អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផែនការឧស្ម័នបន្ទាន់របស់សហភាពអឺរ៉ុបបានចូលជាធរមាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុត ផែនការសង្គ្រោះបន្ទាន់ដែលអំពាវនាវឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបកាត់បន្ថយការប្រើប្រាស់ឧស្ម័នបានចូលជាធរមាន។ ផែនការនេះគឺធ្វើឡើងដើម្បីត្រៀមខ្លួននឹងការការភ័យខ្លាចថា រុស្ស៊ីអាចបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នមកកាន់បណ្ដាប្រទេសអឺរ៉ុបនៅរដូវរងាខាងមុខនេះ។ ​សម្រាប់មន្រ្ដីជាន់ខ្ពស់អាល្លឺម៉ង់ ផែនការ​នេះទំនង​អាចចាប់​ហ្វ្រាំង​មិនឱ្យ​ថ្លៃ​ឧស្ម័នឡើងខ្ពស់ពេក។

បំពង់ផ្គត់ផ្គង់ឧស្ម័ន នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប
បំពង់ផ្គត់ផ្គង់ឧស្ម័ន នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប AP - Czarek Sokolowski
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការចេញផ្សាយផ្លូវការរបស់សារព័ត៌មានអាល្លឺម៉ង់ DW ផែនការឧស្ម័នសង្គ្រោះបន្ទាន់ ឬ The Emergency Gas Plan របស់សហភាពអឺរ៉ុបបានចូលជាធរមាន កាលពីថ្ងៃអង្គារ៍ ក្នុងសប្ដាហ៍នេះ ដោយរដ្ឋជាសមាជិកត្រូវបានស្នើសុំឱ្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេ និងព្យាយាមធ្វើយ៉ាងណាស្វែងរកឧស្ម័នដើម្បីបំពេញស្តុក នៅមុនរដូវរងា ឆ្នាំនេះ។

ផែនការនេះត្រូវបានដាក់ចេញ ដើម្បីទប់ទល់ទៅនឹងលទ្ធភាពនៃកង្វះខាតនៃការផ្គត់ផ្គង់ឧស្ម័នដែលអាចនឹងកើតមានឡើង ប្រសិនបើរុស្ស៊ីសម្រេចចិត្តកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ចំពេលដែលភាពតានតឹងជុំវិញការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាន់តែកើនឡើង។

នាពេលកន្លងមក ការដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ។ គេសង្កេតឃើញថា រុស្ស៊ីបានព្យាយាមប្រើប្រាស់យន្ដការឧស្ម័នជា "អាវុធ" ប្រឈមប្រឆាំងនឹងសហភាពអឺរ៉ុបដែលបន្ដដាក់ទណ្ឌកម្មមកលើខ្លួន។

តើ​គម្រោងឧស្ម័នសង្គ្រោះបន្ទាន់នេះជា​អ្វី?

រដ្ឋជាសមាជិកសហភាពអឺរ៉ុបកំពុងត្រូវបានស្នើសុំឱ្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នដោយស្ម័គ្រចិត្ត ក្នុងកម្រិត១៥% ចន្លោះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ជាមធ្យមក្នុងរយៈពេលដូចគ្នា ក្នុងរយៈពេល ៥ឆ្នាំកន្លងមក។

ផែនការនេះត្រូវបានអនុម័តដោយរដ្ឋមន្ត្រីថាមពលរបស់សហភាពអឺរ៉ុបកាលពីចុងខែកក្កដានេះ។ នៅក្រោមផែនការនេះ គោលដៅសន្សំឧស្ម័នអាចត្រូវបានធ្វើឡើងជាកាតព្វកិច្ចក្នុងករណីមានបញ្ហាអាសន្ននៃការផ្គត់ផ្គង់ឧស្ម័ន។

ទោះបីជាយ៉ាងណាក៏ដោយ អាចមានជម្រើសជាច្រើនសម្រាប់ប្រទេសនីមួយៗ និងសម្រាប់ឧស្សាហកម្មនៃប្រទេសទាំងនោះ ហើយយ៉ាងហោចណាស់មានប្រទេសអឺរ៉ុបចំនួន១៥ ដែលតំណាងឱ្យយ៉ាងហោចណាស់ ៦៥%នៃចំនួនប្រជាជនអឺរ៉ុបសរុប គ្រោងនឹងអនុម័តសម្រាប់គោលដៅដែលត្រូវអនុវត្តទាំងនេះ។

អេស្ប៉ាញ និងអ៊ីតាលី ស្ថិតក្នុងចំណោមប្រទេសដែលទទួលបានការលើកលែងពីគោលដៅសន្សំ ១៥%។

គិតជាតួលេខ ផែនការ​នេះ​មាន​គោលបំណង​សន្សំ​សំចៃ​ឧស្ម័ន​សរុប​ចំនួន ៤៥ពាន់​លាន​ម៉ែត្រគូប។ យោងតាមគណៈកម្មាការអឺរ៉ុប សម្រាប់ករណីប្រទេសអាល្លឺម៉ង់ដែលជាប្រទេសប្រើប្រាស់ឧស្ម័នដ៏ធំមួយ នឹងត្រូវកាត់បន្ថយប្រហែល១០ពាន់លានម៉ែត្រគូបនៃចំនួននោះ។

តើភាគីអាល្លឺម៉ង់បាននិយាយអ្វីខ្លះ?

យោងតាមលោក Klaus Müller ប្រធានទីភ្នាក់ងារសហព័ន្ធអាល្លឺម៉ង់ដែលទទួលខុសត្រូវលើអគ្គិសនី ឧស្ម័ន ផ្លូវដែក សំបុត្រ និងទូរគមនាគមន៍ ផែនការនេះអាចបញ្ចប់ការឡើងថ្លៃឧស្ម័ន នាពេលថ្មីៗនេះ ឬសូម្បីតែចាប់ផ្តើមជំរុញឱ្យថ្លៃឧស្ម័នធ្លាក់ចុះផងដែរ។

លោក Müller បានបញ្ជាក់ទៅកាន់សារព័ត៌មាន ZDF ថា "ប្រសិនបើប្រទេសទាំងអស់នៅអឺរ៉ុបរក្សាទុកឧស្ម័ន វាអាចធ្វើឱ្យមានស្ថិរភាពតម្លៃ ឬប្រហែលជាអាចកាត់បន្ថយតម្លៃផងដែរ។ ផែនការនេះអាចធ្វើឱ្យមានការផ្គត់ផ្គង់ឧស្ម័នគ្រប់គ្រាន់ សម្រាប់ពួកយើង ដើម្បីផលិតវា នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា។"

តម្លៃឧស្ម័ននៅប្រទេសអាល្លឺម៉ង់បានកើនឡើងទ្វេដង ចាប់តាំងពីចុងឆ្នាំមុនរហូតដល់  ០,១៣អឺរ៉ូ ឬស្មើ $០,១៣ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយសារអ្នកផ្គត់ផ្គង់មួយចំនួនបានបង្កើនតម្លៃកាន់តែច្រើនថែមទៀត។

ចាប់ពីថ្ងៃទី១ ខែតុលា តទៅ ការចំណាយលើឧស្ម័នអាចនឹងកើនឡើងម្តងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ ព្រោះថាអ្នកប្រើប្រាស់បានស្នើសុំជំនួសថវិការហូតដល់ ០,០៥អឺរ៉ុប ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ថវិកាជំនួយ​នេះ​មាន​គោលបំណង​ជួយឱ្យក្រុមហ៊ុន ឬស្ថាប័ន​នាំ​ចូល​ឧស្ម័នពីប្រទេសផ្សេងៗក្រៅពីរុស្ស៊ី ដែលពួកគេត្រូវចំណាយលុយច្រើនជាងមុនដើម្បីទិញចូលឧស្ម័នថ្លៃ។

ផែនការ​គ្រាអាសន្ន​ដំបូងនេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​មួយ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ