អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖ ហេតុអ្វីអាកាសធាតុក្តៅខ្លាំងធ្វើឲ្យប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងអំឡុងពេល​កំពុង​ប្រឈម​នឹង​បញ្ហា​ថាមពល​ស្រាប់ ក្រុមហ៊ុន​ផលិត​អគ្គិសនី​បារាំង​បាន​ឲ្យដឹង​ថា ការផលិត​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​កំពុងតែ​ជួប​នឹង​ភាព​រអាក់រអួល ដោយ​​​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ជាច្រើន​កន្លែង​ត្រូវ​គេ​កាត់បន្ថយ​ដំណើរការ។ មូលហេតុ គឺ​​ដោយសារ​តែបញ្ហា​អាកាសធាតុ​ក្តៅខ្លាំង។ តើ​ហេតុអ្វី​បាន​ជា​អាកាសធាតុ​ក្តៅ នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​បែបនេះ?

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​កន្លែង នៅ​តំបន់កណ្តាល ប្រទេស​បារាំង
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​កន្លែង នៅ​តំបន់កណ្តាល ប្រទេស​បារាំង REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

យើងដឹងថា នៅក្នុង​ដំណើរការ​នៃ​រ៉េអាក់ទ័រនុយក្លេអ៊ែរ ការផលិតអគ្គិសនី​ត្រូវ​ធ្វើ​ទៅតាម​យន្តការ​ចម្បងមួយ គឺ​​ប្រតិកម្ម​នុយក្លេអ៊ែរ​បង្កើត​ជា​កម្តៅ រួចហើយ​កម្តៅនេះ​បង្កើត​ជាកម្លាំងចំហាយទឹក​ទៅ​បង្វិលតួប៊ីនផលិតអគ្គិសនី។

នៅក្នុងយន្តការនេះ កម្តៅ គឺ​ជា​គន្លឹះ​ចម្បងក្នុង​ការ​ផលិតអគ្គិសនី ហើយ​ក្នុងពេល​ជាមួយគ្នា កម្តៅ​ក៏​អាច​ជា​គ្រោះថ្នាក់​មួយផងដែរ ពីព្រោះ​ថា នៅពេល​ដែល​កម្តៅកើនឡើងខ្លាំង ​គ្រប់គ្រង​មិនបាន​វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ស្នូលរ៉េអាក់ទ័រ ដែល​ជា​កន្លែង​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ ហើយ​បង្ក​ឲ្យ​មាន​ការផ្ទុះ ឬ​លេចធ្លាយ​វិទ្យុសកម្ម បង្កើត​ទៅជា​វិនាសកម្មនុយក្លេអ៊ែរ ដូច​អ្វីដែល​ធ្លាប់​កើតមាន​កាលពីពេល​កន្លង ដូចជា នៅ​ឈែរណូប៊ីល ឬ​ក៏​នៅ​ហ្វូគូស្ហ៊ីម៉ា​ជាដើម។

​វិធានការ​ចម្បង នៅ​ក្នុង​ការ​រក្សា​សុវត្ថិភាព​​រ៉េអាក់ទ័រនុយក្លេអ៊ែរ គឺ​ការ​គ្រប់គ្រង​សីតុណ្ហភាព ហើយ​កត្តា​ចម្បង​មិន​អាចខ្វះបាន នៅ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រ៉េអាក់ទ័រនុយក្លេអ៊ែរ​នេះ គឺ​ទឹក ហើយ​តម្រូវការ​ទឹក​របស់​រ៉េអាក់ទ័រនុយក្លេអ៊ែរ​នីមួយៗ គឺ​មាន​ច្រើន។ ហេតុដូច្នេះហើយ​បាន​ជា​គេសង្កេតឃើញ​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​តែងតែ​ត្រូវគេ​សាងសង់​នៅ​ក្បែរ​ប្រភពទឹក ដូចជា ​សមុទ្រ ឬ​ក៏​ទន្លេ ជាដើម។

​យន្តការ​នៃ​ការ​គ្រប់គ្រង​សីតុណ្ហភាព​រ៉េអាក់ទ័រនុយក្លេអ៊ែរ ត្រូវធ្វើ​ឡើង​ដោយ​​ការ​បូមទឹក​ពី​ប្រភពទឹក​ធម្មជាតិ​ចូល​ទៅ​ក្នុង​រ៉េអាក់ទ័រ ដើម្បី​ស្រូបកម្តៅ​ពី​រ៉េអាក់ទ័រ មុននឹង​បញ្ចេញ​ទឹកនេះ ទៅ​ក្នុង​ប្រភពទឹកធម្មជាតិវិញ ដោយទឹក​ដែល​បញ្ចេញ​ពី​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​នេះ គឺ​ជា​ទឹកក្តៅ។

នៅបារាំង ការ​បញ្ចេញទឹកក្តៅ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទៅ​ក្នុង​ប្រភពទឹកធម្មជាតិ ត្រូវធ្វើ​ដោយ​គោរពទៅតាម​ដែន​កំណត់​មួយ ហើយ​ដែនកំណត់​នេះ​ គឺ​វាអាស្រ័យ​ទៅលើ​សីតុណ្ហភាព​ទឹក​ នៅក្នុងប្រភពទឹកធម្មជាតិ នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នីមួយៗ។ គោលដៅ គឺ​ដើម្បី​ការពារ​បរិស្ថាន និង​ជីវចម្រុះ ដែលពាក់ព័ន្ធនឹង​ប្រភពទឹកធម្មជាតិ។

នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង អាជ្ញាធរ​ជា​អ្នក​​កំណត់​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ណាមួយ អាច​បញ្ចេញ​ទឹក​ក្តៅ​ពី​រ៉េអាក់ទ័រ ក្នុង​​​​សីតុណ្ហភាពខ្ពស់​បំផុត​ត្រឹម​កម្រិតណា ទៅក្នុង​ប្រភពទឹកធម្មជាតិ។

នៅពេល​ដែល​ទឹក​ពី​ប្រភព​ធម្មជាតិ​កាន់តែក្តៅ ធ្វើ​ឲ្យ​​​គម្លាត ​រវាង​សីតុណ្ហភាព​ទឹក​ដែល​គេ​បូមពី​ប្រភពទឹក​ធម្មជាតិ​ទៅ​ក្នុង​រ៉េអាក់ទ័រ និង​កម្រិត​សីតុណ្ហភាពអតិបរមា ដែលគេ​អាច​បញ្ចេញ​ពី​រ៉េអាក់ទ័រមកវិញ មានតិចតួច យន្តការ​ទប់កម្តៅរ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ក៏​លែង​សូវមាន​ប្រសិទ្ធភាព ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​គេ​កាត់​បន្ថយ​កម្លាំង​រ៉េអាក់ទ័រ​ក្នុងការ​ផលិត​អគ្គិសនី។

នេះហើយ​ជា​អ្វីដែល​កំពុង​តែកើតឡើង​នៅ​ក្នុង​ប្រទេស​បារាំង ដោយក្រោយ​ពី​មាន​រលកកម្តៅ​ជាច្រើន​លើកផ្ទួនៗគ្នា សីតុណ្ហភាព​ទឹកនៅតាមទន្លេ​មួយ​ចំនួន​បាន​កើនឡើង​ខ្លាំង ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិតអគ្គិសនី​ត្រូវកាត់​បន្ថយ​ដំណើរការ​រ៉េអាក់ទ័រ​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត ដោយ​រ៉េអាក់ទ័រខ្លះ ដែល​មាន​កម្លាំង ១៣០០ម៉េហ្កាវ៉ាត់ ត្រូវកាត់បន្ថយ​​​មកនៅត្រឹម​ប្រមាណ​ជា ៣០០ម៉េហ្កាវ៉ាត់តែប៉ុណ្ណោះ។

ជាការពិត​ថា មកទល់នឹង​ពេលនេះ បារាំង​នៅមិនទាន់​ប្រឈម​នឹង​បញ្ហា​ខ្វះអគ្គិសនី​ប្រើ​ប្រាស់​នោះទេ ហើយ​អាជ្ញាធរ​បារាំង​ក៏​កំណត់​ផងដែរ អំពី​ការលើកលែង​នៅ​ក្នុងករណី​ចាំបាច់ ពោលគឺ នៅ​ក្នុងករណី​ត្រូវ​ប្រឈម​នឹង​កង្វះអគ្គិសនី ក្រុមហ៊ុន​ផលិតអគ្គិសនី​អាច​បញ្ចេញ​ទឹកក្តៅ​ពី​រ៉េអាក់ទ័រនុយក្លេអ៊ែរ ក្នុងសីតុណ្ហភាព​ខ្ពស់​ជាង​កម្រិត​អតិបរមា​បាន ដើម្បី​ធានា​ដំណើរការ​រ៉េអាក់ទ័រ​ក្នុងការ​ផលិត​ថាមពល​អគ្គិសនី។

ទោះជាយ៉ាងណា វាឆ្លុះបញ្ចាំង​ឲ្យឃើញថា ថាមពល​នុយក្លេអ៊ែរ ដែលគេសំឡឹងឃើញ​ថា​ជា​វិស័យចម្បងមួយ ក្នុងការ​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន និង​កាត់បន្ថយ​ការ​ឡើងកម្តៅផែនដី ក៏ប៉ុន្តែ វិស័យ​នុយក្លេអ៊ែរ​ខ្លួនឯងផ្ទាល់​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រឈម​ផងដែរ ទៅនឹង​ឡើងកម្តៅផែនដី ដោយ​ក្នុងរយៈពេល​វែង​ខាងមុខ បញ្ហា​ប្រឈម​​របស់​រ៉េអាក់ទ័រនុយក្លេអ៊ែរ មិនមែន​ត្រឹមតែ​កើតឡើង​ដោយ​សារតែ​កំណើន​សីតុណ្ហភាព​ទឹក​​នោះទេ។ ការថយចុះ​នៃ​បរិមាណ​ទឹក​​នៅ​ក្នុង​ប្រភពទឹកធម្មជាតិ​ក៏​នឹង​ជា​បញ្ហាចោទដ៏​ចម្បងមួយផងដែរ ពីព្រោះ​ថា បើ​តាម​ការព្យាករ​របស់​ការិយាល័យ​ភគព្ភសាស្រ្តបារាំង ចាប់ពីពេលនេះ ទៅ​ដល់​ឆ្នាំ២០៥០​ខាងមុខ បរិមាណ​ទឹក​នៅ​តាមប្រភពទឹកធម្មជាតិ​នៅ​ទូទាំង​ប្រទេស​បារាំង អាច​នឹង​ត្រូវ​ថយចុះ ក្នុងចន្លោះ ពី ១០% ទៅ ៤០% ដោយ​ក្នុងអំឡុង​រដូវក្តៅ ការថយចុះ​នៃ​បរិមាណ​ទឹកនេះ អាច​នឹង​មាន​រហូត​ទៅដល់ ៦០% ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ