អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី និងចិន ប្រឈម​ជាលើក​ដំបូង នឹង​សេចក្តី​សម្រេចចិត្ត​ថ្កោលទោស នៅ​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ កំពុងតែត្រៀម បោះឆ្នោតលើ​គម្រោង​សេចក្តីសម្រេចចិត្តចំនួន២ ដែល​មានខ្លឹមសារថ្កោលទោស​ ចិន និង រុស្ស៊ី ស្តីអំពីការរំលោភសិទ្ធិមនុស្ស​។ ក្រុមប្រទេសលោកខាងលិច ដែលជាអ្នក​ផ្តួចផ្តើម​គំនិតធ្វើគម្រោងសេចក្តីសម្រេចចិត្តនេះ បានស្ទាក់ស្ទើរជាច្រើនខែមកហើយ ព្រោះខ្លាចក្រែងថា មិនអាច​ទទួលបាន​សំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ពីសំណាក់ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​។​ តែយ៉ាងណា​ អង្គការ​សិទ្ធិមនុស្សធំៗ​ បាន​ដាក់សំពាធ ដើម្បី​ឲ្យ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ត្រូវតែ​​ប្រើវិធានការច្បាប់អន្តរជាតិ ឈានទៅ​ថ្កោលទោសរុស្ស៊ី និងចិន​។

អាគារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
អាគារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស AP - SALVATORE DI NOLFI
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១ហើយ ដែលប្រទេស​មហាអំណាចធំៗ២ មានសិទ្ធិវ៉េតូ នៅក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ កំពុងប្រឈមនឹងការថ្កោលទោស នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ គម្រោងសេចក្តីសម្រេចចិត្ត២ ដែលមានខ្លឹមសារថ្កោលទោសចិន និង​រុស្ស៊ី ត្រូវបាន​ក្រុមប្រទេសលោកខាងលិច ផ្តួចផ្តើមតាក់តែង ដាក់ឲ្យប្រទេសសមាជិក​ទាំង​៤៧ នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស បោះឆ្នោតទទួលយក។​ ក្រុមប្រទេសលោកខាងលិច បានស្ទាក់ស្ទើរជាច្រើនខែ ព្រោះខ្លាចក្រែងប្រមូលការគាំទ្រមិនបានគ្រប់។ ក៏ប៉ុន្តែទីបំផុត គឺក្រុមអង្គការសិទ្ធិមនុស្ស បាន​ដាក់សំពាធ​ រន្ធាន់ឲ្យ​ក្រុមប្រទេសលោកខាងលិច ត្រូវតែធ្វើចំណាត់ការអ្វីម្យ៉ាង។

កាលពី​សប្តាហ៍​កន្លងទៅ ក្រុមប្រទេស​សហភាពអឺរ៉ុប លើកលែងតែហុងគ្រី បានចុះហត្ថលេខា លើគម្រោងសេចក្តីសម្រេចចិត្តទី១ ដើម្បីស្នើឲ្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុងហ្សឺណែវ ត្រូវតែងតាំងអ្នករាយការណ៍​ពិសេសម្នាក់ ដែលនឹងមានតួនាទី​តាមដានការគោរពសិទ្ធិមនុស្សនៅរុស្ស៊ី សម្រាប់រយៈពេល​១ឆ្នាំ។ ជាសំណើដែលត្រូវបាន​ធ្វើឡើង នៅក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន ហើយ​ដែល​យោងតាម​អង្គការសិទ្ធិមនុស្សជាច្រើន គឺរដ្ឋាភិបាល​រុស្ស៊ីបាន​ប្រើកណ្តាប់ដៃ កៀបសង្កត់ រាល់សំឡេងរិះគន់ តវ៉ាប្រឆាំង នៅក្នុងស្រុក។​ នៅរុស្ស៊ី សកម្មជននយោបាយ អ្នកកាសែក​ ក៏ដូចជា​​បណ្តាញព័ត៌មាន​ឯករាជ្យ ដែលបានចេញមុខរិះគន់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន ចោទប្រកាន់ និង​បិទស្ថាប័នជាដើម។

តែយ៉ាងណាក៏ដោយ គម្រោងសេចក្តីសម្រេចចិត្ត របស់ក្រុមប្រទេសអឺរ៉ុបនេះ ត្រូវបាន​ភាគីរុស្ស៊ី បរិហារថាមាន​បង្កប់​ដោយ​​ចេតនានយោបាយ។ លោក Yaroslav Ermin លេខាទីមួយតំណាងអង្គទូតរុស្ស៊ីប្រចាំ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ បានចោទ​​​វាយបកទៅវិញថា ប្រជាជន​និយាយភាសារុស្ស៊ី ដែល​រស់​នៅតាមប្រទេសតំបន់សមុទ្រ​​បាល់ទិក បានរងនូវការរើសអើងប្រកាន់ពូជសាសន៍។

ដោយឡែក កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ គម្រោងសេចក្តីសម្រេចចិត្តមួយទៀត ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​​​សហរដ្ឋអាមេរិក អង់គ្លេស ន័រវេស កាណាដា ស៊ុយអែត​ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីសឡង់ ដើម្បីទាមទារឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវតែជជែក​រឿងរំលោភសិទ្ធិមនុស្ស​នៅ​ខេត្តស៊ីនជាំង។ លោក John Fisher តំណាងអង្គការ Human Rights Watch បានលើកឡើងថា គម្រោងសេចក្តីសម្រេចចិត្តនេះ គឺជាការបោះជំហានតូចមួយ  តែមានសារៈសំខាន់ណាស់។ សម្រាប់​លោក គឺគ្មាន​ប្រទេសណាមួយ តូចក៏ដោយធំក៏ដោយ គឺមិនអាចយកច្បាប់​មកទ្រាប់អង្គុយបានទេ។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ដែលជាស្ថាប័ន​កំពូល ត្រូវតែមានកាតព្វកិច្ច យករឿងរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ មកនិយាយ​​ជាអាទិភាព​។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល​ ក្រុមប្រទេសលោកខាងលិច និង​​អង្គការក្រៅរដ្ឋាភិបាល​​ជាច្រើន ចោទ​ប្រកាន់​ចិន ថាបាន​ចាប់បង្ឃាំង​​ប្រជាជនអ៊ុយហ្កួរ ជាង​១លាននាក់ និង​ក្រុមសហគមន៍អ្នកកាន់សាសនា​អ៊ីស្លាម​ផ្សេងទៀតនៅខេត្តស៊ីនជាំង​ ​ដូចជាជនជាតិកាហ្សាក់ជាដើម។ ភស្តុតាង សក្ខីកម្ម និងឯកសារជាច្រើនត្រូវបានគេបង្ហាញ​ ដែលស​ឲ្យ​ឃើញ​នូវ​ចេតនា​របស់អំណាចកុម្មុយនីស្តចិន ដែលចង់បោសសំអាតជាតិសាសន៍ ទៅលើជនជាតិអ៊ុយហ្កួរនៅខេត្តស៊ីនជាំង។

កាលពីថ្ងៃទី​៣១សីហា ឧត្តមស្នងការសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ ដោយ​បាន​លើកឡើងអំពីករណី “ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ” កើតមាន​នៅខេត្តស៊ីនជាំង ប្រទេសចិន ដោយផ្អែក​លើ​ភស្តុតាងដ៏គួរឲ្យទុកចិត្តជាច្រើន។ ក៏ប៉ុន្តែចិនបានច្រានចោលការចោទប្រកាន់ទាំងស្រុង និងបានចោទថាស្ថាប័នអង្គការសហប្រជាជាតិ កំពុងតែក្លាយ​ជាឧបករណ៍នយោបាយ​ របស់សហរដ្ឋអាមេរិក និង​ក្រុមប្រទេសលោកខាងលិចផ្សេងទៀត។

គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍មកនេះ ចិនបានបង្កើនប្រតិបត្តិការការទូតយ៉ាងខ្លាំង នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ ដើម្បីដាក់សំពាធ អូសទាញ ទិញទឹកចិត្តប្រទេសសមាជិកផ្សេងទៀត កុំឲ្យ​បោះឆ្នោតគាំទ្រ​គម្រោង​​សេច​ក្ដី​សម្រេចចិត្ត របស់​ក្រុមប្រទេសបស្ចឹមលោក។ មន្ត្រីចិនទទួលបន្ទុកព័ត៌មានខេត្តស៊ីនជាំង Xu Guixian បានប្រាប់អ្នកកាសែតនៅក្រុងហ្សឺណែវថា ចិនបានត្រៀមខ្លួនរួចហើយ​ដើម្បី​ប្រយុទ្ធយកឈ្នះ។ ដូចគ្នាដែរ នៅក្នុងពេលជជែកដេញដោល​ក្នុង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃចន្ទ មន្ត្រីចិនតំណាងខេត្តស៊ីនជាំង លោក Shawkat Imin បាន​ចោទទៅក្រុមប្រទេសលោកខាងលិច ថាបានយកសំណុំរឿងសិទ្ធិមនុស្ស មកធ្វើជាលេស ដើម្បី​បង្កអស្ថិរភាពនៅខេត្តស៊ីនជាំងរបស់ចិន។

គួរបញ្ជាក់ដែរថា តាមការគ្រោងទុក ប្រទេសសមាជិកទាំង​៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបោះឆ្នោត ទទួលយក ឬមិនទទួលយក គម្រោងសេចក្តីសម្រេចចិត្តទាំង២ របស់​ក្រុមប្រទេសលោកខាងលិច នៅថ្ងៃទី៦ ឬទី៧តុលាខាងមុខនេះ។ សម្រាប់ពេលនេះ លទ្ធផល​ជាក់ស្តែងយ៉ាងណាគ្មាននរណាអាចទាយ​បានទេ។ មានការបារម្ភថា គម្រោង​សេចក្តីសម្រេចចិត្តទាំង២នេះ ប្រហែលជាមិនអាច​ទទួលបាន សំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ដើម្បីឈានទៅអនុម័តបាន​ទេ។

ដោយ​គ្មានអ្វីភ្ញាក់​ផ្អើល កាលពីថ្ងៃចន្ទ គុយបា និង វ៉េណាស៊ុយអេឡា បានប្រកាសគោលជំហរ គាំទ្រចិននិងរុស្ស៊ី ហើយប្រឆាំងដាច់ខាតចំពោះការលូកដៃរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ចូលទៅក្នុងកិច្ចការផ្ទៃក្នុង​របស់​ប្រទេសនីមួយ​ៗ។ ប្រទេសមួយចំនួន​ទៀត ដូចជាប៉ាគីស្ថានជាដើម ក៏បាន​គាំទ្រចិនដែរ ដោយលើកឡើងថា សំណុំរឿងខេត្តស៊ីនជាំង វាគឺជាកិច្ចការផ្ទៃក្នុងរបស់​ចិន។

ដោយ​ឡែក សម្រាប់​​ប្រទេសអាហ្វ្រិកទាំង១៣ប្រទេស ដែលជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សវិញ​ យោងតាមការវិភាគមួយកាលពីសប្តាហ៍​កន្លងទៅ ដោយ​ក្រុមការងារការពារសិទ្ធិមនុស្ស គឺមាន​​​ប្រទេសអាហ្វ្រិក​កាន់តែច្រើន ដែល​បាន​ចុះចាញ់ ការដាក់សំពាធរបស់ចិន។ ចិនគឺជាអ្នកវិនិយោគធំជាង​គេនៅអាហ្វ្រិក  មិនថាក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬវិស័យ​ជីកគាស់ធនធានធម្មជាតិ។ ចិនជាអ្នកវិនិយោគធំ ហើយ​ក៏ជា​ម្ចាស់បំណុលធំផងដែរ នៅអាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ