អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​ពិភពលោក​ប្រឈម​មុខ​នឹង​វិបត្តិស្បៀងអាហារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាមអង្គការ Plan International ពួកយើងទាំងអស់គ្នាកំពុងប្រឈមមុខជាមួយវិបត្តិកង្វះស្បៀងអាហារពិភពលោក។ មូលហេតុចម្បងៗ ដូចជា វិបត្តិសង្គ្រាម បញ្ហាបម្រែបម្រួលអាកាសធាតុ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការកើនឡើងនៃតម្លៃស្បៀងអាហារពិភពលោក បានធ្វើឱ្យមានការកើនឡើងនៃភាពអត់ឃ្លានជាសាកល វិបត្តិកង្វះស្បៀងអាហារ និងការកើនឡើងនៃភាពក្រីក្រធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសនានាជុំវិញពិភពលោក។

ហេតុអ្វីបានជាពិភពលោកប្រឈមមុខនឹងវិបត្តិស្បៀងអាហារ?
ហេតុអ្វីបានជាពិភពលោកប្រឈមមុខនឹងវិបត្តិស្បៀងអាហារ? Getty Images - Roberto Moiola / Sysaworld
ផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃនេះ កុមាររាប់លាននាក់កំពុងប្រឈមមុខនឹងការអត់ឃ្លានអាហារ ក្នុងចំនួនយ៉ាងច្រើនបំផុត បើប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលបច្ចុប្បន្ននេះ មានមនុស្សប្រមាណ៤៥លាននាក់កំពុងតែខិតទៅរកភាពអត់ឃ្លាន ព្រោះតែពួកគេកំពុងស្ថិតក្នុងគ្រោះទុរភិក្ស ជាពិសេសកុមារ និងស្ត្រីដែលងាយរងគ្រោះយ៉ាងខ្លាំងបំផុត។ កុមារដែលមានអាយុក្រោម៥ឆ្នាំ ចំនួន ២៦លាននាក់កំពុងទទួលរងគ្រោះពីការអត់អាហារ និងកំពុងមានការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេដោយសារកង្វះអាហារូបត្ថម្ភ។ ប្រសិនបើមិនមានការចាត់វិធានការអ្វីចម្បងនោះទេ កុមារជាច្រើនរូប ជាពិសេសកុមារី អាចនឹងត្រូវបាត់បង់ជីវិត។

តើកត្តាអ្វីបណ្តាលឱ្យមានអសន្តិសុខស្បៀងអាហារ?

មូលហេតុចម្បងរុញច្រានឱ្យមានភាពអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារអាចមានច្រើន និងអាចប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែជាទូទៅ វាគឺជាលទ្ធផលដែលកើតឡើងពី ជម្លោះសង្គ្រាម ភាពក្រីក្រមានស្រាប់ វិបត្តិសេដ្ឋកិច្ច ដូចជាការកើនឡើងកម្រិតអតិផរណាខ្ពស់ និងការកើនឡើងតម្លៃទំនិញជាទូទៅ និងគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ឬគ្រោះរាំងស្ងួតជាដើម។

ជាក់ស្តែងណាស់ សង្គ្រាមនៅក្នុងប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​តម្លៃ​ស្បៀង​អាហារនៅលើ​ពិភពលោក​ឡើង​ថ្លៃយ៉ាងខ្លាំង។ មួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីទៅកាន់ពិភពលោកគឺបានមកពីប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី។ ប្រទេសអ៊ុយក្រែនក៏បានផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្ន ស្រូវសាលី ពោត និងជី ទៅកាន់ពិភពលោកផងដែរ។ ប៉ុន្តែ​ សង្គ្រាម​ដែល​កំពុង​បន្តកើតឡើងនេះ​ បានបង្អាក់ដល់ដំណើរ​ការដាំដុះទាំងមូល។

ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏បណ្តាលឱ្យភាពក្រីក្រ និងវិសមភាពកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោកផងដែរ ព្រោះថាការបិទខ្ទប់អំឡុងពេលមានជំងឺរាតត្បាតខ្លាំង វាគឺជាហេតុចម្បងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនជាច្រើនលាននាក់។ នៅក្នុងប្រទេសជាច្រើន ការរឹតត្បិតនានាពាក់ព័ន្ធនឹងជំងឺរាតត្បាត ក៏មានន័យថាមានការបង្អាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារផងដែរ ហើយវាបានធ្វើឱ្យការផ្ទេរប្រាក់ពីគ្រួសារក្រៅប្រទេសមានភាពយឺតយ៉ាវ។ កម្មវិធីស្បៀងអាហារនៅសាលាក៏ត្រូវបានផ្អាកដូចគ្នាផងដែរ។ ការឡើងថ្លៃយ៉ាងគំហុកនៃតម្លៃស្បៀងអាហារ ក៏កំពុងតែបង្កភាពតានតឹងយ៉ាងខ្លាំងផងដែរដល់ចំណូលគ្រួសារយ៉ាងច្រើន ជាពិសេស គ្រួសារដែលក្រីក្របំផុត និងមិនមានលទ្ធភាពទិញស្បៀងអាហារ។​

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ ៩២៨លាននាក់កំពុងប្រឈមវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងររួចទៅហើយ នៅក្នុងឆ្នាំ២០២០ ពោលគឺវាកើនឡើង ១៤៨លាននាក់បើប្រៀបធៀបជាមួយកាលពីឆ្នាំមុន។

វិបត្តិសង្គ្រាម

វិបត្តិសង្គ្រាមគឺជាមូលហេតុដ៏ធំបំផុតបង្កឱ្យមានភាពអត់ឃ្លាននៅទូទាំងពិភពលោក ហើយវិបត្តិនេះបានបង្កឱ្យប្រជាជនត្រូវរងគ្រោះ ក្នុងចំនួនប្រមាណជា ៦៥%។ ប្រជាជនទាំងនេះកំពុងប្រឈមជាមួយអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ការប្រយុទ្ធគ្នាដ៏រ៉ាំរ៉ៃនៅប្រទេសម៉ាលី ដល់ប្រទេសស៊ីរី និងប្រទេសម៉ូសំប៊ិក បានបំផ្លាញជីវភាពរបស់ប្រជាជន និងបង្ខំឱ្យមានជនភៀសខ្លួនចេញពីស្រុកកំណើតជាច្រើននាក់។ វាបានបន្សល់ទុកនូវកុមាររាប់មិនអស់ រួមទាំងកុមារី ដែលកំពុងប្រឈមនឹងភាពអត់ឃ្លាន។

តួលេខផ្លូវការបានប៉ាន់ប្រមាណថា មនុស្សជាង ១៤លាននាក់នៅក្នុងប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ កំពុងតែត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

បម្រែបម្រួលអាកាសធាតុ

បម្រែបម្រួលអាកាសធាតុក៏បានរួមចំណែកបង្កឱ្យមានអសន្តិសុខស្បៀងអាហារពិភពលោកផងដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយ គេអាចសង្កេតឃើញអំពីការផ្លាស់ប្តូរអាកាសធាតុ ដូចជាទឹកភ្លៀង ការកើនឡើងនៃបម្រែបម្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលសុទ្ធតែមានផលប៉ះពាល់ដល់ការប្រមូលផលដំណាំ។ បម្រែបម្រួលអាកាសធាតុកាន់តែកើតមានឡើងជាញឹកញាប់ ហើយវាបានឱ្យមានការកើនឡើងនៃសត្វល្អិត ដូចជាសត្វកណ្តូប និងសត្វល្អិតផ្សេងៗទៀតដែលជាពពួកសត្វបំផ្លាញដល់ផលនៃដំណាំរបស់កសិករ។

អស្ថិរភាពសេដ្ឋកិច្ច

នៅទីបញ្ចប់គឺ វិបត្តិសេដ្ឋកិច្ចគឺជាហេតុផលចម្បងមួយផ្សេងទៀតបន្ថែមបន្ទុកដល់វិបត្តិស្បៀងអាហារសកល។ វិបត្តិអតិផរណា និងវិបត្តិសេដ្ឋកិច្ចបានជះឥទ្ធិពលដល់កម្រិតជីវភាពរបស់ប្រជាជនពិភពលោកជាច្រើន។ ទោះបីជាស្បៀងអាហារមានក៏ដោយ ក៏ស្បៀងអាហារទាំងនោះមានតម្លៃថ្លៃកប់ពពក ហើយវាបានធ្វើឱ្យមនុស្សជាច្រើនមិនមានលទ្ធភាពក្នុងការទិញអាហារទាំងនោះទេ។ បន្ថែមពីលើបញ្ហាឡើងថ្លៃទំនិញនេះ ការរីករាលដាលនៃជំងឺកូវីដ ១៩បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ប្រាក់ចំណូល ហើយវាក៏ជាហេតុនាំឱ្យពួកគេកាន់តែគ្មានលទ្ធភាពទិញអាហារផ្គត់ផ្គង់គ្រួសាររបស់ពួកគេផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ