អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា៖ ចំនួន​​ប្រជាជន​​​កើន​​ឡើង​ខ្លាំង​នៅ​តាមទីក្រុង​ ជា​ចំណោទ​វិបត្តិ​ដែល​ត្រូវ​​ដោះស្រាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​១៥វិច្ឆិកាខាងមុខនេះ ចំនួន​មនុស្ស​រស់នៅលើផែនដីយើង នឹងកើនដល់៨ពាន់លាននាក់។ តាមការព្យាករណ៍ ឥណ្ឌានឹងក្លាយ​ជាប្រទេស​ដែល​មាន​ប្រជាជនច្រើនជាងគេ ប្រមាណ​ ១៤០០លាននាក់ នៅរវាង១០ទៅ២០ឆ្នាំ​ខាងមុខ។ ចំនួន​​ប្រជាជន​ឥណ្ឌា​កាន់តែច្រើនបែបនេះ ធ្វើឲ្យគេបារម្ភថា ចំនួន​មនុស្ស​រស់នៅតាមទីក្រុងធំៗនៅឥណ្ឌា នឹងកាន់តែកកកុញណែនណាន់តាន់តាប់ ខ្លាំងឡើងថែមទៀត។​ បច្ចុប្បន្ននេះ ទីក្រុងធំៗនៅឥណ្ឌា កំពុងតែមានវិបត្តិ​ខ្លាំងរួចទៅហើយ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈមិនគ្រប់គ្រាន់ ឆ្លើយតបទៅនឹង​ចំនួន​មនុស្ស​​​​​ដ៏ច្រើនសន្ធឹក។

អ្នកដំណើរឈរចាំនៅស្ថានីយ៍រថភ្លើង Chhatrapati Shivaji Maharaj ទីក្រុងបុមបៃ ថ្ងៃទី ៥កក្កដា ២០២២
អ្នកដំណើរឈរចាំនៅស្ថានីយ៍រថភ្លើង Chhatrapati Shivaji Maharaj ទីក្រុងបុមបៃ ថ្ងៃទី ៥កក្កដា ២០២២ AP - Rajanish Kakade
ផ្សាយពាណិជ្ជកម្ម

ទីក្រុងបុមបៃ ដែលជាទីក្រុងដ៏ធំមួយក្នុងចំណោម​ទីក្រុង​ធំៗ​របស់ឥណ្ឌា បច្ចុប្បន្ន​មានមនុស្សរស់នៅចំនួន​២០លាន​នាក់​។ ក្នុងរវាង​៣០ឆ្នាំ​ចុងក្រោយនេះ មនុស្សរស់នៅទីក្រុងបុមបៃ បាន​កើនចំនួន​៨លាននាក់។ ៨លាននាក់​ដែល​ជា​ចំនួន​មនុស្ស​រស់នៅ​ ក្នុងទីក្រុងញូយ៉ក។ ហើយយោងតាមការព្យាករណ៍ នៅរវាងឆ្នាំ​២០៣៥ ប្រជាជនទីក្រុង​បុមបៃ នឹងកើនឡើង៧លាននាក់ទៀត ពោលគឺសរុបប្រមាណ​២៧លាននាក់។​

ហេដ្ឋារចនាសម្ព័ន្ធសាធារណៈមិនគ្រប់គ្រាន់​

មិនខុសពីទីក្រុង​ធំផ្សេងៗទៀតនៅឥណ្ឌា ទីក្រុងបុមបៃជាទីក្រុង​ដែលមាន​ហេដ្ឋរចនាសម្ព័ន្ធសាធារណៈ មិនគ្រប់គ្រាន់ទេ បើប្រៀបធៀបទៅចំនួន​មនុស្ស​រស់នៅ។ អគារសំណង់ផ្ទះសម្បែង បណ្តាញផ្លូវថ្នល់ បណ្តាញចរន្ត​​អគ្គិសនី បណ្តាញ​ទឹក​ស្អាត ប្រព័ន្ធ​អនាម័យ និង​បណ្តាញដឹកជញ្ជូនសាធារណៈជាដើម​ គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវ​ការដ៏ធំមហិមានេះបានទេ។

បច្ចុប្បន្ននេះ ៤០%នៃប្រជាជនដែលរស់នៅ​ទីក្រុងបុមបៃ គឺរស់នៅ​តាមតំបន់អនាធិបតេយ្យ សំណង់ផ្ទះរខេករខាក កកកុញ​ណែនណាន់។ ប្រជាជនដែលភាគច្រើនសុទ្ធសឹងតែមានជីវភាពក្រីក្រទាំងនេះ រស់នៅដោយ​គ្មានបណ្តាញទឹកស្អាតប្រើប្រាស់ គ្មានចរន្តអគ្គិសនី និង​ជាពិសេសនោះ គឺគ្មានបង្គន់អនាម័យ និងបណ្តាញលូបង្ហូរទឹកស្អុយ ដែលត្រឹមត្រូវ។​ ចំណែកសង្កាត់អ្នកមានវិញ ដែលពេលខ្លះស្ថិតនៅជាប់របបនឹងតំបន់អាណាធិបតេយ្យ មានសព្វមានគ្រប់ អគារខ្ពស់ទំនើប ភ្លើងអគ្គិសនីភ្លឺចិញ្ចាច។

ប្រជាជនឥណ្ឌារស់នៅជាយ​ក្រុងបុមបៃ ត្រូវចំណាយ​ពេល​ច្រើនម៉ោង ក្នុងបណ្តាញដឹកជញ្ជូន​សាធារណៈ ដើម្បី​ធ្វើដំណើរចូលទៅធ្វើការនៅកណ្តាលក្រុង។ អ្នកខ្លះ ខំប្រវេប្រវាតោងនឹងទ្វាររថភ្លើង អ្នកខ្លះប្រឹងប្រជ្រៀត ចូលជិះ រថ​យន្ត​​ក្រុង ដែលពោរពេញដោយ​មនុស្ស​ណែ​ន​ដូចកន្តំ ជាមួយ​នឹង​សីតុណ្ហភាព​ក្តៅហែង​។ ការធ្វើចរាចរណ៍តាមដងផ្លូវ នៅក្រុងបុមបៃ គឺប្រៀបបាន​ទៅនឹង​​ការធ្វើដំណើរផ្សងព្រេង ជាមួយនឹងយានជំនិះកកស្ទះ ប្រសេចប្រសាចមកពីគ្រប់ទិស​។​ ប្រជាជនឥណ្ឌាក្រីក្រភាគច្រើន ដែល​​រស់នៅក្នុង​ទីក្រុងបុមបៃ សុទ្ធតែជាប្រជាជនចំណាកស្រុក មកពី​តំបន់ឬរដ្ឋ​ផ្សេងទៀត។ ជីវិតពួកគេនៅបុមបៃ​ ខុសគ្នាស្រឡះអំពី​ភាពស្ងប់ស្ងាត់ ក្នុងធម្មជាតិ​ស្រស់ត្រកាលនៅតាមទីជនបទ ដែលជាស្រុកកំណើត។ ក៏ប៉ុន្តែ ការងារភាគច្រើនលើសលុប គឺមាននៅតែតាមទីក្រុងធំៗតែប៉ុណ្ណោះ។

សុខមាលភាព​ប្រជាជន​ចុះដុនដាប

គួរបញ្ជាក់ថា នៅរវាង​ឆ្នាំ​២០៦០ យោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ ឥណ្ឌានឹងមានប្រជាជនកើនឡើងដល់ទៅ​១៧០០លាននាក់។ តែយ៉ាងណា ភាគច្រើន​បំផុតនៃប្រជាជនឥណ្ឌា បន្តរស់នៅតាមទីជនបទ។ បើតាមការព្យាករណ៍ ចំនួន​ប្រជាជនឥណ្ឌា រស់នៅតាមទីក្រុង​ធំៗ នឹងកើនឡើង ដល់​២៧០លាននាក់ ពីនេះដល់ឆ្នាំ​២០៤០។ ចំនួន​ប្រជាជន​កកកុញនៅតាមទីក្រុងធំៗនៅឥណ្ឌានេះ​ គឺជាចំណោទ​មួយ​គួរឲ្យ​បារម្ភបំផុត ព្រោះសុខមាលភាព​​របស់មនុស្ស ​នឹងកាន់តែ​ចុះដុនដាប​ជាលំដាប់។ ទីក្រុងកាន់តែរីកធំ ជាមួយនឹងចំនួន​មនុស្សកាន់តែច្រើន ធ្វើ​ឲ្យ​​តម្រូវ​ការចរន្តអគ្គិសនី​កាន់តែកើនឡើង តម្រូវ​ការ​​សម្ភារៈសំណង់ក៏កាន់តែកើន ដែលនេះគឺជាប្រភពមួយ នៃការកើនឡើងឧស្ម័ន​កាបូនិក​។​

យោងតាម​របាយការណ៍​មួយរបស់រដ្ឋាភិបាលឥណ្ឌា ​កាលពីឆ្នាំ​២០២១ ទឹកស្អុយរាប់ពាន់លានលីត្រ ដែលទីក្រុង​ធំៗបង្ហូរចោលជារៀងរាល់ថ្ងៃនោះ គឺ៧០% មិនត្រូវបាន​កែច្នៃបន្សុទ្ធ​ទេ។ ចំនួន​មនុស្សដ៏សន្ធឹក ធ្វើ​ឲ្យ​កើន​​ទំហំ​កាកសំណល់សំរាម ព្រមទាំងទឹកស្អុយកើនឡើងជាលំដាប់។ កាលពីខែ​កញ្ញាកន្លងទៅ ទីក្រុងបង់ហ្កាឡរ ដែល​ជា​ទីក្រុង​ដ៏ធំ​មួយ​ដែរនោះ បានជួប​នូវ​គ្រោះទឹកជំនន់ដ៏ធ្ងន់មិនធ្លាប់មាន។ យោងតាមអ្នកជំនាញ ទឹកជំនន់ជន់លិចទីក្រុង​នេះ គឺដោយសារ​តែ​​ការ​សាងសង់​ពង្រីក​ទីក្រុង ដោយ​​គ្មានរៀបចំ​ផែនការ​នគរូបនីយកម្ម ឲ្យ​បាន​​ច្បាស់លាស់។

ដូចគ្នាដែរ ទីក្រុងផ្សេងៗទៀតនៅឥណ្ឌា ក៏ជួបបញ្ហាទឹកជន់លិចប្រហាក់ប្រហែលគ្នាដែរ។ ជាក់ស្តែង ទីក្រុងម៉ាដ្រាស ដែលជានិច្ចជាកាល ​ធ្លាប់តែជួបបញ្ហាគ្រោះរាំងស្ងួង។ ការពង្រីកទីក្រុង ចាក់បេតុងគ្រប់ទីកន្លែង ដោយ​គ្មាន​ប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ បូកផ្សំជាមួយ​ការចាក់ដីបំពេញបឹង ឬតំបន់ទំនាប​ដើម្បីសាងសង់អគារ​ជាដើម ។ល។ ទាំងនេះ គឺសុទ្ធតែកត្តាបង្កើនបង្កើតបញ្ហា ធ្វើឲ្យទីក្រុ​ងកាន់តែប្រឈមនឹងការជន់លិច។​

ការអភិវឌ្ឍន៍ដែលគ្មានគូសវាសផែនការ​ឲ្យ​បានត្រឹមត្រូវ

លោក Sayeed Unisa សាស្ត្រាចារ្យ​​នៅ​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រជាជន នៅទីក្រុងបុមបៃ បាន​លើកឡើងថា នៅពេលណា ដែល​ការរីកចម្រើនអភិវឌ្ឍន៍ មិនត្រូវបានគូសវាសដោយ​ផែនការច្បាស់លាស់ នោះទីក្រុងនឹងត្រូវតែជួបបញ្ហា​ទឹកជន់លិច។ គិតមកទល់ពេល​នេះ ប្រជាជនឥណ្ឌាជាច្រើនរយ​លាននាក់ នៅតែមិនទាន់​មានបណ្តាញទឹកស្អាតប្រើប្រាស់ទេ។​ សូម្បីតែនៅទីក្រុងញូដេលី ដែលជារដ្ឋធានីធំ ប្រជាជនមួយចំនួនធំ នៅតែបន្ត​ជីកអណ្តូងដើម្បី​បានទឹកប្រើប្រាស់។ អណ្តូងដែលមានជម្រៅកាន់តែជ្រៅ ដោយសារស្រទាប់ទឹក​ក្រោមដី កាន់តែរីងហួត។

ជាងនេះទៀត យោងតាម​អ្នកជំនាញវិទ្យាសាស្ត្រ វិបត្តិអាកាសធាតុ នឹងធ្វើឲ្យឥណ្ឌាប្រឈមនឹងគ្រោះរាំងស្ងួង សីតុណ្ហភាព​ក្តៅហួតហែងកាន់តែខ្លាំង ខ្យល់ព្យុះកាន់តែញឹកញាប់ រដូវវស្សាមូសុងលែងទៀងទាត់។ ទីក្រុងបុមបៃ ទីក្រុងកាល់គូតាជាដើម សុទ្ធសឹងតែជាក្រុងដែលប្រឈមខ្លាំងនឹងការឡើងកំពស់ទឹកសមុទ្រ។​ រដូវក្តៅ​ កាន់តែក្តៅហួតហែង និងមានរយៈពេលយូរ គួបផ្សំជាមួយនឹងតំបន់ទីក្រុងចាក់បេតុងស៊ីម៉ង់តិ៍ កាន់តែច្រើន ដែលស្រូបកំដៅស្តុកទុក​​យូរធ្វើ​ឲ្យ​​សីតុណ្ហភាព​កាន់តែក្តៅងំ។ បន្ថែមពីនេះទៀត ចំនួន​ប្រជាជន​ច្រើនហួសប្រមាណ រស់នៅកកកុញតាមទីក្រុង វាគឺជាប្រភពនៃការឆ្លងរាលដាលមេរោគ ជម្ងឺ​ដង្កាត់នានាយ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជាជម្ងឺកូវីដ​១៩​ជាដើម​​។​

ទប់ស្កាត់ចំណាកស្រុក​ ពីជនបទមកទីក្រុង​ធំ

លោកស្រី Poonam Muttreja អ្នកជំនាញនៅ​មូលនិធិ​ឥណ្ឌាដើម្បីប្រជាជន បាន​លើកឡើងថា ឥណ្ឌាត្រូវតែបង្កើនការវិនិយោគ ទៅលើសេដ្ឋកិច្ចតំបន់ជនបទ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយ​ការធ្វើចំណាកស្រុករបស់​ប្រជាជន ពីជនបទ​មកផ្តុំតាម​តែ​ទីក្រុងធំៗ។ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច​នៅតាមទីក្រុងទំហំតូច​និង​មធ្យម ក៏អាច​ជាកត្តា​ល្អមួយដែរ។ សម្រាប់លោកស្រី ប្រជាជនក្រីក្រដែលរស់នៅតាមទីក្រុងធំៗ គឺជាក្រុមមនុស្សដែលងាយរងគ្រោះបំផុត ដោយគ្រោះធម្មជាតិនានា។ លោកស្រី បានសង្កត់បន្ថែមថា ឥណ្ឌាត្រូវតែ​ប្រឹងប្រែង កែប្រែ​ទំនោរផ្នត់គំនិត ឈប់ថ្ងូររអ៊ូ ហើយ​ងាកមកធ្វើសកម្មភាព​ជាក់ស្តែង ព្រោះថាវាមិនទាន់ហួសពេលទេ ក្នុងការរៀបចំគូសវាសផែនការនគរូបនីយកម្ម សង្គមកិច្ច និងសេដ្ឋកិច្ច ដែលផ្តល់អាទិភាពដល់សុខមាលភាពរបស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ