អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុម​ប្រទេស​ផលិតប្រេង​ OPEP+ កំពុង​​ដើរ​លើ​ខ្សែ​ដ៏តូច​ឆ្មារ រវាង​អាមេរិក​និង​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល​ ដោយសារតែទំហំនៃការផលិត​ និងទំហំស្តុកមានតិច។ ទន្ទឹមគ្នានេះ រុស្ស៊ីដែលជាប្រទេសផលិតប្រេង​ដ៏សំខាន់មួយដែរ មិន​អាចផលិត​នាំចេញបានច្រើនទេ ដោយសារ​តែ​​​ជាប់​​ទណ្ឌកម្ម​​អន្តរជាតិ។ នៅថ្ងៃពុធខាងមុខនេះ ក្រុមប្រទេសផលិត​ប្រេង OPEP+ នឹងជួបប្រជុំគ្នា ទាក់ទិននឹង​ការផលិតប្រេង​។ ក្រុមប្រទេស OPEP+ កំពុងតែស្ថិតក្នុងកាលៈទេសៈមួយដ៏លំបាក ដោយ​ម្ខាងសហរដ្ឋអាមេរិកដាក់សំពាធ ទាមទារឲ្យ​ដំឡើងការផលិត តែទន្ទឹមគ្នានេះ​គេមិនអាចធ្វើឲ្យ​រុស្ស៊ីទាស់ចិត្តបាន​ទេ ព្រោះរុស្ស៊ីក៏ជាដៃគូដ៏សំខាន់ របស់​OPEP។ តើក្រុម​ប្រទេសផលិតប្រេង អាចនឹងដំឡើងការផលិតបំពេញស្តុក ដើម្បីទាញតម្លៃប្រេងឲ្យចុះថោក​ដែរឬទេ?

លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេលជួបប្រជុំជាមួយ​ព្រះអង្គម្ចាស់ បេនសាល់ម៉ាន់ នៅទីក្រុងចេដា ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី ១៦ កក្កដា ២០២២
លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេលជួបប្រជុំជាមួយ​ព្រះអង្គម្ចាស់ បេនសាល់ម៉ាន់ នៅទីក្រុងចេដា ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី ១៦ កក្កដា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីពិភពលោកបានពើបប្រទះនឹងវិបត្តិជំងឺឆ្លងកូវីដ១៩ ក្រុមប្រទេសផលិត​ប្រេង OPEP ដែលមានសមាជិកចំនួន​១៣ប្រទេស ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត ព្រមទាំងដៃគូចំនួន១០ប្រទេសទៀត ដឹកនាំដោយ​រុស្ស៊ី បានរួមគ្នា កាត់បន្ថយការផលិតប្រេង ដើម្បីទាញចំនួនស្តុកឲ្យ​ធ្លាក់ចុះ។ វិធានការនេះ បានជួយឲ្យ​ប្រេងមានតម្លៃ​ឡើងបន្តិចម្តង​ៗឡើងវិញ។

នៅក្នុងបរិបទសេដ្ឋកិច្ចសកល​ ដែលចាប់ផ្តើម​ងើបឡើងវិញជាបណ្តើៗ ក្រុមប្រទេសផលិត​ប្រេង បាន​កំណត់វិធានការ ដំឡើងការផលិត​ជាដំណាក់ បន្តិចម្តងៗដើម្បីបំពេញស្តុក។ ក៏ប៉ុន្តែនៅក្រោយ​ការផ្ទុះសង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បញ្ហាវិបត្តិថាមពល​បានទាញ​តម្លៃប្រេងឲ្យ​ឡើងខ្ពស់ជាខ្លាំង អមជាមួយ​នឹងអតិផរណា ដែលបោះពួយ​មិនឈប់។

មានមតិខ្លះបានលើកឡើងថា ក្រុមប្រទេសផលិត​ប្រេង ត្រូវតែបង្កើនការផលិត​ បំពេញទីផ្សារ ដើម្បី​ឲ្យ​តម្លៃប្រេងធ្លាក់​បន្តិចវិញ ខណៈជីវភាពប្រជាជនទូទៅកាន់តែលំបាក។ កាលពីពាក់កណ្តាល​ខែ​កក្កដា លោកប្រធានាធិបតី ចូ បៃដិន បាន​ធ្វើដំណើរទៅកាន់​អារ៉ាប៊ីសាអូឌីត ប្រទេសផលិត​ប្រេងដ៏ធំជាងគេ និងដែលជាក្បាលម៉ាស៊ីនធំរបស់ OPEP។ សហរដ្ឋអាមេរិក បាន​ព្យាយាមដាក់សំពាធបញ្ចុះបញ្ចូល ឲ្យ​អារ៉ាប៊ីសាអូឌីត ត្រូវតែ​ជំរុញ​ឲ្យ​OPEP បង្កើនការផលិត​ប្រេង ឲ្យ​បានច្រើនជាងនេះ។ តម្លៃប្រេងចុះថោក លោកចូ បៃដិន ក៏អាចបានទទួលការសរសើ ពីប្រជាជនអាមេរិកដែរ ដែលកំពុងតែត្អូញត្អែរ​ មិន​ខុសពីប្រជាជនប្រទេសផ្សេងៗទៀត រឿងប្រេងឥន្ធនៈឡើងថ្លៃ។

តែយ៉ាងណា ការសម្រេចដំឡើងការផលិតប្រេង គឺវាមិនមែនជារឿងស្រួលទេ ជាពិសេសក្នុងកាលៈទេសៈនេះ ដែល​រុស្ស៊ី​ ដែលជាដៃគូដ៏សំខាន់មួយរបស់OPEP មិនអាចលក់ប្រេងបាន​ ព្រោះជាប់ទណ្ឌកម្មសេដ្ឋកិច្ច។ OPEP មិនអាចឆក់ឱកាសនេះ ដំឡើងការផលិតតែម្នាក់ឯង ទុកឲ្យ​រុស្ស៊ី​មានការថ្នាំងថ្នាក់ចិត្តឡើយ ប្រសិនបើចង់រក្សាការសហការជាមួយគ្នាតទៅទៀត។

យោងតាម​វិទ្យាស្ថាន​ Energy Aspects ប្រចាំនៅទីក្រុងឡុងដ៍ គឺគេជឿថា ក្រុមប្រទេស​ OPEP រួមជាមួយ​សម្ព័ន្ធមិត្ត ដែល​ហៅកាត់​ថា OPEP+ អាចនឹងដំឡើងការ​ផលិត ក៏ប៉ុន្តែក្នុងទំហំតិចតួចស្តួចស្តើង។​ OPEP+ ត្រូវធ្វើតាម​ការចង់បានរបស់អាមេរិកមែន តែក៏ត្រូវតែ​ថ្លឹងថ្លែងមិនឲ្យរុស្ស៊ី​ខឹងច្រឡោតឡើយ។ លោក Tamas Vargas អ្នកវិភាគម្នាក់​នៅ​ PVM Energy បាន​លើកឡើងថា អារ៉ាប៊ីសាអូឌីតក្នុងនាមជា​ក្បាលម៉ាស៊ីនOPEP កំពុងតែដើរលើ​ខ្សែមួយ​ដ៏តូចឆ្មារ ដោយត្រូវប្រយ័ត្នប្រយែងបំផុត រវាងឥទ្ធិពលអាមេរិក និងរុស្ស៊ី។ OPEP អាចដំឡើងការផលិត​ប្រេងបន្តិច ដើម្បី​កុំឲ្យ​អាមេរិកបាក់មុខតែប៉ុណ្ណោះ​។

ផ្អែកតាមលោក Carsten Fritsch អ្នកជំនាញ​នៅ​ធនាគារ Commerzbank គឺក្រុមប្រទេសOPEP+ អាចនឹងសន្មត់​​គ្នា​នៅថ្ងៃពុធខាងមុខនេះ ដំឡើងកម្មវត្ថុផលិត​បន្តិចបន្តួចតែប៉ុណ្ណោះ សម្រាប់ខែ​កញ្ញា ដើម្បី​បំពេញ​ចន្លោះគំលាត​ រវាង​កម្មវត្ថុ​និង​ការផលិតជាក់ស្តែង។ ដូចគ្នាដែរ សម្រាប់​លោក Matthew Holland អ្នកវិភាគនៅ  ​វិទ្យាស្ថាន​ Energy Aspects គឺ​OPEP មិនអាចធ្វើ​ឲ្យខូចសម្ព័ន្ធភាពជាមួយរុស្ស៊ីបាន​ឡើយក្នុងពេលនេះ ដោយត្រូវបង្អង់រងចាំចរចាគ្នា បង្កើតកិច្ចព្រមព្រៀងរយៈពេលវែងមួយទៀត នៅរវាងដំណាច់ឆ្នាំ​២០២២៕

ជាងនេះទៀត ការដំឡើងការផលិតប្រេង គឺវាជារឿងមួយលំបាកណាស់ សម្រាប់ប្រទេសសមាជិកOPEP ភាគច្រើន​។ ជានិច្ចជាកាល ទំហំនៃការផលិតរួម ដែលក្រុមប្រទេសOPEP បាន​សន្មត់គ្នា គឺមានតែលើក្រដាសប៉ុណ្ណោះ។ ឯការផលិតបានជាក់ស្តែង គឺមានទាបជាងកម្មវត្ថុជានិច្ច​។ ជាក់ស្តែង យោងតាមតួលេខរបស់អង្គការថាមពលអន្តរជាតិ​ AIE ទំហំផលិតប្រេង​​ជាក់ស្តែងក្នុងខែមិថុនាកន្លងទៅ គឺមានទាបជាងកម្មវត្ថុកំណត់ ដល់ទៅ២,៨លានធុងបារីល​ឯណោះ។

ដោយសារតែបញ្ហាអស្ថិរភាពនយោបាយ ជម្លោះប្រដាប់អាវុធ កង្វះហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ជាដើម ប្រទេសខ្លះដូចជា អង់ហ្គោឡា និងនីហ្សេរីយ៉ាជាដើម គឺមិនអាចបន្ថែមការផលិត​បានលើសនេះ​ទេ បើទោះបី​ជាចង់ក៏ដោយ​។ ក្នុង​ចំណោម​ប្រទេស ដែល​អាចនៅ​មានលទ្ធភាព​បង្កើនការផលិត​​ គឺមានតែអារ៉ាប៊ីសាអូឌីត និង អេមីរ៉ាត់អារ៉ាប់រួមទេ។ តែយ៉ាងណា អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ហើយ ថាខ្លួនមិនអាចផលិត​បន្ថែម យកមកបំពេញ​ស្តុករបស់​ប្រទេសផ្សេងបានទេ។ ការប្រកាសបែបនេះ ក៏ជាវិធីការពារខ្លួន ព្រោះអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យរុស្ស៊ីមើលឃើញថាខ្លួន​ធ្វើតាម​អាមេរិកជ្រុលពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ