អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រែប្រួលអាកាសធាតុ៖ តើលោហៈយុទ្ធសាស្រ្តអាចក្លាយជាប្រធានបទក្តៅថ្មីក្នុងភូមិសាស្រ្តនយោបាយបន្ទាប់ពីប្រេង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងពេល​ដែល​ពិភពលោក​កំពុងព្យាយាម​​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ គោលដៅចម្បងមួយ ដែល​បណ្តា​ប្រទេស​ជាច្រើន​បានដាក់ចេញ គឺ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ហើយ​ឈាន​ទៅ​សម្រេច​គោលដៅ “ហ្សេរ៉ូកាបូន” នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ។ ដើម្បី​អាច​សម្រេច​គោលដៅ វា​គឺ​ជា​រឿង​ចាំបាច់ ដែល​គេ​ត្រូវ​ងាកចេញ​ពី​ការប្រើ​ថាមពល​ផូស៊ីល ទៅប្រើ​ថាមពល​បៃតងវិញ។ ក៏ប៉ុន្តែ ការបង្កើន​ការផលិត​ថាមពល​បៃតង់​នេះ​អាច​នឹង​ធ្វើ​ពិភពលោក​ត្រូវ​ប្រឈម​នឹង​ការ​ប្រជែង​គ្នា​ដណ្តើម​វត្ថុធាតុដើម​យុទ្ធសាស្រ្ត​ថ្មី ដូចអ្វីដែល​កើតឡើង​ចំពោះ​ប្រេង​ក្នុង​សម័យកាល​បច្ចុប្បន្ន។

យោងតាម​អ្នក​ជំនាញ ចិន​គ្រប់គ្រង​ប្រមាណ​ជា ៤០% នៃ​បណ្តាញផ្គត់ផ្គង់​លោហៈយុទ្ធសាស្រ្ត​ចាំបាច់​ក្នុងការ​ផលិត​អាគុយ​ឡាន​អគ្គិសនី
យោងតាម​អ្នក​ជំនាញ ចិន​គ្រប់គ្រង​ប្រមាណ​ជា ៤០% នៃ​បណ្តាញផ្គត់ផ្គង់​លោហៈយុទ្ធសាស្រ្ត​ចាំបាច់​ក្នុងការ​ផលិត​អាគុយ​ឡាន​អគ្គិសនី AP - Dado Galdieri
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរយៈពេល​១សតវត្សរ៍​កន្លងទៅនេះ ថាមពល​ដែល​មនុស្ស​ជាតិ​យើង​ប្រើ​ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំងទៅលើ​វត្ថុធាតុដើម​សំខាន់​មួយ គឺប្រេង ហើយ​​ជម្លោះ និង​ភាពតានតឹង​ក្នុង​​ភូមិសាស្រ្ត​នយោបាយ ទាក់ទងនឹង​​ការ​ប្រជែង​ដណ្តើម​ធនធាន​ប្រេង​នេះ ក៏តែងតែ​កើតមាន​ឡើង​ស្ទើរតែ​ជាប់​ជា​ប្រចាំផងដែរ។

នៅក្នុងពេល​បច្ចុប្បន្ន​នេះ បណ្តា​ប្រទេស​ជាច្រើន​កំពុង​ស្វះស្វែង​រកប្រភពថាមពល​ថ្មី ដើម្បី​ជំនួស​ប្រេង ក៏ដូចជា ប្រភេទ​ថាមពល​ផូស៊ីល​ផ្សេងទៀត ដែល​ជា​ប្រភព​ចម្បង​ក្នុងការ​បញ្ចេញ​ឧស្ម័ន​ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើងកម្តៅ។ ប្រភព​ថាមពល​ថ្មីនេះ ដែល​មិនបញ្ចេញ​ឧស្ម័ន​កាបូនិក ហើយ​ដែលគេតែងតែ​ហៅ​ថា​ ថាមពល​បៃតង អាច​ធ្វើ​ឲ្យពិភពលោក​ងាកចេញ​ពី​ការពឹងផ្អែក​លើ​ប្រេង ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​បង្កើន​នូវ​តម្រូវការ​វត្ថុធាតុដើម​ចាំបាច់ផ្សេង ដែល​ជាទូទៅត្រូវ​បាន​គេ​ហៅ​ថា “រ៉ែលោហៈយុទ្ធសាស្រ្ត”។

លោហៈ​ដែល​ជា​វត្ថុធាតុដើម​ចាំបាច់​ ក្នុងការ​ផលិត​ថាមពល​បៃតង​នេះ គឺ​រួមមាន កូបាល់ នីកែល ម៉ង់កាណែស និង​លីចូម ដែល​ចាំបាច់​ក្នុងការ​ផលិត​អាគុយ​សម្រាប់​ប្រើ​ក្នុង​រថយន្តអគ្គិសនី។ ប្រភេទលោហៈកម្រ ដែលចាំបាច់​ក្នុង​ការ​ផលិត​ម៉ូទ័រអគ្គិសនី​ ក៏ដូចជា កង្ហារផលិតអគ្គិសនី​ដើរដោយ​ថាមពលខ្យល់។ ប្លាទីន ចាំបាច់​ក្នុងថាមពល​អ៊ីដ្រូសែន។ ចំណែក ទង់ដែង និង​អាលុយមីញ៉ូម ជាប្រភេទលោហៈ​ចម្លង​ចរន្ត​អគ្គិសនី ហើយ​ចាំបាច់​ក្នុង​ការ​ផលិត និង​ចែកចាយ​ថាមពលអគ្គិសនី​ជាលក្ខណៈ​ទូទៅ។

យោងតាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ប្រសិនបើ​គេ​ចង់​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក សម្រេច​ឲ្យ​បាន​គោលដៅ​ហ្សេរ៉ូកាបូន នៅ​ត្រឹម​ឆ្នាំ២០៥០​ តម្រូវការ​លោហៈ​យុទ្ធសាស្រ្ត នៅ​ទូទាំង​ពិភពលោក នៅ​ត្រឹម​ឆ្នាំ២០៤០​ខាងមុខនេះ នឹង​ត្រូវ​កើនឡើង ១គុណ​នឹង ៤ ធៀបនឹង​កម្រិត​បច្ចុប្បន្ន។

ប្រឈម​នឹង​តម្រូវការ​យ៉ាងច្រើន និង​កំណើន​ក្នុង​អត្រា​យ៉ាងលឿន​បែបនេះ ការប្រជែង​ដណ្តើម​ធនធានរ៉ែ​លោហៈ​យុទ្ធសាស្រ្ត​ទាំងនេះ អាច​នឹង​ក្លាយ​ជា​ប្រធានបទក្តៅ នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក ក្នុង​សតវត្សរ៍​ទី២១ ក្នុងទម្រង់​ប្រហាក់​ប្រហែលគ្នា នឹង​ការប្រជែង​ដណ្តើម​ធនធាន​ប្រេង នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​១សតវត្សរ៍​កន្លងទៅនេះ។

កន្លងមក យើងសង្កេតឃើញ​ថា ភូមិសាស្រ្ត​នយោបាយ​ក្នុង​វិស័យប្រេង​និងឧស្ម័ន ស្ថិត​នៅ​ជុំវិញ​ប៉ូលចម្បងៗ​ចំនួ​ន ៣ គឺ​អារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។ ភូមិសាស្រ្ត​នយោបាយ​ក្នុង​វិស័យ​លោហៈ​យុទ្ធសាស្រ្ត​វិញ អាច​នឹង​ស្ថិត​នៅ​ជុំវិញ​ប៉ូល​​ចំនួន​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ហើយ​មាន​តម្រូវការ​ខ្ពស់​នូវ​​លោហៈយុទ្ធសាស្រ្ត​អស់ទាំងនេះ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ ចិន មិនមែន​ត្រឹមតែ​ជ​ាប្រទេស​ដែល​ត្រូវការលោហៈ​យុទ្ធសាស្រ្ត​ច្រើន​នោះទេ ក៏ប៉ុន្តែ ក៏​ជា​ប្រទេស​​ដ៏​ចម្បងមួយផងដែរ ដែល​គ្រប់គ្រង​ខ្សែបណ្តាញ​ផ្គត់ផ្គង់​លោហៈយុទ្ធសាស្រ្ត។

ជាការពិតថា លោហៈយុទ្ធសាស្រ្ត​មួយ​ចំនួន​មាន​ប្រភព​ចេញ​ពី​ប្រទេស​ផ្សេង រួមមាន​ដូចជា លីចូម ជាដើម មានប្រភពចម្បង​ពី​អូស្រ្តាលី។ នីកែល​មកពី​ឥណ្ឌូណេស៊ី។ ចំណែក​ទង់ដែង​មាន​ប្រភពចម្បង​ពី​ប្រទេស​ស៊ីលី។ ក៏ប៉ុន្តែ ចិន ក្រៅពីជាប្រទេស​នាំមុខគេ​ក្នុងការ​ផលិត​លោហៈកម្រ ក៏​ជាប្រទេស​ដែល​កំពុង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ ​នៅ​ក្នុង​តំបន់​អាហ្វ្រិក ហើយ​យើងដឹង​ថា អាហ្វ្រិក​នេះ គឺ​ជា​តំបន់​ដែល​សម្បូរ​រ៉ែ​លោហៈ​យុទ្ធសាស្រ្ត។ ជាអាទិ៍ កូបាល់ ប្រមាណ​ជា ៧០% នៃ​បរិមាណ​សរុប​នៅ​ទូទាំងពិភពលោក ត្រូវ​​ផលិត​ចេញ​ពី​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ដែលជាប្រទេស​ដែល​ប្រមូលផ្តុំ​ជង្រុករ៉ែ​កូបាល់​រហូតដល់​ទៅ ៥០% នៃ​ធនធានសរុប​នៅ​ទូទាំងពិភពលោក​ទាំងមូល។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង គឺ​ជា​ប្រភព​ចម្បង​នៃ​ធនធានរ៉ែម៉ង់កាណែស។ ចំណែក​ប្រទេស​ហ្គីណេ គឺ​ជា​ជង្រុក​រ៉ែ​បុកស៊ីត ដែល​ជា​ប្រភេទ​រ៉ែចាំបាច់ ក្នុងការ​ផលិត​អាលុយមីញ៉ូម។

យោងតាម​អ្នក​ជំនាញ​ខាង​វត្ថុធាតុដើមបារាំង គិតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​លោហៈយុទ្ធសាស្រ្ត​ចាំបាច់​ក្នុង​ការ​ផលិត​អាគុយ​ប្រើ​ក្នុង​រថយន្តអគ្គិសនី​​គិតជាសរុប​នៅ​ទូទាំង​ពិភពលោក មាន​រហូត​ដល់​ទៅ ៤០% ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ចិន និង​ក្រុមហ៊ុន​ឯកជន​របស់ចិន។

ដូច្នេះ ការប្រជែង​ដណ្តើម​បណ្តាញផ្គត់ផ្គង់​លោហៈ​យុទ្ធសាស្រ្ត​នេះ អាច​នឹង​ក្លាយ​ជា​ចំណុច​ដ៏​ក្តៅមួយទៀត ដែល​បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​ចិន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ នៅ​ក្នុង​ពេល​​សំណុំរឿង​ជាច្រើន​ផ្សេងទៀត រាប់ចាប់តាំង​ពីជម្លោះ​​ពាណិជ្ជកម្ម រហូតដល់​បញ្ហា​សន្តិសុខ​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​តៃវ៉ាន់ កំពុងតែ​ជា​បញ្ហា​ក្តៅគគុក​ស្រាប់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ