អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោកបៃដិនកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តអាមេរិកចំពោះតៃវ៉ាន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍​អាមេរិក (CBS) កាល​ពីថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​លើកឡើង​យ៉ាងច្បាស់ៗ​ថា អាមេរិក​នឹង​បញ្ជូន​កងទ័ព​ចូល​ទៅ​ជួយ​ការពារតៃវ៉ាន់ ក្នុងករណី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​ចិនដីគោក។ នេះ​មិនមែន​ជា​លើកទីមួយទេ ដែល​លោក​បៃដិន បាន​លើកឡើង​ច្បាស់ៗ​ពី​ការ​ប្តេជ្ញាចូលជួយតៃវ៉ាន់​បែបនេះ។ ហើយ​ការ​លើកឡើង​ម្តងហើយ​ម្តងទៀតបែបនេះ ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ថា តើ​អាមេរិក​កំពុងតែ​ផ្លាស់ប្តូរ​គោលនយោបាយ​យុទ្ធសាស្រ្ត​ជុំវិញ​សំណុំរឿង​តៃវ៉ាន់​នេះ​ឬ​ក៏​យ៉ាងណា?

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក្នុង​អំឡុង​ជំនួប​តាម​អនឡាញ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាល​ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបភាពឯកសារ)
លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក្នុង​អំឡុង​ជំនួប​តាម​អនឡាញ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាល​ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបភាពឯកសារ) © Ảnh tự liệu: AP Photo/Susan Walsh
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណុំរឿងតៃវ៉ាន់ អាមេរិក​តែងតែ​ប្រកាន់​នូវ​គោលនយោបាយ​យុទ្ធសាស្រ្ត​មួយ ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា “Strategic Ambiguity” គឺ​ចេតនា​មិនបង្ហាញ​ជំហរ​ច្បាស់លាស់​ថា​ តើ​អាមេរិក​នឹង​​ចាត់វិធានការ​បែបណា ក្នុងករណី​មាន​សង្រ្គាម​រវាង​ចិន និង​តៃវ៉ាន់។ ចូលជួយតៃវ៉ាន់ ឬ​មិន​ចូលជួយ ​ក៏​មិន​ប្រាកដ។ បើជួយ តើ​ជួយ​​ត្រឹម​បញ្ជូន​សព្វាវុធ និង​ជំនួយ​យោធា ឬ​បញ្ជូន​ទ័ព​ចូល​ធ្វើ​សង្រ្គាម ​​ក៏​មិន​ច្បាស់។

​គោលនយោបាយ​​យុទ្ធសាស្រ្ត “Strategic Ambiguity” នេះ ​អាមេរិក​តែងតែ​ប្រកានខ្ជាប់ អស់រយៈពេលជាច្រើន​ទសវត្សរ៍​មកហើយ គឺ​ចាប់តាំង​ពី​ឆ្នាំ១៩៧៩ ក្រោយ​ពេល​ដែល​អាមេរិក​ប្រកាស​ទទួលស្គាល់​នយោបាយ “ចិនតែមួយ” គឺ​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ថា​ជា​អំណាចស្របច្បាប់តែមួយគត់​របស់​ចិន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​នៅតែ​បន្ត​ការពារ​តៃវ៉ាន់​ឲ្យ​ស្ថិត​នៅដាច់ដោយឡែក​ពី​អំណាច​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង។

គន្លឹះ​នៃ​យុទ្ធសាស្រ្ត “Strategic Ambiguity” នេះ គឺ​ដើម្បី​កំញើញ​ភាគី​ទាំងសងខាង ពោលគឺ ចំពោះ​ចិន អាមេរិក​មិនចង់​ឲ្យ​ចិន​មើល​មក​ឃើញ​ថា អាមេរិក​ប្រាកដ​ជា​មិន​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំ​ឲ្យ​ចិន​បាន​ចិត្ត​ចូល​ឈ្លានពានតៃវ៉ាន់ ហើយ​ក្នុងពេល​ជាមួយគ្នា ចំពោះ​តៃវ៉ាន់វិញ អាមេរិក​ក៏​មិន​ធានា​ច្បាស់លាស់​ថា​នឹង​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំ​ឲ្យ​មេដឹកនាំ​តៃវ៉ាន់​បាន​ចិត្ត​​ប្រកាស​ឯករាជ្យ នាំ​ឲ្យ​ចិន​ចូល​ឈ្លានពាន ហើយ​ត្រូវ​ផ្ទុះសង្គ្រាម។

ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេលប្រមាណ​ជា​មួយឆ្នាំ​កន្លងទៅនេះ យើងឃើញថា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន តែងតែ​បាន​បង្ហាញ​ពី​ជំហរ​ផ្ទុយ​ពី​យុទ្ធសាស្រ្ត “Strategic Ambiguity” ដោយបាន​​លើកឡើង​ម្តងហើយ​ម្តងទៀត​ថា អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​ប្រសិន​បើមានការ​ឈ្លានពាន​ពី​សំណាក់​ចិន ដោយ​លើកចុងក្រោយ គឺ​ក្នុងបទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ លោក​បៃដិន​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការជួយតៃវ៉ាន់នេះ​​ គឺមិនមែន​ត្រឹមតែ​បញ្ជូន​សព្វាវុធ និង​ជំនួយ​យោធា ដូច​អាមេរិក​ធ្វើ​ចំពោះអ៊ុយក្រែន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ ក៏ប៉ុន្តែ គឺ​បញ្ជូន​ទាហាន​អាមេរិក​ឲ្យ​ចូល​ទៅ​ធ្វើ​សង្គ្រាម​ដោយ​ផ្ទាល់។

គេសង្កេតឃើញថា នៅក្រោយ​ពី​មាន​ការ​លើកឡើង​របស់​លោក​ចូ បៃដិន ទាំង​ការលើកឡើង​កាល​ពីថ្ងៃ​អាទិត្យ ក៏ដូចជា កាលពីលើកមុនៗ មន្រ្តី​រដ្ឋាភិបាល​របស់​លោក​តែងតែ​បាន​នាំគ្នា​ចេញមុខ​មកស្រាយបំភ្លឺ ដោយបញ្ជាក់​ថា អ្វីដែល​លោក​បៃដិន​លើកឡើង គឺគ្រាន់តែ​ជា​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​កាសែត ដោយ​និយាយត្រង់ៗ​ទៅតាម​គំនិតផ្ទាល់ខ្លួន​របស់​លោក​តែប៉ុណ្ណោះ​ ដោយ​​មិនមានន័យ​ជា​ការ​ផ្លាស់ប្តូរ​នយោបាយ​ផ្លូវការ​របស់​អាមេរិក នៅ​ក្នុង​សំណុំរឿងតៃវ៉ាន់នោះទេ។

ក៏ប៉ុន្តែ បើទោះជា​មាន​ការ​ចេញមកបកស្រាយ​បែបនេះក៏ដោយ គេ​មិនត្រូវ​ភ្លេចទេ​ថា ប្រធានាធិបតីអាមេរិក​ជា​អ្នក​មាន​អំណាច​កំពូល​ខាង​កងទ័ព និង​​គោលនយោបាយ​ការបរទេស ដូច្នេះ ពាក្យសម្តី​របស់​ប្រធានាធិបតី វា​​ឆ្លុះបញ្ចាំង​ អំពី​គោលនយោបាយ​របស់​អាមេរិក។

ម្យ៉ាងទៀត ការលើកឡើង​ថា អាមេរិក​នឹង​ចូល​ទៅ​ជួយតៃវ៉ាន់​ក្នុងករណី​មាន​ការ​ឈ្លានពាន​ពី​ចិន​នេះ លោក​ចូ បៃដិន មិនមែន​លើកឡើងតែម្តងនោះទេ គឺ​លើកឡើង​រហូត​ដល់​ទៅ​ ៤ដង​រួចមកហើយ រាប់ចាប់តាំង​ពី​ខែសីហា​ឆ្នាំ​២០២១កន្លងទៅ។ បើ​លើកឡើង​តែម្តង គេ​អាច​ថា ជ​ាការ​និយាយជ្រុលមាត់​ដោយ​អចេតនា។ តែ​និយាយ​ដដែលៗ​ដល់​ទៅ​៤ដង ហើយជាងនេះ​ទៅទៀត អ្វីដែល​លោក​ចូ បៃដិន លើកឡើង​កាល​ពីថ្ងៃ​អាទិត្យ មិនមែន​ធ្វើ​ឡើង​ដោយ​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​អ្នក​កាសែត​ឆ្មក់សួរ​ដោយឥតព្រាងទុក​នោះទេ ក៏ប៉ុន្តែ ជា​ការ​ឆ្លើយ​នឹង​សំណួរអ្ន​កកាសែត​ក្នុងបទសម្ភាសន៍​មួយ ដែល​មាន​ការ​រៀបចំ​ជាមុន។ ដូច្នេះ ទោះចង់ឬមិនចង់ នេះ​វា​បង្ហាញ​​ពី​ជំហរ​របស់​លោក​ចូ បៃដិន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក ក្នុងការបញ្ជួន​កងទ័ព​អាមេរិក​ទៅ​ជួយ​តៃវ៉ាន់ ក្នុងករណី​មាន​ការ​ឈ្លានពាន​ពីចិន ហើយ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត Strategic Ambiguity កាលពីមុន។

នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន ​ដែល​ចិន​បញ្ចេញ​សាច់ដុំ​យោធា​កាន់តែ​ខ្លាំង​ស្ទើរតែ​រៀងរាល់​ថ្ងៃ​​នេះ ការលើកឡើង​របស់​លោក​ចូ បៃដិន ពីការ​បញ្ជូន​ទ័ព​ទៅ​ជួយតៃវ៉ាន់ វាអាច​ជា​ការកំញើញ​មួយ ក្នុងគោលដៅ​ដាក់​សម្ពាធ​លើ​ចិន ហើយរារាំង​កុំ​ឲ្យ​ចិន​ចូល​ឈ្លានពាន​តៃវ៉ាន់ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វាក៏​អាច​ផ្តល់​ផលបញ្ច្រាស​មកវិញ​ផងដែរ ពីព្រោះ​ថា ការលើកឡើង​របស់​លោក​ចូ បៃដិន​នេះ អាច​នឹង​ធ្វើ​ឲ្យ​ចិន​សំឡឹងឃើញ​ថា ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​អាច​នឹងនាំ​ទៅដល់​ការ​ផ្លាស់ប្តូរ​​ជំហរ​របស់​អាមេរិក ទាក់ទងនឹង​នយោបាយ “ចិនតែមួយ” ហើយ​ឆ្លើយតបមកវិញ ចិន​អាច​នឹងបង្កើន​សកម្មភាព​យោធា​កាន់តែ​ខ្លាំង បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា​កាន់តែ​ខ្លាំង​ជុំវិញ​សំណុំរឿងតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ