អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួប​បើកឆាក​លើកទី១ នៃ “សហគមន៍​​នយោបាយ​​អឺរ៉ុប” ជាមួយ​នឹង​ការគាំទ្រ លាយឡំនឹង​ការ​​មិនទាន់ទុកចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍ទី​៦កញ្ញា​ នៅទីក្រុងប្រាហ្ក សាធារណរដ្ឋឆែក ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបចំនួន​៤៤ប្រទេស នឹងត្រូវជួប​ប្រជុំគ្នា នៅក្នុង​កម្មវិធី​ជំនួប​បើក​ឆាក​ជាលើកទីមួយ នៃសហគមន៍នយោបាយ​អឺរ៉ុប។ ជាទ្រង់ទ្រាយ​នៃ​វេទិកា​សន្ទនា ថ្មីមួយ ទូទាំងទ្វីបអឺរ៉ុបតែម្តង ដែល​សំដៅពង្រឹងស្ថិរភាពនយោបាយ​ ក៏ដូចជាសន្តិសុខនៃទ្វីប​អឺរ៉ុប។ តែយ៉ាងណា គេ​មិន​អាចនិយាយបានទេ ថា សហគមន៍នយោបាយ​អឺរ៉ុប ដែលទើបតែប្រសូត្រនាពេលនេះ អាចនឹងមានជោគជ័យ​​កម្រឹតណានោះទេ ព្រោះថាមានប្រទេសខ្លះបាន​បង្ហាញ​ការមិនទាន់ទុកចិត្តនៅឡើយ​ ថាវានឹងហុចអត្ថ​ប្រយោជន៍ជាក់ស្តែងណាមួយនោះ។

សកម្មជាន​បណ្តែតបំពង់​មានសរសេរថា "ឧស្ម័ន​លោហិតរបស់ពូទីន" នៅលើដងទន្លេវែលតាវ់ា រីឯប្រាសាតប្រាហ្កឈរនៅស្កឹមស្កៃខាងក្រោយ ជាទីកន្លែងប្រជុំ "សហគមន៍នយោបាយ​អឺរ៉ុប" លើកទី១។ ប្រាហ្ក ថ្ងៃទី ៦តុលា ២០២២
សកម្មជាន​បណ្តែតបំពង់​មានសរសេរថា "ឧស្ម័ន​លោហិតរបស់ពូទីន" នៅលើដងទន្លេវែលតាវ់ា រីឯប្រាសាតប្រាហ្កឈរនៅស្កឹមស្កៃខាងក្រោយ ជាទីកន្លែងប្រជុំ "សហគមន៍នយោបាយ​អឺរ៉ុប" លើកទី១។ ប្រាហ្ក ថ្ងៃទី ៦តុលា ២០២២ REUTERS - EVA KORINKOVA
ផ្សាយពាណិជ្ជកម្ម

ទ្វីបអឺរ៉ុបទាំងមូលមកជុំគ្នា​

ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបចំនួន​៤៤ប្រទេស ពោលគឺទ្វីបអឺរ៉ុបទាំងមូលតែម្តង ដែលនឹងមានវត្តមានចូលរួម នៅក្នុង​កម្មវិធីប្រជុំលើកទីមួយ ដើម្បីបើកឆាកសម្ពោធ “សហគមន៍នយោបាយ​អឺរ៉ុប​”។ នេះជាលើកទីមួយហើយ​ ក្នុងប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំ​ប្រទេសទូទាំងទ្វីបអឺរ៉ុប មកជួបប្រជុំគ្នា​បែបនេះ លើកលែងតែ រុស្ស៊ី និង​បេឡារុសទេ ដែលមិនត្រូវគេអញ្ជើញឲ្យចូលរួម​។

កម្មវិធី​ប្រជុំបើកឆាកនេះ ត្រូវរៀបចំធ្វើនៅ​ក្នុងប្រាសាទទីក្រុងប្រាហ្ក សាធារណរដ្ឋឆែកតែម្តង ព្រោះថាសាធារណរដ្ឋ​ឆែក ​ជាប្រធានវិលជុំ នៃសហភាពអឺរ៉ុប ហើយ​គឺក្រុមប្រឹក្សានៃ​សហភាពអឺរ៉ុប ដែល​ជាបានអញ្ជើញ​ប្រទេសទាំងអស់​ឲ្យ​មកចូលរួម។ គំនិតផ្តួចផ្តើម​បង្កើតសហគមន៍នយោបាយ​អឺរ៉ុបនេះ គឺជាគំនិតរបស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែលបាន​ដាក់ស្នើទៅកាន់ថ្នាក់ដឹកនាំផ្សេងទៀតនៃសហភាពអឺរ៉ុប កាលពី​ត្រីមាសទី​២ឆ្នាំ​២០២២នេះ។

នៅក្នុងលិខិតអញ្ជើញ ដែលផ្ញើដោយ​លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប គឺលោក​បានសរសេរថា សហគមន៍នយោបាយអឺរ៉ុបនេះ គឺ​ជាវេទិកា​ដ៏ធំ ដែល​មានកម្មវត្ថុ បង្រួបបង្រួម​ប្រទេសទាំងអស់នៃទ្វីបអឺរ៉ុប។ ជាការជួបជុំគ្នា ដោយ​ស្មើភាព មិនថាប្រទេសតូចប្រទេសធំ ដើម្បីបើក​ឱកាសដល់ការ​សន្ទនានយោបាយ ដល់ការសហប្រតិបត្តិការ លើចំនុចសំខាន់ៗ ដែល​មាន​ប្រយោជន៍រួម និងដើម្បីឈានទៅ​កសាងពង្រឹងសន្តិសុខ ស្ថិរភាព ព្រមទាំងការរីកចម្រើនរុងរឿង របស់ទ្វីបអឺរ៉ុបទាំងមូលតែម្តង។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​សមាជិកសហភាព​អឺរ៉ុបទាំង​២៧ប្រទេសនឹងមានវត្តមាន។ លោកស្រី​ លីហ្ស ត្រាស្ស នាយករដ្ឋមន្ត្រីអង់គ្លេសក៏នឹងមកចូលរួម។ លោក​ប្រធានាធិបតីតួកគី និង​មេដឹកនាំ​ក្រុមប្រទេសអឺរ៉ុបតំបន់បាល់កង់ទាំងអស់ ក៏មានវត្តមានដែរ។ ចំណែក​លោក​ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងមានវត្តមានថ្លែងសារ តាមវីដេអូខុសហ្វឺរិនស៍។

បង្កើតក្រុមប្រឆាំងជាមួយរុស្ស៊ី?

បរិបទសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានបង្កឡើង កំពុងតែ​គំរាម​ដល់សន្តិសុខ និងស្ថិរភាព​​របស់ទ្វីបអឺរ៉ុបទាំងមូលតែម្តង។ ដូច្នេះ ទោះចង់មិនចង់​ បញ្ហានេះ វាទៅណាមិនឆ្ងាយទេ គឺនៅមាន​ក្នុងការជជែកគ្នាគ្រប់ម៉ាត់តែម្តង នៅក្នុងឱកាសនេះ។ មានអ្នកខ្លះ ដល់ទៅហ៊ានចាត់ទុកថា សហគមន៍នយោបាយអឺរ៉ុប គឺត្រូវបាន​បង្កើតឡើង ដើម្បីបង្កើតជាក្រុម​ ប្រឆាំងជាមួយរុស្ស៊ី ថែមទៀតផង។

យ៉ាងណាមិញ មុននឹងបាន​ចេញ​ជាផ្លូវការ​ថាមានប្រទេសណាចូលរួមខ្លះ គឺមានការជជែកគ្នាតឹងតែងណាស់ ព្រោះប្រទេសខ្លះ មានគោលជំហរនៅខាងរុស្ស៊ី ឬក៏មិនចង់​ប្រឈមមុខជាមួយរុស្ស៊ីជាដើម។ ជាក់ស្តែងតួកគី ហុងគ្រី និង​ស៊ែរប៊ីជាដើម។ ហុងគ្រី និង​ស៊ែរប៊ី បានបង្ហាញជំហរ មិនគាំទ្រចំពោះវិធានការទណ្ឌកម្មរបស់អឺរ៉ុប ទៅលើរុស្ស៊ីទេ ព្រោះវាខាតប្រយោជន៍របស់​ប្រទេសគេរៀងៗខ្លួន។

​ចំណែក​លោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគីវិញ មកចូលរួម​កម្មវិធីថ្ងៃនេះ ទាំងមិនសូវសប្បាយចិត្តប៉ុន្មានទេ តាមពិតទៅនោះ។ លិខិតអញ្ជើញផ្ញើទៅយូរហើយ លោកប្រធានាធិបតី​តួកគីទើបតែឆ្លើយថាមកចូលរួម​ ៥ថ្ងៃមុន​នេះប៉ុណ្ណោះ។​ តាមការវិភាគ គឺលោក​ប្រធានាធិបតីតួកគី មិនចង់​មកបង្ហាញថា តួកគី នៅជាមួយ​ក្រុម​ប្រទេសសហភាពភាពអឺរ៉ុប ដែល​កំពុងតែ​ប្រឈមមុខដាក់គ្នាខ្លាំងជា​មួយរុស្ស៊ី។ លោកអ៊ែរដូហ្កាន់ ចង់រក្សាភាពស្និទ្ធស្នាលជាមួយ​លោកពូទីន ហើយតែងតែអះអាងថាខ្លួនគាត់នេះហើយ ដែលអាចនិយាយចរចា ជាមួយ​លោកពូទីនបាន​។ បន្ថែមពីនេះទៀត លោកប្រធានាធិបតីតួកគី ក៏កំពុងតែមើលមុខគ្នាមិនសូវត្រង់ដែរ ជាមួយប្រមុខរដ្ឋាភិបាលប្រទេសហ្វាំងឡង់ដ៍ និងស៊ុយអ៊ែត ដែលបានដាក់ពាក្យសុំចូលជា​សាមជិកអង្គការអូតង់ ហើយត្រូវតួកគីតែម្នាក់គត់ រករឿងរំខានប្រឆាំង។

ជោគជ័យ ឬក៏បរាជ័យ?

បរិបទនយោបាយ​ការទូត វិបត្តិ​សង្គ្រាមនៅអ៊ុយក្រែន វិបត្តិសេដ្ឋកិច្ច ព្រមទាំងជម្លោះទ្វេរភាគី គឺមានច្រើន​ណាស់ រវាង​ប្រទេសនៅទ្វីបអឺរ៉ុប។ ជាងនេះទៀត គឺគេបារម្ភខ្លាចក្រែងថា គម្រោងបង្កើត សហគមន៍នយោបាយ​អឺរ៉ុបនេះ នឹងបរាជ័យធ្លាក់ទឹក ដូចគម្រោងបង្កើត “សហព័ន្ធអឺរ៉ុប” ដែលលោក ហ្វ្រង់ស័រ មីតេរ៉ង់ប្រធានាធិបតី​បារាំង និង​លោកប្រធានាធិបតីសាធារណរដ្ឋឆែក វ៉ាក្លាវ ហាវែល គ្រោងចង់បង្កើតកាលពីឆ្នាំ​១៩៩១។

តែយ៉ាងណាក៏ដោយ ប្រឈមជាមួយភាពតានតឹង ជម្លោះបាក់បែកសាមគ្គី សង្គ្រាម អស្ថិរភាព ដែលកំពុងតែបំភ័យទ្វីបអារ៉ុបនេះ គឺ​មាន​មតិខ្លះគេគិតថា គំនិតបង្កើត “សហគមន៍​នយោបាយអឺរ៉ុប” នេះ វាគឺជាគំនិតល្អ ព្រោះថាវានឹងក្លាយជាវេទិកា ដើម្បីឲ្យ​​ប្រទេសទាំងអស់មកជួបគ្នា និយាយគ្នា ទោះមិនបាន​លទ្ធផលអ្វីជាក់ស្តែងក៏ដោយចុះ។ អាស៊ែរបៃហ្សង់ ឈ្លោះវាយប្រយុទ្ធគ្នាជាមួយ​អាមេនី ។ តួកគីមើល​មុខគ្នាមិនត្រង់ ជាមួយ​ហ្វាំងឡង់ និងស៊ុយអែត ហើយមានជម្លោះទឹកដី ជាមួយ​កោះស្ហ៊ីពរ៍ និង​ក្រិកទៀត។ ទោះកិច្ចប្រជុំនៅថ្ងៃនេះ គ្មានលទ្ធផល តែយ៉ាងណាមេដឹកនាំប្រទេសដែលមានបញ្ហានឹងគ្នាទាំងនេះ នឹងមកជួបគ្នា បាននិយាយគ្នាខ្លះ និង​ថតរូបជុំគ្នា។ វាជាចំណុចវិជ្ជមានមួយទៅហើយ នៃកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបនេះ។

មន្ត្រីទូតម្នាក់​បានបញ្ជាក់ថា ឆ្លងកាត់កិច្ចប្រជុំ ដើម្បី​រៀបចំ “សហគមន៍​​នយោបាយអឺរ៉ុប” នេះ គឺ​ប្រទេសភាគច្រើនបាន​បង្ហាញការគាំទ្រ និងសប្បាយចិត្តចូលរួម។ តែទន្ទឹមគ្នានេះ វានៅ​មានការមិនទុកចិត្តច្រើន ដោយគេកំពុងចាំមើល​ ថាតើ​ សហគមន៍នយោបាយអឺរ៉ុបនេះ វាមានអត្ថ​ប្រយោជន៍ជាក់ស្តែងកម្រិតណា។ ប្រសិនបើជោគជ័យ គឺគេ​នឹងជួបប្រជុំគ្នា មួយឆ្នាំម្តង ទៅ​២ដង។

លោក Sebastien Maillard អគ្គនាយក​វិទ្យាស្ថាន​ Jacques Delors បាន​លើកឡើងថា ក្រុមប្រទេសទ្វីបអឺរ៉ុប កំពុងតែបោះជំហាន ឈានពី​សហគមន៍​​នៃតម្លៃរួម មកជា​សហគមន៍ ដែលមាន​គម្រោងផែនការរួមគ្នា​។ សម្រាប់ពេលនេះ គឺវាថ្មីថ្មោងខ្លាំងណាស់។ សហគមន៍នយោបាយអឺរ៉ុបនេះ អាចជោគជ័យទៅបាន គឺគេត្រូវតែគូសវាស​គ្រោងឆ្អឹង មានរចនាសម្ព័ន្ធ និងមានថវិកាសម្រាប់ចំណាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ