងពិភពលោក បាន​ហក់​ឡើងខ្ពស់។ អង្គការស្បៀងអាហារ​ពិភពលោក​ បាន​ព្រមាន​រួចហើយថា បើសិន​សង្រ្គាមនៅតែ​បន្តនោះ វិបត្តិ​ខ្វះស្បៀង និង​គ្រោះអត់ឃ្លាន នឹង​កើតមាន យ៉ាងធ្ងន់ធ្ងរបំផុត នៅតាម​ប្រទេស​អាហ្វ្រិក និង​ដើមបូព៌ា ដែល​ពឹងអាស្រ័យខ្លាំង​លើ​ការនាំចូល​ស្រូវសាលី ពីអ៊ុយក្រែន និង​រុស្ស៊ី។

នា​ពេល​កន្លងទៅ អង្គការ​ចំណីអាហារ​និងកសិកម្ម ​ហៅកាត់ថា FAO  ជាទីភ្នាក់ងារ​មួយ ​របស់ ​អង្គការ​សហប្រជាជាតិ បាន​ព្រមានថា​​នឹង​មាន​មនុស្ស ពី ៨ ទៅ​១៣​លាននាក់​បន្ថែមទៀតនៅក្នុង​ពិភពលោក ​ដែល​អាច​រងគ្រោះ ខ្វះអាហាររូបត្ថម្ភ ប្រសិន​បើសិន ការនាំចេញ​ស្បៀងអាហារ​ពីរុស្ស៊ី និង​អ៊ុយក្រែន រងប៉ះពាល់ព្រោះតែ​ការអូសបន្លាយនៃ​សង្រ្គាម​។ ហើយថ្មីៗនេះទៀត​ អង្គការសហប្រជាជាតិ បាន​ប្រកាស​ថា ​​មាន​មនុស្ស ច្រើន​ជាង​២០០លាននាក់ ​នៅលើពិភព​លោក​ អាចនឹង​​រងគ្រោះ​ដោយ​ទុរ្ភិក្ស​ អត់​បាយ​ដាច់​ស្បៀង។ ​ ​

តើ​អ្វី​ទៅជា​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​?​

ដំណោះ​ស្រាយ​ចំពោះ​រឿង​នេះ គឺ​វា​អាស្រ័យ​ទៅនឹង​ការ​ប្រមូលផល​ឆ្នាំ​នេះ​ ដែល​បើ​តាម​រដ្ឋមន្ត្រីកសិកម្ម​អាមេរិក គឺ​ការប្រមូលផលស្រូវ​សាលី​ឆ្នាំថ្មី បានទទួល​ផល​ល្អ​​គួរសមដែរ​​ នៅសហរដ្ឋ​​អាមេរិក អឺរ៉ុប​ ឬ អូស្ត្រាលី​។ ​រដ្ឋមន្ត្រី​កសិកម្ម​សហរដ្ឋ​​​អាមេរិក​ បាន​ប្រកាស​ថា ការ​ប្រមូល​ផល​ស្រូវ​សាលី​ឆ្នាំ​២០២២នេះ អាច​ព្យាករណ៍​បាន​ប្រហែល ​​៧៧៥ ​លាន​តោន​។​

ទន្ទឹ​មនឹង​គ្នា​នេះ​ ប្រទេស ​រុស្ស៊ី​ ប្រកាស​ថា ​ស្រូវ​សាលី​របស់​ខ្លួន ប្រមូល​ផល​បាន​ល្អខ្លាំង​ណាស់។ ប្រឈម​នឹង​ការ​ខ្វះ​ស្រូវ​សាលី​នៅសកលលោក,​ រុស្ស៊ី​ បាន​ឱកាស​ល្អ ដើម្បី​​ចរចា​ឲ្យ​បច្ចិមលោក​ឲ្យ​​លើកលែង​ទណ្ឌកម្ម​ចំពោះ​ការ​នាំចេញ​ស្រូវ​សាលី​របស់​ខ្លួន។​ ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​ និង ប្រទេស​​លោក​ខាង​លិច មិនទាន់​​យល់​ព្រម​នៅឡើយទេ។​ ប្រមុខ​ការទូត​អាមេរិក បាន​ប្រៀបធៀប​​និងចាត់ទុក​សំណើ​​រុស្ស៊ី​នេះ ថាដូច​ជា​របៀប​ចាប់​ជំរិត​ទៅវិញ​។​

ចំណែក អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំយ៉ាងទទូច​​ឲ្យ​ប្រទេស​ក្នុងតំបន់​ជម្លោះ​គ្នា​រុស្ស៊ី-​អ៊ុយក្រែន ជួយសម្រួល​ចរចា​ធ្វើ​យ៉ាងណា ឲ្យ​អាច​នាំ​ចេញ​ស្រូវ​សាលី ​និង ​ធុញ្ញជាតិ​ផ្សេងៗ​ទៀត ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ស្បៀង​និង​ទំនិញ​លើកសកលលោក។

​​នៅប្រទេស ទុយនីស៊ី​, តាំងពី​ខែ​មេសាមក រដ្ឋាភិបាលបាន​ដាក់​ចេញ​វិធាន​ការ​ជាច្រើន ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ចំពោះ​មុខ​ ពោល​គឺជាវិធានការ​​​សំដៅ​ដល់​ការ​បំពេញ​តម្រូវការ​ស្រូវ​សាលី​ក្នុងប្រទេស​ ដោយ​ជំរុញ​ឲ្យ ​កសិករ​ ដាំ​ស្រូវសាលី ឲ្យ​ច្រើន​​។ កម្មវត្ថុ​របស់​រដ្ឋាភិបាលទុយនីស៊ី គឺ​បង្កើន​ចំនួន​ដី​កសិកម្ម ពី​៥៦ម៉ឺន​ហិចតា ទៅ​៨០ម៉ឺន​ហិកតា​ ដែលត្រូវ​​​ដាំតែ​​ស្រូវសាលីសុទ្ធតែម្តង។ បារាំ​ង វិញ ក៏បាន​គិត​គូរ​ពីការពង្រីក​ដី​​ដាំ​ស្រូវ​សាលី​នេះដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ