អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​សេដ្ឋកិច្ច អតិផរណា ធ្វើឲ្យ​​តម្រូវការ​មាស កើន​ឡើង​កាន់តែ​ខ្លាំង​ ខណៈតម្លៃមិន​ទាន់​កើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្រូវការ​មាស នៅទូទាំងពិភពលោក បាន​កើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងត្រីមាសទី​៣ឆ្នាំ​២០២២នេះ។ បើទោះបីជា​អ្នកវិនិយោគហិរញ្ញវត្ថុ មិនសូវចាប់អារម្មណ៍​ទិញមាស តែ​លោហៈពណ៌លឿងភ្លឺផ្លេកនេះ គឺជាតម្លៃគោល ដែលធានាគារកណ្តាលភាគច្រើន និយម​ទិញស្តុកទុក ជាពិសេសនៅក្នុង​គ្រាពិភពលោក​មានវិបត្តិ​សេដ្ឋកិច្ច។​ ទន្ទឹមគ្នានេះ អតិថិជនឯកជន ដែលភាគច្រើន​នៅឥណ្ឌា និង​នៅចិន ក៏បានសម្រុកទិញមាសទុកដែរ នៅរវាងប៉ុន្មាន​ខែចុងក្រោយ​នេះ ដែលធ្វើ​ឲ្យ​តម្រូវការ​មាស កើនឡើងកាន់តែខ្លាំង​។​

បុគ្គលិក ProAurum gold house លើកបង្ហាញ​មានដុំ ទំហំ 0.5 Kg ជាមាសសុទ្ធ​ 999.9។ ក្រុងមុយនីឆ ថ្ងៃទី ១៣ ធ្នូ ២០១៨
បុគ្គលិក ProAurum gold house លើកបង្ហាញ​មានដុំ ទំហំ 0.5 Kg ជាមាសសុទ្ធ​ 999.9។ ក្រុងមុយនីឆ ថ្ងៃទី ១៣ ធ្នូ ២០១៨ AP - Matthias Schrader
ផ្សាយពាណិជ្ជកម្ម

យោងតាម​ របាយការណ៍​ប្រចាំត្រីមាស របស់​ក្រុមប្រឹក្សាមាសពិភពលោក នៅរវាង​ពីខែ​កក្កដាដល់ខែ​កញ្ញា ឆ្នាំ​២០២២ តម្រូវការមាសទូទាំងពិភពលោក មាន​ចំនួន ១១៨១តោន។​ ពោលគឺ​បាន​​កើន​ចំនួន​ ១៨% បើប្រៀបធៀប​ទៅ​​ក្នុង​រយៈពេល​ដូចគ្នា កាល​ពីឆ្នាំ​​២០២១។

របាយការណ៍អះអាងថា​ ​​តម្រូវការមាសបាន​កើន​ គឺដោយសារ​​ការ​សំរុក​​ទិញទុក​មាសសន្លឹក និង​មាសដុំ​ ពី​សំណាក់ធនាគារកណ្តាល​។ ក្នុងរវាងត្រីមាសទី​៣ឆ្នាំ​នេះ ធនាគា​រកណ្តាល​តាមបណ្តាប្រទេសជាច្រើន បានទិញមាសទុក​ចំនួន​សរុប ៤០០តោន។ លោកស្រី​ Louise Street អ្នកវិភាគ​នៅ​ក្រុមប្រឹក្សា​មាសពិភពលោក បាន​ពន្យល់ថា ហេតុផលដែល​ធ្វើឲ្យធនាគារកណ្តាល​ចូលចិត្តទិញមាសទុក គឺ​ដោយសារគេយល់ថា ការស្តុកមាសទុក ​វាគឺជា​រឿងគួរ​ឲ្យ​ទុកចិត្ត​ នៅក្នុង​បរិបទ​ដែលពិភពលោក​មានវិបត្តិសេដ្ឋកិច្ច អតិផរណា និង​វិបត្តិ​ភូមិសាស្ត្រនយោបាយ​។

ដោយ​ឡែក អ្នកវិនិយោគនៅ​ទីផ្សារហិរញ្ញវត្ថុវិញ មិនសូវ​ចាប់អារម្មណ៍​លើ​ការទិញមាសទេ ពោលគឺគេ​ផ្តោតអាទិភាពខ្លាំង តែទៅលើ​តម្លៃប្រាក់ដុល្លារ ព្រមទាំង​អត្រាការប្រាក់។ ដោយ​ហេតុនេះហើយ បានជា​ទីផ្សារហិរញ្ញវត្ថុ​ Wall Street មិននិយម​ទិញលក់​មាសនោះទេ។ មូលប័ត្រ​ហិញ្ញវត្ថុដែល​ពាក់ព័ន្ធនឹងតម្លៃមាស ត្រូវបាន​លក់ចេញ​​ពីទីផ្សារមូលធន ដែលគិតជាទំហំចំនួន​មាស គឺមាន​ចំនួន​២២៧តោន។ តែផ្ទុយទៅវិញ អ្នកវិនិយោគធម្មតា ផ្តល់សារៈសំខាន់ តែទៅលើ​ការ​​​ទិញមូលប័ត្រកាតព្វកិច្ច នៅលើទីផ្សារអាមេរិក ព្រោះ​គេសង្ឃឹមថាគោលនយោបាយ​រតនាគារជាតិអាមេរិក នឹងកាន់តែតឹងតែងឡើង ដោយសារតែបញ្ហាអតិផរណា។​ ដូច្នេះ​មូលប័ត្រប្រភេទនេះ ប្រាកដជាឡើងថ្លៃ។​ ដោយ​កត្តានេះហើយ បាន​ជា​តម្លៃមាស បានធ្លាក់ចុះ ក្នុងមួយដំឡឹង មាន​តម្លៃ​ ១៦៦០ដុល្លារ គិតត្រឹម​ថ្ងៃអង្គារ​ទី​១វិច្ឆិកា។ ពោលគឺ​បានថយចុះ​ ៨%​​។

តែជាមួយគ្នានេះ នៅតាមបណ្តាប្រទេសជាច្រើន ប្រជាជន​សាមញ្ញ ​បាន​សំរុកទិញមាសទុក មានទាំងមាសសន្លឹក មាសដុំ និ​ងគ្រឿងអលង្ការធ្វើពីមាស។ នៅឥណ្ឌា ដែលជាប្រទេសធំជាងគេទី​២ ដែល​និយមទិញមាស តម្រូវ​ការអលង្ការធ្វើពីមាស បាន​កើនឡើង ចំនួន​១៧% ស្មើនឹង​១៤៦,២តោន ចំណែក​ការទិញមាសសន្លឹក និង​មាសដុំវិញ ​បាន​កើនឡើងចំនួន​​៦% ស្មើនឹង​៤៥,៤តោន។

របាយការណ៍​ក្រុមប្រឹក្សាមាសពិភពលោកពន្យល់ថា មនុស្ស​សាមញ្ញសំរុកទិញមាសច្រើន នារវាង​៣ខែចុងក្រោយនេះ គឺដោយសារ​តែសកម្មភាពសេដ្ឋកិច្ច​ បាន​ត្រលប់​មករកភាពប្រក្រតី​វិញ បន្ទាប់ពីបានឆ្លងកាត់​វិបត្តិ​កូវីដ​​​១៩ ជិត​៣ឆ្នាំមកនេះ។ ដោយសារតែអតិផរណា តម្លៃរូបិយបណ្ណធ្លាក់ចុះ មនុស្សមួយចំនួនធំ ងាកទៅ​ចំណាយ​ប្រាក់ ដើម្បីទិញ​មាសទុក ព្រោះមាសគឺជា​ទ្រព្យ​ជម្រកដែល​មាន​តម្លៃគួរឲ្យទុកចិត្ត​។ តែយ៉ាងណាក៏ដោយ កាលៈទេសៈនេះ មិនអាចបន្តយូរអង្វែងបានទេ ព្រោះ​ប្រជាជនខ្លះ ដែល​មានជីវភាព​​កាន់តែចុះខ្សោយ​ ជាពិសេសនៅតាមទីជនបទ អាចនឹងលក់មាសចេញវិញ ដើម្បីយកប្រាក់​ទៅ​​ចំណាយចាយ​វាយ ខណៈតម្លៃទំនិញស្បៀងអាហារកាន់តែឡើងថ្លៃ។

ចិន គឺជាប្រទេសធំជាងគេបង្អស់ ដែលទិញមាសច្រើនជាងគេ។ តម្រូវការ​ទិញមាសនៅចិន ក្នុងឆ្នាំ​២០២២នេះ មានទំហំ​កើនឡើង តិចល្មម ប្រមាណ​៨% ដែលស្មើនឹង​៧០,១តោន សម្រាប់​មាសសន្លឹក និង​មាសដុំ។ ចំណែក​គ្រឿងអលង្ការ​ធ្វើពីមាស​ បានកើនចំនួន​៥%។​ ក៏ប៉ុន្តែទំហំទិញមាសនៅចិន បាន​កើនឡើងខ្លាំង​ ក្នុងរយៈពេល៣ខែចុងក្រោយ​នេះ ដល់ទៅ៥៨%។ ដោយសារតែវិធានការបិទខ្ទប់​ បង្ការកូវីដ១៩ ធ្វើ​ឲ្យ​ប្រជាជនចិនខានទិញមាសយូរ ហើយ​ក៏សម្រុកទិញព្រមៗគ្នា។ តែមូលហេតុមួយទៀត គឺការទិញ​មាសទុក ព្រោះវាមាន​តម្លៃដំកល់ជាទីទុកចិត្ត។​ លោកស្រី Louise Street ពន្យល់ថា អតិថិជនសាមញ្ញនៅចិន ចង់ទិញមាសទុកកាន់តែច្រើន ដើម្បីបាន​ចំណេញទៅថ្ងៃក្រោយ​។

ផ្អែកតាម​ក្រុមប្រឹក្សាមាសពិភពលោក ការសំរុកទិញមាសទុក មិនមែនមាននៅតែតាមប្រទេសតំបន់អាស៊ីទេ។ នៅដើម​ត្រីមាសទី​៣ឆ្នាំនេះ តាម​ប្រទេសអឺរ៉ុបខ្លះ ដូចជានៅអង់គ្លេសជាដើម មាន​អតិថិជនកាន់តែច្រើន បាននាំគ្នាទិញមាសសន្លឹក និង​មាសដុំទុក។ វិបត្តិសេដ្ឋកិច្ច​ អតិផរណាដែលកំពុងគំរាមសង្កត់ពិភពលោក គឺជាហេតុផលដែលជំរុញ​ឲ្យ​មនុស្សងាកទៅទិញមាសទុក។

ដោយឡែក ទីផ្សារមាសដែលគេ​ប្រើ នៅក្នុ​ងវិស័យ​ឧស្សាហកម្ម​ផលិ​ត​ផល​​បច្ចេកវិទ្យាទំនើប បានធ្លាក់ចុះយ៉ាងរហ័ស នាប៉ុន្មានខែចុងក្រោយនេះ ដោយសារតែវិបត្តិសេដ្ឋកិច្ច​ អ្នកប្រើប្រាស់ទូទៅ​កាត់បន្ថយ​ការចំណាយ​លើផលិតផលទាំងនេះ។​ ប្រការនេះ បានធ្វើឲ្យ​ការ​ផ្គង់ផ្គង់មាសនៅលើទីផ្សារជារួម គឺមាន​កម្រិត​នឹងធម្មតា ដោយ​បានកើនប្រមាណ​តែ​១%ប៉ុណ្ណោះ ពោលគឺមានទំហំសរុប​ ចំនួន ១២១៥,២តោន។ ឧស្សាហកម្មជីករ៉ែមាសនៅចិន បានចាប់ផ្តើមដំណើរការឡើងវិញ ស្របពេលប្រទេសផលិតមាសនៅអាហ្វ្រិក មានដូចជា ហ្កាណា ម៉ាលី និងបួរគីណាហ្វាសូ ជាដើម បន្តស្រូបយក​ប្រាក់ចំណេញពីរ៉ែលោហៈកម្រនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ