អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១០ឆ្នាំ​នៃការ​កាន់អំណាច លោក​ស៊ី ជីនពីង​​មិនត្រឹមតែ​​ពង្រឹង​កងទ័ពចិនទេ តែបាន​ធ្វើ​ឲ្យ​​ប្រទេសក្នុងតំបន់​​ធ្វើតាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស៊ី ជីនពីង កំពុងតែឈានចូលកាន់អំណាច​ប្រធានាធិបតីចិន ក្នុងអាណត្តិទី៣។ អស់រយៈពេល​១០ឆ្នាំកន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​លោកស៊ី ជីនពីង ចិនត្រូវបានគេមើលឃើញថា បានធ្វើ​ទំនើបកម្មកងទ័ព ជាមួយ​នឹងគ្រឿងសព្វាវុធយ៉ាងទំនើបអស្ចារ្យ ប្រកបដោយ​សមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា។ លោកស៊ី ជីនពីង មិនមែនត្រឹមតែ​បានពង្រឹងកងទ័ពចិននោះទេ តែ​ទន្ទឹមគ្នានេះ ការរីកចម្រើនយ៉ាងលឿនរហ័សរបស់កងទ័ពចិន​នេះ បានធ្វើឲ្យប្រទេសផ្សេងៗទៀតក្នុងតំបន់ ខិតខំ​ប្រឹងប្រែង តាមឲ្យ​ទាន់ចិនផងដែរ។ ការប្រជែងគ្នា​ក្នុងវិស័យកងទ័ពគ្រឿងសព្វាវុធ រវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ​ មិនមែនជាចំណុច​វិជ្ជមាន​នោះទេ សម្រាប់ស្ថិរភាព និង​សន្តិភាព​តំបន់​។

លោកស៊ី ជីនពីង ក្នុងកម្មវិធីជួបជុំជាមួយ​កងទ័ពចិន ប្រចាំតំបន់ពាយ័ព្យ។ ក្រុងអ៊ូរំឈី ខេត្តស៊ីនជាំង ថ្ងៃទី​១៥ កក្កដា ២០២២
លោកស៊ី ជីនពីង ក្នុងកម្មវិធីជួបជុំជាមួយ​កងទ័ពចិន ប្រចាំតំបន់ពាយ័ព្យ។ ក្រុងអ៊ូរំឈី ខេត្តស៊ីនជាំង ថ្ងៃទី​១៥ កក្កដា ២០២២ AP - Li Gang
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល១០ឆ្នាំ ​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង បាន​កែប្រែមុខមាត់កងទ័ពចិន ឲ្យ​ក្លាយ​ជាកងទ័ព​ដ៏ធំកម្លាំងខ្លាំង ជាមួយ​នឹង​កងទ័ពជើងទឹកធំជាងគេទូទាំងពិភពលោក រៀបចំរចនាសម្ព័ន្ធយោធាកងទ័ពអាជីព ព្រមទាំងបានបំពាក់គ្រឿងសព្វាវុធ បាលីស្ទិក និង នុយក្លេអ៊ែរ យ៉ាងទំនើប ធ្វើឲ្យ​សត្រូវភ័យញ័រមាត់។ ល្បឿនដ៏លឿនរហ័ស នៃការអភិវឌ្ឍន៍របស់កងទ័ពចិន បានរុញច្រានប្រទេសផ្សេងៗទៀតក្នុងតំបន់ ឲ្យខិតខំប្រឹងប្រែង​រត់តាម។ អាណត្តិទី​៣​របស់​​លោក​​ស៊ី ជីនពីងនេះ ប្រាកដ​ជានឹងក្លាយជាកំឡុងពេល នៃការប្រកួតប្រជែងគ្រឿងសព្វាវុធ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិតប្រាកដណាស់។

ការទិញសព្វាវុធ បានឈានឡើងជាលំដាប់។ យោងតាម​វិទ្យាស្ថាន អន្តរជាតិសិក្សាយុទ្ធសាស្ត្រ ដែលមានទីតាំងនៅ​ទីក្រុង​ឡុងដ៍ ទំហំចំណាយ​លើ​វិស័យការពារជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ បានកើនឡើងលើសឆ្នាំមុន ចំនួន​១ពាន់លានដុល្លារ។ ក្នុងរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងចិន ហ្វីលីពីន វៀតណាម សុទ្ធតែបាន​បន្ថែម​ការចំណាយ លើវិស័យកងទ័ពរបស់គេរៀងៗខ្លួន។ កូរ៉េខាងត្បូង ឥណ្ឌា ប៉ាគីស្ថាន ឯណោះ​​ក៏ចំណាយ​មិនបង្អង់ដៃដែរ។ ជប៉ុនវិញ បានបន្ថែម​ទំហំថវិកាចំណាយ​ លើវិស័យកងទ័ពរបស់ខ្លួននៅឆ្នាំនេះ យ៉ាងច្រើនសន្ធឹក ដោយ​បានលើកឡើងថា ដោយសារតែបរិយាកាស​សន្តិសុខ កាន់តែហិង្សាទៅហិង្សាទៅ។

ជាការពិតណាស់ ប្រទេសធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​ប្រតិកម្ម​យ៉ាងរហ័ស តាមតែអាចធ្វើទៅបាន​ នៅក្នុង​បន្ទាប់ពីបាន​សង្កេតឃើញ​ការ​ពង្រីកពង្រឹង ធ្វើទំនើបកម្មយ៉ាងរហស័ស នៃ​វិស័យការពារជាតិរបស់ចិន​។ នេះបើផ្អែកតាម​ការបញ្ជាក់របស់លោក Malcolm Davis អតី​មន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ដែលបច្ចុប្បន្ន​ជាអ្នកជំនាញនៅវិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​។

គួររំលឹកថា ជាយូរឆ្នាំមកហើយ កងទ័ពបដិវត្តរំដោះប្រជាជនចិន ត្រូវបាន​គេចាត់ទុកថា ជាកងទ័ពដែលមានតែ​ចំនួន​​តួលេខ។ រីឯសមត្ថភាព​កម្លាំង សព្វាវុធ ពុំមានប្រសិទ្ធភាព​ទេ ឬក៏ហួសសម័យ​។ អ្នកប្រវត្តិសាស្ត្រខ្លះ​ធ្លាប់បានដល់ទៅហ៊ានហៅកងទ័ពបដិវត្តរំដោះប្រជាជនចិន ថាជាសារមន្ទីរកងទ័ពដ៏ធំជាងគេ ក្នុងពិភពលោកថែមទៀតផង។​ កងទ័ពចិនពីមុន មានគ្រឿងសព្វាវុធចាស់ៗ សល់តាំងពីសម័យសហភាពសូវៀត។ អំពើពុករលួយ​ក្នុងជួរកងទ័ព ព្រមទាំងកម្លាំងពឹងទាំងស្រុង លើកងពលថ្មើរជើងទៀតនោះ មិនបានធ្វើ​ឲ្យកងទ័ពចិន​មាន​សមត្ថភាពឈ្នះគេឡើយ​ កាលពីមុន។

កាលពីក្នុងអំឡុងពេល​សង្គ្រាម​កូរ៉េ កងទ័ពចិនបាន​ស្លាប់​ទាហានចំនួនដល់ទៅ ៤សែននាក់ នេះបើផ្អែក​តាម​តួលេខ​របស់​ក្រុម​ប្រទេសលោកខាងលិច។ តែបើ​ផ្អែក​តាម​តួលេខចិន គឺ​មាន​ស្លាប់​តែប្រមាណ​១៨ម៉ឺននាក់។ នៅ​ឆ្នាំ​១៩៧៩ កងទ័ពចិន ក៏បានប៉ះដៃគ្នាជាមួយកងទ័ពវៀតណាមដែរ ទោះបីជា​ការប្រយុទ្ធមានរយៈពេលខ្លី តែចិន​មានស្លាប់​ទាហានច្រើននាក់។

នៅពេល​លោកស៊ី ជីនពីង បាន​ឡើងធ្វើជា​អគ្គមេបញ្ជាការកំពូលនៅឆ្នាំ​២០១៣ កងទ័ពចិនបានចាប់ផ្តើម​ធ្វើ​កំណែទម្រង់មួយចំនួនរួចទៅហើយ។ កំណែទម្រង់កងទ័ពចិន​ ត្រូវបាន​ចាប់ផ្តើមធ្វើ​នៅរវាងទសវត្ស​ឆ្នាំ៩០ ក្រោម​ការដឹកនាំរបស់​លោកប្រធានាធិបតី​ ជាំង ជឺមីង បន្ទាប់ពីលោក​បាន​ភ្លឺភ្នែក ឃើញសមត្ថភាពរបស់កងទ័ពអាមេរិក នៅក្នុងសង្គ្រាម​ឈូងសមុទ្រ ព្រមទាំងក្នុងវិបត្តិលើកទីបីទាក់ទិននឹងច្រកសមុទ្រ​តៃវ៉ាន់។

ក៏ប៉ុន្តែ យោងតាមលោក Alexander Neill គឺចាប់ពីអាណត្តិរបស់​លោកស៊ី ជីនពីង ដែល​​ការប្រឹងប្រែងរបស់ចិន ​​បាន​ហុចផលចេញជាសមត្ថភាពជាក់ស្តែង។​ ពេលលោក​ស៊ី ជីនពីងឡើងកាន់អំណាច កងទ័ពចិនទើបតែបានចាប់ផ្តើម ដាក់​ឲ្យ​ប្រើប្រាស់ វានា​ផ្ទុក​​យន្តហោះ​ចម្បាំង​ទី១​របស់​ខ្លួន ដែល​បាន​មកពី​អ៊ុយក្រែន និង​បាន​ចាប់ផ្តើម​ប្រើយន្តហោះចម្បាំង J-15 ម៉ូតក្លាយ​ចេញពី​យន្តហោះ Sukhoï របស់សូវៀត។ យោងតាម វិទ្យាស្ថាន​អន្តរជាតិសិក្សាសន្តិភាព នៅក្រុង​ស្តុកខូម រយៈពេល​២៧ឆ្នាំមកនេះ​ ទំហំទឹកប្រាក់ចំណាយ​របស់ចិន លើវិស័យកងទ័ព បានកើនឡើងជាលំដាប់។

អំណេះតទៅ ចិនមាន​នាវា​ផ្ទុកយន្តហោះចម្បាំង ចំនួន​២គ្រឿង ដែលកំពុងធ្វើ​ប្រតិបត្តិការ។ បន្ថែមពីនេះ ចិនមាន​មីស៊ីលបាលីស្ទិក ចម្ងាយមធ្យម​ និងចម្ងាយឆ្ងាយរាប់រយគ្រាប់ទៀត។ យន្តហោះចម្បាំង យន្តហោះប្រដេញ ចិនមានច្រើនពាន់គ្រឿង។ កម្លាំងទាហានកងទ័ពជើងទឹកវិញ ចិនមានច្រើនលើសសហរដ្ឋអាមេរិក។ លោក Karl Thomas មេបញ្ជាការម្នាក់នៃកងបញ្ជាការលេខ៧ របស់កងទ័ពជើងទឹកអាមេរិក ធ្លាប់បានប្រាប់បណ្តាញព័ត៌មានអាមេរិកថា ចិនមានកងទ័ពជើងទឹក ធំជាងគេបំផុត​លើលោក។ សមត្ថភាពនេះ អាចឲ្យចិនដាក់ពង្រាយ ឡោមព័ទ្ធកោះតៃវ៉ាន់ យ៉ាងងាយ ប្រសិនបើចិនចង់ធ្វើវាមែន។

គួរកត់​សំគាល់​ដែរថា ទន្ទឹមគ្នា​នេះ សមត្ថភាព​​សព្វាវុធនុយក្លេអ៊ែររបស់​ចិន ក៏បាន​កើនឡើងខ្លាំងផងដែរ។ យោងតាម​មន្ទីរបញ្ចកោណអាមេរិក ចិនអាចមានសមត្ថភាព​ប្រើនុយក្លេអ៊ែរ បាញ់ចេញទាំងពីលើ​គោក ពី​លើអាកាស និង​ពីក្នុង​ទឹក។ ព្រឹត្តិបត្រ័ Bulletin of Atomic Scientists បាន​ចុះផ្សាយថា ចិន​រាល់ថ្ងៃនេះ មានក្បាលគ្រាប់​នុយ​ក្លេ​អ៊ែរ​ ៣៥០គ្រាប់ ពោលគឺចំនួន​មួយគុណជា២ បើប្រៀបធៀបទៅកាលពីសម័យសង្គ្រាមត្រជាក់។ ហើយផ្អែកតាម​ បណ្ដាញចារកិច្ចអាមេរិក ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែររបស់ចិននេះ អាចនឹងកើនដល់៧០០គ្រាប់ នៅរវាង​​ឆ្នាំ​២០២៧។ រណ្តៅស្តុកទុក និងសម្រាប់បាញ់មីស៊ីល​នុយក្លេអ៊ែរ ជាច្រើនកន្លែង កំពុងត្រូវបាន​ចិន​សាងសង់បន្ថែម នៅ​​តំបន់​​ភាគពាយ័ព្យ។ ​

របាយការណ៍មួយ នៅឆ្នាំ​២០២១ ​របស់​ក្រសួងការពារជាតិអាមេរិក បាន​សរសេរថា គិតត្រឹមពេលនេះ មានតែចិន មួយគត់ ​ ដែលអាចមានសមត្ថភាព ​គួបផ្សំ​គ្នា​ច្រើន​​វិស័យ មាន​ទាំងវិស័យ​សេដ្ឋកិច្ច វិស័យការទូត  វិស័យកងទ័ព និង​គ្រឿងសម្ភារៈបច្ចេកវិទ្យាទំនើប អាចប្រជែងជាមួយអាមេរិកបាន​។ ការប្រជែង ដែលនឹងធ្វើ​ឲ្យ​រំជួយដល់ស្ថិរភាព និងការ​បើកចំហរ នៃ​ប្រព័ន្ធ​អន្តរជាតិ។ ប្រភពដដែលនេះអះអាងថា ប៉េកាំងកំពុងប្រឹងប្រែងព្យាយាម ផ្លាស់ប្តូរទ្រង់​ទ្រាយ​លក្ខណៈ នៃ​សណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីធ្វើយ៉ាងណា ឲ្យ​វាដើរស្របជាមួយផលប្រយោជន៍ចិន ក៏ដូចជាគម្រូ​នៃ​​ប្រព័ន្ធ​អំណាចផ្តាច់ការ​របស់ខ្លួន។

គឺដោយ​ប្រមើលឃើញ​ទស្សនវិស័យនេះហើយ ដែល​ប្រទេសផ្សេងៗ​នៅក្នុងតំបន់​ កំពុងភិតភ័យ។ គម្រោងថ្មីៗជាច្រើន​ ដែល​គេបាន​អនុម័ត គឺមានទិសដៅ​យុទ្ធសាស្ត្រសំឡុត ត្រៀមលក្ខណៈវាយ​បកចិន​វិញ​។ កូរ៉េខាងត្បូង កំពុងប្រឹងប្រែង អភិវឌ្ឍន៍​សមត្ថភាព​វាយប្រហារ នៅក្នុងលំហសមុទ្រឆ្ងាយៗ។ អូស្ត្រាលីឯណោះ បានសម្រេចទិញនាវាមុជទឹកបាតសមុទ្រ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដោយ​មានជំនួយពីអាមេរិក និងអង់គ្លេស​ នៅក្នុង​ក្របខណ្ឌសម្ព័ន្ធភាព AUKUS។ អូស្ត្រាលី ក៏កំពុងពិចារណា ទិញអាវុធអ៊ីពែរសូនិក មីស៊ីលបាលីស្ទីក ចម្ងាយ​កាន់តែឆ្ងាយ ព្រមទាំងចង់ទិញ​យន្ត​ហោះ​ចម្បាំង អាចបំបាំងខ្លួន គ្មាននរណាចាប់​បាន​ ងាយស្រួលវាយប្រហារគ្រប់ទីកន្លែង​​។

លោក Malcolm Davis​ បាន​លើកឡើងថា គម្រោង​ពង្រឹងវិស័យសព្វាវុធទាំងនេះ គឺជាសញ្ញាបញ្ជាក់ថា​ ប្រទេសទាំងនេះ យល់ដឹងកាន់តែច្បាស់ហើយ ថាចិនកំពុងតែពង្រីកវាតទី ឡោមព័ទ្ធតំបន់ទាំងមូល ទៅតាម​ចំណង់របស់ចិន​។ ជំនាន់​ដែលកងទ័ពជើងទឹកអាមេរិក គ្រប់គ្រងដែនសមុទ្រប៉ាស៊ីហ្វិកខាងលិច​ ត្រូវបាន​បិទបញ្ចប់ហើយ​។ សម្ព័ន្ធភាព AUKUS គ្មាន​ថ្ងៃអាចប្រសូត្របានទេ ប្រសិនបើគ្មាន​លោក ស៊ី ជីនពីងនោះ។ អតីតមន្ត្រីក្រសួងការ​ពារជាតិអូស្ត្រាលីរូបនេះ បានបន្ថែមទៀត​ថា គេ​អាចនិយាយម្យ៉ាងទៀតថា “គឺលោកស៊ី ជីនពីង ដែលបាន​ផ្តល់​អំណោយ ផ្តល់ឱកាស​​​​ មកឲ្យ​យើងទាំងអស់គ្នា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ