អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោមសំណើរបស់អាមេរិក អ៊ីស្រាអែល និងលីបង់កំពុងឈានទៅបញ្ចប់ជម្លោះព្រំដែនទឹក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៣ តុលា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ​បាន​សាទរ​លើ​សំណើ​របស់​អាមេរិក​ក្នុង​ការ​ដោះស្រាយ​រឿង​ជម្លោះ​ព្រំដែនទឹក​រវាង​អ៊ីស្រាអែល និង​លីបង់។ សំណើ​របស់​អាមេរិក​ដដែល​នេះ​ក៏​ត្រូវ​បាន​អាមេរិក​បញ្ជូន​ទៅ​ឲ្យ​លីបង់​ពិនិត្យ​មើល​ដែរ។ គួរ​រម្លឹក​ថា ជម្លោះ​ដែនទឹក​មួយ​នេះ​ត្រូវ​បាន​ប្រទេស​ជិតខាង​ទាំង​ពីរ​អ៊ីស្រាអែល និង​លីបង់​ចាប់​ផ្តើម​ចរចា​តាំង​ពី​ជាង ២ឆ្នាំ​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល។ ក្រៅ​ពី​ព្រំដែនទឹក អ៊ីស្រាអែល និង​លីបង់​ក៏​មាន​ជម្លោះ​ព្រំដែន​គោក​រវាង​គ្នា​ដែរ។ តើ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​ដំណើរ​ដើម​ទម​យ៉ាង​ម៉េច​ខ្លះ និង​ថា ហេតុ​អ្វី​បាន​ជា​ដំណោះស្រាយ​ព្រំដែន​ទឹក​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ?។

ប្រធានាធិបតី​លីបង់​លោក Michel Aoun (រូបស្តាំ) និង​អន្តរការីអាមេរិក​លោក Amos Hochstein ថ្ងៃទី៩ កញ្ញា ២០២២។
ប្រធានាធិបតី​លីបង់​លោក Michel Aoun (រូបស្តាំ) និង​អន្តរការីអាមេរិក​លោក Amos Hochstein ថ្ងៃទី៩ កញ្ញា ២០២២។ AP - Dalati Nohra
ផ្សាយពាណិជ្ជកម្ម

មិន​ថា​ព្រំដែនទឹក ឬ​ព្រំដែន​គោក មិន​ថា​រវាង​អ៊ីស្រាអែល និង​លីបង់ ឬ​មួយ​រវាង​ប្រទេស​ណា​ផ្សេង​ទេ រឿង​ទឹកដី​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដោយ​គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់​ឡើយ​សូម្បី​តែ​មួយ​ចង្អាម ហើយ​ពេល​ខ្លះ រឿង​ទឹកដី​នេះ​បាន​រុញ​ប្រទេស​ជម្លោះ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​នឹង​គ្នា​ផង​ក៏​មាន។ រវាង​អ៊ីស្រាអែល និង​លីបង់ ជម្លោះ​ទឹកដី​មាន​ទាំង​ព្រំដែនគោក និង​ព្រំដែនទឹក។ ជម្លោះ​ព្រំដែនទឹក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្ទៃទឹក​ទំហំ ៨៦០គីឡូម៉ែត្រក្រឡា​នៅ​ក្នុង​សមុទ្រមេឌីទែររ៉ាណេខាងកើត ហើយ​ជម្លោះព្រំដែនគោក​មាន​ជាប់ពាក់ព័ន្ធ​នឹងខ្សែព្រំដែន​ដែល​គេ​ហៅ​ថា « ខ្សែខៀវ »។ ខ្សែព្រំដែន « ខ្សែខៀវ » នេះ​ត្រូវ​បាន​គូសវាស​ដោយ​អង្គការសហប្រជាជាតិ​នៅ​ក្រោយ​អ៊ីស្រាអែល​ដក​ទ័ព​ចេញ​ពី​លីបង់​ក្នុង​ឆ្នាំ ២០០០។

តាំង​ពី​ដំបូង លីបង់ និង​អ៊ីស្រាអែល​មិន​ចង់​លើក​យក​ជម្លោះ​ព្រំដែនទឹក និង​ព្រំដែនគោក​ទៅ​ចរចា​ក្នុង​ពេល​តែ​មួយ​ទេ ឬ​និយាយ​ឲ្យ​ស្រួល​យល់ គេ​ត្រូវ​ចរចា​រឿង​ទាំង​ពីរ​ដាច់​ពី​គ្នា ហើយ​ជម្លោះ​អាទិភាព​ដែល​ត្រូវ​លើក​ទៅ​ចរចា​មុន​គេ គឺ​ជម្លោះ​ព្រំដែនទឹក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្ទៃទឹកសមុទ្រ​ទំហំ ៨៦០គីឡូម៉ែត្រក្រឡា និង​ដែល​មក​ទល់​សព្វថ្ងៃ ភាគី​នីមួយៗ​បន្ត​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន។ ហេតុអ្វី​បាន​ជា​ជម្លោះ​ព្រំដែនទឹក​មួយ​ដុំ​នេះ​ជា​រឿង​សំខាន់​សម្រាប់​ភាគី​ជម្លោះ​ទាំង​ពីរ?។ ចម្លើយ គឺ​មក​ពី​នៅ​ក្រោម​បាតសមុទ្រ​ក្នុង​តំបន់​នោះ​ជា​ប្រភព​ឧស្ម័ន​ដ៏​សំខាន់។ មាន​ប្រភព​ឧស្ម័ន​ចំនួន​ពីរ​តំបន់​ដែល​អ៊ីស្រាអែល និង​លីបង់​បាន​ចរចា​គ្នា គឺ​តំបន់​ការីស្វ និង​តំបន់​កាណា។

តែ​គឺ​តំបន់​ការីស្វ​ដែល​ជា​ប្រភព​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ ព្រោះ​ភាគី​ទាំង​ពីរ​យល់​ឃើញ​មិន​ដូច​គ្នា​ពី​ខ្សែព្រំដែន​ទឹក​នៅ​ក្នុង​តំបន់​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ។ ដល់​អ៊ីចឹង​ទៅ គ្មាន​ភាគី​ណា​មួយ​អាច​ធ្វើ​អាជីកម្ម​ឧស្ម័ន​នៅ​ក្នុង​តំបន់​នោះ​បាន​ទេ។ គួរ​បញ្ជាក់​ថា តាំង​ពី​ជាង ១០ឆ្នាំ​ដែល​អ៊ីស្រាអែល​បាន​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​លីបង់។ តែ​គឺ​ទើប​តាំង​ពី​ជាង ២ឆ្នាំ​កន្លង​ទៅ​ដែល​ភាគី​ទាំង​ពីរ​បាន​ផ្តើម​ចរចា​គ្នា​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល​ដឹក​នាំ​ដោយ​លោក Amos Hochstein។ ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ថ្មីៗ​នេះ អន្តរការី​អាមេរិក​រូប​នេះ​បាន​បញ្ជូន​សំណើ​ដំណោះស្រាយ​ទៅ​ឲ្យ​អ៊ីស្រាអែល និង​លីបង់​ពិនិត្យ។

ក្នុង​ថ្ងៃ​អាទិត្យ ទី២ តុលា អ៊ីស្រាអែល​តាម​រយៈ​នាយករដ្ឋមន្រ្តី​លោក​យ៉ាអៀរ ឡាពីដ​បាន​សាទរ​លើ​សំណើ​របស់​លោក Amos Hochstein។ ចំណែក​លីបង់​តាម​រយៈ​ប្រធានាធិបតី​លោក​មីសែល អាអ៊ូន​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ពី​ការ​បាន​ទទួល​សំណើ​ដំណោះស្រាយ​របស់​លោក Amos Hochstein។ រីឯ​ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក Hassan Nasrallah ក៏​បាន​សាទរ​ដោយ​បាន​ចាត់​ជា​ការ​បោះ​មួយ​ជំហាន​ដ៏​សំខាន់ និង​ថា​ចាប់​ពី​ពេល​នេះ​ទៅ គេ​មាន​សំណើ​ដំណោះស្រាយ​មួយ​ជា​លាយលក្ខអក្សរ។ គេ​មិន​ទាន់​ដឹង​ថា តើ​សំណើ​ដំណោះស្រាយ​របស់​អន្តរការី​អាមេរិក​លោក Amos Hochstein បាន​ចែង​ពី​អ្វី​ខ្លះ​ទេ។ ចំណែក​អ៊ីស្រាអែល និង​លីបង់​ក៏​មិន​បាន​ទម្លាយ​សំណើ​ដំណោះស្រាយ​នេះ​ដែរ។

តែ​បើ​យោង​តាម​កាសែតប្រចាំថ្ងៃ​លីបង់​ឈ្មោះ L’Orient-Le Jour សំណើ​ដំណោះស្រាយ​របស់​លោក Amos Hochstein បាន​ផ្តល់​តំបន់​ឧស្ម័ន​ការីស្វ​ដ៏​ចម្រូងចម្រាស​ទៅ​ឲ្យ​អ៊ីស្រាអែល​តែ​ម្នាក់​ឯង រួម​ទាំង​ឧស្ម័ន​មួយ​ភាគ​ស្ថិត​ក្នុង​តំបន់​កាណា។ ចំណែក​លីបង់​ទទួល​បាន​តំបន់​ឧស្ម័ន​កាណា​ទាំង​ស្រុង​តែ​ម្នាក់​ឯង នោះ​បើ​ទោះ​បី​ជា​ដែនទឹក​មួយ​ភាគ​ក្នុង​តំបន់​នេះ​បាន​ឆ្លង​ហួស​ខ្សែបន្ទាត់​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​នៅ​សមុទ្រ​មេឌីទែររ៉ាណេខាងកើត​ក៏​ដោយ។ សរុប​មក​វិញ ភាគី​ជម្លោះ​នីមួយៗ​ហាក់​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​ដែល​ស្នើ​ឡើង​ដោយ​អន្តរការី​អាមេរិក​លោក Amos Hochstein។ តែ​ដើម្បី​ឲ្យ​សំណើ​មួយ​នេះ​អាច​ចុះ​ហត្ថលេខា និង​ចូល​ជា​ផ្លូវការ​បាន ភាគី​នីមួយៗ​ត្រូវ​យក​សំណើ​នេះ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកប្រឆាំង​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ពិសេស​ត្រូវ​ផ្ទៀងផ្ទាត់​ក្នុង​ផ្លូវច្បាប់។

តែ​បើ​តាម​មើល​ទៅ អ្វីៗ​ហាក់​លែង​ចោទ​ជា​បញ្ហា​ទៀត​ឡើយ ព្រោះ​ភាគី​នីមួយៗ​ហាក់​បាន​ឯកភាព​ជា​គោលការណ៍​រួច​ហើយ។ គេ​អាច​និយាយ​បាន​ថា កិច្ចព្រមព្រៀង​មួយ​ហាក់​ត្រូវ​បាន​រក​ឃើញ​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ដែល​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ភាគី​ជម្លោះ​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ដូច​គ្នា។ អ្វី​ដែល​អ៊ីស្រាអែល​កំពុង​សម្លឹង​ឃើញ គឺ​ការ​លក់​ឧស្ម័ន​របស់​ខ្លួន​ទៅ​ឲ្យ​សហភាពអឺរ៉ុប ខណៈ​ដែល​អឺរ៉ុប​កំពុង​ស្វែង​រក​ទិញ​ឧស្ម័ន​ពី​កន្លែង​ផ្សេង​ជំនួស​ឲ្យ​ឧស្ម័ន​រុស្ស៊ី។ សម្រាប់​លីបង់​វិញ ឧស្ម័ន​ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ហៅ​មិន​ឮ​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ