តើវិស័យទេសចរណ៍ជប៉ុនអាចប្រឈមអ្វីខ្លះ នៅពេលជប៉ុនបើកប្រទេសទទួលភ្ញៀវទេសចរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៨
នាពេលថ្មី រដ្ឋាភិបាលជប៉ុនបានសម្រេចបើកចំហប្រទេសរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសក្នុងចំនួនច្រើន ក្រោយការប្រឈមវិបត្តិជំងឺកូវីដ១៩ក្នុងរយៈពេលជាងពីរឆ្នាំកន្លះ។ ទោះជាយ៉ាងណា ផ្អែកតាមអ្នកវិភាគនៅជប៉ុន វិស័យទេសចរណ៍ជប៉ុនកាន់តែពឹងផ្អែកខ្លាំងលើអ្នកទេសចរពីប្រទេសចិន ហើយរឿងនេះទំនងជាមិនល្អនោះទេ សម្រាប់ផែនការអភិវឌ្ឍរយៈយូររបស់ជប៉ុន។
បន្ទាប់ពីការបិទប្រទេសរបស់ខ្លួនចំពោះអ្នកដំណើរបរទេស អំឡុងពេលកូវីដ១៩ រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នបានបើកប្រទេសរបស់ខ្លួនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេស។
រដ្ឋាភិបាលជប៉ុនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតសណ្ឋាគារថ្មី កន្លែងកម្សាន្តពេលយប់ ឡានក្រុងទេសចរណ៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណង ផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងងាយស្រួល។ ទីកន្លែងសម្រាប់ផ្ដល់ព័ត៌មាន និងផ្ដល់ជំនួយសម្រាប់បញ្ហាសុវត្ថិភាពសាធារណៈ ជំងឺ និងការសង្គ្រោះបន្ទាន់ផ្សេងទៀតក៏ត្រូវបានរៀបចំឱ្យមានផងដែរ។
ប៉ុន្តែ ការបើកដំណើរការឡើងវិញក៏ត្រូវបានគេរំពឹងថានឹងនាំមកនូវបញ្ហាផងដែរ តួយ៉ាង បញ្ហានៃការទទួលភ្ញៀវទេសចរបរទេសច្រើនលើសលុប ហើយវាអាចប៉ះពាល់ដល់ប្រជាជនក្នុងស្រុក និងហានិភ័យនៃការពឹងផ្អែកខ្លាំងពេកទៅលើភ្ញៀវទេសចរពីប្រទេសចិន។
បញ្ហាបន្ទាន់ដំបូងគឺការកកស្ទះ និងលទ្ធភាពទទួលភ្ញៀវទេសចរច្រើនហួសកម្រិត។ ចរាចរណ៍អ្នកទេសចរច្រើនកកកុញធ្លាប់បានរំខានដល់សេវារថយន្តក្រុង និងរថភ្លើងក្នុងស្រុករួចរាល់មកហើយ ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ពេញនិយមដូចជាទីក្រុង Kyoto និងទីក្រុង Kamakura។ ជាលទ្ធផល វាធ្វើឱ្យអ្នកធ្វើដំណើរកាន់តែច្រើនទៅទស្សនាតំបន់តែប្រជាជនរស់នៅ ជាជាងទៅទស្សនានៅកន្លែងល្បីៗក្នុងប្រទេសជប៉ុន។ សកម្មភាពនេះបានបង្កឱ្យប៉ះពាល់ផងដែរដល់ប្រជាជនក្នុងតំបន់ទាំងនោះ។
បញ្ហាទីពីរ គឺពាក់ព័ន្ធនឹងបញ្ហារយៈពេលវែង ហើយមានលក្ខណៈរសើបសម្រាប់សង្គមជប៉ុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសចំនួនជិត ៣២លាននាក់ដែលបានទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ មានប្រហែល ៣០% មកពីប្រទេសចិនដីគោក។ ភ្ញៀវទេសចរចិនគឺមានចំនួនច្រើនជាងប្រទេសណាផ្សេងៗទៀតនៅក្នុងពិភពលោក។ តួលេខនេះបានកើនឡើងដល់ ៥២%នៅពេលយើងរាប់បញ្ចូលទាំងភ្ញៀវទេសចរតៃវ៉ាន់ និងហុងកុង។
រដ្ឋាភិបាលជប៉ុនមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ៤០លាននាក់ក្នុងឆ្នាំ២០២០ និង៦០លាននាក់ក្នុងឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌលិខិតឆ្លងដែន ដើម្បីទាក់ទាញប្រជាជនចិន ដែលមានចំនួនច្រើន និងមានសេដ្ឋកិច្ចកាន់តែរីកចម្រើន។ មូលហេតុនេះហើយដែលការកក់កន្លែងស្នាក់នៅតាម Airbnb មានលក្ខខណ្ឌស្របច្បាប់ ហើយសេវាកម្មនេះបានដាក់ឱ្យប្រើប្រាស់យ៉ាងច្រើននៅក្នុងកីឡាអូឡាំពិកនៅរដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ។
វិបត្តិកូវីដ១៩បានបំផ្លាញផែនការទាំងនោះនេះ។ ក៏ប៉ុន្តែ គោលដៅរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំ២០៣០ គឺចង់ធ្វើឱ្យប្រទេសជប៉ុនក្លាយជាគោលដៅដ៏ពេញនិយមបំផុតរបស់ពិភពលោក នៅដដែល។
ការពឹងផ្អែករបស់ប្រទេសជប៉ុនលើភ្ញៀវទេសចរពីប្រទេសចិនត្រូវបានចាត់ទុកថាជាហានិភ័យមួយចម្បង ហើយគេបានលើកឡើងថា វាអាចប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ជប៉ុនផងដែរទៅថ្ងៃអនាគត។ ជាឧទាហរណ៍ រដ្ឋាភិបាលចិនបានហាមឃាត់ភ្នាក់ងារទេសចរណ៍មិនឱ្យលក់សំបុត្រធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានដាក់ពង្រាយខែលការពារមីស៊ីលនៅទីនោះកាលពីឆ្នាំ២០១៧។
នៅក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរចិនប្រហែល ៨លាននាក់បានទៅលេងកូរ៉េខាងត្បូង។ ចំនួននេះស្មើនឹងពាក់កណ្តាលនៃភ្ញៀវទេសចរអន្តរជាតិទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ចំនួននោះបានធ្លាក់ចុះពាក់កណ្តាលក្នុងឆ្នាំ២០១៧ មកនៅប្រហែល៤លាននាក់។ ការធ្លាក់ចុះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ដូរ និងប្រាក់ចំណូលរបស់កាស៊ីណូ។ ប្រទេសចិនក៏បានធ្វើទង្វើស្រដៀងគ្នានេះផងដែរ ដើម្បីបង្អាក់ការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ព្រោះហេតុផលនយោបាយអន្ដរជាតិ។
សម្រាប់ប្រទេសជប៉ុន នេះមានន័យថា រដ្ឋាភិបាលចិនអាចមានសមត្ថភាពក្នុងបញ្ឈប់ភ្ញៀវទេសចរចិន ក្នុងចំនួនយ៉ាងច្រើន ក្នុងពេលភ្លាមៗ មិនឱ្យធ្វើដំណើរទៅទស្សនាប្រទេសខ្លួន។ ប្រទេសជប៉ុនអាចប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើបណ្ដាប្រទេសផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ចិន ឧទាហរណ៍ ប្រទេសអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្រ្វិកចូលរួមសហការជាមួយចិន។
សម្រាប់អ្នកវិភាគនៅជប៉ុន ជប៉ុនអាចមានមធ្យោបាយពីរចំពោះបញ្ហានេះ៖ ទីមួយ គឺតម្រូវការក្នុងស្រុក និងទីពីរ គឺទាក់ទាញភ្ញៀវទេសចរពីលោកខាងលិចបន្ថែម។
ប្រហែល ៨០% នៃការចំណាយលើការធ្វើដំណើរទេសចរណ៍ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩គឺបានមកពីអ្នកទេសចរក្នុងស្រុក ដោយមានតែ ១៧% ប៉ុណ្ណោះពីភ្ញៀវទេសចរបរទេស។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ វិស័យទេសចរណ៍របស់ប្រទេសជប៉ុនបាននិងកំពុងផ្តោតលើទីផ្សារក្នុងស្រុកកាន់តែច្រើន។
កត្តាគន្លឹះផ្សេងទៀតគឺភ្ញៀវទេសចរមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅអឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី។ ភ្ញៀវទេសចរជាមធ្យមមកពីប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសបានចំណាយច្រើនជាង ២៤ម៉ឺនយ៉េន (ប្រមាណ ១៩០០ដុល្លារអាមេរិក បើយោងតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន) នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩។ ភ្ញៀវទេសចរដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញបានចំណាយលើសពី ២០ម៉ឺនយ៉េន នៅពេលដែលអ្នកធ្វើដំណើរពីសហរដ្ឋអាមេរិក និងកាណាដាបានចំណាយលើសពី ១៨ម៉ឺនយ៉េន។ ការចំណាយនេះគឺជាការចំណាយលើមធ្យម គឺ១៥ម៉ឺនយ៉េនសម្រាប់ភ្ញៀវទេសចរម្នាក់ៗ។ លើសពីនេះ ភ្ញៀវទេសចរមកពីប្រទេសទាំងនេះមាននិន្នាការស្នាក់នៅយូរ ដោយសារពួកគេត្រូវធ្វើដំណើររយៈពេលវែង ហើយពួកគេចង់ទទួលបានបទពិសោធជាច្រើន រួមទាំងចង់ស្វែងយល់ពីវប្បធម៌ និងសកម្មភាពផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ