អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសង្គ្រាមអ៊ុយក្រែនបង្កផលប៉ះពាល់យ៉ាងណាលើ​ប្រទេសអាស៊ីកណ្តាល​ដែល​ពឹងផ្អែក​លើ​ការ​ផ្ទេរប្រាក់​ពីពលករក្រៅស្រុក​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន UN News ការបន្ដដាក់ទណ្ឌកម្មរបស់លោកខាងលិចលើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងការបាត់បង់ការងារនៅក្នុងប្រទេសរុស្ស៊ីបន្ថែមទៀត ហើយផលប៉ះពាល់ក៏អាចបង្កជាផលអវិជ្ជមានធ្ងន់ធ្ងរលើបណ្ដាប្រទេសនៅអាស៊ីកណ្តាលដែលបញ្ចូនពលករចំណាកស្រុយយ៉ាងច្រើនទៅធ្វើការនៅរុស្ស៊ី។ ប្រទេសទាំងនេះពឹងផ្អែកខ្លាំងលើការផ្ទេរប្រាក់ពីពលករក្រៅស្រុក។

ពលរដ្ឋ​អ៊ុយក្រែន តម្រង់​ជួរ​រង់​ចាំ​សុំ​ជំនួយ​ស្បៀងអាហារ​
ពលរដ្ឋ​អ៊ុយក្រែន តម្រង់​ជួរ​រង់​ចាំ​សុំ​ជំនួយ​ស្បៀងអាហារ​ © RFI / Boris Vichith
ផ្សាយពាណិជ្ជកម្ម

រហូតមកដល់ពេលបច្ចុប្បន្ន បណ្ដាប្រទេសនៅអាស៊ីកណ្តាល តួយ៉ាង ប្រទេសតាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន បានបន្ដរក្សាទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយប្រទេសរុស្ស៊ី ហើយបើពិនិត្យមើលប្រវត្តិសាស្រ្ដ ទំនាក់ទំនងនេះគឺកើតមានឡើងតាំងពីសម័យសហភាពសូវៀត។

ការធ្វើចំណាកស្រុក ទៅធ្វើការប្រទេសរុស្ស៊ី និងជាពិសេស ការផ្ទេរប្រាក់របស់ពលករចំណាកស្រុក គឺជាទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំងនេះ និងប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Hyo Jeong Jung អ្នកឯកទេសផ្នែកចំណាកស្រុករបស់អង្គការ IOM ដែលមានមូលដ្ឋាននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងលោក Michael Newson អ្នកជំនាញការងារប្រចាំតំបន់ របស់អង្គការ IOM ដែលមានមូលដ្ឋាននៅទីក្រុងវីយែន។

ទីតាំងភូមិសាស្ត្រជាប់គ្នា ការមានអំបូរវប្បធម៌ស្រដៀងគ្នា និងប្រវត្តិសាស្រ្តរួម នៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល ក៏ដូចជាប្រព័ន្ធការិយាធិបតេយ្យ និងនយោបាយរួមគ្នា បានធ្វើឱ្យរុស្ស៊ីក្លាយជាគោលដៅដ៏ពេញនិយមបំផុត សម្រាប់ជនចំណាកស្រុកពីអាស៊ីកណ្តាល។

កម្មករបួនលាននាក់ធ្វើការនៅក្នុងប្រទេសរុស្ស៊ី

បច្ចុប្បន្ននេះ មានពលករចំណាកស្រុកប្រមាណជាបួនលាននាក់មកពីអាស៊ីកណ្តាលដែលកំពុងធ្វើការក្នុងប្រទេសរុស្ស៊ី។ ប្រហែលមួយលាននាក់មកពីតាហ្ស៊ីគីស្ថាន ហើយមួយលាននាក់មកពីកៀហ្ស៊ីស៊ីស្ថាន ប្រមាណពីរលាននាក់មកពីអ៊ូសបេគីស្ថាន និងប្រហែល ២០ម៉ឺននាក់មកពីកាហ្សាក់ស្ថាន។

ពួកគេភាគច្រើនធ្វើការជាចម្បងក្នុងវិស័យសំណង់ វិស័យដឹកជញ្ជូន កសិកម្ម និងវិស័យសេវាកម្ម (ទាំងតាមរដូវ និងធ្វើការក្នុងរយៈពេលវែង) ក៏ដូចជាក្នុងការងារដែលមានជំនាញខ្ពស់។ ការផ្ញើប្រាក់ទៅស្រុកកំណើតបានបង្កើនជីវភាពរបស់ប្រជាជន តាមរយៈការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានហិរញ្ញវត្ថុ។

ការដាក់ទណ្ឌកម្ម​របស់លោកខាងលិច ដើម្បី​ឆ្លើយតប​នឹង​ការ​ឈ្លានពានរបស់រុស្ស៊ីលើប្រទេស​អ៊ុយក្រែន បានបង្ក​ឥទ្ធិពល​ខ្លាំង​ដល់​សេដ្ឋកិច្ច ​និង​ទីផ្សារ​ការងារ​របស់​រុស្ស៊ី។

ការងារពីរលានកន្លែងអាចនឹងទៅបាត់

ការងាររហូតដល់ពីរលានកន្លែងអាចនឹងត្រូវបាត់បង់។ ភាពអត់ការងារធ្វើត្រូវគេរំពឹងថានឹងកើនឡើងពីប្រហែល ៤,៤% ទៅ ៧,៨%។ នេះបើយោងតាមទិន្នន័យចងក្រងដោយអង្គការ IOM។

លោក Renate Held នាយកការិយាល័យប្រចាំតំបន់ នៅទីក្រុងវីយែន របស់អង្គការ IOM បានកត់សម្គាល់ថា "ការធ្លាក់ចុះនៃការផ្ញើប្រាក់ពីប្រទេសរុស្ស៊ីនឹងពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្ដាប្រទេសដែលសេដ្ឋកិច្ចពឹងផ្អែកលើការផ្ទេរប្រាក់ក្នុងតំបន់នេះ។"

ផលប៉ះពាល់លើពលករចំណាកស្រុក

ដោយសារការពឹងផ្អែករបស់ប្រទេសអាស៊ីកណ្តាលលើសេដ្ឋកិច្ចរុស្ស៊ី ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេបានចាប់ផ្តើមទទួលឥទ្ធិពលទាំងនេះរួចហើយ។ គេសង្កេតឃើញថា អត្រាអ្នកអត់ការងារធ្វើកើនឡើង ហើយក៏មានការថយចុះនៃការផ្ញើប្រាក់ផងដែរ។

នៅត្រីមាសទីមួយនៃឆ្នាំ២០២២ ពលករចំណាកស្រុកតាជីគី ៦ម៉ឺននាក់ និងជនជាតិ Uzbek ១៣,៣ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ បញ្ហាក៏បានធ្វើឱ្យមានភាពលំបាកបន្ថែមទៀតលើទីផ្សារការងារក្នុងប្រទេសពួកគេផងដែរ។

នៅឆ្នាំ២០២០ ការផ្ទេរប្រាក់ទៅប្រទេសកៀហ្ស៊ីស៊ីស្ថានរួមចំណែក៣១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និង២៧ភាគរយ សម្រាប់តាហ្ស៊ីគីស្ថាន។ តួលេខនេះគឺធំជាងតម្លៃសរុបនៃនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសទាំងនេះផង។

ការព្យាករណ៍ធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្ទេរប្រាក់

កាលពីឆ្នាំ២០២១ ការផ្ទេរប្រាក់ពីប្រទេសរុស្ស៊ីមានចំនួនជាង ៥៥ភាគរយនៃការផ្ទេរប្រាក់សរុបដែលបានផ្ទេរទៅប្រទេសអ៊ូសបេគីស្ថាន និង ៥១ភាគរយនៃការផ្ទេរប្រាក់ទៅប្រទេសកាហ្សាក់ស្ថាន។ ក៏ប៉ុន្តែ ប្រទេសទាំងនេះឥឡូវនេះបានមើលឃើញការធ្លាក់ចុះ ២១ភាគរយ និង ១៧ភាគរយរៀងគ្នានៅក្នុងការផ្ទេរប្រាក់សរុបបើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យឯករាជ្យដែលដកស្រង់ដោយ IOM។

នៅក្នុងខែមីនា ការផ្ទេរប្រាក់ទៅប្រទេសកៀហ្ស៊ីស៊ីស្ថានបានថយចុះ២៨ភាគរយ បើធៀបនឹងឆ្នាំមុន។

ផ្អែកតាមអង្គការ IOM វិបត្តិនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី នឹងធ្វើឱ្យលំហូរផ្ទេរប្រាក់ទៅកាន់អាស៊ីកណ្តាលធ្លាក់ចុះយ៉ាងខ្លាំង និងអាចបណ្តាលឱ្យមានការកើនឡើងភាពក្រីក្រខ្លាំង ក្នុងចំណោមគ្រួសារនៃជនចំណាកស្រុក និងសហគមន៍ដែលពឹងផ្អែកលើពួកគេ។

ការផ្ទេរប្រាក់ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសារពលករចំណាកស្រុកអាស៊ីកណ្តាលភាគច្រើនមកពីតំបន់ជនបទក្រីក្រ។ ជាឧទាហរណ៍ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ការផ្ទេរប្រាក់បានរួមចំណែកក្នុងការកាត់បន្ថយអត្រាភាពក្រីក្រជាតិចំនួន ១១,១ ភាគរយ (ពី ៣១,២ភាគរយទៅ ២០,១ភាគរយ) ក្នុងឆ្នាំ២០១៩។

ផលប៉ះពាល់លើភាពក្រីក្រ និងការសន្សំតិចតួច

ក្នុងហេតុផលថាការផ្ទេរប្រាក់គឺជាផ្នែកមួយដ៏សំខាន់នៃប្រាក់ចំណូល និងការប្រើប្រាស់ជាមូលដ្ឋានរបស់គ្រួសារពលករចំណាកស្រុក គេសង្កេតឃើញថា​ វិ​បត្តិបច្ចុប្បន្នបានធ្វើឱ្យគ្រួសារជាច្រើនមិនមានប្រាក់សន្សំ និងការធ្លាក់ចុះប្រាក់ផ្ញើមកពីបរទេស។ ធនាគារពិភពលោកបានព្យាករថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានអាចឈានដល់ ៣៨ភាគរយនៅឆ្នាំនេះ ហើយមួយផ្នែក គឺជាលទ្ធផលនៃការកាត់បន្ថយការធ្វើចំណាកស្រុក និងការថយចុះនៃការផ្ញើប្រាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ