អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ល្បែង​​នយោបាយ​​​ការបរទេស “ជើងមួយ​ជាន់ទូកពីរ” របស់​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានរំលេចឲ្យឃើញកាន់តែច្បាស់ អំពី​គោលនយោបាយ​ការទូតរបស់ឥណ្ឌា ដែលមានលក្ខណៈជាតិនិយម និង​មិនខ្វល់ពី​តម្លៃ​មនសិកា នៅក្នុងការ​សន្យាជាមួយសហគមន៍អន្តរជាតិ។ ជានិច្ចជាកាល ឥណ្ឌាអះអាង ថាខ្លួនគឺជាដៃគូរបស់​ក្រុមប្រទេសលោក​ខាងលិច ដោយ​ប្រកាសការពារ​ក្របខណ្ឌច្បាប់អន្តរជាតិ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ តែទន្ទឹមគ្នានេះ ឥណ្ឌា គឺជាប្រទេសដែលស្និទនឹងរុស្ស៊ីបំផុតផងដែរ តាម​រយៈ​ការសហការជាច្រើន ទាំងសេដ្ឋកិច្ច និងវិស័យ​​យោធា។​ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី មានបំណងឲ្យ​ឥណ្ឌា ប្រកាន់គោល​ជំហរ “ពហុបក្សសម្ព័ន្ធ” ពោលគឺត្រូវជាមួយគ្រប់ភាគី ទាំងរុស្ស៊ី ទាំងបស្ចិមលោក​ ឲ្យតែ​កាលៈទេសៈ​ អាចហុចផល​ចំណេញ​មក​ឲ្យ​​ឥណ្ឌា។

លោកពូទីន និងលោកម៉ូឌី ចាប់រលាក់ដៃគ្នា ក្នុងឱកាសជំនួបកំពូល អង្គការសហប្រតិបតិ្តការសៀងហៃ នៅក្រុងសាម៉ារកង់ដ៍ ថ្ងៃទី ១៦កញ្ញា ២០២២
លោកពូទីន និងលោកម៉ូឌី ចាប់រលាក់ដៃគ្នា ក្នុងឱកាសជំនួបកំពូល អង្គការសហប្រតិបតិ្តការសៀងហៃ នៅក្រុងសាម៉ារកង់ដ៍ ថ្ងៃទី ១៦កញ្ញា ២០២២ AP - Alexandr Demyanchuk
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ទី​​១៦​កញ្ញា នៅក្នុង​​ឱកាស​ប្រជុំ អង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅក្រុងសាម៉ារកង់ដ៍ ប្រទេសអ៊ូហ្សបេគីស្ថាន លោកណារិន្ទ្រ ម៉ូឌី បានថ្លែងប្រាប់ទៅលោកពូទីនថា “ពេលវេលានេះ មិនមែនជាពេលធ្វើសង្គ្រាមទេ”។​ សំដី​ដែល​ហាក់បាន​ស្តីបន្ទោសដោយ​ប្រយោល ទៅលើ​លោកពូទីន ដែលបាន​បង្កសង្គ្រាម​នៅអ៊ុយក្រែន​។ តែយ៉ាងណា​សំដីរបស់​លោកណារិន្ទ្រ ម៉ូឌី នេះវាហាក់យឺតពេលបន្តិចទៅហើយ ខណៈដែលគ្រប់គ្នាបានដឹងយ៉ាងច្បាស់ ថាឥណ្ឌា បានបដិសេធ មិនប្រកាសថ្កោលទោសរុស្ស៊ីទេ កាលពីពេលដែលរុស្ស៊ី លើកទ័ពវាយលុក​ចូល​អ៊ុយក្រែនដំ​បូង​​។​

គួររំលឹកថា នៅឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី បាន​នាំឥណ្ឌា ឲ្យ​ចូលជាសមាជិក​ នៃ​​អង្គការសហប្រតិបត្តិការ​សៀងហៃ ដែល​មានចិន និង​រុស្ស៊ី ជាមេគំនិត ហើយ​ដែលគេដឹងថា ជាក្រុមសម្ព័ន្ធភាព​ ប្រជែងជាមួយ​​បស្ចិម​លោក។​ ភ្លាមៗក្រោយពេលរុស្ស៊ី​លើកទ័ពចូលឈ្លានអ៊ុយក្រែន ក្រុម​បស្ចិមលោកបានព្យាយាម​អូសទាញឥណ្ឌា ឲ្យចូលរួមនៅក្នុង​ការប្រកាសថ្កោលទោស​រុស្ស៊ី។ ក៏ប៉ុន្តែឥណ្ឌាបានបដិសេធ ហើយ​បានត្រឹមប្រកាសឲ្យ​ភាគីជម្លោះ អ៊ុយក្រែន និងរុស្ស៊ី ចរចាគ្នា។

ដំណើរបញ្ច្រាសទិសនៃ​នយោបាយ​ការបរទេសរបស់ឥណ្ឌា មានរូបរាង្គកាន់តែច្បាស់​ ជាពិសេស​នៅមុនពេល​ចេញដំណើរ ទៅ​ចូលរួម​ជំនួបកំពូល​នៅក្រុងសាម៉ារកង់ដ៍ នៅពេល​លោកណារិន្ទ្រ ម៉ូឌី បាន​ទទួលជួប​លោកស្រីរដ្ឋមន្ត្រីការបរទេសបារាំង នៅក្រុងញូដេលី។ ក្នុងជំនួបនោះ លោកម៉ូឌី បានប្រកាស​អំពីជំហរដ៏ម៉ឺងម៉ាត់របស់ឥណ្ឌា ក្នុង​ការ​​កសាងសហប្រតិបត្តិការ​​ផ្នែកកងទ័ព នៅក្នុង​សម្ព័ន្ធភាព​ឥណ្ឌូប៉ាស៊ីហ្វិក ដែលគ្រប់គ្នាដឹងថា មានកម្មវត្ថុសំដៅ​ទប់ជាមួយ​ឥទ្ធិពល​វាតទី​របស់ចិន​។​

អះអាងថាចង់​នៅកណ្តាល តែ​សំរុកទិញប្រេងដែលរុស្ស៊ីលក់ឡៃឡុង

តើឥណ្ឌា នៅជាមួយ​ក្រុមណាមួយឲ្យ​ប្រាកដ? នៅជាមួយ​ចិន-រុស្ស៊ី ឬនៅ ជាមួយ​ក្រុមប្រទេសលោកខាងលិច? អាមេរិក និង​អឺរ៉ុប ធ្លាប់បានសង្ឃឹមថា សង្គ្រាមនៅអ៊ុយក្រែន ប្រហែលជាអាចរុញឥណ្ឌា ឲ្យងាកមកខាង​ខ្លួន នៅពេលឥណ្ឌា​បានឃើញ​អំពើបំពាន​ឥតខ្មាស របស់​លោកពូទីន​។ ក៏ប៉ុន្តែ​ទីបំផុត​ ក្រុមប្រទេសលោកខាងលិច បានត្រឹមខកចិត្ត​ ព្រោះឥណ្ឌាមិនត្រឹមតែមិនថ្កោលទោសរុស្ស៊ី ហើយថែមទាំង​មិនបាន​ចូលរួម​ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើរុស្ស៊ី ថែមទៀត។

ជាច្រើនឆ្នាំមកហើយ ដែល​ឥណ្ឌាបាន​ប្រកាសខ្លួន សហការជាមួយ​ក្រុមប្រទេសលោកខាងលិច។ តែទន្ទឹមនឹងនេះ រុស្ស៊ី​មិនដែលទៅណាឆ្ងាយ​ពីឥណ្ឌាទេ។ រុស្ស៊ីគឺជា​អ្នក​ផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ឥណ្ឌា។ ជានិច្ចជាកាល ឥណ្ឌាតែងតែបោះឆ្នោតប្រឆាំង ឬបោះឆ្នោតអនុបវាទ ទៅលើការប្រកាសថ្កោលទោសរុស្ស៊ី​ នៅក្នុងក្របខណ្ឌ​ក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ឥណ្ឌាបាន​ត្រឹមតែចុះហត្ថលេខារួមជាមួយគ្នា ក្នុងក្របខណ្ឌ G7 កាលពីខែ​មិថុនា ដែលប្រកាស​សន្យាគោរព​អធិបតេយ្យ​ភាព បូរណៈភាពដែនដីរបស់ប្រទេសនីមួយៗ។

ទន្ទឹមគ្នានេះដែរ ឥណ្ឌាបានសំរុកទិញប្រេងរបស់រុស្ស៊ីយ៉ាងច្រើនសន្ធឹក បន្ទាប់ពីរុស្ស៊ីបាន​លក់ឡៃឡុង ក្នុងតម្លៃថោក ព្រោះដោយសារតែទណ្ឌកម្ម​បស្ចិមលោក។ ៦ខែក្រោយសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបានក្លាយ​ជាអ្នកលក់ប្រេងឲ្យឥណ្ឌា ច្រើនលើសអារ៉ាប៊ីសាអូឌីតទៅទៀត។ ដូចគ្នាដែរ ផលិតផលជីកសិកម្មរបស់​រុស្ស៊ី នាំចូលទៅឥណ្ឌា បានកើនទំហំ មួយគុណជា​៨ឯណោះ។ នៅក្រុងសាម៉ារកង់ លោក​ពូទីន បានថ្លែងទៅកាន់លោក​ណារិន្ទ្រ ម៉ូឌី ដោយ​បានអបអរសាទរ ចំពោះ​ ការពង្រឹងចំណងសហការទ្រង់ទ្រាយធំ នៅក្នុងវិស័យថាមពល ប្រេង ឧស្ម័ន និង​ឧស្សាហកម្មនុយក្លេអ៊ែរ។

"ទ្រឹស្តីពហុបក្សសម្ព័ន្ធ"

ជាការពិតណាស់ សង្គ្រាម​អ៊ុយក្រែន មិនត្រឹមតែមិនបាន​បិទបញ្ចប់​គោល​នយោបាយ​ការទូត ជើងមួយជាន់ទូកពីរ របស់ឥណ្ឌានោះទេ តែវាបានរំលេចឲ្យ​ឃើញកាន់តែច្បាស់ នូវយុទ្ធសាស្ត្រ “ពហុបក្សសម្ព័ន្ធ” ដែលឥណ្ឌាបាននិងកំពុងអនុវត្ត។ ទ្រឹស្តីយុទ្ធសាស្ត្រ “ពហុបក្សសម្ព័ន្ធ” នេះ​ ត្រូវបាន​ផ្តួចផ្តើមគំនិត ដោយលោក Subrahmanyam Jaishanka រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ហើយដែល​លោក​បានសរសេរចងក្រងក្នុងសៀវភៅ The Indian Way បោះពុម្ពនៅឆ្នាំ​២០២០។ ទ្រឹស្តីពហុបក្សសម្ព័ន្ធថ្មីរបស់ឥណ្ឌានេះ គឺវា​ផ្ទុយគ្នាស្រលះ ពី​ “ទ្រឹស្តីមិនចូលបក្សសម្ព័ន្ធ” ដែលឥណ្ឌាធ្លាប់បានអនុវត្តកាលពីជំនាន់​លោក​ណេរូ។

​រដ្ឋមន្ត្រី​ការបរទេសឥណ្ឌាបច្ចុប្បន្ន បានថ្លែងដោយ​ឥតលាក់លៀមថា គោលនយោបាយ​ការបរទេស​របស់ឥណ្ឌា គឺត្រូវតែបម្រើ​ផលប្រយោជន៍ឥណ្ឌាទាំងស្រុង ដោយ​មិនគិតខ្វល់ពី​ការពិចារណាផ្នែកសីលធម៌ មនសិកា ឬក៏ក្របខណ្ឌនៃតម្លៃច្បាប់អន្តរជាតិឡើយ។ មានន័យថា​ ឥណ្ឌានឹងមិនចូលក្នុងបក្សសម្ព័ន្ធណាមួយ​ផ្តាច់មុខឡើយ តែឥណ្ឌានឹងចូលរួម​ច្រើនកន្លែងព្រមគ្នា តាមរយៈឱកាសថ្មីៗ​ដែលអាចហុចផល​ឥណ្ឌា។

គឺយុទ្ធសាស្ត្រឆក់ឱកាសគ្រប់កាលៈទេសៈ ឲ្យតែឥណ្ឌាបានផល​នេះហើយ ដែលរដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែន បានបរិហារចំៗ កាលពីពេលថ្មីៗនេះ។ លោក Dmytro Koulba បាន​លើកឡើងថា នៅពីក្រោយពាក្យ​ថា “​មិនចូលបក្សសម្ព័ន្ធណាមួយ” របស់ឥណ្ឌា គឺវាបង្កប់​ដោយ​ភាពស្រេកឃ្លានចង់បាន​ប្រយោជន៍ ដ៏អត្មានិយមបំផុតរបស់ឥណ្ឌា ខណៈដែល​អ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច​ កំពុងតែធ្វើពលីកម្ម។

នៅលើវិស័យ​កងទ័ពវិញ ឥណ្ឌាក៏បានដើរលើផ្លូវបញ្ច្រាសគ្នា២ដែរ។ ដើមខែកញ្ញានេះ កងទ័ពឥណ្ឌា បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុងកម្មវិធី​សមយុទ្ធយោធាដ៏ធំមហិមា Vostok 2022  រៀបចំដោយ​រុស្ស៊ី និងចិន។ ហើយ​នៅខែតុលា​ខាងមុខនេះ ឥណ្ឌានឹងចូលរួមក្នុងសមយុទ្ធយោធា ជាមួយអាមេរិក នៅ​រដ្ឋ Uttarakhand ប្រជុំភ្នំហិមាល័យ។

អត្មានិយមដោយ​ឥតអៀនខ្មាស

លោក Christophe Jaffrelot នយោបាយវិទូ ជំនាញ​តំបន់​អាស៊ីខាងត្បូង បាន​លើកឡើងថា អ្នកនយោបាយ​ហិណ្ឌូជាតិនិយម ដែលកំពុងតែដឹងនាំឥណ្ឌានាពេលបច្ចុប្បន្ន កំពុងតែអនុវត្តគោលនយោបាយ​គ្មានមនសិកា និងគ្មានភាពខ្មាសអៀនអ្វីទាំងអស់​ ឲ្យតែខ្លួនបានប្រយោជន៍​។ ក្រុមប្រទេសលោកខាងលិច បានចាប់ផ្តើមភ្លឺភ្នែកខ្លះហើយ ថាកន្លងមកខ្លួន​​បានចាញ់​កល​ ល្បែងឆ្ពិនភ្នែករបស់ឥណ្ឌា។ លោកអះអាងថា សមយុទ្ធយោធា Vostok 2022 ដែលឥណ្ឌាបានចូលរួមជាមួយរុស្ស៊ី ទាំងដែលកងទ័ពរុស្ស៊ីកំពុងតែធ្វើសង្គ្រាម សម្លាប់ជីវិតជនស៊ីវីល​​អ៊ុយក្រែន​​នោះ គឺ​វាប្រៀបបីដូចជាឥណ្ឌា បាន​ជេរប្រមាថ​មកលើក្រុមបស្ចិមលោក​ដូច្នេះដែរ។ ចំណុចមួយដ៏សំខាន់នៃទ្រឹស្តី​សរសេរក្នុងសៀវភៅរបស់ លោក Subrahmanyam Jaishanka គឺការមិនឲ្យតម្លៃសូម្បីប៉ុនចុងក្រចក មកលើ​​បស្ចិម​​លោក​។​​

នៅពី​ក្រោយស្នាមញញឹម ដៃសំពះប្រណម​ស្វាគមន៍ នៅពេលជួបជាមួយ​ថ្នាក់ដឹកនាំបស្ចិមលោកម្តងៗ ធាតុពិតគឺ​​លោក​ណារិន្ទ្រ ម៉ូឌី បានកាច់ចង្កូតឥណ្ឌា ឲ្យងាកឆ្ងាយ​ពីគោលនយោបាយ​ពង្រឹង​មិត្តភាព ជាមួយបស្ចិមលោក ដែល​លោកអតីតនាយករដ្ឋមន្ត្រីឥណ្ឌា​ Manmohan Sing បាន​អនុវត្ត។​ ជាមួយនឹង​ប្រជាជន​ដល់ទៅ​ជាង​ ១៣០០លាននាក់ ឥណ្ឌាក្រោម​ការដឹកនាំរបស់​លោកណារិន្ទ្រ ម៉ូឌី ដឹងខ្លួនយ៉ាងច្បាស់ថា ក្រុមបស្ចិម​លោកត្រូវការខ្លួនកម្រឹតណា​។ ចាប់ពីខែធ្នូខាងមុខនេះទៅ ឥណ្ឌានឹងធ្វើ​ជាប្រធានវិលជុំ នៃក្រុមប្រទេសG20។  លោកណារិន្ទ្រ ម៉ូឌី មានមហិច្ឆតា ចង់ធ្វើឲ្យឥណ្ឌា ​​ក្លាយជាមហាអំណាចពិភពលោក​មួយនឹងគេ​ តែសួរថា ជាមហាអំណាចអត្មានិយមបម្រើតែប្រយោជន៍ខ្លួន ឬក៏ជាមហាអំណាច​បម្រើប្រយោជន៍រួមរបស់​មនុស្សជាតិ​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ