អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​ទុយនីស៊ី​បោះឆ្នោត​ប្រជាមតិ​លើ​​​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​​ផ្តល់​អំណាច​សឹង​ទាំងស្រុងទៅឲ្យ​​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ ទី​២៥កក្កដា ប្រជាពលរដ្ឋទុយនីស៊ី បានចូលរួមបោះឆ្នោតប្រជាមតិ ដើម្បី​សម្រេចចិត្ត ទទួលឬមិនទទួលយក​រដ្ឋធម្មនុញ្ញថ្មី។ គម្រោងរដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបាន​ផ្តួចផ្តើមនិងតាក់តែងឡើង ដោយ​លោកប្រធានាធិបតី​ កាអ៊ីស សាអ៊ីដ (Kais Saied) ដែល​លោក​ម្នាក់នេះអះអាងថា គឺដើម្បី​បិទបញ្ចប់វិបត្តិនយោបាយ និងឈាន​ទៅ​​​បើកទំព័រសករាជ្យថ្មី ក្នុងការដឹកនាំប្រទេស​ឲ្យរីក​ចម្រើន។ តែយ៉ាងណា គណបក្សប្រឆាំង ព្រមទាំង​អង្គការសង្គមស៊ីវីល បានសំឡឹងឃើញថា រដ្ឋធម្មនុញ្ញថ្មីនេះ មានខ្លឹមសារ​ប្រមូលផ្តុំអំណាច ឲ្យទៅ​ប្រធានាធិបតី​សឹងតែទាំងស្រុង ដែលអាចធ្វើឲ្យ​ទុយណេស៊ី វិលត្រលប់ទៅរករបបផ្តាច់ការឡើង​វិញ។​

លោក​ប្រធានាធិបតីទុយនីស៊ី Kais Saied កំពុងបោះឆ្នោតប្រជាមតិលើ​រដ្ឋធម្មនុញ្ញថ្មី​ នៅក្រុងទុយនីស ថ្ងៃទី ២៥កក្កដា ២០២២
លោក​ប្រធានាធិបតីទុយនីស៊ី Kais Saied កំពុងបោះឆ្នោតប្រជាមតិលើ​រដ្ឋធម្មនុញ្ញថ្មី​ នៅក្រុងទុយនីស ថ្ងៃទី ២៥កក្កដា ២០២២ AP - Slim Abid
ផ្សាយពាណិជ្ជកម្ម

នៅដើមឆ្នាំ​២០១១ ប្រជាពលរដ្ឋទុយនីស៊ី បានងើបបះបោរ​ ប្រឆាំងនឹងរបបដឹកនាំផ្តាច់ការ ពុករលួយ​បក្សពួកនិយម។ សេចក្តីក្លាហាន​របស់ប្រជាជនទុយនីស៊ី បាន​បង្កើតឲ្យ​មានចលនា​បដិវត្ត​ បន្ត​បន្តាប់​គ្នា នៅតាមបណ្តា​ប្រទេសអារ៉ាប់​ផ្សេងៗ​ទៀត។ ១១ឆ្នាំក្រោយ​មក ទុយនីស៊ី នៅមិនទាន់​ភប់ប្រសប់​ នឹងស្ថិរភាពនយោបាយ​នៅឡើយ​ទេ ខណៈវិបត្តិសេដ្ឋកិច្ចនិងសង្គម កាន់តែផុងជ្រៅទៅៗ។

លោកប្រធានាធិបតីទុយនីស៊ីបច្ចុប្បន្ន កាអ៊ីស សាអ៊ីដ (Kais Saied) បានផ្តួចផ្តើមគំនិតតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដើម្បី​រៀបចំស្តារប្រទេស ឲ្យ​ងើបផុតពីវិបត្តិ។ គឺនៅថ្ងៃចន្ទ ទី​២៥កក្កដាម្សិលមិញ ដែល​ប្រជាពលរដ្ឋទុយនីស៊ីប្រមាណជាង​៩លាននាក់ ត្រូ​វចូលរួម​សម្តែងមតិ ក្នុងការបោះឆ្នោត​ប្រជាមតិ សម្រេចយល់ព្រម ឬមិនយល់ព្រម លើគម្រោង​អត្ថបទ​រដ្ឋធម្មនុញ្ញថ្មីនេះ។

លោកប្រធានាធិបតី កាអ៊ីស សាអ៊ីដ ​បានអះអាងថា ការដឹកនាំកន្លងមក បានជាប់គាំងមិនទៅមុខ ប្រទេសជាតិ​គ្មា​នការរីកចម្រើន ក៏ព្រោះតែសភានិងរដ្ឋាភិបាល​ មិនត្រូវគ្នា ប្រឆាំងគ្នា ធ្វើ​ឲ្យរាំងស្ទះកិច្ច​ការទាំងអស់។ សម្រាប់​លោក រដ្ឋធម្មនុញ្ញថ្មី នឹងឈានទៅបើកទំព័រសាធារណរដ្ឋទុយនីស៊ីថ្មី ដែលឈរលើ​សេរីភាព​ពិតប្រាកដ យុត្តិធម៌ពិតប្រាកដ ព្រមទាំង​ស្តារត្រលប់មកវិញនូវមុខមាត់​កិត្តិយស ភាពថ្លៃថ្នូរបស់​ជាតិ។

តែយ៉ាងណាក៏ដោយ គម្រោង​រដ្ឋធម្មនុញ្ញថ្មីរបស់​លោក​ប្រធានាធិបតី កាអ៊ីស សាអ៊ីដ ត្រូវបាន​មតិជាច្រើនបង្ហាញការបារម្ភ ថាវាមានទំនោរ​ផ្តាច់ការ ប្រ​មូលផ្តុំអំណាចខ្លាំងជ្រុលហួសហេតុ ទៅក្នុងដៃរបស់​ប្រធានាធិបតី។ គណបក្សប្រឆាំងទុយនីស៊ី ជាច្រើនគណបក្ស បាន​ធ្វើ​បាតុកម្ម​បង្ហាញការ​ជំទាស់​ ព្រមទាំងបានអំពាវនាវ​ឲ្យ​ប្រជាជនធ្វើពហិកា កុំចូលរួម​ក្នុង​ការបោះឆ្នោត​​​ប្រជាមតិ​​នេះ។ តែទន្ទឹមគ្នានេះ គេសង្កេតឃើញថា គណបក្សប្រឆាំងទាំងអស់  គ្មានការសាមគ្គីគ្នា រួមកម្លាំងគ្នាតែមួយ ទេ ដែលធ្វើឲ្យ​ក្រុម​របស់​លោក​ប្រធានាធិបតី​ កាអ៊ីស សាអ៊ីដ នៅតែមានប្រៀប។

គួរបញ្ជាក់ថា ក្រៅពី​គណបក្សនយោបាយ​ប្រឆាំង អង្គការសង្គមស៊ីវីលជាច្រើន បានបង្ហាញក្តីបារម្ភ ទាក់ទិននឹងរដ្ឋធម្មនុញ្ញថ្មីនេះ ព្រោះអំណាចប្រមូលផ្តុំនៅតែក្នុងដៃ​ប្រធានាធិបតី។ យោងតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញនេះ ប្រធានាធិបតីមានសិទ្ធិតែងតាំង និង​ដកហូតតំណែង សមាសភាពរដ្ឋាភិបាល​ទាំងស្រុង ទាំងនាយករដ្ឋមន្ត្រី ទាំងរដ្ឋមន្ត្រី ដោយ​មិនចាំបាច់ឆ្លងកាត់ ការបោះឆ្នោត​ផ្តល់សេចក្តីទុក្ខចិត្តពីសភាឡើយ។ ជាងនេះទៀត ប្រធានាធិបតីមានអំណាចធ្វើច្បាប់ និងស្នើគម្រោងច្បាប់ ទៅកាន់សភា ឲ្យ​បោះឆ្នោតបន្ទាន់ ទៅតាមការចង់បានរបស់ខ្លួន។ ស្ថាប័ន​សភាមួយទៀតតំណាងឲ្យ​​តំបន់នីមួយៗ នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីបង្កើតតុល្យការជាមួយ​សភាតំណាងរាស្រ្ត​ ដែលមាននាពេលបច្ចុប្បន្ន។​

យ៉ាងណាមិញ លោក​ Sadok Belaïd ដែលធ្លាប់ត្រូវបាន​លោក​ប្រធានាធិបតី កាអ៊ីស សាអ៊ីដ ផ្តល់មុខនាទីក្នុងការដឹកនាំការតាក់តែងរដ្ឋធម្មនុញ្ញថ្មីនេះ បាន​សម្រេចចិត្ត​ចាកចេញពីមុខងារនេះ បន្ទាប់​ពី​លោក​មិនពេញចិត្តចំពោះខ្លឹមសារ​នៃរដ្ឋធម្មនុញ្ញថ្មី​។ អ្នកជំនាញច្បាប់រូបនេះ បានលើកឡើងថា រដ្ឋធម្មនុញ្ញថ្មីដែល​លោក​ កាអ៊ីស សាអ៊ីដ ចង់បាន នឹងបើកផ្លូវឲ្យ​ទុយនីស៊ី ដើរឆ្ពោះទៅកាន់របបផ្តាច់ការ។​

សូមរំលឹកថា លោកប្រធានាធិបតី ​កាអ៊ីស សាអ៊ីដ ធ្លាប់បានទទួលប្រជាប្រិយភាពជាខ្លាំង ពី​សំណាក់​​ប្រជាពលរដ្ឋទុយនីស៊ី។ ក៏ប៉ុន្តែប្រមាណ​មួយឆ្នាំមកនេះ ប្រជាប្រិយភាពនេះ បានធ្លាក់ចុះ ​បន្ទាប់ពីគេបានសង្កេតឃើញថា លោកប្រធានាធិបតីវ័យ៦៤ឆ្នាំរូបនេះ មានទំនោររឹងរូស បែបផ្តាច់ការនិយម។ កាលពីចុងខែកក្កដាឆ្នាំ​២០២១ ដោយ​ឈរលើ​មូល​ហេតុជាប់គាំងនយោបាយ លោក​ប្រធានាធិតបីរូបនេះ បាន​សម្រេច​ដកហូតនាយករដ្ឋមន្ត្រីពីតំណែង និង​បាន​រំលាយ​សភាចោលថែមទៀតផង។​

ដោយឡែក សម្រាប់អ្នកវិភាគមួយចំនួន គឺគេមិនអាច​ប្រៀបធៀប លោក​ កាអ៊ីស សាអ៊ីដ ទៅនឹងប្រធានាធិបតីផ្តាច់ការមុនៗ របស់ទុយនីស៊ីទេ ព្រោះថាលោក កាអ៊ីស សាអ៊ីដ មិនមានទំនោរបក្សពួកនិយម រាប់អានតែពួកអ្នកមាន​ៗ ឬមហាសេដ្ឋីធំៗនោះឡើយ។ វាសនាអនាគតរបស់ទុយនីស៊ី នៅក្នុង​ក្របខណ្ឌរដ្ឋធម្មនុញ្ញថ្មី គឺនឹងមានទម្រង់ជារបបនយោបាយ​ប្រធានាធិបតី​ អំណាចខ្លាំងពេញដៃ បែបប្រជាភិថុត ហើយ​សមត្ថកិច្ចនគរបាល មានអំណាចកាន់តែខ្លាំង ទៅលើ​ពលរដ្ឋ​ស្លូតត្រង់។

លោក Youssef Cherif អ្នកស្រាវជ្រា​វម្នាក់នៅទុយនីស៊ីបាន​លើកឡើងថា សម្រាប់កាលៈទេសៈ​ពេលនេះ គេ​មិនទាន់​អាច​និយាយ​បានថា លោក​ប្រធានាធិបតី កាអ៊ីស សាអ៊ីដ ជាមនុស្ស​ផ្តាច់​ការ​នោះឡើយ ព្រោះថា​ប្រជាជននៅមានសិទ្ធិសេរីភាព អាចបញ្ចេញមតិ​ដោយ​សេរី ជាក់ស្តែងតាមរយៈការបោះឆ្នោត​ប្រជាមតិលើរដ្ឋធម្មនុញ្ញ​នាពេលនេះ។ តែអ្វីដែលគួរបារម្ភ និងចោទសួរ គឺទៅថ្ងៃអនាគត ក្រោយ​លោក កាអ៊ីស សាអ៊ីដ អស់អំណាច តើទុយនីស៊ីនឹងដើរទៅផ្លូវណា។ រដ្ឋធម្មនុញ្ញថ្មី​ដែលប្រមូលអំណាចផ្តល់ទៅក្នុងដៃប្រធានាធិបតីតែមួយ​ គឺវា​អាចជាទ្វារចំហ បើកឆ្ពោះទៅកាន់របបផ្តាច់ការជាក់ជាមិនខានទេ។

បើតាមប៉ាន់ស្មាន នៅក្នុងការធ្វើប្រជាមតិ​ទទួលយករដ្ឋធម្មនុញ្ញថ្មីនេះ គឺសំឡេង​ឆ្នោតយល់ព្រម​ប្រាកដជាឈ្នះ បើទោះបីអត្រាអ្នកចូលរួមបោះឆ្នោត​ អាច​មានចំនួនទាបក៏ដោយ។ ជំហានបន្ទាប់ និងដែលជាការងារធំដ៏លំបាក សម្រាប់​លោកប្រធានាធិបតី កាអ៊ីស សាអ៊ីដ គឺការស្តារសេដ្ឋកិច្ច លើកកំពស់​ជីវភាព​ប្រជាពល​រដ្ឋទុយនីស៊ី។ ​ប្រទេសនេះមានបំណុល លើសចំនូលដុលក្នុងស្រុក ហើយ​បច្ចុប្បន្ន កំពុងតែចរចាជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលបានកម្ចីបន្ថែមយក​មក​ចំណាយ​ក្នុងស្រុក។

ដោយសារតែ​វិបត្តិកូវីដ១៩ផង និង​វិបត្តិសង្គ្រាមនៅអ៊ុយក្រែនផង ទុយនីស៊ី កំពុងតែឆ្លងកាត់បញ្ហាប្រឈម​ធ្ងន់ធ្ងរបំផុត។ អត្រាអត់ការងារធ្វើ​ក្នុងចំណោម​យុវជន មានដល់ទៅ​៤០% ខណៈអតិផរណាឡើងខ្ពស់ស្រឺតៗ ធ្វើ​ឲ្យ​ប្រជាជនទុយនីស៊ីដែលមានជីវភាពក្រីក្រ ឡើងដល់ចំនួន​៤លាន​នាក់។ បើជីវភាពប្រជាជន​មិនប្រសើរឡើង លោក​ប្រធានាធិបតី កាអ៊ីស សាអ៊ីដ អាចនឹងប្រឈមនឹងការចុះផ្លូវតវ៉ាជាក់ជាមិនខាន ទៅថ្ងៃខាងមុខ បើទោះបីជាមានរដ្ឋធម្មនុញ្ញថ្មីការពារខ្លួន​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ