អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ New START ចែងពីអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ ៨សីហា នៅ​ក្នុងបរិបទ​នៃ​សង្គ្រាមអ៊ុយក្រែន និង​ទណ្ឌកម្ម​ពី​សំណាក់​លោក​ខាងលិច រុស្ស៊ី​បាន​ប្រកាស​ផ្អាក​មិនឲ្យ​អាមេរិក​ចូល​ទៅ​ត្រួតពិនិត្យ​សព្វាវុធ​នុយក្លេអ៊ែរ ដែល​ជា​ប្រតិបត្តិការ​ត្រួតពិនិត្យ​សព្វាវុធ​នុយក្លេអ៊ែរ​គ្នា​ទៅវិញ ដូចដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ ដែល​គេហៅ​ជា​ភាសា​អង់គ្លេស​ថា « New START »។ តើ​សន្ធិសញ្ញា « New START » នេះ​ គឺ​ជា​អ្វី ហើយ​មាន​ចែងអំពីអ្វីខ្លះ?

មីស៊ីលបាលីស្ទិកអន្តរទ្វីប​របស់​រុស្ស៊ី នៅក្នុងអំឡុងព្យុហយាត្រា​ នៅ​ម៉ូស្គូ កាល​ពីឆ្នាំ២០១០
មីស៊ីលបាលីស្ទិកអន្តរទ្វីប​របស់​រុស្ស៊ី នៅក្នុងអំឡុងព្យុហយាត្រា​ នៅ​ម៉ូស្គូ កាល​ពីឆ្នាំ២០១០ ASSOCIATED PRESS - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« START » គឺ​មក​ពី​ពាក្យពេញ​ជាភាសាអង់គ្លេស​ថា « Strategic Arms Reduction Treaty » ដែល​យើង​អាចបកប្រែ​ដោយត្រង់​ជាភាសាខ្មែរថា “សន្ធិសញ្ញា​កាត់បន្ថយ​សព្វាវុធយុទ្ធសាស្រ្ត”។ ក៏ប៉ុន្តែ នៅ​ក្នុងភាសាបច្ចេកទេស​សព្វាវុធ ពាក្យថា « Strategic » នេះ គឺ​គេតែងតែ​សំដៅ​ទៅលើ​សព្វាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយឆ្ងាយ។ ដូច្នេះ សន្ធិសញ្ញា START គឺ​ជាសន្ធិសញ្ញា​កាត់បន្ថយ​សព្វាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយឆ្ងាយ។ សន្ធិសញ្ញា​នេះ​​ត្រូវ​បាន​ចុះ​ជាលក្ខណៈទ្វេភាគី រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។

សន្ធិសញ្ញា START នេះ ត្រូវ​បាន​ចុះហត្ថលេខា​ជាលើកដំបូង កាល​ពីឆ្នាំ១៩៩១ (រវាង​លោក​ចច ប៊ូស និង​លោក​ហ្កូបាឆូវ) ហើយ​ក្រោយ​ពី​សន្ធិសញ្ញា START-I ផុតសុពលភាព នៅ​ឆ្នាំ២០០៩ ទើប​សន្ធិសញ្ញាថ្មី ដែល​គេហៅថា « New START » ត្រូវ​បាន​ចុះ នៅ​ឆ្នាំ២០១០ (រវាង​លោក​អូបាម៉ា និង​លោក​មេដវេដេវ)។

ក្រោយ​ពី​ចុះហត្ថលេខា និង​ការផ្តល់សច្ចាប័ន​ដោយ​ភាគី​ទាំងពីរ សន្ធិសញ្ញា New START បាន​ចាប់ផ្តើម​ចូល​ជាធរមាន នៅ​ឆ្នាំ២០១១ សម្រាប់​រយៈពេល ១០ឆ្នាំ ដោយ​ត្រូវ​ផុត​នៅ​ឆ្នាំ២០២១ ក៏ប៉ុន្តែ ត្រូវ​បាន​ពន្យារសុពលភាព​រយៈពេល ៥ឆ្នាំ​បន្ថែម រហូត​ដល់​ឆ្នាំ២០២៦​ខាងមុខ។

ចំណុចគន្លឹះ នៃ​សន្ធិសញ្ញា New START នេះ គឺ​ការ​ចែង​​ដាក់​កម្រិត​ឲ្យ​ភាគី​​នីមួយៗ​ ទាំង​រុស្ស៊ី និង​ទាំង​អាមេរិក ​អាច​ដាក់ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​រយៈចម្ងាយ​ឆ្ងាយ បាន​យ៉ាងច្រើន​បំផុត ត្រឹម​ ១ ៥៥០គ្រាប់​ប៉ុណ្ណោះ សម្រាប់​ប្រទេស​នីមួយៗ។

គួរកត់សម្គាល់ថា ក្បាលគ្រាប់នុយក្លេអ៊ែរ​ដែល​ដាក់ពង្រាយ (Deployed Warheads) ដែល​គេ​កម្រិត​ចំនួន នៅ​ក្នុង​សន្ធិសញ្ញា New START នេះ គឺ​សំដៅ​ទៅលើ​ក្បាលគ្រាប់​ដែល​បំពាក់​នៅលើ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប (ទោះជា​មីស៊ីល​ដែល​បាញ់ចេញ​ពីដី ឬ​មីស៊ីល​បាញ់ចេញ​ពី​នាវាមុជទឹក) និង​ក្បាលគ្រាប់ ដែល​រក្សាទុក​នៅ​មូលដ្ឋាន​យន្តហោះទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ ក៏ប៉ុន្តែ មិន​រាប់បញ្ចូល​ក្បាលគ្រាប់នុយក្លេអ៊ែរ ដែល​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ដែល​ជា​ស្តុក​បមុ្រង។

ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដែល​ដាក់ពង្រាយ ហើយ​ដែល​ត្រូវ​រាប់បញ្ចូល​ទៅក្នុង​ចំនួន​អតិបរមា ១ ៥៥០គ្រាប់ នៅ​ក្នុង​សន្ធិសញ្ញា New START នេះ ទៀត​សោត ក៏​មាន​របៀប​រាប់​ផ្សេងៗ​គ្នា​ផងដែរ អាស្រ័យថា តើ​ក្បាលគ្រាប់នុយក្លេអ៊ែរ​នោះ​ត្រូវ​ដាក់ពង្រាយ​លើ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ឬ​នៅលើ​យន្តហោះ​ទម្លាក់​គ្រាប់បែក។

ក្នុងករណី​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប (ទោះជា​មីស៊ីល​ដែល​បាញ់ចេញ​ពីដី ឬ​មីស៊ីល​បាញ់ចេញ​ពី​នាវាមុជទឹក) ដែល​មីស៊ីល​មួយដើមៗ អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន​ច្រើន​គ្រាប់ គេ​ត្រូវ​រាប់​ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរនីមួយៗ ដែល​បំពាក់​លើ​មីស៊ីល។ ផ្ទុយ​ទៅវិញ ក្នុងករណី​យន្តហោះទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ បើទោះបីជា​យន្តហោះ​មួយគ្រឿង​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​បាន​ច្រើន​គ្រាប់ ក៏ប៉ុន្តែ គេ​ត្រូវ​រាប់ចំនួន​យន្តហោះ ពោលគឺ គេ​កំណត់​ថា យន្តហោះ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរមួយគ្រឿង គឺ​ស្មើ​នឹង​គ្រាប់បែក​នុយក្លេអ៊ែរ​រយៈចម្ងាយ​ឆ្ងាយ​មួយគ្រាប់។

ក្រៅ​ពី​ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ សន្ធិសញ្ញា New START ក៏​មាន​ចែងកំណត់​ផងដែរ អំពី​ចំនួន​មីស៊ីល និង​យន្តហោះទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ ដោយ​ភាគី​ម្ខាងៗ អាច​មាន​យ៉ាងច្រើន​បំផុត​ត្រឹម ៨០០ តែ​ប៉ុណ្ណោះ ដោយ​បូកសរុប​បញ្ចូល​គ្នា ទាំង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ និង​យន្តហោះទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ។

យោងតាម​សន្ធិសញ្ញា New START នេះ រុស្ស៊ី និង​អាមេរិក ​ត្រូវ​កាត់បន្ថយ​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ព្រមទាំង​ចំនួន​មីស៊ីល និង​យន្តហោះ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​ឲ្យ​​មក​នៅ​ក្នុង​ដែនកំណត់ នៅយ៉ាងយូរបំផុត​ រយៈពេល ៧ឆ្នាំ ក្រោយ​សន្ធិសញ្ញា​ចូល​ជាធរមាន ពោលគឺ នៅ​ត្រឹម​ឆ្នាំ២០១៨​កន្លងទៅ។

គិតមកទល់​នឹង​ឆ្នាំ២០២១​កន្លងទៅនេះ យោងតាម​តួលេខ​របស់​សមាគមតាមដាន​ការ​គ្រប់គ្រង​សព្វាវុធ ឈ្មោះ « Arms Control » រុស្ស៊ី​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ ទាំង​ក្បាលគ្រាប់ដែល​ដាក់ពង្រាយ និង​ក្បាលគ្រាប់ ដែល​នៅ​ក្នុង​ស្តុក គិតជាសរុប ៦ ២៥៧​គ្រាប់ ចំណែក​សហរដ្ឋ​អាមេរិក មាន ៥ ៥៥០​គ្រាប់។ ក្នុង​ចំណោម​នោះ ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយ​ឆ្ងាយ ដែល​ត្រូវ​ដាក់ពង្រាយ គឺ​មាន ១ ៤៥៨​គ្រាប់ សម្រាប់​រុស្ស៊ី និង ១ ៣៨៩​គ្រាប់ សម្រាប់​សហរដ្ឋ​អាមេរិក ពោលគឺ ភាគីទាំងពីរ​សុទ្ធតែ​មាន​ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ​រយៈចម្ងាយ​ឆ្ងាយ ​ក្នុងដែន​កំណត់​នៃ​​សន្ធិសញ្ញា New START៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ