អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសន្ធិសញ្ញាលម្ហសមុទ្រដែលអ.ស.ប.កំពុងចរចាបច្ចុប្បន្ននេះគឺជាអ្វី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្១៥សីហា ប្រទេស​សមាជិក​អ.ស.ប.​បាន​ចាប់ផ្តើម​បើក​កិច្ចចរចា​សាជាថ្មី​ទៅលើ​គម្រោង​សន្ធិសញ្ញា​អន្តរជាតិ​ថ្មីមួយ ដើម្បី​គ្រប់គ្រង​លម្ហសមុទ្រ។ សន្ធិសញ្ញា​ដែល​ត្រូវ​បាន​ឆ្លង​កាត់នូវ​ការ​ចរចា​ជាច្រើន​លើករួចមកហើយ ក៏ប៉ុន្តែ មិនបាន​ជោគជ័យ។ តើ​គម្រោង​សន្ធិសញ្ញា​គ្រប់គ្រង​លម្ហសមុទ្រ​នេះ​គឺ​ជា​អ្វី?

សកម្មជនបរិស្ថាន និង​អ្នក​វិទ្យាសាស្រ្ត​ធ្លាប់បានលើកឡើង​ថា មហាសមុទ្រ​យ៉ាងតិច ៣០% ត្រូវ​ដាក់​ជា​តំបន់​ការពារ នៅ​ត្រឹម​ឆ្នាំ២០៣០​ខាងមុខ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ
សកម្មជនបរិស្ថាន និង​អ្នក​វិទ្យាសាស្រ្ត​ធ្លាប់បានលើកឡើង​ថា មហាសមុទ្រ​យ៉ាងតិច ៣០% ត្រូវ​ដាក់​ជា​តំបន់​ការពារ នៅ​ត្រឹម​ឆ្នាំ២០៣០​ខាងមុខ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ © Enric Sala/National Geographic
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​គ្រប់គ្រង​លម្ហសមុទ្រ ឬ​ហៅតាមភាសា​អង់គ្លេស​ថា High Seas ដែល​ប្រទេស​សមាជិក​អ.ស.ប.​កំពុង​ចរចា​​​នៅ​ពេលនេះ គឺ​សំដៅ​លើ​លម្ហសមុទ្រ ដែល​ចេញ​ទៅ​ហួស​ពី​ដែនទឹក និង​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​នីមួយៗ។

ជាទូទៅ នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដែនសមុទ្រ​ត្រូវ​បាន​បែងចែក​ចេញ​ជា​ ៣ផ្នែក​ធំៗ៖

ទីមួយ គឺ​ដែនសមុទ្រជាតិ ដែល​លាតសន្ធឹងចេញ​ពី​ឆ្នេរ រហូត​ទៅដល់​ចម្ងាយ ១២ម៉ាយ ហើយដែល​ជា​តំបន់​ស្ថិត​ក្រោម​អធិបតេយ្យផ្តាច់មុខ​របស់​ប្រទេសមួយ​។ គួរបញ្ជាក់ថា “ម៉ាយ” នៅ​ក្នុង​រង្វាស់​ដែនសមុទ្រ​នេះ គឺ​សំដៅលើ​​ nautical mile ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ម៉ាយធម្មតាបន្តិច ដោយ ១ nautical mile ត្រូវស្មើ​នឹង ១ ៨៥២ម៉ែត្រ ដូច្នេះ ដែនសមុទ្រ​ជាតិ​ បើ​គិត​ជា​គីឡូម៉ែត្រ គឺ​ត្រូវ​លាតសន្ធឹង​ទៅដល់​ចម្ងាយ​ប្រមាណ​ជា ២២គីឡូម៉ែត្រ​ពី​ឆ្នេរ។

ចេញ​ពី​ដែនសមុទ្រ​ជាតិនេះ​ទៅ ចូល​​ដល់​តំបន់​ទីពីរ គឺ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ដែល​អាច​លាតសន្ធឹង​រហូត​ទៅដល់ ២០០ម៉ាយ ឬ​ ៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ។ តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេសមួយ​​មិនស្ថិត​ក្រោម​អធិបតេយ្យ​របស់​ប្រទេសនោះទេ ក៏ប៉ុន្តែ ប្រទេសនោះ​មានសិទ្ធិផ្តាច់មុខ​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​ធ្វើ​អាជីវកម្ម​ទៅលើ​ធនធានសមុទ្រ​នៅ​ក្នុង​តំបន់​នោះ ដោយ​រាប់​ទាំង​ធនធាន​ក្នុងទឹក ដូចជា ការធ្វើ​នេសាទ ជាដើម និង​ធនធាន​ក្រោម​បាតសមុទ្រ ដូចជា ការ​ធ្វើ​អាជីវកម្ម​ប្រេង ឬ​ឧស្ម័ន ជាដើម។

ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខនេះ​ទៅ គឺ​ជា​លម្ហសមុទ្រ (High Seas) ដែល​ជាដែនទឹក​មិនស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​​ប្រទេសណាមួយ​ទាំងអស់​ ចំណែក​ធនធាន និង​បរិស្ថាន នៅ​ក្នុង​លម្ហសមុទ្រ​នេះ ក៏​នៅ​មិនទាន់​មាន​ច្បាប់គ្រប់គ្រង​ច្បាស់លាស់​នៅឡើយ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ក្នុងពេល​ដែល​​ការសិក្សា​​របស់​​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​សុទ្ធតែបង្ហាញ អំពី​សារៈសំខាន់ នៅ​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូសាស្រ្ត នៅ​ក្នុងមហាសមុទ្រ​ទាំងមូល ទាំង​តំបន់សមុទ្រ​ដែល​នៅ​ក្បែរឆ្នេរ និង​ទាំង​លម្ហសមុទ្រ។

តំបន់​លម្ហសមុទ្រ (High Seas) មានផ្ទៃក្រឡា​រហូតដល់​ទៅ​ប្រមាណ​ជា​ជិត ២ភាគ៣ នៃ​ផ្ទៃសមុទ្រ​សរុប​នៅលើ​ភពផែនដី ហើយ​ស្មើ​នឹង​​ជិត​ពាក់កណ្តាល​នៃ​ផ្ទៃក្រឡា​របស់​ភពផែនដី​ទាំងមូល រាប់ទាំង​ដីគោក និង​ផ្ទៃសមុទ្រ គឺ​ជា​តំបន់ដែលមានតួនាទី​យ៉ាងសំខាន់ នៅ​ក្នុង​ការជួយ​កាត់បន្ថយ​ការ​ឡើងកម្តៅផែនដី តាមរយៈ​ការ​ស្រូប​កម្តៅ ក៏ដូចជា​ស្រូបយក​យក​ឧស្ម័ន​កាបូនិក​ពី​បរិយាកាស ហើយ​ក៏​ជា​ចលករ​មួយ​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ផលិត​អុកស៊ីសែន ដោយ​ខ្យល់​អុកស៊ីសែន​សរុប​នៅលើ​ភពផែនដី ដែល​មនុស្ស​យើង​ដកដង្ហើម​សព្វថ្ងៃនេះ មាន​រហូត​ដល់​ទៅ​ពាក់កណ្តាល​ឯណោះ មាន​ប្រភព​ចេញ​ពី​មហាសមុទ្រ។

ហេតុដូច្នេះហើយ​បាន​ជា​អ.ស.ប.​កំពុង​ខ្នះខ្នែង​ចរចា​ បង្កើត​ឲ្យ​មាន​ជា​យន្តការ​ច្បាប់​អន្តរជាតិ​ជាក់លាក់​មួយ ដើម្បី​គ្រប់គ្រង និង​ការពារ​លម្ហសមុទ្រ។ ការចរចា​ ដែល​ត្រូវ​បាន​បើក​ធ្វើ​ជាច្រើន​លើក​រួចមកហើយ ក៏ប៉ុន្តែ មិនបាន​ជោគជ័យ។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប កាល​ពីខែធ្នូ​ឆ្នាំ២០១៧ ការចរចា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​លម្ហសមុទ្រ​ត្រូវ​បាន​ចាប់បើក​ធ្វើ​ជាផ្លូវការ កាល​ពី​ឆ្នាំ២០១៨​ ដោយ​ការចរចា​ជុំទី៤ ដែល​ត្រូវ​ជា​ជុំផ្តាច់ព្រាត់ ត្រូវ​ធ្វើឡើង នៅ​ឆ្នាំ២០២០​កន្លងទៅ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយ​សារ​តែ​មាន​វិបត្តិ​កូវីដ​សកល។

នៅទីបំផុត ការចរចា​នេះ​ត្រូវ​បាន​ចាប់ផ្តើម​​បើក​ធ្វើឡើងវិញ កាលពីខែមីនា​ឆ្នាំ២០២២​កន្លងទៅ ក៏ប៉ុន្តែ ចរចា​មិនបាន​ទទួល​ជោគជ័យ ទើប​ត្រូវ​បន្ត​ចរចា​គ្នា​ជាថ្មីម្តងទៀត ចាប់​ពីថ្ងៃចន្ទ១៥​សីហា​នេះ រហូត​ទៅដល់​ថ្ងៃ​ទី២៦​សីហា​ខាងមុខ។

ចំណុចសំខាន់ៗ ដែល​ជា​ប្រធានបទ​ក្នុងការ​ចរចា​នេះ គឺ​រួមមាន​ការ​គ្រប់គ្រង​សកម្មភាព​នៅ​ក្នុង​លម្ហសមុទ្រ ក្នុងនោះ​រួមមាន​ការចាត់វិធានការ​ទប់ស្កាត់​ការ​នេសាទ​ហួសកំណត់ សកម្មភាព​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែបាតសមុទ្រ ការគ្រប់គ្រង​ការ​បំពុល​ទឹកសមុទ្រ ក៏ដូចជា សកម្មភាព​ផ្សេងទៀត ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ និង​​បង្ក​ការ​គំរាមកំហែង​ដល់​ជីវៈចម្រុះសមុទ្រ។

សកម្មជន និង​អង្គការ​ការពារបរិស្ថាន​ជាច្រើន​ក៏​បាន​ទាមទារ​ផងដែរ ឲ្យចែង​នៅ​ក្នុង​សន្ធិសញ្ញា​លម្ហសមុទ្រ​នេះ បង្កើត​ជា​តំបន់​ការពារ​បរិស្ថានសមុទ្រ ដែល​ត្រូវ​លាតសន្ធឹង​ឲ្យ​បាន​រហូត​ដល់​ទៅ ៣០% នៃ​ផ្ទៃសមុទ្រ​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ នៅ​ត្រឹម​ឆ្នាំ២០៣០​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ