អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា​ប្រហារ​ជីវិត​អ្នកទោសមនសិការ៤នាក់ មានម្នាក់​ជា​អ្នក​តំណាងរាស្ត្រ​និងម្នាក់​ជាអ្នក​និពន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃច័ន្ទដើមសប្តាហ៍​​ របបសឹកភូមា បានប្រហារជីវិតអ្នកទោសមនសិការ ចំនួន​៤រូប ក្នុងនោះគឺមាន​ម្នាក់ជាអ្នកតំណាងរាស្ត្រ និង ម្នាក់ជាអ្នកនិពន្ធ។ តុលាការ​ភូមាក្រោមខ្សែញាក់​របស់​របបសឹក បាន​ចេញ​សាលក្រមកាត់ទោសប្រហារជីវិត កាលពីខែមករា ឆ្នាំ២០២២ និង​ដែលត្រូវ​អាជ្ញាធរ​​ទើប​តែ​សម្រេច​អនុវត្ត​ប្រហារជីវិត​ នៅថ្ងៃទី​២៥កក្កដា​។ ការសម្លាប់ប្រហារជីវិតនៅពេលនេះ គឺជាសញ្ញា​សម្លុត គំរាម បំបាក់ស្មារតីដ៏ធ្ងន់ធ្ងរចំពោះចលនាប្រឆាំង។​ តើ​អ្នក​ទោសមនសិការ ចំនួន៤នាក់​ ជានរណា​​? 

នៅថ្ងៃប្រហារជីវិតអ្នក​ទាំងបួន ពលរដ្ឋភូមា​នៅ​ក្រុង​ណៃពិដោរ និងនៅបាំងកក ប្រទេស​ថៃ បាន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​អំពើ​ឃោរឃៅនេះ។​
នៅថ្ងៃប្រហារជីវិតអ្នក​ទាំងបួន ពលរដ្ឋភូមា​នៅ​ក្រុង​ណៃពិដោរ និងនៅបាំងកក ប្រទេស​ថៃ បាន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​អំពើ​ឃោរឃៅនេះ។​ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

​ក្នុងចំណោម​មរណជន​ទាំងបួន គឺ​បុគ្គល​ពីរនាក់ មានភាព​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ចលនា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​របបយោធាភូមា​។ ​ទី​១ ​ជាអតីត​សមាជិកសភាមកពីគណបក្ស​សម្ព័ន​ជាតិ​ដើម្បីប្រជាធិបតេយ្យ​របស់​លោកស្រីអ៊ុងសាន ស៊ូជី​ គឺឈ្មោះលោក ព្យូ ហ្សេយ៉ារ ថ (Phyo Zeya Thaw) ​និង​ទី​២ ​លោក ច មីនយូ (Kyaw Min Yu) ហៅក្រៅថា Jimmy (ជីមមី) ជា​អ្នកនិពន្ធ​និង​ជា​សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ។​ ចំណែកពីរនាក់ទៀត គឺ​លោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្សា (Aung Thura Za) ដែល​ត្រូវ​កាត់ទោស​អស់​ជីវិត ព្រោះតែ​ត្រូវតុលាការរបប​​សឹក​​​ចោទប្រកាន់ដោយសង្ស័យ​ថា​បាន​សម្លាប់​ស្រីម្នាក់​​ជា​គិញ​ឈ្លប​យកការណ៍​បម្រើរដ្ឋាភិបាល​របបយោធាភូមា។

​អ្នក​ចម្រៀង​រ៉ាប់ ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​

អ្នក​តំណាងរាស្ត្រលោក ព្យូ ហ្សេយ៉ារ ថ (Phyo Zeya Thaw) មាន​វ័យ​៤១ឆ្នាំ​ គឺ​តំណាងនិមិត្តរូប​​ឲ្យ​យុវជនភូមាជាន់ថ្មី ជា​បញវន្ត​ អ្ន​ករស់​នៅ​ទីក្រុង ​មាន​គំនិត​បើក​ជំហរ​ទៅកាន់​ពិភព​លោក និង​មាន​ទស្សនៈប្រឆាំង​នឹង​របប​ឃោរឃៅ​ផ្តាច់​ការ។​ រាប់​តាំងពីការ​ស្លៀកពាក់របស់លោក​ ដែល​មិន​ចុះ​នឹង​ទម្លាប់​ប្រពៃណីចាស់ ហើយ​បទភ្លេង​ដែលលោកច្រៀង​មាន​លក្ខណៈ​​ញាក់​កន្ត្រាក់​ ផ្សំ​នឹង​ទំនុក​ច្រៀង​ចាក់​ដោត​ឌឺដង​ ប្រឆាំង​នឹង​របបសឹក​ផ្តាច់​ការភូមា។ ឧទាហរណ៍ មាន​ឃ្លា​មួយ​ក្នុង​បទចម្រៀង​របស់​គាត់​ លើកឡើងថា «យើង​មិន​ប្តូរ​គោល​គំហរទេ យើង​​មិន​បោះបង់​ចុះចាញ់​ទេ ហើយ​យើង​មិន​ប្រគល់ខ្លួន​នគរបាល​ឲ្យ​ចាប់ទេ។​»។​ ទំនុក​ច្រៀង​របស់លោក​គឺ​រិះគន់រដ្ឋាភិបាល​របបសឹក​ភូមា​ គឺ​ចាប់តាំងពី​ឆ្នាំ​២០០០មកម្ល៉េះ។​

អ្នក​ចម្រៀង​រ៉ាប-ហិបហប់-រូបនេះ ធ្លាប់​បាន​ត្រូវ​ចាប់ខ្លួន​ម្តង​ហើយ ព្រោះតែ​បាន​ចូលរួមបង្កើត​បណ្តាញ​ក្រុម​តន្ត្រីករ​​ដែល​មាន​ចលនា​និង​ទស្សនៈផ្ទុយ​នឹង​រដ្ឋអំណាច​ នោះគឺ​ចលនា​"Generation Wave"​។ រដ្ឋអំណាច​ភូមា​ធ្លាប់​បាន​ចាប់ខ្លួន​លោក ព្យូ ហ្សេយ៉ារ ថ ដាក់ពន្ធនាគារ​ចន្លោះ​ឆ្នាំ ២០០៨​និង​២០១១ ក្នុង​បទ​ចោទ​ចូលរួម​ជាមួយ​អង្គការ​ទុច្ចរិត និង​កាន់​កាប់​រូបិយវត្ថុ​បរទេស​ខុស​ច្បាប់ ។ បួន​ឆ្នាំក្រោយ​មក នៅ​ឆ្នាំ​២០១៥ លោក ព្យូ ហ្សេយ៉ារ ថ បាន​ជាប់​ឆ្នោត​ជា​អ្ន​កតំណាង​រាស្ត្រ​ នៅមណ្ឌល​រដ្ឋធានី​ណៃពិដោរ ចេញពី​បេក្ខភាព​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីប្រជាធិបតេយ្យ របស់​លោកស្រី​ អ៊ុង សានស៊ូជី។

នៅ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១កុម្ភៈ​២០២១ របបសឹក​ភូមា​បា​នចាប់ឃុំខ្លួន​សមាជិក​សភា​រូបនេះ​នៅ​ខែ​វិច្ឆិកា ហើយតុលាការ​​កាត់ទោស​ប្រហារជីវិត ​នៅខែ​មករា២០២២ និងដែល​គេ​ទើបតែ​អនុវត្ត​សាលាក្រម​នៅថ្ងៃទី​២៥កក្កដា​។​ មុន​ថ្ងៃប្រហារជីវិត​ លោក​បាន​សុំ​ឲ្យ​គ្រួសារ​ជួយ​យក​វ៉ែនតាសម្រាប់​អាន​សៀវភៅ​និង​​វចនានុក្រម​មួយ​ផង ជូន​គាត់​នៅក្នុងមន្ទីរឃុំឃាំង។ ម្តាយ​របស់​លោក បាន​ផ្តល់​បទសម្ភាស​ឲ្យ​វិទ្យុអន្តរជាតិ​មួយ​ថា «កូន​ប្រុសខ្ញុំ​ មិនមែន​ជា​ចោរ ឬ​​ជន​ខិលខូច​ទេ។ ខ្ញុំ​មាន​មោទនភាព​ចំពោះកូនប្រុស​ខ្ញុំ​ដែល​ពលីអាយុជីវិត​ដើម្បីប្រទេស​ជាតិ​។​ ប្រសិន​បើ​ខ្ញុំ​អាច​ទទួល​បាន​អដ្ឋិ​ធាតុ​ ខ្ញុំ​ចង់​ធ្វើ​ចេតិមួយ​និងឆ្លាក់​ចារ​ឈ្មោះ​កូន​ខ្ញុំ​»។

អ្នកនិពន្ធ​ប្រឆាំង​របបសឹក​

អ្នកនិពន្ធ​លោក ច មីនយូ (Kyaw Min Yu) ហៅក្រៅថា Jimmy (ជីមមី) ត្រូវ​គេ​ចាត់ទុកថា​ជា«ទីប្រឹក្សា​មួយ​រូប»​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ ក្នុង​អាណត្តិ​របស់​លោកស្រី អ៊ុង សានស៊ូជី។ មាន​វ័យ​៥៣ឆ្នាំ លោក​ធ្លាប់​បាន​ជាប់ពន្ធនាគារ មិនតិចជាង​១៥ឆ្នាំឡើយ​ ព្រោះតែប្រឆាំងរដ្ឋាភិបាល​ភូមា​។ នៅពេល​កន្លងមក លោក​ធ្លាប់​មាន​ប្រសាសន៍ថា «គុក​ស្ទើរតែ​ក្លាយ​ជាផ្ទះ​ទី​២​ទៅហើយ»។​ លោក​មាន​គំនិត​ប្រឆាំង​នឹង​រដ្ឋអំណាចផ្តាច់​ការ និងគាំទ្រ​ចលនាប្រជាធិបតេយ្យ​ដឹកនាំមក​ដោយ​លោកស្រី​ អ៊ុង សានស៊ូជី គឺតាំងតែពី​​​នៅជា​យុវជន។ វ័យ​​១៩ឆ្នាំ​ លោកបាន​​ចូលរួម​ការព្រឹត្តិការណ៍​តវ៉ារបស់​ក្រុម​និស្សិត​​ដ៏​ធំ​មួយ​ នៅឆ្នាំ​១៩៨៨។​

ភរិយារបស់​លោកអ្នក​និពន្ធរូបនេះ គឺអ្នក​ស្រី នីឡា ធែន ( Nilar Thein) ក៏​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែរ។​ ឆ្នាំ២០០៧ បន្ទាប់ពី​ភរិយាបានប្រសូត្រកូន​ស្រីមួយ​បានតែប៉ុន្មាន​ខែ រូប​លោក​ជាឪពុក​ត្រូវនគរបាល​ភូមា​ចាប់ខ្លួន​ដាក់​គុក។ មួយ​ឆ្នាំក្រោយមក ភរិយាលោក​ក៏ត្រូវ​ចាប់ខ្លួនដែរ​​។​ អ្ន​កទាំងពីរ​បាន​ជួបគ្នាវិញ នៅឆ្នាំ២០១២ ដោយសារតែ​មានកិច្ចព្រមព្រៀង​លើកលែងទោស។​ នៅថ្ងៃ​ដែល​គេ​ប្រហារជីវិត​​ស្វាមី អ្នកស្រី នីឡា ធែន មានប្រសាសន៍ប្រាប់វិទ្យុ​បរទេសថា «មរណភាព​នេះ គឺជា​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​បំផុត​សម្រាប់​របបសឹក​ភូមា។ គាត់​ស្លាប់​តែរូបកាយ​មែន តែ​គាត់​រស់រាន​ជានិច្ច​នៅក្នុង​បេះ​ដូង​របស់​យើង​គ្រប់គ្នា»។

បើ​តាមអង្គការសិទ្ធិមនុស្ស​​នៅ​ក្នុងស្រុក, ចាប់តាំង​ពី​ឡើង​កាន់អំណាចដោយរដ្ឋប្រហារ​យោធា ដើមខែកុម្ភៈ​ឆ្នាំ២០២១ គឺ​បណ្តាល​ឲ្យ​មាន​ស្លាប់មនុស្ស​ជាង​២ពាន់​នាក់ ហើយ​១ម៉ឺន​៥ពាន់ត្រូវចាប់ខ្លួន​។ ទន្ទឹមនឹង​គ្នា​នេះ​ តុលាការរបបសឹក បាន​កាត់ទោស អ្នក​នយោបាយ​និង​សកម្មជន​គណបក្ស​ប្រឆាំង​ ចំនួន​១១៥ ​ពី​បទ​ធ្វើ​ភេរវកម្ម និងត្រូវមាន​ទោស​​ប្រហារជីវិត​។​ ក្នុងចំណោម​នេះ មាន​៦៨នាក់ ជាប់​ទោស​ប្រហារជីវិត ហើយ​​​អ្នក​មួយ​ចំនួន​ទៀត​ បាន​រត់ភៀស​​ខ្លួន​ចោលស្រុកកំណើត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ